តៃវ៉ាន់​កាត់​ទោស​អតីត​ជំនួយ​ការ​ប្រធានា​ធិបតី​និង​អ្នក​ផ្សេង​ទៀត​ពី​បទ​ស៊ើប​ការ​សំងាត់​ឱ្យ​ចិន

តុលាការ​តៃវ៉ាន់​ បាន​កាត់​ទោស​អតីត​ជំនួយ​ការ​ប្រធានាធិបតី​ ពី​បទ ​​ធ្វើ​ចារកម្ម​ឱ្យ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​និង​មនុស្ស​៣នា​ក់ទៀត ដែល​ត្រូវ​បាន​ជួល​ដោយ​គណបក្ស​ប្រជាធិប​តេយ្យ​រីក​ចម្រើន​(Democratic Progressive Party) ដែលកំ​ពុង​តែ​កាន់​អំណាច​ផង​ដែរ។

សារព័ត៌មាន​ប៊ីប៊ីស៊ី​(BCC) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា តុលាការ​បាន​កាត់​ទោស​បុរស​ទាំង​នោះ​ឱ្យ​ជាប់​ទោស​ចន្លោះ​ពី ៤ឆ្នាំ​ទៅ ១០​ឆ្នាំ​ ពីបទ ធ្វើ​ឱ្យ​បែក​ធ្លាយ​អាថ៌កំ​បាំង​រដ្ឋ ហើយ​ក្នុង​សេច​ក្តីសម្រេច​នៃ​ការ​កាត់​​ទោស​នោះ បាន​បញ្ជាក់​ថា សកម្ម​ភាព​ស៊ើប​ការណ៍​នេះ បាន​អនុវត្ត​ក្នុង​រយៈ​ពេល​វែង ថែម​ទាំង​ពាក់​ព័ន្ធ​នឹង​ការ​ចែក​រំលែក‘‘ព័ត៌​មាន​សម្ងាត់សំ​ខាន់​ផ្នែក​ការទូត’’​ផង​ដែរ។

ទីក្រុង​ប៉េកាំង ​បាន​ទាម​ទារ​កោះ​តៃវ៉ាន់​ដែលមាន​​និន្នាការ​ប្រជា​ធិបតេយ្យ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន ហើយ​ភាគី​ទាំង​ពីរ​នេះ​បាន​ធ្វើ​ការ​ស៊ើប​ការណ៍​សម្ងាត់​ពី​គ្នា​ទៅ​វិញ​ទៅ​មក អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មកហើយ។ ដោយ​ឡែក​ទីក្រុង​តៃ​ប៉ិ បាន​អះអា​ង​ថា សកម្ម​ភាព​នៃ​ការ​ស៊ើប​ការណ៍​សម្ងាត់​របស់​ប្រទេស​ចិន បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​​បីឆ្នាំ​​ចុង​ក្រោយ​នេះ។

យ៉ាង​ណា ក្នុង​ចំណោម​បុរស​ទាំង ៤នាក់ ដែល​ត្រូវ​បាន​កាត់​ទោស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ មាន​លោក ហ័ង ជូចុង​(Huang Chu-jung) ដែល​ជា​អតីត​ជំនួយ​ការ​ក្រុម​ប្រឹក្សា​នៃ​ទីក្រុង​តៃប៉ិ​ បាន​ទទួល​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​អស់​រយៈ​ពេល​១០​ឆ្នាំ ដែល​ដំបូង​ឡើយ​ព្រះរា​ជ​អាជ្ញា​បាន​រក​ការ​ផ្តន្ទា​ទោស​រហូត​ដល់​១៨​ឆ្នាំ។

បើយោងតាមតុលាការ លោក ហ័ង​ បាន​បញ្ជា​ឱ្យ​បុគ្គលិក​ការិយា​ល័យ​បរទេស​ យក​ព័ត៌​មាន​ពី​ លោក យូសែប អ៊ូ​(Joseph Wu) ដែល​​បច្ចុប្បន្ន​​មាន​​តួនាទី​​ជា​​​ប្រធាន​​សន្តិ​សុខ​​ជាតិ បន្ទាប់​មក​លោក​បាន​សរ​សេរ​របាយ​ការណ៍​ព័ត៌​មាន​នោះ ហើយ​ផ្ញើ​ទៅ​ឱ្យ​អង្គ​ភាព​ស៊ើប​ការណ៍​របស់​បក្ស​កុម្មុយ​និស​ចិន​ តាម​រយៈ​កម្ម​វិធី​អ៊ិន​គ្រីប។

លោក​ ហ័ង ក៏​បាន​ចោទ​ពី​បទ​ធ្វើ​ការ​ជាមួយ​អតីត​បុគ្គលិក​គណបក្ស​ប្រជាធិប​តេយ្យ​រីក​ចម្រើន​(DPP) គឺ​លោក ឈីវ ​ស៊ី​យាន (Chiu Shih-yuan) ដើម្បី​ធ្វើ​ការ​ប្រមូល​ព័ត៌​មាន​បន្ថែម ហើយ​តុលាការ​បាន​ឮ​ថា​ លោក ឈីវ ទទួល​បាន​ព័ត៌​មា​ន​​ពី​ លោក អ៊ូ ស៊ាំង​អ៊ី​(Wu Shangyu)​ ដែល​ជា​ជំនួយ​ការ​របស់ លោក ឡាយ ឈីង​តឺ​(Lai Ching-te) ដែល​ជា​ប្រធានា​ធិបតី​​នា​ពេល​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ