កម្ពុជាបានគូសបញ្ជាក់ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ថា សន្តិភាពរបស់កម្ពុជា ដែលបានមកដោយលំបាកនោះ ពេលនេះកំពុងរងការគំរាមកំហែង ដោយការឈ្លានពានពីប្រទេសជិតខាង មិនមែនមកពីជម្លោះផ្ទៃក្នុងរបស់កម្ពុជាទេ។
ការលើកឡើងនេះ ក៏បានភ្ជាប់បន្ថែមទៅនឹងហេតុការណ៍ដែលយោធាថៃ បើកការបាញ់ប្រហារមុនទៅលើលេណដ្ឋានកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះផងដែរ។
ការណ៍នេះ កម្ពុជា អំពាវនាវឱ្យមានកិច្ចសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
នេះបើតាមសុន្ទរកឋាកម្រាស៥ទំព័រ របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ខែកញ្ញា ហើយត្រូវបានមេដឹកនាំគណបក្សកាន់អំណាចលោក ហ៊ុន សែន យកមកបង្ហោះលើហ្វេសប៊ុករបស់លោក នៅថ្ងៃអាទិត្យនេះ។
លោក ប្រាក់ សុខុន បាននិយាយថា កម្ពុជាបានប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់ទទួលកងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាអ្នករួមចំណែកដ៏មុតមាំចំពោះសន្តិសុខសកល។
លោកថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង ១០ ០០០នាក់ ក្នុងនោះមានស្ត្រីជាង ៨០០ នាក់ ទៅចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួនដប់ នៅទូទាំងពិភពលោក។ កងកម្លាំងរបស់កម្ពុជាបានការពារជនស៊ីវិល បោសសំអាតមីន និងគាំទ្រដល់ការកសាងឡើងវិញនូវសហគមន៍ដែលរងគ្រោះដោយសារសង្គ្រាម។
លើសពីនេះ លោកថា បច្ចុប្បន្នកម្ពុជា ជាសមាជិកដ៏សកម្មមួយនៃគណៈកម្មការកសាងសន្តិភាព ដែលជួយប្រទេសងើបចេញពីជម្លោះ ក្នុងការបង្កើតស្ថាប័ន និងលើកកម្ពស់ការផ្សះផ្សា ហើយថាការវិវត្តប្រែប្រួលរបស់ប្រទេសកម្ពុជា គឺជាសក្ខីភាពនៃអត្ថន័យមូលបទរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ពោលគឺជាប្រទេសដែលធ្លាប់ត្រូវការសន្តិភាព បានក្លាយជាប្រទេសដែលជួយផ្តល់សន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសដទៃទៀត។
លោកថា៖ «ហេតុនេះ ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក ហើយដែលយើងស្រឡាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោក បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ។ កម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់ តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក»។
សម្រាប់តំណាងកម្ពុជារូបនេះ ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្តពីប្រទេសទាំងពីរ ក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារស្ថានភាពដូចដើមឡើងវិញក៏ដោយ។ ជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ចព្រមព្រៀង ត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្តែង។
យ៉ាងណា លោកថា ជាការគួរឱ្យសោកស្តាយ ការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការ ដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគី ជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។
បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្តេញពលរដ្ឋកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សរ៍មកហើយ។
ការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែន បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀត ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរ។
ទង្វើខាងលើនេះ បានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន។
ជុំវិញបញ្ហានេះ លោក សុខុន បញ្ជាក់ថា កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈនិងតម្លាភាពពេញលេញក្នុងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខការបង្ករឿង និងការរំលោភបំពានម្តងហើយម្តងទៀត។
លោកថា ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ មានការវាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា កងកម្លាំងរបស់កម្ពុជាបានបើកការបាញ់ប្រហារមុន។ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព។
ក្នុងស្មារតីដូចកាលពីបានបញ្ចប់សង្គ្រាមជិតបីទស្សវត្សរ៍កន្លងមក កម្ពុជាសូមអំពាវនាវឱ្យមានកិច្ចសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កម្ពុជាស្នើសុំដោយស្មោះត្រង់នូវការបន្តគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង ដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តដល់ការដោះស្រាយជម្លោះ។
លោកថា៖ «កម្ពុជាជាប្រទេសតូច ផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ ខណៈពេលដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំង គឺជាជម្រើសចុងក្រោយបំផុត។ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា»៕









