ការកែប្រែរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង៣០ឆ្នាំនេះ ត្រូវគេមើលឃើញថា ទាញកម្ពុជាឱ្យរអិលកាន់តែលឿនទៅរកការដឹកនាំផ្តាច់ការ បន្សល់ទុកវិបត្តិសង្គមជាច្រើន ប្រព័ន្ធយុត្តិធម៌ទន់ខ្សោយ វិបត្តិសេដ្ឋកិច្ច ការរំលោភសិទ្ធិមនុស្ស រួមទាំងបញ្ហាបូរណភាពទឹកដីទាំងខាងលិច និងខាងកើត។
ការលើកឡើងនេះ ក្រោយរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្មចំនួន១១លើក គិតចាប់តាំងពីឆ្នាំ១៩៩៣មក ខណៈច្បាប់កំពូលនេះ មានអាយុកាល៣២ឆ្នាំហើយ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ជាង៣០ឆ្នាំនៃការចាប់កំណើតរដ្ឋធម្មនុញ្ញនេះ លោក ហ៊ុន សែន បានកែប្រែរដ្ឋធម្មនុញ្ញតាមអំពើចិត្ត ក្នុងបំណងកំទេចក្រុមអ្នកនយោបាយប្រឆាំង ដើម្បីសម្រេចមហិច្ចតាក្កោបអំណាចតត្រកូល។
ក្នុងន័យនេះ លោកថា លោក ហ៊ុន សែន មិនហ៊ានប្រកួតអំណាចតាមបែបប្រជាធិបតេយ្យនោះទេ ទើបប្រើតុលាការកំចាត់ដៃគូប្រកួតចេញពីទីលាននយោបាយ មានទាំងរំលាយបក្សសង្រ្គោះជាតិ រំលោភឆន្ទៈរាស្រ្តជិតកន្លះនគរ កាលពីចុងឆ្នាំ២០១៧ជាដើម។
លោកសង្ក់តធ្ងន់ថា ការកែប្រែរដ្ឋធមុ្មនុញ្ញច្រើនលើកនេះ ធ្វើឱ្យជាតិខ្មែរបែកបាក់ ស្អុយឈ្មោះលើឆាកអន្តរជាតិខាងសម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន អំពើពុករលួយខ្ពស់ ជាពិសេសធ្វើឱ្យបរទេសឈ្លានពានដីខ្មែរតាមអំពើចិត្ត។
លោកថា៖ «ពួកគាត់ផ្តាច់ការ! អត់មានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយម្យ៉ាងទៀតដោយសារតែគាត់កែប្រែរដ្ឋធម្មនុញ្ញអ៊ីចឹង បានពួកខាងប្រទេសជិតខាងណាធ្វើអីស្រេចចិត្ត រំលោភអធិបតេយ្យភាពរបស់យើងទាំងខាងកើត និងខាងលិច គេធ្វើអីស្រេចតែចិត្ត ដោយសារគាត់កែប្រែពីប្រជាធិបតេយ្យសេរីពហុបក្ស មកជាអំណាចផ្តាច់ការវិញ។ អ៊ីចឹងគឺគាត់ហ្នឹងគឺមិនមែនជាប្រជាធិបតេយ្យទេ សេរីពហុបក្សទេ»។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា រដ្ឋធម្មនុញ្ញត្រូវបានលោក ហ៊ុន សែន កែប្រែតាមទំនើងចិត្តដើម្បីតាមកំទេចខ្មែរគ្នាឯង បំបែកបំបាក់ស្មារតីជាតិនិយមដើម្បីកសាងអំណាចផ្តាច់ការ។
លោកថា លោក ហ៊ុន សែន ប្រើអំណាចរដ្ឋធម្មនុញ្ញ និងច្បាប់នានាដើម្បីតាមកំទេច និងបង្ក្រាបខ្មែរគ្រប់មធ្យោបាយទាំងអស់។
សម្រាប់លោក ម៉ែន ណាត បន្ទាត់នយោបាយលោក ហ៊ុន សែន ផ្តល់មហន្តរាយ រួមមាន ធ្វើឱ្យកម្ពុជាកាន់តែអន់ថយ កម្លាំងយោធាត្រូវប្រើការពារតែមេដឹកនាំកាន់អំណាច ប្រព័ន្ធយុត្តិធម៌ក្លាយជាឧបករណ៍អ្នកមានអំណាច សេដ្ឋកិច្ចជាតិខ្មែរកាន់តែដុនដាប អំពើពុករលួយ រួមទាំងបញ្ហាបូរណភាពទឹកដីខ្មែរផងដែរ។
លោកថា៖ «ធ្វើសង្គ្រាមជាមួយសៀមឃើញទេ! រដ្ឋាភិបាលកម្ពុជាស្ងាត់ឈឹងអ៊ីចឹងទៅ! អត់មានចាត់វិធានការទប់ទល់ការពារខ្លួន ពីការឈ្លានពានរបស់ថៃទេ បណ្តោយឱ្យថៃអូសបន្លាលួសហើយព័ទ្ធរបងយកប្រាសាទបុរាណខ្មែរ! ព័ទ្ធរបងយកដីប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនតាមទំនើងចិត្ត អ៊ីចឹងអាហ្នឹងបញ្ជាក់អំពីរដ្ឋាភិបាលហ្នឹងវាខ្សោយ។ ខ្សោយមកពីឥទ្ធិពលនៃការផ្ទេរអំណាចតាមរយៈបងប្អូនសាច់ញាតិក្រុមគ្រួសារ។ ឥទ្ធិពលនៃការផ្ទេរអំណាចមកពីរឿងអី! មកពីការកែប្រែរដ្ឋធម្មនុញ្ញ ប្រមូលផ្តុំអំណាចឲ្យក្រុមគ្រួសារ មេដឹកនាំគ្មានប្រព័ន្ធត្រួតពិនិត្យអំណាចតាមគោលការណ៍ប្រជាធិបតេយ្យ សេរី និងគោលការណ៍សិទ្ធិមនុស្សទេ»។
យ៉ាងណា ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ហាក់មិនបានចាប់អារម្មណ៍រឿងនេះទេ ផ្ទុយទៅវិញ លោកបានសរសេរសារលើហ្វេសប៊ុកលោកថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ជាខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារ ដើម្បីសម្លាប់លោកនៅទីរួមខេត្តសៀមរាប។
បើតាម លោក ហ៊ុន សែន បើពេលនោះលោកស្លាប់ ឬត្រូវរបួស កម្ពុជានឹងគ្មានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ។
ប៉ុន្តែសម្រាប់អតីតនាយខុទ្ធកាល័យលោក កឹម សុខា គឹ លោក មុត ចន្ថា ចាត់ទុកសារលោក ហ៊ុន សែន នេះមានភាពអំនួតជ្រុលហួសហេតុ និងបានប្រមាថខួរក្បាលខ្មែរ១៧លាននាក់។
ជាពិសេស ប្រមាថទាំង សម្តេចព្រះ នរោត្តម សីហនុ សម្តេចបវរសេដ្ឋា សឺន សាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបុព្វបុរសផ្សេងទៀត ដែលបានប្រឹងប្រែង និងលះបង់ដើម្បីសន្តិភាព កិច្ចព្រមព្រៀងសន្តិភាព២៣ តុលា ១៩៩១។
យ៉ាងណា នៅថ្ងៃទី២៥ ខែកញ្ញានេះ លោក ហ៊ុន សែន បញ្ចេញសំណេរថ្មីមួយទៀតទទួលស្គាល់ថា ចំណុចដែលលោកថាបើលោកស្លាប់កម្ពុជាគ្មានសន្តិភាព គឺជាកំហុសដែលមើលឃើញតែមួយជ្រុង នៃតួនាទីរបស់លោក ដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។
ចំពេលខួប៣២ឆ្នាំនៃរដ្ឋធម្មនុញ្ញកម្ពុជានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានបង្ហាញពីការកែប្រែរដ្ឋធម្មនុញ្ញសរុបចំនួន១១លើក ដែលលើកទី១នៅឆ្នាំ១៩៩៤ និងលើកទី១១ នៅឆ្នាំ ២០២៥ ត្រង់មាត្រា៣៣ កែប្រែអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរដែលត្រូវកំណត់ក្នុងច្បាប់។
សម្រាប់ មេធាវីការពារក្តី លោក កឹម សុខា គឺលោក ផែង ហេង លើកឡើកថា អ្នកសិក្សាធម្មនុញ្ញតែងលើកអំពីរដ្ឋធម្មនុញ្ញរឹង និងរដ្ឋធម្មនុញ្ញធូររលុង និងបានបង្ហាញអំពីផលវិជ្ជមាន និងអវិជ្ជមាន នៃប្រភេទរដ្ឋធម្មនុញ្ញនេះ។
ប៉ុន្តែលោកថា ចំពោះអ្នកបដិវត្តប្រើកណ្តាប់ដៃដែកឡើងកាន់អំណាច ដោយប្រើកម្លាំងទ័ព ទោះរដ្ឋធម្មនុញ្ញប្រភេទអ្វីក៏គេមិនបារម្ភទេ ព្រោះគេមិនកែ មិនធ្វើវិសោធនកម្មទេ គឺគេធ្វើថ្មីសម្រាប់ការដឹកនាំប្រទេសតាមអ្វីដែលគេចង់បាន។
អង្គការគម្រោងយុត្តិធម៌ពិភពលោក បានចេញផ្សាយរបាយការណ៍ស្ដីពីនីតិរដ្ឋ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដាក់ឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៤១ ក្នុងចំណោមប្រទេសទាំង១៤២។
ការកំណត់នីតិរដ្ឋនៃអង្គការគម្រោងយុត្តិធម៌ពិភពលោក គឺផ្អែកលើមូលដ្ឋាននៃការប្រើអំណាចរបស់មេដឹកនាំប្រទេសនីមួយៗ ជុំវិញការធានានូវការអនុវត្តរដ្ឋធម្មនុញ្ញ ការអនុវត្តច្បាប់ផ្សេងៗ រួមទាំងការធានានូវសេរីភាពសារព័ត៌មានផងដែរ។
បន្ថែមលើនេះ ក៏វាស់វែងលើការប្រព្រឹត្តអំពើពុករលួយ ការបើកចំហសេរីភាពពីរដ្ឋាភិបាល ការបើកចំហសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងកត្តាមួយចំនួនទៀត៕









