មេដឹកនាំគ្រួសារហ៊ុន ហាក់រងការស្តីបន្ទោសជុំទិសពីកម្សោយការពារបូរណភាពទឹកដី ក្រោមបទឈប់បាញ់រយៈពេលប្រមាណជា២ខែមកនេះ ដែលបណ្តោយឱ្យយោធាថៃពង្រីកការឈ្លានពានតាមចិត្ត គ្មានការទប់ស្កាត់ពីក្រសួងការពារជាតិកម្ពុជា សូម្បីតែប្រើសិទ្ធិការពារខ្លួន ក្នុងបុព្វហេតុការពារទឹកដី។
ជម្លោះព្រំដែនកម្ពុជា ដែលបានផ្ទុះអាវុធដាក់គ្នាជាលក្ខណៈទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ខែកក្កដា រហូតមានបទឈប់បាញ់នៅថ្ងៃទី២៨ខែកក្កដានោះ ភាគីថៃដែលជាភាគីបង្កការឈ្លានពានកម្ពុជា មិនបានគោរពបទឈប់បាញ់នេះទេ ទោះកិច្ចព្រមព្រៀងនេះមានការសម្របសម្រួលដោយយន្តការអាស៊ាន ក្រោមការផ្តួចផ្តើមគំនិតពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្តី។
ជាក់ស្តែង ជិត២ខែទៅនេះ ថៃមិនទាន់បញ្ជូនទាហានខ្មែរ១៨រូប ឱ្យមកកម្ពុជាវិញនៅឡើយទេ ទោះការចាប់ខ្លួនមានរយៈពេល៥៩ថ្ងៃមកនេះក្តី ខណៈការចូលចាប់ខ្លួនពេលនោះថៃ បំពានលើបទឈប់បាញ់ ចំណែកខាងកម្ពុជាបញ្ជាមិនឱ្យតបត ព្រោះគោរពបទឈប់បាញ់។
ថៃប្រើឱកាសនេះ ចល័តទ័ព ចូលរាយបន្លាលួស ព័ទ្ធយកប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ យកតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងព័ទ្ធយកភូមិព្រៃចាន់ ភូមិជោគជ័យ និងបណ្តេញពលរដ្ឋខ្មែរ ចេញពីលំនៅឋានទៀតផង ទាំងគ្មានការទប់ស្កាត់ ពីក្រសួងការពារជាតិកម្ពុជា។
លើសពីនេះ ថៃព្រមានប្រើកងកម្លាំង ដើម្បីពង្រីកការឈ្លានពានទៅកាន់ទីតាំង១៧ផ្សេងទៀត ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្កកោះកុង តាមផែនទីដែលគូសដោយខ្លួនឯង ដើម្បីរំលោភយកដីខ្មែរ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគ្រួសារហ៊ុន។
ក្រោមសម្ពាធនេះ មេបញ្ជាការនៃកងការពារព្រំដែនលេខ៥០១ លោក ចាន់ ប៊ុនឌី បានផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ផ្ញើជូនមេបញ្ជាការប្រតិបត្តិការសឹកខេត្តត្រាតរបស់ថៃ ពីការយល់ព្រមរុះរើផ្ទះពលរដ្ឋ១ខ្នង នៅចំណុចអូរភ្លុកដំរី និងព្រមលុបលេណដ្ឋាន ប៉ុស្តិ៍នគរបាលព្រំដែនច្រកជ័យជំនះ តាមសំណើសុំរបស់ភាគីថៃ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ហៅការឯកភាពរបស់កម្ពុជានេះថា ជាអំពើក្បត់ជាតិ ដោយថា ជាទង្វើកាត់ដីឱ្យថៃ ដូរយកសន្តិភាព និងអំណាច។
លោកគូសបញ្ជាក់ថា ជម្រើសនេះ ដូចដែលលោក ហ៊ុន សែន កាត់ភូមិកំណើត លោក ហេង សំរិន ឱ្យវៀតណាម តាមរយៈកម្ពុជាទទួលស្គាល់ថា ផ្ទះមួយខ្នងរបស់ខ្មែរ និងលេណដ្ឋានយោធាខ្មែរ ស្ថិតក្នុងទឹកដីថៃ ។
លើសពីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា តាមគោលការណ៍ច្បាប់ រឿងកែសម្រួល និងរុះរើទីតាំងក្នុងចំណុចណាមួយនៅតំបន់ព្រំដែន ត្រូវឆ្លងកាត់នីតិវិធីរបស់រដ្ឋសភា ពីព្រោះវាពាក់ព័ន្ធការកំណត់ព្រំដែនជាតិ ហើយក៏ពាក់ព័ន្ធការងារបច្ចេកទេស ទាំងការផ្ទៀងផ្ទាត់ផែនទី អមដោយសន្ធិសញ្ញាបារាំង-សៀម និងប្រវត្តិសាស្ត្រនៃតំបន់ទាំងនោះផង។
សម្រាប់លោក ម៉ែន ណាត រដ្ឋាភិបាលកម្ពុជា ត្រូវប្រញាប់បដិសេធ ដើម្បីចៀសវាងបង្កកំហុសឆ្គង ដែលអាចនាំទៅដល់ការបាត់បង់ទឹកដីជាតិខ្មែរ និងចៀសវាងកំហុសឆ្គង កុំឲ្យដូចមានចែងក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌបច្ចុប្បន្នពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។
ពាក់ព័ន្ធជម្លោះព្រំដែននេះដែរ ប៉ុន្មានថ្ងៃមុននេះ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ដែលគេដឹងថាមានអំណាចកំពូលលើសគេនោះ បានអំពាវនាវឱ្យពលរដ្ឋ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។ លោកគូសបញ្ជាក់ថា «យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ»។
ការលើកឡើងរបស់ លោក ហ៊ុន សែន ពេលនេះវាហាក់ស៊ីគ្នាទៅនឹងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងកាលពីខែមុនដែរ។
លោកថា៖ «ការអនុវត្តបទឈប់បាញ់នេះ បងប្អូនកុំយល់ថាការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត ហេតុអ្វីពីព្រោះកិច្ចព្រមព្រៀងឈប់បាញ់នេះ មិនមែនកើតឡើងកិច្ចកម្ពុជានិងថៃទេ តែវាកើតឡើងដោយការចូលរួមពីអន្តរជាតិ ដូច្នេះការអនុវត្តបទឈប់បាញ់នេះ ធ្វើឡើងក្រោមក្រសែភ្នែកតាមដានរបស់អន្តរជាតិ បើសិនជាយើងអស់ការអត់ធ្មត់ យើងនឹងក្លាយខ្លួនមួយរំពេចទៅជាអ្នកបង្កហេតុ នេះជាអ្វីដែលយើងត្រូវតែប្រុងប្រយ័ត្ន»។
តែផ្ទុយពីនេះ អ្នកច្បាប់និងអ្នកវិភាគឯករាជ្យ លោក វន ចាន់ឡូត លើកឡើងថា ទស្សនៈអ្នកទន់ខ្សោយ និងខ្វះការយល់ដឹង តែងពោលលួងខ្លួនឯងថា “សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម” ។
លោកគូសបញ្ជាក់ក្នុងសំដីដើមថា៖ «សង្គ្រាមនឹងបញ្ចប់នៅពេលភាគីមួយចាញ់ រីឯព្រំដែននឹងត្រូវផ្លាស់ប្ដូរដោយយោធាប្រទេសមួយ នៅពេលភាគីម្ខាងអន់ ដេកបន់សុំសន្ដិភាព ហើយគេនឹងយកអ្វីដែលអាចយកបានទោះបីជាមិនទទួលស្គាល់»។
លើសពីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺលោក សួន សូរីដា ធ្លាប់ទាញការចាប់អារម្មណ៍ថា ពលរដ្ឋខ្មែរចូរចាំថា «ភ្នំទ្រព្យ ប្រាសាទតាមាន់ធំ តាក្របី ច្រកអានសេះ ភូមិជោគជ័យ» ជាទឹកដីខ្មែរ។ បើថ្ងៃក្រោយដឹងថា តំបន់ទាំងនេះធ្លាក់ទៅជារបស់ថៃដោយការនៅស្ងៀមស្ងាត់ នោះមេដឹកនាំហ្នឹងអាច«ក្បត់ជាតិ»ដែរឬទេ។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា រដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ បង្រួបបង្រួមជាតិ។
ដោយឡែក មាត្រា៤៤០នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលកំពុងមានសុពលភាពចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









