កងកម្លាំងយោធាថៃ នៅព្រឹកថ្ងៃសៅរ៍នេះ បានបើកការបាញ់ប្រហារមុន ទៅលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ រួមទាំងប្រើកាំភ្លើងត្បាល់ តែយ៉ាងណាកងទ័ពកម្ពុជា នៅបន្តអត់ធ្មត់ អនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមហេតុផលថា កម្ពុជាចង់ឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ឱ្យបានឆាប់រហ័ស។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលក្រសួងការពារជាតិ បង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
អ្នកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា។ ការបាញ់ប្រហារនោះយោធាថៃ បានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់ មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។
ប្រភពខាងលើគូសបញ្ជាក់ថា កងទ័ពកម្ពុជា បានឈរគោលការណ៍អត់ធ្មត់ខ្ពស់ និងមិនបានតបតទៅវិញទេ។
យ៉ាងណាកម្ពុជា នៅតែបញ្ជាក់ជំហរថា កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។
យ៉ាងនេះក្តី ក្រសួងការពារជាតិមិនបានទម្លាយឱ្យដឹងពីចំនួនកងទ័ពកម្ពុជា រងរបួស ឬពលីជីវិត ក្នុងហេតុការណ៍ដែលថៃបើកការប្រហារមកលើកម្ពុជាមុន នៅតំបន់អានសេះនៅពេលនេះទេ។
គួររំឭកដែរថា កាលពីថ្ងៃសុក្រ ក្រសួងការពារជាតិ បានបដិសេធថា កម្ពុជាមិនបានចល័តទ័ព និងសព្វាវុធ ណាមួយ ដូចសារព័ត៌មានថៃបានចុះផ្សាយនោះទេ ហើយបញ្ជាក់ថា អ្វីដែលសារព័ត៌មានដែលថាចុះផ្សាយជារូបភាពចាស់។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ប្រមាណជា២ខែមកនេះ ភាគីថៃមិនបានគោរពបទឈប់បាញ់ទេ ថៃបានល័តទ័ពចូលមកចាប់ទាហានខ្មែរ២០នាក់ រំលោភលើបទឈប់បាញ់ ហើយរហូតមកដល់ពេលនេះ មានរយៈពេល ៦០ថ្ងៃហើយ ថៃមិនទាន់ប្រគល់ទាហានខ្មែរ១៨នាក់ទៀត ឱ្យមកកម្ពុជាវិញនៅឡើយទេ ទោះកម្ពុជាអំពាវនាវរកការដោះលែងនិងបញ្ហាឆន្ទៈ មិនជ្រើសរើសយកការប្រឈមមុខ ខាងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនក្តី។
មួយវិញទៀត ចំពេលកម្ពុជាបន្តអត់ធ្មត់នេះ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕









