រដ្ឋមន្ត្រីការបទេសតៃវ៉ាន់ លោក លីន ជាឡុង(Lin Chia-lung)ធ្វើដំណើរទស្សនៈកិច្ចនៅទីក្រុងញូយ៉កក្នុងសប្តាហ៍នេះ ដើម្បីចូលរួមព្រឹត្តិការណ៍មហាសន្និបាតអង្គការសហប្រជាជាតិ និងបានជួបជាមួយសម្ព័ន្ធមិត្តការទូតនៅកិច្ចប្រជុំក្រៅផ្លូវការ នៅមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA)។ នេះបើយោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា ដំណើរទស្សនៈកិច្ចលោក លីន កើតឡើងបន្ទាប់ពីលោកបានចុះផ្សាយអត្ថបទនៅលើគេហទំព័រញូមាក្ស(Newsmax) អភិរក្សនិយមរបស់សហរដ្ឋអាមេរិក ដោយបានអំពាវនាវឱ្យពិភពលោក ទទួលស្គាល់តៃវ៉ាន់ ជាផ្នែកមួយនៃយុទ្ធនាការដ៏យូរអង្វែងដោយទីក្រុងតៃប៉ិ(Taipei)។
វាជាលើកទីមួយហើយ ដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ត្រូវបានគេដឹងថានៅក្នុងទីក្រុងញូវយ៉ក ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមេដឹកនាំពិភពលោកជួបជុំគ្នាជារៀងរាល់ឆ្នាំ នៅទីក្រុងនេះ។ តៃវ៉ាន់ដែលត្រូវបានគេស្គាល់ជាផ្លូវការថា សាធារណៈរដ្ឋចិន គឺត្រូវបានរារាំងពីការចូលរួមព្រឹត្តិការណ៍មហាសន្និបាតអង្គការសហប្រជាជាតិ ខណៈដែលទីក្រុងប៉េកាំងបានកាន់កាប់កៅអីនៅអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៧១។
តៃវ៉ាន់ដែលភាគច្រើនត្រូវដកខ្លួនចេញពីអង្គការអន្តរជាតិ និងការជួបជុំជាច្រើនផ្សេងទៀត ដោយសារតែមានការជំទាស់ពីសំណាក់ប្រទេសចិន ដែលតែងតែទាមទារកោះនិន្នការប្រជាធិបតេយ្យនេះជារបស់ខ្លួន។
បន្ថែមពីនេះ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសជាច្រើនទៀត មិនបានទទួលស្គាល់តៃវ៉ាន់ជាផ្លូវការនោះទេ ប៉ុន្តែរក្សាទំនាក់ទំនងមិនផ្លូវការជាមួយទីក្រុងតៃប៉ិ(Taipei) ហើយផ្តល់មធ្យោបាយតាមផ្លូវច្បាប់ ដើម្បីឱ្យតៃវ៉ាន់ការពារខ្លួននៅពេលដែលមានការកើនឡើងសម្ពាធពីរដ្ឋាភិបាលកុម្មុយនិស្តចិន។
ទីក្រុងប៉េកាំង ដែលបច្ចុប្បន្នកំពុងព្យាយាមចរចាពាណិជ្ជកម្មជាមួយ លោក ត្រាំ បានបង្ហាញការរិះគន់ជាញឹកញាប់ចំពោះការទទួលស្គាល់តៃវ៉ាន់ ដោយអន្តរជាតិមួយចំនួន ឬការទាក់ទងរវាងមន្ត្រីតៃវ៉ាន់ និងមន្ត្រីបរទេស ព្រោះប្រទេសចិនមើលទៅហាក់បីជាការផ្តល់កម្លាំងចិត្តឱ្យតៃវ៉ាន់ មានស្ថានភាពដាច់ដោយឡែកពីប្រទេសចិន។
យ៉ាងណា តៃវ៉ាន់និយាយថា ខ្លួនមានសិទ្ធិចូលរួមជាមួយអន្តរជាតិ ហើយថាប្រទេសចិនគ្មានសិទ្ធិទាមទារ ឬក៏តំណាងឱ្យតៃវ៉ាន់ឡើយ។
ប្រភពរ៉យទ័រថា កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបជុំគ្នានៅកិច្ចប្រជុំក្រៅផ្លូវការនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបង្ហាញអំពីការព្រួយបារម្ភនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អំពីសកម្មភាពអស្ថេរភាពកាន់តែកើនឡើងជុំវិញតៃវ៉ាន់៕









