កម្ពុជាបារម្ភការ​ចោទ​របស់​ថៃ​លើ​ទីតាំង​១៧​ក្នុង​ខេត្ត​ពោធិ៍​សាត់​និង​កោះកុ​ង

រដ្ឋាភិបាល​កម្ពុជា បាន​អះ​អាង​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ការ​ដែល​ថៃ​ចោទ​ពលរដ្ឋ​ខ្មែរ​ថា បាន​ឈ្លា​ន​ពាន​​​ដី​ថៃ លើ​ទីតាំង​១៧ ក្នុង​ខេត្ត​ពោធិ៍​សាត់ និង​ខេត្ត​កោះ​កុង ដែល​ការណ៍​នេះ កម្ពុជា​អំពាវ​នាវ​ឱ្យ​ថៃ​លើក​បញ្ហា​នេះ មក​ដោះ​ស្រាយ​តាម​យន្ត​ការ​ទ្វេភា​គី​នៅ​ខែ​ក្រោយ។

នេះបើតា​ម​សេចក្តី​ថ្លែង​ការ​ណ៍របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៥ ​ខែ​​កញ្ញា ឆ្នាំ​២​០២៥​នេះ។ក្រសួង​និយាយ​ថា ខ្លួន​សូម​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ជាខ្លាំ​ង ចំពោះ​សេចក្តី​រាយ​ការណ៍​ថ្មី​ៗ​នេះ ជាពិសេសគេហទំព័រ​របស់​ការិយា​ល័យ​អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​ទឹក​ថៃ និង​ទី​បញ្ជា​ការ​ដ្ឋាន​ការ​ពារ ព្រំដែន​ច័ន្ទ​បុរី-ត្រាត​ ព្រម​ទាំង​កាសែត The Nation ប្រទេស​ថៃ។

បើតាម​ប្រភព​នោះ សេចក្តី​រាយ​ការណ៍​ដែល​ហាក់​ដូច​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​តែ «ឈ្លាន​ពាន» ទឹក​ដី​ថៃ នៅ​ទីតាំង​ចំនួន​១៧ ស្ថិត​នៅ​តំបន់​ពី​ខេត្ត​ពោធិ៍​សាត់ ដល់​ខេត្ត​កោះ​កុង រួម​ទាំង​តំបន់​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ទល់​មុខ នឹង​ស្រុក​មឿង ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ។

សម្រាប់​កម្ពុជា ជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា ខណៈ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ខ​ណ្ឌសី​មានៅ​តំ​បន់​មួយ​ចំនួន​នៃ​ព្រំដែន​រួម​គ្នា ប្រជាជន​ទាំង​សង​ខាង​បាន​រស់​នៅ និង​បង្ក​បង្កើន​ផល អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ នៅ​លើ​ដី​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​កំណត់​ព្រំដែន។

 ការណ៍នេះ​ បាន​បង្ក​ឱ្យ​មាន​ជម្លោះ ឬ​ការ​ខ្វែង​គំនិត​គ្នា ដែល​ភាគី​ទាំង​ពីរ​បាន​ដោះ​ស្រាយ​ប្រកប​ដោយ​ស្មារតី មិត្ត​ភាព តាម​រយៈ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ និង​បាន​ឯកភាព​បញ្ជូន​បញ្ហា​ស្មុគ​ស្មាញ​ទាំង​នេះ​ ទៅ​គណៈ​កម្មការ​ចម្រុះ​​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) ដើម្បី​ដោះស្រា​យ ស្រប​តាម​ អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​វាស់​វែង និង​ខណ្ឌ​សីមា​ព្រំដែ​ន​គោក ដែល​ត្រូវ​បាន​ចុះ ហត្ថលេខា​ក្នុង​ឆ្នាំ​២០០០ (MOU-2000)។

មួយវិញទៀត. នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាល​ពី​ថ្ងៃទី​១០ ខែ​កញ្ញា ដែល​ភាគី​ទាំង​ពីរ​បាន​​លើក​ឡើង​ដូច​គ្នា​ថា នេះ​គឺ​ជាពេ​ល​ដែល​ទាំងស​ង​ខាង​គួរ​តែ​រួម ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ជាថ្មី​នូវកា​រប្តេជ្ញាចិត្តដែល​បាន​ធ្វើ​ឡើង​នៅក្នុ​ង​កិច្ចប្រ​ជុំ​មុនៗ សកម្ម​ភាព ដែល​អាច​បង្កើន​ភាព​តាន​តឹង ឬ​ពង្រីក​តំប​ន់​ជម្លោះ។ កម្ពុជា​​បាន​និង​កំពុងអត់ធ្មត់​បំផុត និង​អនុវ​ត្តយ៉ាង​តឹង​រ៉ឹង​ចំពោះ​លក្ខ​ខណ្ឌ​នៃកិ​ច្ច​ព្រម​ព្រៀង​បទឈប់​បាញ់ ។

ហេតុនេះ វាមិនមែនជាកាយវិការ​ស្ថាបនា​ទេ ដែល​មាន​ការ​បំផុស​បញ្ហា​ដូច​បាន​ប្រកាស​ជា​សាធារណៈ ដោយ​កង​ទ័ព​ជើង​ទឹក​ថៃ ដែល​បញ្ហា​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​សម​ស្រប​រួច​ហើយ ជាមួយ​នឹង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាចុ​ង​ក្រោយ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២។

សម្រាប់​កម្ពុជា សូមអំពាវនាវឱ្យភាគីថៃ លើក​បញ្ហា​នេះ​មក​ដោះ​ស្រាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក ដែល​គ្រោង​នឹង​ជួប​គ្នា​នៅ​ខែ​ក្រោយ។

លើស​ពីនេះ កម្ពុជា សូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និង​ឥត​ងាក​រេ​របស់​កម្ពុជា ក្នុង​ការ​ស្វែង​​រក​ដំណោះស្រាយប្រកបដោយមិត្ត​ភាព​ចំពោះរា​ល់​វិវាទ ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូ​ច​ជា​ជា​មួយ​ប្រទេស​ជិត​ខាង​ទាំង​អស់ តាម​សន្តិ​វិធី ស្រប​តាម​ច្បាប់​អន្តរ​ជាតិ ទន្ទឹមនឹ​ង​ការ​ប្តេជ្ញា​ចិត្ត​រក្សា​គោល​ជំហរ​របស់​ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ