កម្ពុជាយល់ព្រមរុះរើផ្ទះពលរដ្ឋ១ខ្នង នៅចំណុចអូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ និងលុបលេណដ្ឋានតាមការទាមទាររបស់ថៃ ដែលការណ៍នេះរងការរិះគន់ថា រដ្ឋាភិបាលគ្រួសារហ៊ុនកំពុងទទួលស្គាល់ផែនទីថៃគូសដោយឯកតោភាគី ដែលនឹងធ្វើឱ្យថៃច្បាមយកទឹកដីខ្មែរច្រើនកន្លែងទៀត បើមិនពន្លឿនប្តឹងសុំណុំរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឱ្យបានលឿនទេនោះ។
បើតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយមេបញ្ជាការនៃកងការពារព្រំដែនលេខ៥០១ លោក ចាន់ ប៊ុនឌី ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ផ្ញើជូនមេបញ្ជាការប្រតិបត្តិការសឹកខេត្តត្រាតរបស់ថៃ បញ្ជាក់ថា កម្ពុជាយល់ព្រមរុះរើផ្ទះ១ខ្នងនៅចំណុចអូរភ្លុកដំរី និងលុបលេណដ្ឋាននៅប៉ុស្តិ៍នគរបាលព្រំដែនច្រកជ័យជំនះ ក្នុងខេត្តពោធិ៍សាត់ ផងដែរ។
បើតាមប្រភពដដែល ការរុះរើនេះ ដោយយោងលើការប្រជុំពិភាក្សារវាងមេបញ្ជាការរងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ និងលោកវរនាវីឯកនាយសេនាធិការកងបញ្ជាការការពារព្រំដែនរបស់ភាគីថៃ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
ប្រភពនោះថា ក្នុងកិច្ចប្រជុំនោះ ថៃបានស្នើកម្ពុជា៣ចំណុច គឺបញ្ហាផ្ទះចំនួន៥ខ្នងនៅអូរភ្លុកដំរី ស្នើឲ្យភាគីកម្ពុជារុះរើចេញចំនួន២ខ្នង ខណៈបច្ចុប្បន្នកម្ពុជាព្រមរុះរើចេញ១ខ្នង។
ដោយឡែក បញ្ហាលេណដ្ឋានប៉ុស្តិ៍នគរបាលច្រកជ័យជំនះ ថៃស្នើឲ្យភាគីកម្ពុជាលុបចេញ និងចុងក្រោយ ផ្ទះពលរដ្ឋចំនួន២ខ្នងក្នុងចំការកៅស៊ូ ភាគីថៃស្នើឲ្យភាគីកម្ពុជារុះរើចេញដែរ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា រដ្ឋាភិបាលគ្រួសារហ៊ុន កំពុងដើរតាមផែនទីថៃគូសដោយឯកតោភាគីខ្នាត១លើ៥០ពាន់ ដោយព្រមចរចាជាមួយថៃដោយសំងាត់ មិនចង់ឱ្យបែកធ្លាយឯកសារសំងាត់ ដែលកាត់ដីឱ្យថៃដូចករណីរុះរើផ្ទះនៅចំណុចអូរភ្លុកដំរីនេះជាដើម។
ក្នុងន័យនេះ លោកថា ការព្រមរុះរើផ្ទះពលរដ្ឋលើដីខ្មែរនេះ បញ្ជាក់ថា រដ្ឋាភិបាលគ្រួសារហ៊ុនកំពុងគប់គិតជាមួយថៃ កាត់ដីឱ្យថៃ ដើម្បីដោះដូរយកសន្តិភាព និងរក្សាអំណាចគ្រួសារហ៊ុន។
លោកថា៖ «ដែលកម្ពុជាយល់ព្រមរុះរើផ្ទះមួយខ្នង និងលុបលេណដ្ឋានរបស់យោធាខ្លួន គឺកម្ពុជាយល់ព្រមទៅតាមផែនទីខ្នាត១លើ៥០ពាន់ ដែលគូសដោយឯកតោភាគីដោយថៃ។ មិនព្រមទាមទារឲ្យថៃគោរពទៅតាមផែនទីខ្នាត១លើ២រយពាន់ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀម ឆ្នាំ១៩៩៤ និង១៩០៧ និងឆ្នាំ១៩០៨។ ហើយយើងដឹងហើយថៃទាមទារឲ្យកម្ពុជាយើងត្រូវរើផ្ទះ! លុបលេណដ្ឋាននឹងកម្ទេចកាស៊ីណូនៅថ្មដា ខេត្តពោធិ៍សាត់ហ្នឹង គឺគិតទៅពីខេត្តពោធិ៍សាត់ទៅដល់កោះកុងចំនួន១៧កន្លែង»។
សម្រាប់អ្នកឃ្លាំមើលព្រំដែនរូបនេះ ដើម្បីការពារទឹកដី ត្រូវពន្លឿនប្តឹងថៃទៅICJ នូវតំបន់ជម្លោះទាំងអស់ មានភ្នំព្រទ្យ ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ និងកោះកុតជាដើម។
មួយវិញទៀត លោកថា ការប្រើប្រាស់កិច្ចព្រមព្រៀង២៣តុលា ក៏ជារឿងសំខាន់ការពារទឹកដីដែរ តែបើរដ្ឋាភិបាលបន្តស្ងៀមស្ងាត់ និងព្រមរុះរើផ្ទះតាមបំណងថៃបែបនេះ នឹងក្លាយជាជនក្បត់ជាតិ។
លោកថា៖ «ការដែលកម្ពុជាយល់ព្រមរុះរើផ្ទះមួយខ្នងរបស់ខ្មែរចេញពីទឹកដីខ្មែរ! ហើយព្រមលុបលេណដ្ឋានយោធារបស់ខ្មែរ នៅលើដីខ្មែរ! ជាអំពើក្បត់ជាតិ។ បើតាមច្បាប់សញ្ជាតិគឺត្រូវដកសញ្ជាតិខ្មែរពីជនដែលកាត់ដីខ្មែរ ទៅឱ្យបរទេសគឺទៅឱ្យថៃ។ នេះបើតាមវិសោធនកម្មថ្មីនៃច្បាប់ស្តីពីសញ្ជាតិ និងវិសោធនកម្មថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ជុំវិញរឿងនេះ VOD បានទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា តែអ្នកស្រីថារវល់ប្រជុំនិងឱ្យទាក់ទងតាមប្រព័ន្ធតេឡេក្រាម។
អ្នកស្រីថា៖ «អធ្យាស្រ័យខ្ញុំនៅប្រជុំ! ស្តាប់អត់បានទេ សុំទាក់ទងខ្ញុំតាមតេឡេក្រាម អរគុណច្រើន»។
យ៉ាងណា តាមតេឡេក្រាម អ្នកស្រីមិនបានឆ្លើយតបជុំវិញរឿងរុះរើផ្ទះនេះទេ ដោយឱ្យតាមដានព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិវិញ។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហាក់ស្តីបន្ទោសរដ្ឋាភិបាលថា ហេតុអ្វីបណ្តោយឲ្យមេបញ្ជាការព្រំដែនម្នាក់ អាចសម្រេចចិត្តរុះរើផ្ទះពលរដ្ឋខ្មែរបំពានច្បាប់បែបនេះ។
បើតាម លោក ម៉ែន ណាត តាមនីតិវិធីច្បាប់ការរុះរើតំបន់ណាមួយនៅព្រំដែន គឺជាសិទ្ធិថ្នាក់ជាតិ មានរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន និងក្រសួងការពារជាតិ ព្រមទាំងត្រូវឆ្លងកាត់រដ្ឋសភាផងដែរ។
លោកបន្ថែមថា ករណីនេះត្រូវផ្ទៀងផ្ទាត់តាមផែនទីបារាំង ខ្នាត១លើ២០០ពាន់អមដោយសន្ធិសញ្ញាបារាំង-សៀម និងប្រវត្តិសាស្ត្រនៃតំបន់ទាំងនោះផង។
លោកថា៖ «ជំហរថៃគឺគេបញ្ជាក់ច្បាស់ថា គេឲ្យយើងប្រើផែនទីខ្នាត១លើ៥០ពាន់របស់គេ! ហើយបើខ្មែរយើងយល់ស្របរុះរើប៉ុស្តិ៍យាម រុះផ្ទះប្រជាពលរដ្ឋតាមព្រំដែនតាមដែលអ្វីថៃស្នើឡើង! បានន័យថា កម្ពុជាយល់ព្រមទៅតាមអ្វីដែលថៃគូសវាស គឺផែនទីដែលថៃគូសវាស។អ៊ីចឹងកម្ពុជាសំអាងលើផែនទីខ្នាតមួយ២០០ពាន់ អមដោយសន្ធិសញ្ញាបារាំងសៀម១៩០៤ និង១៩០៧ ធ្វើអី»។
ជាងនេះទៀត លោកថា បើមានការកាត់ដីឱ្យថៃបែបនេះមែននោះ មានន័យថា រដ្ឋាភិបាលនឹងរងការចោទពីបទក្បត់ជាតិ ដែលបានកាត់ដីឱ្យបរទេស។
លោកថា៖ «បើមានការរុះរើអ៊ីចឹងវាមានចំណុច២។ ទី១គឺជាកំហុសឆ្គងឧត្តមសេនីយ៍ការពារព្រំដែន ចាន់ ប៊ុនឌី ដែលគាត់អត់យល់ដឹង អំពីបញ្ហានយោបាយកម្រិតជាតិនិងជាតិ! រដ្ឋនិងរដ្ឋ។ហើយទី២អាចជាកំហុសឆ្គងរដ្ឋាភិបាល ដែលមើលរំលងការងារតូចៗបណ្តោយឲ្យរដ្ឋបាលមូលដ្ឋានធ្វើការសម្រេចចិត្តទាំងខុសឆ្គង ហើយអាចថាទី៣មួយទៀតចុះ គឺរឿងដោះដូរនេះ បើសិនជាខុសឆ្គងទៅនឹងដល់កម្រិតសន្ធិសញ្ញា រហូតដល់កម្រិតបច្ចេកទេសវាស់វែងផ្ទៀងផ្ទាត់ព្រំដែន គឺវាចូលបទល្មើសក្បត់ជាតិពាក់ព័ន្ធនឹងមាត្រា៤៤០»។
ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









