អ៊ុយ​ក្រែន​សង្ឃឹម​ថា​លោក​ ត្រាំ នឹង​ជួយ​ផ្លាស់​ប្តូរ​ឥរិយា​បថ​ចិន​ចំពោះ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន

ប្រធានាធិបតី​អ៊ុយ​ក្រែន លោក ​វូ​ឡូ​ឌីមៀ ហ្សេលេន​ស្គី​(Volodymyr Zelenskiy) បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​​ជឿ​ជាក់​ថា ប្រធានាធិបតី​សហរ​ដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​(Donald Trump) អាច​ជួយ​ផ្លាស់​ប្តូរ​ជំហ​រ​ប្រធានា​ធិបតី​ចិនលោក ស៊ី ជីន​ពីង​(​Xi Jinping)​ចំពោះ​សង្គ្រាម​​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន។​

ទីភ្នាក់​ងារ​សា​រព័ត៌​មាន​រ៉យ​ទ័រ​(Reuters) បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​​២៤ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា លោក ហ្សេលេន​ស្គី បាន​ប្រាប់​ទៅកា​ន់​សារព័ត៌​មាន​ហ្វក្ស ញូ​(Fox News)ថា​ ‘‘ខ្ញុំ​គិត​ថា​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ អាច​ផ្លាស់​ប្តូរ​ឥរិយាបថ​ លោក​ ស៊ី ជីន​ពីង ចំពោះ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​នេះ​ ព្រោះ​ថា យើង​យល់​ថា​ប្រទេស​ចិន​ហាក់​បី​មិន​ចង់​បញ្ចប់​សង្រ្គាម​នេះ​ទេ’’។ ​

សហរដ្ឋអាមេរិក បាន​គូស​បញ្ជាក់​ថា ចិន​​និ​ង​ឥណ្ឌា​ ជា​អ្នក​ចូល​រួម​ចំណែក​ក្នុង​សង្រ្គាម​រុស្ស៊ី​នៅ​ក្នុង​អ៊ុយ​ក្រែន ដោយ​សារ​តែ​ការ​បន្ត​ទិញ​ប្រេង​ពី​ទីក្រុង​មូស្គូ​(Moscow)។ បន្ថែម​ពី​នេះ​ប្រភព​បាន​ប្រាប់​រ៉យ​ទ័រ កាល​ពី​សប្តាហ៍​មុន​(Reuters)​ថា លោក ត្រាំ បាន​ជំរុញ​មន្រ្តី​សហភាព​អឺរ៉ុប​ឱ្យ​ដាក់​ពន្ធ​១០០%​ទៅ​លើ​ប្រទេស​ចិន​ដើម្បី​ជា​ការ​រារាំង​ដល់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី។ យ៉ាង​ណា លោក ត្រាំ ក៏​បាន​អំពាវ​នាវ​ស្រដៀង​គ្នា​ក្នុង​ការ​បន្ថែម​ពន្ធ​ទៅ​លើ​ប្រទេស​ឥណ្ឌា​ផង​ដែរ។

សំណើរ​របស់​សហរដ្ឋ​អាមេរិក​ បើ​ត្រូវ​បាន​អនុវត្ត​ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្រ្ត​របស់​សហភាព​អឺរ៉ុប ដែល​ពី​មុន​ធ្លាប់​បាន​ដាក់​ឱ្យ​រុស្ស៊ី​នៅ​ឯកោ ជា​ជាង​ការ​ដាក់​ទណ្ឌ​កម្ម​ពន្ធ។

ជាមួយគ្នានេះ អ្នកនាំពាក្យស្ថានទូតចិន បាន​បដិសេធ​កាល​ពី​ថ្ងៃ​អង្គារ ដែល​ថា​ទីក្រុង​ប៉េកាំង​គឺ​ជា​ភាគី​នៃ​ជម្លោះ​កំពុង​បន្ត​​នោះ ​ហើ​យ​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ‘‘ប្រទេស​ចិន​មិន​បាន​កេង​ប្រវ័ញ្ច​ស្ថាន​ភាព​នេះ​ ដើម្បី​ផល​ប្រយោជន៍​​នោះ​ទេ’’។

ប្រភព​រ៉យ​ទ័រ​ថា លោក​ ត្រាំ មាន​ការ​ខក​ចិត្ត​ដែល​លោក​មិន​អាច​បញ្ចុះ​បញ្ចូល​រុស្ស៊ី និង​អ៊ុយ​ក្រែន ឱ្យ​ឈាន​ដល់​ការ​បញ្ចប់​​សង្រ្គាម​ជាង​បី​ឆ្នាំ​ បន្ទាប់​ពី​កង​កម្លាំង​រុស្ស៊ី​បាន​ឈ្លាន​ពាន​អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ