ក្រុមប្រឹក្សាសន្តិសុខ​នឹង​បោះ​ឆ្នោត​ពន្យា​ពេល​ដាក់​ទណ្ឌ​កម្ម​អ៊ីរ៉ង់​តាម​សំណើរ​ចិន​​និង​រុស្ស៊ី

ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ នឹ​ង​បោះ​ឆ្នោត​លើ​សេចក្តី​សម្រេច​មួយ​ ដែល​ស្នើ​ឡើង​ដោយ​រុស្ស៊ី និង​ប្រទេស​ចិន ដើម្បី​ពន្យា​ពេល​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​អ៊ីរ៉ង់ រយៈ​ពេល ៦ខែ ដែល​អ្នក​ការទូត និយាយ​ថា វា​ហាក់​បី​មិន​ទំនង​ក្នុង​ការ​អនុម័ត​ឡើយ។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យ​ទ័​រ​(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា រាល់​ទណ្ឌ​កម្ម​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​ដាក់​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​ វេលា​ម៉ោង ៨​យប់ ។

ជុំវិ​ញ​បញ្ហា​នេះ អង់​គ្លេស បារាំង និង​អាល្លឺម៉ង់ ធ្លាប់​ចាប់​ផ្តើម​ដំណើរ​ការ​រយៈ​ពេល ៣០​ថ្ងៃ ដោយ​ចោទ​ប្រ​កាន់​ទីក្រុង​តេរ៉ង់​(Tehran)​​​ថា បាន​រំលោភ​លើកិ​ច្ច​ព្រម​ព្រៀង​នៅ​ឆ្នាំ២​០១៥ ជាមួយ​ប្រទេស​មហា​អំ​ណាច​ ដែល​មាន​បំណង​ទប់​ស្កាត់​មិន​ឱ្យ​អ៊ីរ៉ង់​អភិវឌ្ឍន៍​អាវុធ​នុយ​ក្លេ​អ៊ែរ។​

សេចក្តី​សម្រេច​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ​ដែ​ល​មាន​សមាជិក ១៥​ប្រទេស ត្រូវ​ការ​សំឡេង​យ៉ាង​ហោច​ណាស់ ៩​សំឡេង​គាំទ្រ ​ហើយ​មិន​អាច​មាន​សិទ្ធិ​អនុប្ប​វាទ​ឬ​វេតូ​(veto)​ពី​អង់​គ្លេស​ បារាំង ឬ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ដោយ​ឡែក អ្នក​ការទូត បាន​និយាយ​ថា ទំនង​ជា​មាន​ការ​អនុប​វាទ​ច្រើន ពី​ការ​បោះ​ឆ្នោត​ ហើយ​សេច​ក្តីសម្រេច​នេះ​ក៏​មិន​ទំនង​នឹង​ត្រូវ​អនុ​ម័ត​ផង​ដែរ។

អ៊ីរ៉ង់ និង​មហា​អំណាច​អឺរ៉ុប នៅ​សប្តាហ៍​នេះ កំពុង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ ដើម្បី​ពន្យា​ពេល​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​ឡើង​វិញ​ និង​ទុក​ចន្លោះ​ពេល​សម្រាប់​ការ​ចរចា​រយៈ​ពេល​វែង លើ​កម្ម​វិធី​នុយ​ក្លេអ៊ែ​រ​ទីក្រុង​តេរ៉ង់​(Tehran)។

អង់​គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ផ្តល់​ការ​ពន្យា​រយៈ​ពេល​ ៦​ខែ ដើម្បី​ផ្តល់​ចន្លោះ​សម្រាប់​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​វែង​ស្តី​អំពី​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ក្រុង​តេរ៉ង់ ប្រសិន​បើ​អ៊ីរ៉ង់​យល់​ព្រម​អនុ​ញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អង្គកា​រ​សហ​ប្រជា​ជាតិ​ចូល​ដំណើរ​ការ​ឡើង​វិញ ដោះ​ស្រាយ​អំពី​ភាព​ព្រួយ​បារម្ភ​អំពី​ការ​ស្តុក​សារធាតុ​អ៊ុយ​រ៉ាញ៉ូ​ម និង​ចូល​រួម​ពិភាក្សា​ជាមួយ​សហ​រដ្ឋ​អាមេរិក។

យ៉ាងណា ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស្យូត ពែហ្សេ​ស្គៀន​(Masoud Pezeshkian) បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​តេរ៉ង់ បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ប្រឈម​មុខ​នឹង​សេ​ណារី​យូ​ណា​មួយ និ​ង​កែ​សម្រួល​គោល​នយោបាយ​របស់​ខ្លួន ប្រសិន​បើ​ទណ្ឌ​កម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ត្រូវ​បាន​ស្តារ​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ