កម្ពុជាថា​ថៃ​គំរាម​កំហែង​​យ៉ា​ង​ធ្ងន់ធ្ង​រ​​មក​​​លើ​​សិទ្ធិ​ពលរដ្ឋ​​ខ្មែរ​នៅឃុំ​អូ​របី​ជាន់

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាត់​ទុក​សារ​គំរាម​របស់​ភាគី​ថៃ ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ភូមិ​​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ចាក​ចេញ​ពី​លំនៅ​ឋាន​​ដែល​ធ្លាប់​រស់​នៅ​ច្រើន​ទសវត្សរ៍​ទៅ​ហើយ​​ជា​កំហិត​ត្រឹម​១៥​ថ្ងៃ​ទៀត​នោះ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់​ធ្ងរ ។

នេះបើតា​ម​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ដែល​អភិបាលខេ​ត្ត​បន្ទាយ​​មាន​ជ័យ លោក អ៊ុំ រាត្រី ផ្ញើ​​ទៅ​​កាន់​​អភិបាល​​ខេ​ត្ត​ស្រះ​កែវ​របស់​ថៃ ។

បើតាម​លិខិត​តវ៉ា​នោះ ​លោក អ៊ុំ រាត្រី បាន​បញ្ជាក់​​​ទៅ​​កាន់​​អភិបាល​ខេត្ត​ស្រះ​​កែវ ​កា​ល​ពីថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយ​​​ចា​ត់​​ទុក​​ការ​​លើក​​បដា និង​សារ​គំរាម​របស់​ថៃ ជា​​ការ​​គំរាម​កំហែង​​យ៉ាង​ធ្ងន់​ធ្ងរ ​ម​ក​​លើ​សិទ្ធិ​​ពលរដ្ឋ​​ស្លូត​ត្រង់​​​កម្ពុជា ដែល​​បា​ននិង​​​កំពុង​​រស់​នៅ​​អាស្រ័យ​​ផល​​ក្នុង​ភូមិ​ទាំង​​ពីរ​​នេះ តាំង​ពី​​យូរ​យារ​ណាស់​​មក​​ហើយ គឺ​មុន​ពេល​​អនុស្សរណៈ​​នៃ​​ការ​​យោគ​យល់​​គ្នា​​ស្តី​​​ពី​​ការ​​វាស់​វែង និង​​ខណ្ឌ​សីមា​​ព្រំដែន​គោក​​កម្ពុជា​-​ថៃ (MOU 2000) ចូល​​​ជា​​ធរមាន។

លោកបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​​ស្រះ​​កែវ​ថៃ មិន​​មាន​​សមត្ថកិច្ច​​កំណត់​ព្រំដែន និង​​អនុវ​ត្ត​​ច្បាប់​​ក្នុង​ស្រុក​​ថៃ​របស់​​ខ្លួន​​មក​​លើ​​សហគមន៍​​កម្ពុជា​​ដែល​​បាន​និង​​កំពុង​​រស់​នៅ និង​​អាស្រ័យ​​ផល​ក្នុង​​តំបន់​មិន​​ទាន់​​មាន​ការ​កំណត់​​ខណ្ឌ​សីមា​ព្រំដែន​​រួច​រាល់​​នោះ​​ទេ ។

ការផ្ញើលិខិតតវ៉ារបស់ លោក អ៊ុំ រាត្រី ជាការឆ្លើយតបទៅនឹងអាជ្ញាធរថៃ នៅ​ថ្ងៃទី២៨ ខែ​កញ្ញា បាន​ចេញប្រកាស​លើ​បដា ប្រាប់​ពលរដ្ឋ​ខ្មែរ​រស់​នៅភូ​មិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ក្នុង​ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ឱ្យ​ចាក​ចេញ​ពី​ទីលំនៅ​ឋាន​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ ក្រោម​សារ​ព្រមាន​ថា អាជ្ញាធរ​ថៃ នឹង​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដាក់​ពន្ធនា​គារ ​បើ​មិន​ព្រម​ចាក​ចេញ។

ជុំវិញ​បញ្ហានេះ​ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើ​ល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា ការ​តវ៉ា​របស់ លោក អ៊ុំ រាត្រី ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ ​នៃ​រដ្ឋបាល​ស៊ីវិល​របស់​ថៃថា​ ជា​រឿង​ត្រឹម​ត្រូវ នៅក្នុ​ង​បំណង​ចង់​ឲ្យ​ថៃ​ឈប់​បំពាន​មក​លើ​ពលរដ្ឋ​ខ្មែរ និង​បូរណ​ភាព​ទឹក​ដី​ខ្មែរ ។

ប៉ុន្តែ លោកថា រដ្ឋអំណាច​ស៊ីវិល រដ្ឋបាល​តំបន់​​របស់​ថៃ គ្មាន​ឥទ្ធិពល​ទេ ហើយ​ក៏​គ្មាន​អំណាច​ដោះ​ស្រាយ​ស្ថាន​ការណ៍​នៅ​តំបន់​ព្រំដែន​បាន​ឡើយ។

លោកថា អំណាច​បង្ក​ជម្លោះ​ឈ្លាន​ពាន​នេះ គឺ​ជា​រឿង​របស់​ពួក​យោធា​ថៃ ដែល​មាន​អំណាច​បំផុត នៅក្រោម​ការ​ជ្រោម​ជ្រែង​ពី​ស្ថាប័ន​ព្រះម​ហាក្សត្រ​ថៃ។

សម្រាប់ លោក ម៉ែន ណាត ជម្រើសរបស់រដ្ឋាភិបាលកម្ពុជា គឺ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ចេញ​ទប់​ទល់​ការ​ពារ​ខ្លួន និង​​ការ​​ពារ​​ដែន​អធិប​តេយ្យ​ឲ្យ​បាន ស្រប​តាម​ស្មារតី​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ (UN) មាត្រា៥១ និង​ស្រប​តាម​ស្មារតី​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្តីអំ​ពីបូ​រាណភាព​ទឹក​ដី និង​អធិប​តេយ្យ​រប​ស់​កម្ពុជា ដែល​កាល​នោះ​ភា​គី​ថៃ ក៏​ជា​ម្ចាស់​ហត្ថលេខី​ផង​ដែរ។

ជាមួយគ្នានេះ កម្ពុជា​ក៏​ត្រូវ​ប្រញាប់​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ និង​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ទីក្រុង​ឡាអេ ប្រទេស​ហូឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ