ពលរដ្ឋ​ជាង ៤៤០០គ្រួសារនៅ​ខេត្ត​រតនគិរីរងផលប៉ះពាល់ដោយសារ​ជំនន់ទឹកភ្លៀង​

ជំនន់ទឹកភ្លៀង​នៅ​ស្រុកចំនួន​២ ក្នុង​ខេត្ត​​រតនគិរី បាន​បង្កផលប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ជាង ៤៤០០គ្រួសារ និង​ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈអាជ្ញាធរ​មានសមត្ថកិច្ច​ បាននិង​កំពុង​តាម​​ដា​ន​​ស្ថាន​ភាព​ទឹក​ជំនន់ និ​ងជម្លៀសពលរដ្ឋ​​ដែល​ងាយ​រង​គ្រោះ ​​ទៅកាន់​ទីទួល​សុវត្ថិ​ភាព​។​

រដ្ឋបាល​ខេត្ត​រតនគិរី បានឱ្យ​ដឹង​តាមរយៈទំព័រហ្វេសប៊ុក​របស់​ខ្លួនថា គិត​​ត្រឹម​ព្រឹក​​​ថ្ងៃទី​​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥នេះ​ ស្ថាន​ភាព​ទឹក​ជំនន់​ទឹក​ភ្លៀង បាន​បង្ក​ឱ្យ​រង​ផល​ប៉ះ​ពាល់​ស្រុក​ចំ​នួន២ ក្នុ​ង​​ខេត្ត​នេះ ក្នុ​ងនោះមាន​​ស្រុក​លំផា​ត់ ប៉ះ​ពាល់​ចំនួន ៣ឃុំ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ៣ ៤៦៧ គ្រួសាររង​គ្រោះ និង​ស្រុក​កូន​មុំ ប៉ះ​ពាល់​ចំនួន ៥ឃុំ មានប្រជាពលរដ្ឋ​ចំនួន ៩៨៣​គ្រួសាររង​គ្រោះ​។

ប្រភព​ដដែល​បន្តថា បច្ចុប្បន្ន អាជ្ញា​ធរ ក៏​ដូច​ជា​គណៈ​កម្មាធិ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត  បាន​និង​​កំពុង​បន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​ជំនន់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​បាន​សម្រប​សម្រួល​ជម្លៀស​ប្រជាពលរដ្ឋ​​ដែល​ងាយ​រង​គ្រោះចំនួន ១៧៥គ្រួសារ​​ ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព។

តែយ៉ាងណា រដ្ឋបាល​ខេត្ត​បានគូសបញ្ជាក់ថា គ្រោះ​មហន្ត​រាយ​​ជំនន់ទឹក​ភ្លៀង​​នេះ ពុំ​បាន​បង្ក​ឱ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិ​ត​នោះ​ទេ។

ចំណែក ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក៏បាន​ជូន​ដំណឹង​ពីកា​រផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ នៅលើ​ផ្លូវ​ជាតិ​លេខ​៧៦ ចន្លោះបង្គោល​​គីឡូ​ម៉ែត្រ​​លេខ​២៧០ ដល់​២៧៣ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ផង​ដែរ ដោយ​សារ​ទឹក​ជន់​លិច​ផ្លូវ​ដោយ​កន្លែង​ពិបាក​ធ្វើ​ចរាចរណ៍ និង​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​។

បើតាម​អ្នក​នាំពា​ក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​​គ្រ​ង​គ្រោះ​មហន្ត​រាយ លោក សុទ្ធ គឹម​កុល​មន្នី ដែល​ប្រាប់​កាសែត​ភ្នំពេញប៉ុស្តិ៍ គិត​ត្រឹម​ថ្ងៃទី​២៥ ខែ​កញ្ញា​ ជំនន់​ទឹក​ភ្លៀង​ បាន​និង​កំពុង​​បង្ក​ផល​​​ប៉ះ​ពាល់​ដល់​តំបន់​មួយ​ចំនួន ក្នុង​ខេត្ត​ចំនួន​៨ នៃ​ប្រទេស​កម្ពុជា ​​បណ្តាល​ឱ្យ​​ប៉ះ​ពាល់​ដល់​​ប្រជា​ពលរដ្ឋប្រមាណ ៧ ៥០​០គ្រួសារ, ដំណាំ​ស្រូវ​ជាង​​៥ពាន់​ហិកតា, ដំណាំ​រួម​ផ្សំ​ជាង​១ ៨០០​​​ហិកតា និង​បាក់​ច្រាំង​២កន្លែង ប្រវែង​ជាង​៨០០​ម៉ែត្រ​។

ប្រភពដដែល​បន្តថា ​ខេត្ត​ទាំង​៨​ ដែលជួប​បញ្ហា​ជំនន់ទឹកភ្លៀង ​រួម​មាន ខេត្ត​កំពង់ធំ ព្រៃវែងបន្ទាយ​មាន​ជ័យ រតនៈគិរី មណ្ឌលគិរី ស្ទឹង​ត្រែង សៀម​រាប និង​ក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ