ក្រោយ​បទ​ឈប់​បាញ់​២ខែ​ដី​ខ្មែរ​តាម​ព្រំដែន​ឡោម​ព័ទ្ធ​ដោយ​បន្លា​លួស​ថៃ​រហូត​ដល់​ខេត្ត​ពោធិ៍​សាត់

ក្រោយ​មាន​បទ​ឈប់​បាញ់​មាន​ប្រមាណ​ជា​២ខែ​មក​នេះ ទឹក​ដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​ចាប់​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ តំបន់​អាន​សេះ ព្រះ​វិហារ ភូមិ​ព្រៃ​ចាន់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ រហូត​ដល់​ខេត្ត​ពោធិ៍​​សាត់ ត្រូវ​ឡោម​ព័ទ្ធ​​ដោ​​យ​ប​ន្លាលួ​ស​ថៃ ខណៈ​មេដឹក​នាំ​ខ្មែរ​បោះ​បង់​ការ​ប្រឈម​មុខ​ខាង​យោធា ជា​ថ្នូរ​នឹង​សុំ​សន្តិភាព​ពី​ស​ត្រូ​វ​ឈ្លាន​ពាន ក្នុង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី។

បញ្ហា​នេះ ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​ថា ប្រាសាទ​តាមា​ន់ធំ​ តាមាន់​តូច តំបន់​ច្រក​អាន​សេះ ភូមិ​ព្រៃ​ចាន់ ភូមិជោគ​ជ័យ រហូត​ខេត្ត​ពោធិ៍​សាត់ និង​ខេត្ត​កោះ​កុង នឹង​ត្រូ​វ​ថៃ​លេប​ប្របាក់​តាម​ទំនើង​ចិត្ត ដូច​ដែល​វៀត​ណាម​ធ្លាប់​លេប​ប្របាក់​ទឹក​ដី​កម្ពុជា​ប៉ែក​ខាង​កើត​ដែរ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក ម៉ែន សុថវរិន្រ្ទ ហាក់​ស្តី​បន្ទោស​ថា ជិត​២ខែ​មក​នេះ ក្រោម​ការ​ដឹក​នាំ​របស់​គ្រួសារ​ហ៊ុន កម្ពុជា​បាន​ត្រឹម​ឱប​បទ​ឈប់​បាញ់​ម្នាក់​ឯង ចំណែក​ថៃ​បាន​ទឹក​ដីខ្មែរ​ជា​ច្រើន រួម​មាន ប្រាសាទ​​តាមាន់​​ធំ ច្រក​​អាន​​សេះ ​​ភ្នំ​​ទ្រព្យ និង​ទីតាំង​ផ្សេង​ទៀត​ជា​​ដើម។

មិន​​តែ​ប៉ុ​ណ្ណោះ លោក​ថា ក្រោម​​បទ​ឈប់​បាញ់​នេះ យោធា​ថៃ​​បន្ត​​រាយ​លួស​​បន្លា​​ព័ទ្ធ​​យក​​ដី​​ផ្ទះ​​ពលរដ្ឋ​​ខ្មែរ​តាម​​ទំនើង​​ចិត្ត ជាក់​​ស្តែង​​ដូច​​ជា នៅ​​ភូ​​មិ​ជោគ​​ជ័យ ឃុំ​អូ​រ​បី​ជាន់ ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​នេះ​​ផង​​ដែរ។

បើតាមមន្ត្រីបក្សប្រឆាំងរូបនេះ ប​ទ​ឈប់​បាញ់​នេះហើ​យ ដែល​​ធ្វើ​​ឱ្យ​​ទាហាន​​ខ្មែរ​​១៨​​នាក់​ ក្លាយ​​ជា​ចំណាប់​​ខ្មាំង​​របស់​​ថៃ រហូត​​មក​​ដល់​​ពេល​បច្ចុប្បន្ន​​នេះ ដែល​​ធ្វើ​​ឱ្យ​គ្រួ​សារ​​ទាហាន​​បន្ត​​ឈឺ​​ចាប់ រង​​ទុក្ខ​​វេទនា។

ក្នុងន័​យ​នេះ លោក​សំអាង​ថា សមិទ្ធផល ក្រោយ​​ប​ទ​​ឈប់​បាញ់​ថៃបា​ន​ដី​ខ្មែរ រីឯ​មេដឹក​នាំខ្មែ​រ បង្ក្រាប​ខ្មែរ​គ្នាឯង ​ធ្វើ​​​ច្បា​ប់​​ដក​សញ្ជាតិ​​​ខ្មែរ ដើម្បី​ពង្រឹង​អំណាច ដែល​ធ្វើ​ឱ្យ​ជាតិ និង​ពលរដ្ឋ​រង​គ្រោះ​តជំនាន់ ។

លោកថា៖ «២ខែហ្នឹងយើង​បាត់​បង់​ជាច្រើ​ន​ តាំង​​​ពី​តំបន់​ខ្លះជិ​ត​ប្រាសាទ​ព្រះ​វិហារ ភ្នំ​ទ្រព្យ ភ្នំ​ខ្មោច និង​តាម​ភូមិ​ភាគ​ជាច្រើ​ន​ទៀត មាន​ច្រក​អាន​សេះ ហើយ​ឥឡូ​វ​នេះ​ថៃ​គេ​គំរាម​យក​១៧​ទីតាំង​ទៀត ពី​ខាង​កោះ​កុង ពោធិ៍​សាត់ និយាយ​ឱ្យ​ចំ ឃើញ​ថា​កម្ពុជា​យើង​បាត់​បង់​ច្រើន​ណាស់ ក្រោយ​បទ​ឈប់​បាញ់​នេះ​ ជាពិសេស​នៅ​ខាង​បន្ទាយ​មាន​ជ័យ ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ សុទ្ធ​តែ​ជាទឹ​ក​ដីរ​បស់ខ្មែ​រ គេ​ចូល​មក​យក​ក្រោយ​បទ​ឈប់​បាញ់ តែ​កាល​ផ្ទុះ​អាវុ​ធ​៥ថ្ងៃ​យើង​នៅ​គ្រប់​គ្រង ឥឡូវ​ថៃ​គេយ​ក​អស់​ហើយ»។

ប្រហែលគ្នានេះ​ដែរ អតីត​​​​អ្នក​​​កាសែត និង​​​​ជា​​អ្នក​​​ធ្វើ​អត្ថាធិប្បាយ​​​លើ​​បណ្តាញ​​សង្គម​នៅ​ទីក្រុង​​ឡង់​​ប៊ីច​ សហរដ្ឋ​​អាមេ​រិក ​លោក មួង ណារ៉េត ហាក់​​ស្តី​ប​ន្ទោ​ស​ដែរ​​ថា មេដឹកនាំ​កម្ពុជា ជា​មនុស្ស​កំសាក គ្មាន​សមត្ថ​ភាព​ការ​ពារ​ទឹក​ដី សុខ​ចិត្ត​ដេក​ឱប​បទ​ឈប់​បាញ់ មិន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ខ្លួន បណ្តោយ​ឱ្យ​សត្រូវ​លេប​ទឹក​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត ទាំង​មិន​ចំណាយ​គ្រាប់​​កាំភ្លើង​សោះ បាន​ទឹក​ដី​ខ្មែរ​យ៉ាង​ងាយ។

លោក​បន្តថា ការ​គោរព​បទ​ឈប់​បាញ់​តែ​ឯង​ ខណៈ​សត្រូវ​បន្ត​គឃ្លើន​ធ្វើស​កម្ម​ភាព​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ផ្ទះស​ម្បែង​ពលរដ្ឋ​ និង​ប្រាសាទ​បុរាណ​ខ្មែរ ឆ្លុះប​ញ្ចាំង​ថា មេដឹក​នាំ​មិន​ខ្វល់​ពីកា​រ​បាត់​បង់​ទឹក​ដីទេ។

លោក​សង្កត់ធ្ងន់ថា បទឈប់បាញ់ជិត២ខែមកនេះ ក្លាយ​ជា​ឱកាស​និង​ជា​ជ័យ​ជំនៈ​ដ៏​ធំ​​សម្រាប់​យោធាថៃ​ប​ន្ត​ឈ្លាន​ពាន​ទឹក​ដី​​កម្ពុជា​តាម​​ទំនើង​ចិត្ត ស្រប​ពេល​ដែល​មេដឹ​កនាំ​ខ្មែ​រ​រវល់​បង្រ្កាប​ក្រុម​បក្ស​ប្រឆាំង។

លោកថា៖ «ខ្ញុំមិននឹកស្មានថាមេដឹកនាំខ្មែរ ជ្រើស​រើស​វិ​ធី​ស្លូត​ហើយ​អត់​ធ្មត់​ នៅ​ពេល​ដែល​យើង​ធ្លាប់​កាច​អីចឹង​ជាមួយ​ពលរដ្ឋ​ខ្មែរ​យើង​យូរ​មក​ហើយ គឺ​ជា​មួយ​ខ្មែរ​យើង​ងើប​មួយ​វ៉ៃ​មួយ មក​រហូត យើង​អត់​ដែល​ឃើញ​ចរិត​ឫក​ពា​រ និង​ការ​ប្រព្រឹត្ត​របស់​កម្ពុជា​ គឺ​១៨០​ដឺក្រេ​ ខុស​ពី​អ្វី​ដែលយើ​ង​អនុវត្ត​ចំពោះ​ប្រជា​ពលរដ្ឋ​​ខ្លួនឯង នៅ​ពេលដែល​ជា​មួយ​​បរទេស​ឈ្លាន​ពាន វា​គួរ​តែ​កាច​ជាង​ខ្មែរ​គ្នា​ឯងហ្នឹង​គុណ​នឹង​ពីរ តែ​ផ្ទុយ​ទៅ​វិញ យើង​បែរ​ទៅ​ជាស្លូ​ត​ខ្លាំង​មែន​ទែន ហើយ​ចាប់​ផ្ដើម​ដោយ​យក​វិធី​ស្លូត​បូត​ហ្នឹង​ជាមួយ​សត្រូវ​ និយាយ​ឱ្យ​ចំ គឺ​យើង​ចាញ់​គេ​គ្រប់​យ៉ាង»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ បាន​បញ្ជាក់​ប្រាប់​VOD​ថា ការគោរព​​បទ​ឈប់​បាញ់​វា​ឆ្លុះប​ញ្ចាំង​ពី​នយោបាយ​ចាស់​ទុំ ជា​ការ​គោរព​ច្បាប់​អន្តរ​ជាតិ និង​ច្បាប់​អាស៊ាន​ជាដើម។

លោក​ហាក់​វាយ​បក​ក្រុម​ប្រឆាំង​វិញ​ថា រដ្ឋាភិបាល​ធ្វើ​អ្វី ក៏​មិន​ត្រូវ​ចិត្ត​ក្រុម​ប្រឆាំង​ដែល​ចាំ​តែរិះ​គ​ន់​ថ្នាក់​ដឹក​នាំ និង​ចោទ​ប្រកាន់​រដ្ឋាភិ​បាល គ្មាន​សមត្ថភាព​ការ​ពារ​ទឹក​ដី បណ្តោយ​ឱ្យ​សត្រូវ​លេប​ទឹក​ដី​ជា​ដើម។

លោកថា៖ «ចំពោះការចោទប្រកាន់ ការ​លាប​ពណ៌​ថា កម្ពុជា​រដ្ឋាភិបាល​ធ្វើ​ឲ្យបា​ត់​ទឹក​ដី​ហ្នឹង វា​ជា​រឿង​មួយ​ដែល​ពួក​គេនិ​យាយ​តាំង​ពី​ដើម​ហើយ ការ​និយាយ​នោះ​ គឺ​ជា​ការនិ​យាយ​តាម​ថៃ និយាយ​​តាម​បរទេស​ អ៊ីចឹង​ពួក​គេ​បន្លឺ​សារ​សំឡេង​បរទេស​ គ្មាន​អី​ចម្លែក​ ហើយ​គ្មាន​អី​ដែល​យើង​ទៅ​ឈឺ​ក្បាល​នោះ​ទេ អ្វី​ដែល​រដ្ឋាភិ​បាល អ្វី​ដែល​ប្រជាជន​ខ្មែរ​កំពុង​តែរួ​ម​សាមគ្គី​គ្នា​នៅ​ពេល​នេះ គឺ​ការ​ពារ​ទឹក​ដី​របស់​យើង​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត»។

ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់​ថា សមិទ្ធ​​ផល​​​នៃ​​បទ​​​ឈប់​​បាញ់​ កម្ពុជា​ គ្មាន​បាន​អ្វី​សោះ ក្រៅ​ពីបា​ត់ទឹ​ក​ដី និង​ធ្វើតា​មសំ​ណូមព​រ​របស់​សត្រូវ​សៀម​ឈ្លាន​ពាន។

លោកអះ​​អា​ង​ថា សមិទ្ធ​ផលជិត២ខែ​នេះ កម្ពុជា​​បា​​ន​​ត្រឹម​ភាពកំ​សាក ធ្វើ​ឱ្យបា​ត់​បង់​ទឹក​ដី​បុព្វ​បុរស​ មិនត្រឹម​តែ​ប៉ុណ្ណោះធ្វើ​ឱ្យ​ព​លរដ្ឋ​ខ្មែរ និង​ព្រះស​ង្ឃរ​ង​របួ​សដែ​ល​យោធា​ថៃធ្វើ​​បាប បាញ់​បង្រ្កាប​ទៅ​វិញ។

​យ៉ាងណា សម្រាប់លោក ចាន់ឡូត យល់ថា រឿងការ​ពា​​រទឹក​ដី ​​វាមិន​ហួស​ពេល​ទេ សម្រាប់​មេដឹក​នាំ ឱ្យ​តែ​​ប្រាដក​ថា ខ្លួន​មាន​ឈាម​ជ័រ​ជា​ខ្មែរ គឺ​ត្រូវ​តែ​ប្រមូល​សំណុំ​រឿង​ទាំង​អស់​នេះ​ប្តឹង​ថៃ​ទៅ​តុលាការ​ICJ។

លោកថា៖ «រយៈពេល២ខែនៃការឈ្លានពានពីសំ​ណាក់​យោធា​ថៃ មក​ដល់​បច្ចុប្បន្ន ជា​ការ​ឈ្លាន​ពាន​ដោយ​មិន​ប្រើ​ប្រាស់​អាវុធ​ ក្នុង​នោះយើ​ង​ឃើញ​ថា ភាគី​កម្ពុ​ជា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅរ​ក​ការ​ចាញ់​ប្រៀប​ភាគី​ថៃ​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​កម្ពុជា​កំពុង​តែ​ឱប​នូវ​លក្ខ​ខណ្ឌ​បទ​ឈប់​បាញ់​មួយ​ដ៏​ល្ងង់​ខ្លៅ ដែល​មាន​ន័យ​ថា ភាគី​ថៃ​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើប​ទឈ​ប់​បាញ់​នេះ​ទេ តួយ៉ាង​ដូច​ជាកា​រចា​ប់​ខ្លួន​យុទ្ធ​ជន​ខ្មែរ​មក​ដល់​សព្វ​ថ្ងៃ​១៨នា​ក់​ កំពុង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ភាគី​ថៃ ការ​បន្ត​ចូល​ឈ្លាន​ពាន​ក្នុង​ទឹក​ដី​របស់​កម្ពុជា​ដោយ​ប្រើ​ប្រាស់​ផែន​ទី​ជា​ឯក​តោ​ភាគី ហើយ​និង​ការ​ដាក់​ឱសាន​វាទ​តវ៉ា​ឲ្យ​កម្ពុជា​ធ្វើ​តាម​ការ​ចង់​បាន​របស់​ភាគី​ថៃ»។

ក្រោយផ្ទុះ​អាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ ដែលផ្តើមពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២៥ និង​មាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី​២៨​ខែ​​កក្កដា​​នោះ ថៃ​មិន​បាន​គោរព​បទ​ឈប់​បាញ់​នេះ​ ទៅតាម​​កិច្ច​ព្រម​ព្រៀង​នេះទេ​ បើទោះបីកិច្ចព្រមព្រៀង​នេះ មាន​ការ​​​សម្រប​​សម្រួល​​ដោយ​​​យន្ត​ការ​​អាស៊ាន និង​​ផ្តួច​​ផ្តើម​​គំនិត​​ដោយ​​ប្រធានា​ធិបតី​​សហរដ្ឋ​​អាមេរិក​ លោក ដូណាល់ ត្រាំ ក្តី។

តែជិត២ខែទៅ​នេះ ថៃបា​ន​ចល័ត​ទ័ព ចូល​រាយ​បន្លា​លួស​ព័ទ្ធ​ដល់​​ប្រាសាទ​​តាមាន់​​ធំ ក្នុង​​ខេត្ត​​ឧត្ត​រមាន​ជ័យ ព័ទ្ធ​​យក​​​តំបន់​​អាន​សេះ ក្នុង​ខេត្ត​ព្រះ​វិហារ និង​ភូមិជា​ច្រើ​ន​នៅ​ឃុំ​អូរបី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ព្យាយាម​ពង្រីក​ទៅ​ខេត្ត​ពោធិ៍​សាត់ និង​ខេត្ត​កោះ​កុង​ទៀត តាម​ផែន​ទី​ដែល​លោក ហ៊ុន សែន ហៅ​ថា​ផែន​​ទី​ចោរនេះ ។

ប៉ុន្តែ លោក ហ៊ុន សែន ដែល​ធ្លាប់គំរាម​ថា ក្រោម​ដែន​អំណាច​របស់​លោក នឹង​មិន​ឱ្យ​បាត់​បង់​ដី​ខ្មែរ ទៅ​ប្រទេស​ជិត​ខាង សូម្បី​តែ​មួយ​មីលី​ម៉ែត្រ​នោះ មក​ដល់​ពេល​នេះ មិន​ទាន់​បង្ហាញ​ជំហរ​ជាក់​លាក់​ណា​មួយ​ ដើ​​ម្បី​ដណ្តើម​យក​ទឹក​ដី​ខ្មែរ ដែល​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក ក្នុង​បុព្វ​ហេតុ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ឱ្យ​បាន ប្រឆាំង​នឹង​ផែន​ទី​ចោរ​របស់​ថៃ​​​នោះ​​​​នៅ​ឡើយ​​ទេ ក្រៅ​ពី​អំពាវ​នាវ​​សុំ​ឱ្យ​ថៃ​គោរព​​បទ​ឈប់​​បាញ់​ ដើម្បី​​​រក្សា​​សន្តិ​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ