ពលរដ្ឋនៅព្រំដែន​ខេត្តឧ​ត្តរ​មាន​ជ័យ​បាន​នាំ​គ្នា​ភៀស​ខ្លួន​​ដោយ​បារម្ភ​ពី​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​ថៃ

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែ​ន បាន​វេច​កូន​ជញ្ជូន​ចៅ​ និង​សម្ពាយ ភៀស​ខ្លួន​ចាក​ចោល​ផ្ទះស​ម្បែង ដោយ​សារ​មាន​ការ​គំរាម​កំហែង​ខាង​ផ្នែក​យោធា​ ពី​សំណាក់​ប្រទេស​ថៃ ទោះ​បី​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​បទ​ឈប់​បាញ់​យ៉ាង​ណា​ក្ដី។

ពលរដ្ឋរស់នៅ​ជាប់​ព្រំដែន​ថៃ ស្ថិត​ក្នុង​ភូមិ​អូរ​ត្រាវ សង្កាត់​ទន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ​ លោក ងឿន វីឡា បាន​បង្ហោះ​វីដេអូ​នៅ​លើប​ណ្ដាញ​សង្គម កាល​ពី​ថ្ងៃទី​២​៥ ខែ​កញ្ញា​ថា លោក​បាន​ភៀស​ខ្លួន​ពី​តំបន់​ព្រំដែន​តាំង​ពី​យប់​មក​ម្ល៉េះ បន្ទាប់​ពី​បាន​ឮ​សំឡេង​ផ្ទុះ​អាវុធ​ចេញ​ពី​តំបន់​ព្រំដែន​នៅ​មួយ​ថ្ងៃ​មុន​ជម្លៀស ហើយ​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត បាន​រៀបចំ​រ​បស់​របរ ដូច​ជា កន្ទេល មុង ភួយ ខ្នើយ ដាក់​លើ​ទ្រុង​គោ​យន្ត ដើម្បី​ត្រៀម​ភៀស​ខ្លួន​ជា​ស្រេច។

លោក​បន្ត​ថា ការជម្លៀសដ៏ទាន់ហន់បែបនេះ គឺ​ដោយ​សារ​លោក​ខ្វះខា​ត​មធ្យោ​បាយ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ដែល​លឿន បូក​រួម​ជាមួយ​នឹង​ផ្លូវ​ពិបាក នៅ​ក្នុង​រដូវ​វស្សា។

លោក ងឿន វីឡា និយាយ​ថា៖ «អ្នក​ខ្លះ​ថា មិនទាន់​ផ្ទុះ​អាវុធ ពេល​ឃើញ​យើង​រត់​អ៊ីចឹង គេ​ថា​យើង​បំពុល​សង្គម ប៉ុន្តែប​ង​ប្អូន​គួរ​យល់​ហើយ​ថា ផ្លូវ​គ្រួស​ក្រហម​យើង​ក្នុ​ង​ខែ​នេះ វា​ខូច វា​ពិបាក​ក្នុង​ការ​ធ្វើដំ​ណើរ។ មាន​អ្នក​ខ្លះ​ប្រើ​ប្រាស់​ម៉ូតូ​អូស​រទេះ ហើយ​អ្នក​ខ្លះ​បរ​គោយ​ន្ត និង​ត្រាក់​ទ័រ មិន​អាច​បើក​បរ​លឿន​បាន​ដូច​ឡាន​ទេ។ ត្រូវ​យល់​ផង មិន​អាច​ចាំ​ទាល់​តែ​ផ្ទុះអា​វុធ​ហើយ ចាំ​យើង​រត់​នោះ​ទេ»។

ប្រភពពីប្រជាពលរដ្ឋមួយចំនួន បានអះអាងថា ក្រោយ​សំឡេង​ផ្ទុះ​អាវុ​ធ​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ​នោះ​ អាជ្ញាធរ​មូល​​ដ្ឋាន បាន​ប្រកាស​ឱ្យ​ប្រជាព​លរដ្ឋ​ជម្លៀស​ពី​លំនៅ​ឋាន​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​ទាំង​យប់ នៅ​វេលា​ប្រហែល​ម៉ោង​​៣​ទៀប​ភ្លឺ។ ក្នុង​ហេតុ​ការណ៍​នោះ ប្រជាពលរដ្ឋ​ដែល​បាន​ត្រៀម​រៀប​ជើង​ព្រួល​ពី​ល្ងាច​មក​ហើយ​នោះ បាន​បរ​គោយន្ត​កន្ត្រៃ​រត់​ទាំង​យប់ ខណៈ​ពលរដ្ឋ​មួយ​ចំនួន ដែល​មិន​បាន​ត្រៀម​បាន​ជម្លៀស​គ្រួសារ​តាម​ម៉ូតូ ដោយ​យក​ទៅ​តែ​សម្លៀក​បំពាក់ និង​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ប៉ុណ្ណោះ។

ជុំវិញសំឡេងផ្ទុះអាវុធ កាលពីថ្ងៃទី២៤ និងយប់ថ្ងៃទី២៥​នេះ គេហ​ទំព័​រ​ផ្លូវ​ការ​របស់​កង​ទ័ព​ជើង​គោក​ថៃ​ និង​សារ​ព័ត៌​មាន​របស់​ថៃមួ​យ​ចំនួន ចុះ​ផ្សាយ​ដោយ​ចោទ​ប្រកាន់​មក​លើ​កម្ពុជា ថា​ជា​អ្នក​បង្ក​ហេតុ​ពេញ​មួយ​យប់ នៅ​តំបន់​​យោធ​ភូមិ​ភាគ​២ ដោយ​សំឡេង​កាំភ្លើង និង​សំឡេង​ផ្ទុះ​គ្រាប់​បែក នៅ​ក្បែរ​ទីតាំង​បន្លា​លួស ហើយ​ការ​បាញ់​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​រយៈ​ចម្ងាយ។

ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាម​រយៈសេច​ក្តី​ប្រកាស​ព័ត៌​មាន ចេញ​ផ្សាយ​​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​នេះ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់រ​បស់​ភាគី​ថៃ ដោយ​លោក​ស្រី​បាន​អះ​អាង​ថា ការ​ផ្ទុះ​ការ​បាញ់​កាំភ្លើង​នោះ គឺ​កើត​នៅ​ខាង​ថៃ ដោយ​មាន​ផ្ទុះ​ការ​បាញ់​កាំភ្លើង​៤​គ្រាប់។ លោកស្រី​បន្ត​ថា ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ម៉ោង​២ និង​៥៧​នាទី​យប់ ចំនួន​១គ្រាប់, នៅ​ម៉ោង​៥​ព្រឹក មួយ​គ្រាប់, នៅ​ម៉ោង​៦​ព្រឹក មួយ​គ្រាប់ និង​នៅ​ម៉ោង​៧ព្រឹក​ មាន​ផ្ទុះ​មួយ​គ្រាប់​ទៀត។

លោកស្រី ម៉ាលី សុជាតា អះអាងទៀតថា កង​កម្លាំង​របស់​កម្ពុជា​មិន​បាន​បង្ក​ហេតុ ឬ​ធ្វើ​សកម្ម​ភាព​ណា​មួយ ដែល​រំលោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​រប​ស់ភា​គី​ថៃ​ឡើយ ហើយ​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​គោរព​យ៉ាង​ពេញ​លេញ ចំពោះ​ការ​គោរព និង​អនុ​វត្ត​នូវ​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​យោធាក​ម្ពុជា និង​យោធា​​ថៃ។

ក្នុងករណីពលរដ្ឋខ្មែរ កំពុងភៀសខ្លួននេះ​ដែរ ត្រូវ​បាន​សារ​ព័ត៌​មាន​ថៃ​មួយ​ចំនួន បា​ន​ចុះ​ផ្សាយ​ ដោយ​មួល​បង្កាច់​ថា កម្ពុជា​កំពុង​ជម្លៀស​ប្រជា​ពលរដ្ឋ ដើម្បី​ត្រៀម​វាយ​ប្រហារ​មក​លើ​កង​ទ័ព​ថៃ ខណៈ​អាវុធ​ធន់​ធ្ងន់​គ្រប់​ប្រភេទ ត្រូវ​បាន​បញ្ជូន​មក​កាន់​តំបន់​ព្រំដែ​ន​ស្ងាត់ៗ។

ពាក់ព័ន្ធរឿងនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារ​សិទ្ធិម​នុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC លោក រស់ សុដ្ឋា ចាត់​ទុក​សកម្មភាព​រប​ស់​ថៃ​ថា​កំពុង​បំពាន​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​បង្ក​ភាព​ភ័យ​ខ្លាច​តាម​បណ្ដោយ​ព្រំដែន ធ្វើ​ឱ្យ​ពលរដ្ឋ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ជាច្រើន​លើក​ច្រើន​សារ ដែល​ប៉ះ​ពាល់​ដល់​ជីវភាព​ និង​ផ្លូវ​ចិត្ត​របស់​ពួក​គាត់។ លោក​បន្ត​ថា ក្នុង​ស្ថាន​ភាព​នេះ រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​ដែន​ដី ត្រូវ​ធានា​សុវត្ថិ​ភាព និង​បង្ក​ភាព​ងាយ​​ស្រួល​ដល់​ជីវភាព​ក្នុង​ជំរុំ ពិសេស​ត្រូវ​ធានា​ថា​គ្មាន​ការ​បៀត​បៀន​ណាមួ​យ​កើត​ឡើង​ទៅ​លើ​ស្ត្រី និង​ក្មេង​ស្រី​នៅ​ទី​នោះ។

លោក រស់ សុដ្ឋា ថ្លែង​ថា៖ «អ៊ីចឹង​ទាំង​អាជ្ញាធរ ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ត្រូវ​រួម​ចំណែក​គ្នា​ក្នុង​ការ​ចូល​រួម​កាត់​បន្ថយ​នូវ​ទុក្ខ​លំបាក​របស់​ពួក​គាត់​នៅ​ក្នុង​ជំរុំ ហើយ​ជួយ​សម្រួល​ឱ្យ​ការ​រស់​នៅ​របស់​ពួក​គាត់​បាន​សម​ស្រប ជា​ការ​លួង​ចិត្ត​ដល់​ការ​បាត់​បង់​របស់​ពួក​គាត់»

ទាក់ទងនឹងភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ​នេះ​ដែរ ស្ថានភាព​នៅ​ទីតាំង​ដែល​យោធា​ថៃ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី និង​ផ្ទះរ​បស់​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ នោះ​មាន​សភាព​ការណ៍​ស្ងប់​ស្ងាត់​ដដែល។ ក៏ប៉ុន្តែ ទន្ទឹមនឹ​ង​សភាព​ការណ៍​នៅ​នឹង​ថ្កល់​នៅ​ខាង​កម្ពុ​ជា​​នេះ ក្រុម​យោធា​ថៃ បាន​ចល័ត​ក្រុម​ទាហាន​កាម៉ង់​ដូ​ពិសេស ក្រុម​បាញ់​ឆ្មក់​ពី​ចម្ងាយ​(Sniper) និង​អាវុធ​ធុន​ធ្ងន់ ជា​ច្រើន​ទៀត ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់របស់ទាហានថៃ​ បាន​ព្រមាន​ថា នឹង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ នៅ​ថ្ងៃ​ទី២​៦ ខែ​កញ្ញា​នេះ​បន្ថែ​មទៀ​ត ដែល​ពួក​គេ​អះអា​ង​ថា ជា​ទឹក​ដី​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ក្នុង​នោះមេ​ទ័ព​ជើង​ទឹក​ថៃ លោក ជីរ៉ាក់​ផុន វង្ស​វីដ បាន​គំរាម​បំផ្លាញ​សំណង់​ខ្មែរ​នៅ ១៧​ទីតាំង ចាប់​ពី​ខេត្ត​ពោធិ៍​សាត់​ដល់ខេត្ត​​កោះ​កុង។

កាន់តែធ្ងន់ធ្ងរជាងនេះ សារព័ត៌មាន​ថៃ បាន​ចុះផ្សា​យ​ថា ក្រុម​​ប៉ូលិស​​បង្ក្រាប​​បាតុ​កម្ម​​ប្រហែល​ ១៤០​០​នាក់ ត្រូវ​​បា​ន​​ដាក់​​ពង្រាយ​ទៅ​​កាន់​​ខេត្តស្រះ​កែវ ដើម្បី​​ត្រៀ​ម​​បង្ក្រាប​​លើ​​ពលរដ្ឋ​​ខ្មែរណា ដែល​នាំ​​​គ្នា​តវ៉ា​នឹងក្រុមកងកម្លាំងថៃ នៅ​ភូមិជោគជ័យ និង​ភូមិព្រៃចាន់ ក្នុងប្រតិ​បត្តិ​ការ​​រាយ​​បន្លា​លួស​ ហើយ​កង​ទ័ព​​ថៃ​ក៏​​​បាន​​ព្រមាន​​​ដាក់​​ទោស​​ក្នុង​​ពន្ធនា​គារ​​អស់​​មួយ​​ជីវិត ​​ឬ​ទោស​​ប្រហារ​ជីវិត ចំពោះពលរដ្ឋ​ខ្មែរ​ដែល​ក្រុម​យោធា​ថៃ​ចោទ​​ថា ​បា​ន​​បំពាន​​ទឹក​​ដី​​រប​ស់​​ថៃ​ទៀត​ផង។

យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋ និងអ្នកតាមដាននយោបាយ ស្នើឱ្យរដ្ឋាភិបាល​កម្ពុជា ឈប់​អែ​អង់ និង​ប្រញាប់​ប្ដឹង​ថៃ​ទៅកា​ន់តុ​លាការ​យុត្តិធ​ម៌​អន្តរ​ជាតិ ICJ បន្ថែម​ពី​លើកា​រ​ប្ដឹង​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ប្រទេស​ទី​បី ដើម្បី​​ដាក់​សម្ពាធ​មក​លើ​យោធា​ថៃ​ បញ្ឈប់​ការ​ឈ្លាន​ពាន​មក​លើ​កម្ពុជា​បន្ត​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ