លោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ ដែលបានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេសមានឈ្មោះថា«រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា» ដើម្បីដោះស្រាយបញ្ហាជាតិទឹកដីដែលកំពុងមានវិបត្តិ ក្រោមការដឹកនាំដោយគ្រួសារហ៊ុន បានថ្លែងកាលពីថ្ងៃទី២២ខែកញ្ញាថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះថ្នាក់ធំណាស់គឺការបាត់បង់ទឹកដីកាន់តែច្រើនថែមទៀត។
កន្លងមក កម្ពុជាបានបាត់បង់ទឹកដីប៉ែកខាងកើតច្រើនណាស់ ទៅប្រទេសវៀតណាម ពីព្រោះលោក ហ៊ុន សែន ធ្វើអាយ៉ងបរទេសឱ្យបរទេសកាត់ទឹកដីកម្ពុជាយកទៅធ្វើទឹកដីគេ។ លោកបន្តថា នៅពេលនេះយើងបែរមកខាងលិចម្តងឃើញថា ប្រទេសថៃបានរុញបង្ខិតព្រំដែនដេញប្រជាពលរដ្ឋពីលើទឹកដីខ្មែរ ឱ្យចូលមកក្នុងទឹកដីប្រទេសកម្ពុជាកាន់តែជ្រៅទៅៗ ។
លោកថា៖ «ខ្ញុំយល់ឃើញថា របបហ៊ុន សែន ត្រកូលហ៊ុន សែននេះ គឺចោលម្សៀតអសមត្ថភាពមិនចេះមិនអាច ហើយមិនចង់ការពារទឹកដីប្រទេសកម្ពុជាឱ្យបានគង់វង្សទេ។ ចំពោះបូរណៈភាពទឹកដីកម្ពុជា ទាំងខាងកើតទាំងខាងលិច យើងត្រូវតែទាមទារឱ្យមានការអនុវត្តយ៉ាងត្រឹមត្រូវ និងយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១»។
បើតាមលោកសម រង្ស៊ី មានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ដែលជាសន្ធិសញ្ញាអន្តរជាតិនៅមានសុពលភាពដល់សព្វថ្ងៃនេះ ដែលអាចជួយប្រទេសកម្ពុជាការពារបូរណៈភាពទឹកដីបានពីព្រោះសន្ធិសញ្ញាអន្តរជាតិនេះ គឺតម្រូវឱ្យសហគមន៍អន្តរជាតិទាំងមូលឈរពីក្រោយ កម្ពុជាមិនឱ្យប្រទេសណា មករំលោភត្របាក់យកទឹកដីកម្ពុជាសូម្បីមួយចំអាមក៏មិនបានដែរ។
លោកអ៊ុំ សំអាន អ្នកមានបទពិសោធន៍កិច្ចការព្រំដែន បានបង្ហោះលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី២៤ខែកញ្ញាថា ទឹកដីខ្មែរនៅតាមព្រំដែនថៃក៏ដូចជាទឹកដីខ្មែរ នៅតាមព្រំដែនវៀតណាមដែរ គឺត្រូវបានថៃបន្តចូលមកវាទកាន់កាប់រាប់គីឡូម៉ែត្រ មិនមែនមួយចំអាមឬមួយមីល្លីម៉ែត្រនោះទេ។
ក្រៅពីតំបន់អានសេះ ភ្នំទ្រព្យ តាមាន់តូច តាមាន់ធំ និងតំបន់ផ្សេងៗទៀត ដែលថៃបានដណ្តើមកាន់កាប់មួយផ្នែក ឬទាំងស្រុង លោក សំអាន បានលើកពីប្រាសាទស្តុកកក់ធំ ជាប្រាសាទខ្មែរដែលស្ថិតនៅក្នុងដីខ្មែរក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកាលពីសង្រ្គាមស៊ីវិលនាទសវត្សរ៍ទី៨០ កម្ពុជាជាអ្នកកាន់កាប់ប្រាសាទនេះ។
ប្រាសាទដែលកាលពីសម័យសង្គ្រាម គ្រប់គ្រងដោយកងទ័ពរណស្សេជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់ លោកតា សឺន សាន ត្រូវបានថៃចូលមកកាន់កាប់នៅឆ្នាំ១៩៩១ បន្ទាប់ពីសមាហរណកម្ម និងការបញ្ចប់សង្គ្រាមស៊ីវិល។ ក្រោយមកទៀត ទាហានថៃបានចូលមកឈ្លានពានជាបន្តបន្ទាប់ ដោយរំលោភយកដីខ្មែរហួសប្រាសាទស្តុកកក់ធំនេះទៅទៀត គឺបន្តរហូតមកដល់ភូមិព្រៃចាន់ និងភូមិជោគជ័យ នាពេលសព្វថ្ងៃនេះ ក្នុងជម្រៅរាប់គីឡូម៉ែត្រ។ នេះបើតាមលោក អ៊ុំ សំអាន។
លោកបន្តថា ទោះយ៉ាងនេះក្តី រដ្ឋាភិបាលគ្រួសារហ៊ុនដែលខ្លាំងបានតែជាមួយខ្មែរគ្នាឯង ងើបមួយវ៉ៃមួយ មិនដែលហ៊ានទាមទារយកប្រាសាទស្តុកកក់ធំពីថៃមកវិញនោះទេ ហើយសូម្បីតែភូមិព្រៃចាន់ និងភូមិជោគជ័យ ក៏កំពុងឈានទៅរកការបាត់បង់ផងដែរ។
បន្ថែមពីនេះ លោក សម រង្ស៊ី បានចោទសួរថា ហេតុអ្វីបានរបបដឹកនាំដោយត្រកូលហ៊ុន មិនព្រមជំរុញឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ? លោកបន្តថា លោកហ៊ុន សែនគាត់អត់ខ្លាចប្រទេសកម្ពុជាបាត់បង់ទឹកដីទេ គាត់ខ្លាចខ្លួនគាត់ត្រកូលគាត់បាត់បង់អំណាច ពីព្រោះកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ តម្រូវឱ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ឱ្យមានការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌។ ប៉ុន្តែលោក ហ៊ុន សែន គាត់មិនហ៊ានឱ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ហើយឱ្យមានលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដនៅលើទឹកដីប្រទេសកម្ពុជានោះទេ ពីព្រោះបើមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ពេលនោះរបបផ្តាច់ការរបស់គាត់នឹងរលាយហើយ។
បន្ថែមពីនេះ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានកត់សម្គាល់ថា ចាប់តាំងពីមានការផ្ទុះសង្គ្រាមជាមួយថៃមក លោក ហ៊ុន សែន សម្ងំស្ងាត់ស្ងៀមដូចរត់ចូលរន្ធកណ្តុរអត់ហ៊ានធ្វើអ្វី អត់ហ៊ាននិយាយអ្វី អត់ហ៊ានកម្រើកអន់ណាស់គឺខ្លាចថៃ ពូកែខ្លាំងបានតែចំពោះតែខ្មែរគ្នាឯងទេ។
លោក ហ៊ុន សែន គាត់ប្រើដៃជើងគាត់ ពួកបាតដៃទី៣ វាយដំធ្វើបាបប្រជារាស្ត្រខ្មែរស្លូតត្រង់ទន់ខ្សោយ តែដល់ប៉ះជាមួយបរទេសដែលគេមានសមត្ថភាព មានលទ្ធភាពការពារខ្លួនគេ គាត់ស្ងៀមស្តាត់អត់ហ៊ានប៉ះគេទេ ហើយគាត់ដឹងថា បើហ៊ានតតាំងជាមួយប្រទេសថៃរបបគាត់នឹងរលាយហើយ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ បានពន្យល់ចំពោះភាពស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលទាក់ទងនឹងជម្លោះព្រំដែនកម្ពុជាថៃថា នៅក្នុងដំណាក់កាលដែលសភាពការណ៍មានការវិវត្តប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃព័ត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។
ក្នុងគោលដៅនេះ លោកថា រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។
លោកបានបញ្ជាក់ក្នុងសំណេរដើមថា៖ «ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ»។
លោក សុខ សុគន្ធ ហៅជែមសុខ អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម ថ្លែងថា លោក ហ៊ុន ម៉ាណែត និយាយថា កិច្ចការចរចារឿងព្រំដែនគ្មានអ្នកណាគេយកមកប្រាប់ទេ ពីព្រោះបើគេប្រាប់ដូចគេបើកសន្លឹកបៀរឱ្យម្ខាងទៀតមើលឃើញអ៊ីចឹង។
ការនិយាយបង្វែងដាននេះ ជាន់ដានខ្លួនឯង ខណៈមេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន គាត់និយាយថា ព្រំដែនខ្មែរអត់មានអីច្បាស់លាស់ទេ។ លោក ជែម សុខ ចោទសួរថា ចុះមេដឹកនាំកម្ពុជាដែលទទួលបានឯករាជ្យតាំងពីឆ្នាំ១៩៥៣ ដែលមានទាំងទឹកដីជាក់ស្តែងនិងផែនទី បែរជាមកដល់សម័យក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ថាកម្ពុជាអត់មានព្រំដែនច្បាស់លាស់ទៅវិញ តើមានន័យថាម៉េច?
លោកថា៖ «មានន័យថា បរទេសណាក៏មកចែកជាមួយបានដែរ ពីព្រោះយើងវាអត់ច្បាស់លាស់ ហើយអ្នកណាដែលមិនច្បាស់លាស់? មេដឹកនាំនិយាយថា មិនច្បាស់លាស់ជាមេដឹកនាំហ៊ានប្រកាសថា ព្រំដែនកម្ពុជាអត់មានអីច្បាស់លាស់ គឺបើកដៃឱ្យប្រទេសជិតខាងលើកទំនាស់ព្រំដែនសព្វសារពើដើម្បីអី? ដើម្បីគេចំណេញ ហើយយើងដែលជាមេដឹកនាំដូច ហ៊ុន សែន និយាយហ្នឹង និយាយដើម្បីអី? ដើម្បីខាត»។
បើតាមលោក ជែម សុខ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត និយាយថា កម្ពុជាអត់មាននាំភ្លើងចូលផ្ទះទេ គឺមានន័យថា អត់តវ៉ា អត់ប្តឹងផ្តល់គឺត្រូវចរចា។ ត្រង់ចំណុចនេះ លោក ជែម សុខបានចោទសួរថា តើលោក ហ៊ុន ម៉ាណែត ចរចាយ៉ាងដូចម្តេច យកអ្វីទៅចរចា បើលោក ហ៊ុន សែន ទទួលស្គាល់សន្ធិសញ្ញាលក្ខន្តិកៈព្រំដែនឆ្នាំ១៩៨៣ ដែលលោក ហ៊ុន សែន ឱ្យយួនចាត់ចែងរហូតមកហើយហ្នឹង? សូម្បីតំបន់គងគ្នានៅក្នុងសមុទ្រឆ្នាំ២០០១ ក៏លោក ហ៊ុន សែន ជាអ្នកចុះហត្ថលេខាប្រគល់ឱ្យថៃដែរ តើមានអ្វីត្រូវទៅចរចាទៀត?
បើតាមលោក ជែម សុខ ភាពអត់ធ្មត់មិនតបតរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នគឺជាការបង្វែងដានផង និងជាការអសមត្ថភាពគ្មានអ្វីតបតជាមួយថៃផង។
សម្រាប់ លោក មួង ណារ៉េត អ្នកកាសែតជើងចាស់ និងជាអ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម ក៏ថ្លែងដែរថា ទាំងលោក ហ៊ុន ម៉ាណែត ទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បាននិយាយថា ទី១កិច្ចចរចាបញ្ហាព្រំដែនគឺជាការសម្ងាត់មិនអាចប្រាប់ផែនទី ឬក៏ប្រាប់ពីលក្ខណៈភូមិសាស្ត្រ និងអ្វីផ្សេងៗបង្ហាញឱ្យសាធារណៈជនដឹងបានទេ។ ទី២គឺកម្ពុជារក្សាសុខសន្តិភាពអត់ធ្មត់ភាតរភាពជាមួយភាគីថៃនៅក្នុងកិច្ចចរចា ដោយយកយន្តការអន្តរជាតិមកប្រើ ដើម្បីធ្វើឱ្យមានភាពសុខសាន្តជាមួយប្រទេសភូមិផងរបងជាប់គ្នា ធ្វើយ៉ាងណាកុំឱ្យមានអរិយភាពជាមួយគ្នាជាដើម ដែលនេះគឺជាលេសរាក់កំផែលមួយ។
លោក ណារ៉េត លើកឡើងថា រឿងនៅតាមតំបន់ព្រំដែនគឺកើតឡើងផ្ទុះកក្រើក ប្រជាពលរដ្ឋខ្មែរ១៧លាននាក់ ត្រូវការដឹងអំពីព័ត៌មានថាតើកម្ពុជាសំអាងអ្វីឱ្យប្រាកដ នៅពេលដែលគេរំលោភបំពាន ប៉ុន្តែកម្ពុជាបែរជាមិនទៅរុញឱ្យគេចេញពីទឹកដីខ្លួនវិញបាន។
លោកថា៖ «ចឹងបានថា អានេះគឺជាលេសរាក់កំផែល និងគឺជាកាំបិតចិតដងរបស់ក្រសួងការពារជាតិខ្លួនឯងទៀត ដោយសារតែមិនយកផែនទីមកពន្យល់ ប៉ុន្តែនៅក្នុងន័យថា ពីមុនអត់ដែលប្រាប់នឹង គឺដោយសារតែលាក់ការណ៍សម្ងាត់? យើងលាក់ការណ៍សម្ងាត់អីទៅ ប្រជាពលរដ្ឋទៅបោចបន្លាលួស គេយកបន្លាលួសមកដាក់លើដីយើង ឆ្លងចូលដីយើង គេឈូសឆាយផ្ទះយើង គេយកប៉ូលីសយកអីមកទន្ទ្រានឈ្លានពានដីយើង ធ្វើបាបប្រជាពលរដ្ឋយើងនៅក្នុងតំបន់ព្រំដែនយ៉ាងចាស់ដៃ តើមានអីទៀតទៅដែលជាការសម្ងាត់?»។
លោកបន្តថា ថៃបំពានកម្ពុជាគ្រប់សព្វ តែកម្ពុជានៅតែអត់ធ្មត់ តើកម្ពុជាអាចទៅដោះស្រាយអ្វីបានបើថៃរំលោភមកលើកម្ពុជាគ្រប់យ៉ាង ប៉ុន្តែកម្ពុជាមិនប្តឹងទៅតុលាការអន្តរជាតិ ធ្វើឱ្យថៃបានចិត្តរំលោភហើយរំលោភទៀត ដើម្បីបង្ហាញពីភាពអត់ធ្មត់ និងខ្លាចបែកការសម្ងាត់រវាងអ្នករំលោភនិងជនរងគ្រោះ។ លោក ណារ៉េត បានចោទសួរថា ចុះបើកម្ពុជាជាជនរងគ្រោះ តើចាំបាច់អីត្រូវលាក់ការសម្ងាត់ នៅពេលដែលការណ៍សម្ងាត់ដែលបំបែកចេញទៅ វានឹងបានជាប្រយោជន៍ដល់ជនរងគ្រោះ អាចរកយុត្តិធម៌តទល់ជាមួយថៃនោះ?
លោក មួង ណារ៉េត ក៏ដូចលោក ជែម សុខ ដែរ គឺចង់ឱ្យរដ្ឋាភិបាលបង្ហាញផែនទី ផ្តល់ព័ត៌មានពិត ថាតើថៃបានរំលោភឈ្លានពាន ចូលមកដណ្តើមកាន់កាប់ទឹកដីកម្ពុជា នៅតំបន់ណាខ្លះ នៅតំបន់អានសេះអស់ប៉ុន្មាន នៅភ្នំទ្រព្យអស់ប៉ុន្មាន នៅប្រាសាទតាមាន់ធំអស់ប៉ុន្មាន និងនៅតំបន់ផ្សេងៗទៀតអស់ប៉ុន្មាន ហើយកម្ពុជាសំអាងលើផែនទីអ្វីដែលថា តំបន់ទាំងនោះជាទឹកដីខ្មែរ? គឺត្រូវតែបង្ហាញមិនត្រូវមានការលាក់លៀម ហើយបន្តចេញសារប្រជាភិថុតឱ្យពលរដ្ឋជឿទុកចិត្តលើរដ្ឋាភិបាល រដ្ឋាភិបាលនឹងមិនឱ្យបាត់បង់ដីមួយមីល្លីម៉ែត្រនោះទេ ខណៈដែលដីពិតប្រាកដបាត់រហូតដល់រាប់រយម៉ែត្រ។
សម្រាប់ លោក អ៊ុំ សំអាន ក្រៅពីតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី រដ្ឋាភិបាលកម្ពុជាក៏ត្រូវតែដាក់បញ្ចូលបន្ថែមករណីភ្នំទ្រព្យ ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទស្តុកកក់ធំ និងកោះគុត ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឱ្យបានឆាប់ផងដែរ។
ទាក់ទងនឹងភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំងរបស់កងទ័ព ដែលថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសរៃអង្គាសប្រាក់សម្រាប់ជួយកងទ័ព លោក អ៊ុំ សំអាន អំពាវនាវដល់លោក ហ៊ុន សែន លក់នាឡិការបស់គាត់ជាង ១០គ្រឿង ដែលតម្លៃប្រហែលរហូតដល់ ៦០លានដុល្លារ ដើម្បីយកលុយទិញយន្តហោះចម្បាំងបាន១គ្រឿង ហើយគួបផ្សំថវិកាជាតិ ឬរៃលុយពីអ្នកធំ និងឧកញ៉ា ដើម្បីទិញយន្តហោះចម្បាំងជាងតិច១០គ្រឿង និងកាំភ្លើងបាញ់ដ្រូន ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ថៃ។
លោក សំអាន លើកឡើងថា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជិះឡានទំនើបៗ និងមានវីឡារាប់ភ្លេចប៉ុន្តែកម្ពុជាបែរជាគ្មានយន្តហោះចម្បាំងសូម្បីមួយគ្រឿងសោះ ដែលអន់ជាងភូមាទៅទៀតហើយទាហានសមភូមិមុខ គ្មានអាវក្រោះ ប៉ុន្តែពលរដ្ឋខ្មែរសាមគ្គីគ្នាជួយទិញអាវក្រោះឱ្យទាហានសមរភូមិមុខបានខ្លះកន្លងមក៕









