ក្រុមអ្នកឃ្លាំមើល បង្ហាញការព្រួយបារម្ភថា ភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា នឹងក្លាយទៅជាទឹកដីថៃជារៀងរហូត បើរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រើយន្តការទ្វេភាគីតាមការចង់បានរបស់ថៃ ហើយមិនរុញសំណុំរឿងព្រំដែននេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ទេនោះ។
ក្តីបារម្ភនេះ ក្រោយពីនាយករងនាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិកម្ពុជា លោក ឆេង ឃុន ថ្លែង កាលពីថ្ងៃទី២៤ ខែកញ្ញាថា ថ្វីបើមានផ្នែកខ្លះនៃភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានកាន់កាប់ដោយពលរដ្ឋថៃ ដែលយោធាថៃ បង្ហាញថា ជាដីស្រែរបស់ជនជាតិថៃក៏ដោយ តែថាកម្ពុជានៅតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដោយសន្តិវិធីជាមួយប្រទេសថៃ ដោយប្រកាន់ខ្ជាប់នូវយន្តការទ្វេភាគី តាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។
លោកថា៖ «ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួន ដោយគោរពតាមផែនទីមានដ្ឋាន១លើ២រយពាន់ និងមិនចង់បានទឹកដីថៃឡើយ ហើយស្នើឲ្យភាគីថៃគោរពនូវអធិបតេយ្យរបស់កម្ពុជាវិញដូចគ្នា ក៏ប៉ុន្តែកិច្ចការងារនេះ តម្រូវឲ្យមានការគិតគូរ និងចរចាជាមួយគ្នាឲ្យបានច្បាស់លាស់ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសត្រឹមត្រូវតាមកិច្ចព្រមព្រៀងប្រទេសទាំងពីរបានឯកភាពជាមួយគ្នាជាង២០ឆ្នាំមកហើយ គឺតាមរយៈយន្តការJBCនិងផ្អែកលើគោលការណ៍MOUឆ្នាំ២០០០»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៥ ខែកញ្ញានេះថា ការបន្តប្រើយន្តការទ្វេភាគីតាមការចង់បានរបស់ថៃ កម្ពុជានឹងមិនអាចការពារបូរណភាពទឹកដីបានទេ ។
លោកថា ភូមិជោគជ័យ និងភូមិព្រៃចាន់ នឹងធ្លាក់ទៅក្នុងដៃប្រទេសថៃ ដូចភូមិ និងផ្ទះ លោក ហេង សំរិន ដែលធ្លាក់ក្នុងដៃវៀតណាមដូចគ្នា។
លោកសង្កត់ធ្ងន់ថា ថៃនឹងបន្តលេបទឹកដីខ្មែរតាមផែនទីខ្នាត១លើ៥០ពាន់បន្ថែមទៀត តាមផែនទីដែលថៃគូរដោយឯកតោភាគី ដូចជា នៅច្រកអានសេះ ប្រាសាទតាមាន់ធំ ភ្នំទ្រព្យ និងខេត្តកោះកុង ពោធិ៍សាត់ចំនួន១៧ទីតាំងទៀត។
លោកថា៖ «ភូមិទាំង២ហ្នឹង ប្រាកដជាបាត់បង់ទៅខាងថៃហើយ ហើយប្រជាពលរដ្ឋណាដែលតវ៉ាថាបាត់ដីស្រែចម្ការទៅខាងថៃហ្នឹង គេចាប់ដាក់គុក ដូចដែលប្រជាពលរដ្ឋដែលតវ៉ាថាបាត់ដីស្រែចម្ការកន្លងមកទៅវៀតណាម គេចាប់ដាក់គុកចឹង ហើយគេនឹងប្រកាសថា ពីមុនយល់ច្រឡំតាមពិតអត់ទេអត់ ភូមិជោគជ័យ និងភូមិព្រៃចាន់ហ្នឹង បើតាមផែនទីស្ថិតនៅក្នុងទឹកដីថៃ ដូចដែលគេនិយាយថាភូមិលោក ហេង សំរិន ភូមិអន្លង់ជ្រៃ ស្ថិតនៅក្នុងដីវៀតណាមអ៊ីចឹងដែរ លោក សុខ ទូច លោក វ៉ា គីមហុង លោក ហ៊ុន សែន ប្រកាសអីចឹង ដូច្នេះគម្រោងរបស់គេបើសិនដោះស្រាយចេញ គេដោះស្រាយ ប៉ុន្តែខ្ញុំគិត៩៩% ទឹកដីភូមិជោគជ័យ និងភូមិព្រៃចាន់នឹងបាត់ទៅថៃ»។
ចំណែក តំណាងរាស្រ្តបក្សសង្រ្គោះជាតិម្នាក់ទៀតគឺ លោក សួន សូរីដា បានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី២៥ ខែកញ្ញានេះថា ទាហានថៃដើរព័ទ្ធបន្លាលួសលើដីខ្មែរ ប្រើច្បាប់ថៃចាប់ពលរដ្ឋខ្មែរក្នុងដីខ្មែរ គិតទៅគ្មានសម័យណា ដែលថៃខ្លាចខ្មែរជាងសម័យតេជោធិបតីនោះទេ។
ប្រហែលគ្នានេះដែរ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត បារម្ភដែរថា យន្តការទ្វេភាគីជាចំនុចខ្សោយរបស់កម្ពុជានៃការប្រឈមបាត់បង់ទឹកដី។ ប៉ុន្តែផ្ទុយទៅវិញ លោកថា វាជាចំនុចខ្លាំងរបស់ថៃមានប្រៀបដាក់សម្ពាធលើកម្ពុជា ព្រោះថៃអាងលើផែនទីចោរខ្នាត១លើ៥០ពាន់របស់គេ។
ក្នុងន័យនេះ លោកពន្យល់ថា ក្រុមយោធាថៃរួមទាំងរដ្ឋបាលថៃ នឹងបន្តគំរាមកម្ពុជាទាំងផ្នែកយោធា ផ្នែកសេដ្ឋកិច្ច ដើម្បីឱ្យកម្ពុជាព្រមចរចាទ្វេភាគី សម្រេចមហិច្ឆតាលេបទឹកដីខ្មែរ ក្រោមអំណាចគ្រួសារហ៊ុន។
យ៉ាងណា លោក ចាន់ឡូត យល់ថា ក្នុងកាលៈទេសៈបែបនេះ មេដឹកនាំបក្សកាន់អំណាចចាំបាច់ណាស់ ត្រូវបង្ហាញជំហរច្បាស់លាស់ បន្តប្តឹងថៃនូវសំណុំរឿងទាំងនេះទៀត ទៅតុលាការយុត្តិធម៌អន្តរជាតិICJ។
លោកថា៖ «កម្ពុជាមានជម្រើស២ដែលសាកសម ទី១គឺការរក្សាជំហរក្នុងការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេ ទី២គឺការប្រើប្រាស់កម្លាំងឆ្លើយតបឲ្យសមាមាត្រទៅនឹងអ្វីដែលភាគីថៃបានប្រើប្រាស់ ក្នុងនោះកម្ពុជាក៏គួរពិចារណាក្នុងការប្រើប្រាស់កម្លាំងយោធាផងដែរ ក្នុងករណីដែលមានការរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ដោយភាគីថៃ។ ការដែលកម្ពុជាប្រើប្រាស់កម្លាំងយោធាក្នុងការការពារនូវដែនអធិបតេយ្យ និងបូរណភាពដែលមានការរំលោភបំពានពីខាងក្រៅ មិនធ្វើឲ្យកម្ពុជា វារំលោភបំពានលើបទឈប់បាញ់ ក៏ដូចជាធ្វើឲ្យកម្ពុជាទទួលរងនូវការរិះគន់នោះទេ»។
ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជារបស់រដ្ឋាភិបាល ធ្លាប់និយាយថា នយោបាយរបស់ថៃ ទោះជាមានការបែកបាក់ផ្ទៃក្នុង តែមិនបាត់ទឹកដី គឺបន្តធ្វើសង្រ្គាមពង្រីកទឹកដីរបស់ខ្លួនជានិច្ច។
លោកថា៖ «ថៃជ្រើសរើសយករីកទឹកដីជាជាងការសន្សំសុខ អ៊ីចឹងយើងត្រូវដឹងកន្លែងនេះ ខ្ញុំមិនចង់ឲ្យយើងឈ្លោះគ្នាដែរដើម្បីរីកទឹកដីទេ គឺត្រូវខ្លាំងខាងក្នុងដើម្បីការពារទឹកដីយើងឲ្យបាន មិនចាំបាច់ពង្រីកការពារបាន ពីព្រោះយើងដឹងថៃពង្រីក បើពង្រីកវារួមអាណា វារួមតែយើងហ្នឹង ជាមួយភូមាទៅមួយគេមិនរួចទេ ជាមួយឡាវដោយសារតែវាមានបញ្ហាធម្មជាតិ គឺភាគច្រើនរបាំងដោយទន្លេមេគង្គ អ៊ីចឹងអត់មានរំកិលបានទេ ជាមួយម៉ាឡេស៊ីនៅភាគខាងត្បូងកំពុងតែរញ៉េរញ៉ៃដែរ ចំណែកភាគខាងត្បូងក៏ជាទឹកដីរបស់ម៉ាឡេស៊ីដែរ»។
កាលពីថ្ងៃទី១៧ ខែកញ្ញានេះ ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ យ៉ាងតិច ២៨នាក់ រួមទាំងព្រះសង្ឃផង ត្រូវបានក្រសួងការពារជាតិ អះអាងថា បានរងរបួស ក្រោយប្រឈមមុខជាមួយយោធាថៃ ដើម្បីការពារលំនៅឋាន និងដីអាស្រ័យផលរបស់ពួកគេ។
ហេតុការណ៍នោះ កងកម្លាំងថៃបានបាញ់ផ្សែងពុល និងកាំភ្លើងបាញ់គ្រាប់ជ័រ ដើម្បីបំបែកពលរដ្ឋខ្មែរ ដែលប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងកម្លាំងចម្រុះថៃឈ្លានពាន។
បន្ថែមពីនេះ នៅថ្ងៃទី១៩ ខែកញ្ញានេះ ពលរដ្ឋបានឱ្យដឹងថា យោធាថៃកំពុងពង្រីកការឈ្លានពានបន្ថែមទៀតនៅច្រកបឹងត្រកួន ខេត្តបាត់ដំបង។
លើសពីនេះថៃ បានបន្តរាយលួសបន្លារំលោភយកដីខ្មែរ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមវាយយក១៧ទីតាំងទៀត ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី។
គូរបញ្ជាក់ថា ក្រោយបទឈប់បាញ់ថៃបានចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិព្រៃចាន់ ភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមប្រើកម្លាំងយោធារុះរើផ្ទះពលរដ្ឋខ្មែរ១៧០ខ្នង នៅភូមិជោគជ័យ ខណៈរដ្ឋាភិបាលកម្ពុជា នៅបន្តអត់ធ្មត់មិនជ្រើសរើសយកការប្រឈមមុខខាងយោធា ក្រោយផ្ទុះអាវុធជាមួយថៃ រយៈពេល៥ថ្ងៃរួចមក។
ជុំវិញបញ្ហានេះ លោក មែន ណាត ធ្លាប់បញ្ជាក់ប្រាប់វីអូឌីថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ ថៃកំពុងសង្កត់កម្ពុជាឲ្យទទួលយកផែនទីចោរខ្នាត ១/៥0.000 និងទាមទារកម្ពុជាឲ្យដោះគ្រាប់មីន ដើម្បីឲ្យខ្លួនសម្រេចមហិច្ឆតាឈ្លានពានកម្ពុជា តាមផែនទីដែលថៃគូរដោយឯកតោភាគី ។
យ៉ាងណា លោកថា មានតែកម្ពុជាប្រើយន្តការអន្តរជាតិទេ ទើបអាចការពារបូរណភាពទឹកដីបាន គឺត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងប្តឹងសហប្រធានកិច្ចព្រៀមព្រៀងទីក្រុងប៉ារីស ឱ្យកោះប្រជុំភាគីពាក់ព័ន្ធបន្ទាន់ ទើបអាចទប់ស្កាត់ មហិច្ឆតាបរទេសឈ្លានពានបាន។
ប៉ុន្តែថាបើរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រើយន្តការចរចាទ្វេភាគីជាមួយសត្រូវឈ្លានពាន នោះប្រៀបបាននឹងព្រមកាត់ដីកម្ពុជាមួយផ្នែកណានោះ ដើម្បីដោះដូរការរក្សាអំណាច។
យ៉ាងនេះក្តី ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









