ពលរដ្ឋខ្មែរមួយ​ចំនួន​យក​ឱកាស​បុណ្យ​ភ្ជុំ​ទៅ​ទីតាំង​យោធា​​ថៃ​​រាយ​​បន្លា​លួស​នៅ​ឃុំ​អូរ​បី​ជាន់

ស្រប​ពេល​ដែល​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​រីក​រាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ងាក​មក​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ​ឯណេះ​វិញ កំពុង​តស៊ូ​ស្វិត​ស្វាញ​ក្រោម​ដំណក់​ទឹក​ភ្លៀង ការ​ពារ​ដី​ដូន​តា​របស់​ខ្លួន​ដែល​ថៃ​កំពុង​ព្យាយាម​លេប​ត្របាក់។ ទោះ​យ៉ា​ង​ណា ក៏​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​យក​ឱកាស​បុណ្យ​ភ្ជុំ​នេះ ទៅ​ធ្វើ​បុណ្យ និង​មើល​ដោយ​ផ្ទាល់ នូវ​ទីតាំង​ដែល​យោធា​ថៃ រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ និ​ង​ដី​ពលរដ្ឋ​ខ្មែរ នៅ​តំបន់​នោះ។

ព្រឹត្តិការណ៍​នេះ បានធ្វើឱ្យភូមិជោគជ័យ និងភូមិព្រៃចាន់ ក្លាយទៅ​ជា​ទីតាំង​ប្រវ​ត្តិសាស្ត្រ​មួយ ដែល​បង្ហាញ​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ មក​លើ​កម្ពុជា។

ស្ថិតក្នុងអាកាសធាតុ ដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ​ក្ដី ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ហួន សារ៉ាវុធ បាន​នាំគ្រួ​សារ​មក​ធ្វើ​បុណ្យ និង​សួរ​សុខ​ទុក្ខ​អ្នក​ភូមិ​ព្រៃចា​ន់ បាន​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់ និង​សង្វេគ​ នៅ​ពេល​ឃើញ​សំបក​​កង់​ឡាន និង​បន្លា​លួស​របស់​យោធា​ថៃ បាន​ដាក់​ពង្រាយ​នៅ​លើ​ទឹក​ដី​ខ្មែរ។ អតីត​ទាហាន និង​ជា​អ្នក​ជំរុំ​​ណង​ចាន់​ចាស់​រូប​នេះ បាន​ហៅ​ទង្វើ​របស់​យោធា​ថៃ​បែប​នេះ ថា​ជា​ការ​ឈ្លាន​ពាន​ទឹក​ដីក​ម្ពុជា ដោយលោ​ក​បាន​អះ​អាង​ថា ទីតាំង​ដែល​ថៃ​រាយ​បន្លា​លួស​នេះ គឺ​ជា​ទឹក​ដី​ខ្មែរ​យ៉ាង​ជាក់​ច្បាស់​ ដែល​លោក​បាន​ភៀស​ខ្លួន និង​រស់​នៅ​ក្នុង​តំបន់​​ណង​ចាន់​នេះ កាល​ពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ។

លោក ហួន សារ៉ាវុធ និយាយថា៖«ពលរដ្ឋ៖ ផ្ទះ​ខ្មែរ​យើង​ទេ​អ្ហី? លោក ហួន​ សារ៉ាវុធ៖ ផ្ទះ​ខ្មែរ​ ផ្ទះ​អ្នក​ស្រុក​យើង។ ទាហាន​ថៃ ពួក​គេ​បាន​លួច​យក​បន្តិច​ម្ដងៗ»។

​កាលពីថ្ងៃ​ទី១៧ ខែកញ្ញា​ ទាហាន​ថៃ​ប្រហែល​៣០​នាក់ រួ​ម​ទាំង​​កម្លាំង​​ប៉ូលិស​​ថៃ​ ដែល​ប្រដាប់​​ដោយ​​ខែល​បាន​​ចូ​ល​​មក​​ព្យាយាម​​រាយ​បន្លា​លួស​​បន្ថែម​​​នៅ​​ភូ​មិ​ព្រៃ​ចាន់ ប៉ុន្តែ​​ត្រូវ​បាន​ពលរដ្ឋ​​ខ្មែរ​​លើក​​គ្នា​​តវ៉ា​​រារាំង​ ដោយ​បាន​យក​ដំបង​ឈើ​ឆ្កឹះ និង​រើ​បន្លា​លួស​មួយ​ចំនួន ដើម្បី​ទុក​ធ្វើ​ជា​ភស្តុតា​ង។ ក្នុង​ហេតុ​ការ​ណ៍​នេះ ​ក្រុម​​ប៉ូលិស​​បង្ក្រាប​​បាតុ​កម្ម​​ថៃ បាន​​​ប្រើប្រា​ស់​​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក គ្រាប់​​ជំពាម​កូន​ឃ្លី និង​​គ្រាប់​កាំភ្លើង​​ជ័រ ​បាញ់​​បង្ក្រាប​​មក​​លើ​​​ព្រះ​សង្ឃ និង​​ពលរដ្ឋ​ខ្មែរ​ដែល​​តវ៉ា ​បណ្ដាល​ឱ្យ​ព្រះស​ង្ឃ ពលរដ្ឋ និង​កងកម្លាំង​ខ្មែរ​រង​របួស​ជាង ២០​នាក់។ ក្នុងនោះ មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​បាន​​សន្លប់​​បាត់​ស្មារតី ​ដោយសារ​ត្រូវ​ផ្សែង​បង្ហូរ​ទឹក​ភ្នែក និង​ទាហាន​ខ្មែរ​ម្នាក់​ ​របួស​​ធ្ងន់​​ត្រង់​ភ្នែក ​ដោយសារ​ត្រូវ​គ្រាប់​​កាំភ្លើង​​ជ័រ។

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នានេះ សារព័ត៌មាន​​ថៃ The Nation បាន​​ចុះ​ផ្សា​យ​​នៅ​​​ថ្ងៃ​​ទី​២២ ខែ​កញ្ញា​ថា ក្រុម​​ប៉ូលិស​បង្ក្រាប​​បាតុកម្ម​ប្រហែល​ ១៤០០​នាក់ ត្រូវ​​បាន​ដាក់​ពង្រាយ​ទៅ​កាន់​ខេត្ត​ស្រះកែវ ដើម្បី​ត្រៀម​បង្ក្រាប​​លើ​ពលរដ្ឋ​ខ្មែរ​ណា ដែលនាំ​គ្នា​តវ៉ានឹងក្រុមកងកម្លាំងថៃ នៅ​ភូមិជោគជ័យ និង​ភូមិព្រៃចាន់ ក្នុងប្រតិ​បត្តិ​ការ​​រាយ​​បន្លា​លួស​​នោះ។ សារ​ព័ត៌មា​ន​​ថៃ​​​មួយ​​នេះ ​បាន​ចុះ​ផ្សាយ​​ទៀតថា កងទ័​ព​​ថៃ​​​​បាន​ចេញ​​ការ​​ព្រមាន​​ដាក់​​ទោស​​ធ្ងន់​ធ្ងរ​ ដូច​ជា​​ការ​ដាក់​​ទោស​​​ក្នុង​​​ពន្ធនាគារ​​អស់​​មួយ​ជីវិត ​​ឬ​ទោស​​ប្រហារ​ជីវិត ចំពោះពលរដ្ឋ​​ខ្មែរ ដែល​ក្រុមយោធាថៃចោទ​ថា ​បាន​បំពាន​ទឹក​ដី​របស់​ថៃ។

ជាថ្មីម្ដងទៀត មន្ត្រជាន់ខ្ពស់របស់ទាហាន​ថៃ​ បានព្រមាន​នឹង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ ​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ភូមិ​​​ព្រៃ​ចាន់ ​និង​ភូមិ​ជោគជ័យ ​នៅ​ថ្ងៃ​ទី២៦ ខែកញ្ញា បន្ថែម​ទៀត ដែល​ទាហាន​ថៃ​អះអាង​ថា ជា​ទឹក​ដី​របស់​ខ្លួន​​ស្ថិត​នៅ​ក្នុង​ខេត្ត​​ស្រះកែវ ក្នុងនោះមេទ័ពជើងទឹកថៃ លោក ជីរ៉ាក់ផុន វង្សវីដ បានគំរាមបំផ្លាញសំណង់ខ្មែរនៅ ១៧ទីតាំង ចាប់ពីខេត្តពោធិ៍សាត់​ដល់ខេត្ត​កោះកុង។

ជុំវិញ​ការ​ព្រមានប្រើច្បាប់​អាជ្ញាសឹករបស់យោធាថៃ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា ធ្លាប់​បាន​​លើ​ក​ឡើង​​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​​ថា ការ​​ប្រកាស​ប្រើ​​ច្បាប់​របស់​ថៃ ដែល​អនុ​វត្ត​​មក​លើ​​ពលរដ្ឋ​កម្ពុជា គឺជា​ការ​បំពាន​លើ​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ ដែល​តម្រូវ​ឱ្យ​ដោះស្រាយ​វិវាទ​ដោយ​​សន្ដិវិធី និង​​ជា​ការ​បំពាន​លើ​សិទ្ធិមនុស្ស​​ជាមូល​ដ្ឋាន​នៃ​ច្បាប់​អន្តរ​ជាតិ និង​សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​​សន្ដិវិធី ដែល​ជា​បទដ្ឋាន​ស្នូល​នៃ​សេច​ក្ដី​​ប្រ​កាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិស៊ីវិល និង​នយោបាយ ដែល​ថៃ​ជា​រដ្ឋភាគី។

ក្រសួង​ការបរទេស ​បាន​បន្ត​ទៀត​ថា ​ថៃ​​កំពុង​រំលោភ​ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិ​បត្តិ​ការ ដែល​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក មិន​ត្រូវ​ធ្វើ​សកម្មភាព​បង្កហេតុ និង​ត្រូវ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិ​វិធី។ លើស​ពី​នេះ ថៃ​កំពុង​បង្ហាញ​យ៉ាង​ច្បាស់ ដោយ​ប្រើ​កម្លាំង​ទាហាន ដើម្បីទាមទារ​យក​ដែន​អធិប​តេយ្យ​​លើ​​​តំបន់​មិន​ទាន់​បាន​​កំណត់​ខណ្ឌសីមា ដែល​រំលោភ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០០ និង​ការ​ជ្រៀត​ជ្រែក​​អាណត្តិ​របស់​គណៈ​កម្មការ​​ចម្រុះ​ខណ្ឌ​សីមាព្រំដែន​គោក។

ជុំវិញរឿងនេះ មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ លោក ស៊ំ​ ចាន់​គា លើក​ឡើង​ថា ករណីរាយបន្លា​លួស​របស់យោធាថៃ ព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋខ្មែរនេះ គឺជាការរំលោភបំពានលើសិទ្ធិមនុស្សជាមូល​ដ្ឋាននៃច្បាប់​អន្តរជាតិ ស្ដីពីសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកបន្តថា ក្នុងករណីដែលយោធាថៃប្រើច្បាប់អាជ្ញាសឹក​មែននោះ ពលរដ្ឋខ្មែរ ត្រូវតែព្យាយាមប្រមូលភស្តុតាងរឹងមាំគ្រប់រូបភាព ដើម្បីឱ្យរដ្ឋាភិបាល ប្ដឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។

លោក ស៊ំ​ ចាន់​គា ថ្លែង​ថា៖«ភាគី​ទីបី យើងឃើញថា ដែល​មាន​សមត្ថ​ភាព​ហើយ​ និង​ត្រូវ​មាន​អំណាច​ខ្លាំង​ទៀត។ កុំ​ឱ្យ​យក​ភាគី​ទី​បី​មក គ្រាន់​តែ​ជាកា​រ​សំដែង ព្រោះភា​គី​ទីបី​ខ្លះ យក​មក​ក្នុង​រឿង​ហ្នឹង​ សម្រាប់​ធ្វើ​អ្វី​មួយ ដោយ​ឈប់​តែ​មួយ​ឆាវៗ ឱ្យ​តែ​ល្អមើ​ល​ក្នុង​ការ​សម្ដែង អ៊ីចឹង​ហើយ​ដែល​ធ្វើ​ឱ្យ​​បាត់​បង់​​​ទៅ​លើ​ការ​​អន្តរា​គមន៍ និង​ការ​ដោះ​ស្រាយ​អ្វី​ផ្សេងៗ»

ពាក់ព័ន្ធនឹងវិវាទរឿងព្រំដែននេះដែរ ថៃ​បាន​ស្នើ​សុំ​លើក​ពេល​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូ​មិ​ភាគ​ទី៥ កម្ពុជា និង​កង​ទ័ព​ភូមិ​ភាគ​ទី១ ថៃ ដែល​គ្រោង​រៀប​ចំ​នៅថ្ងៃ​ទី​២៧ ខែ​កញ្ញា ដោយ​ត្រូវ​លើក​ទៅ​​ខែ​តុលា ដោយ​សារ​មូល​ហេតុ​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​យោធា​នៅ​ក្នុង​យោធភូ​មិ​ភាគ ហើយមិ​នទា​ន់​កំណត់​របៀប​វារៈ​បាន​ត្រឹម​ត្រូវ និង​បញ្ហា​ភូមិ​ជោគ​ជ័យ​និ​ង​ព្រៃ​ចាន់ ដែល​នៅខា​ង​កម្ពុជា​នៅ​មាន​ពលរដ្ឋ​ប្រមូល​​ផ្តុំ។

ក៏ប៉ុន្តែ ទន្ទឹម​នឹង​ការ​លើក​ពេល​ចរ​ចា​នេះ សារព័ត៌មានក្នុងស្រុកថៃ បាន​រាយ​ការ​ណ៍​ជាប​ន្ត​បន្ទាប់​ថា មេ​បញ្ជា​ការ​យោធា​ថៃ បាន​បញ្ជូន​កង​កុម្ម៉ង់​ដូ​ពិសេស និង​ក្រុម​លប​បាញ់ Sniper ជា​ច្រើនអង្គភា​ព ទៅ​ដល់​ព្រំ​ដែន​ជាប់​កម្ពុជា ខណៈ​យន្ត​ហោះ​ចម្បាំង F-16 ជាង ១០​គ្រឿង​ផ្សេង​ទៀត បាន​បំពាក់​អាវុធ​វាយ​ប្រហារ​រួច​ជាស្រេច ដែល​កំពុង​ចូល​ចត​នៅ​មូល​ដ្ឋាន​ក្នុង​ខេត្ត​សុរិន្ទ ជាប់​ព្រំប្រទល់​ប្រទេស​កម្ពុជា។

ហេតុការណ៍នេះ បានបណ្ដាលឱ្យពលរដ្ឋជាច្រើនគ្រួសារនៅក្នុងក្រុ​ង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ បាន​នាំ​គ្នា​ភៀស​ខ្លួន​ទៅ​កាន់​ទីក​ន្លែង​សុវត្ថិភាព​ទាំង​យប់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។

ពលរដ្ឋទាំងអ្នករស់នៅជិត និងនៅឆ្ងាយ​ពី​តំបន់​ព្រំដែន​ក្ដី អំពាវ​នាវ​ឱ្យរ​ដ្ឋាភិបាល​កម្ពុជា ស្វែង​រក​កា​រ​អន្តរា​គមន៍​ពី​​ភាគី​​ទី​បី​ក្នុង​ជម្លោះព្រំ​ដែន​នៅ​ពេល​នេះ ដ្បិត​ប្រទេស​ថៃ​កំពុង​រំលោភ​បំពាន​ច្បាស់​យ៉ាង​គគ្លើន​ ដែល​អាច​នឹង​វិវត្ត​ទៅ​រក​ការ​ផ្ទុះ​អាវុធ​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ