ប្រព័ន្ធតុលាការមិនឯករាជ្យ អំពើពុករលួយបក្ខពួកនិយមចាក់ឫសជ្រៅជាប្រព័ន្ធ អំណាចប្រមូលផ្តុំតែនៅក្នុងដៃមេដឹកនាំដែលកើតចេញពីការបោះឆ្នោតបង្គ្រប់កិច្ច ក្រុមមន្ត្រីមួយចំនួនគប់គិតគ្នាយកមុខតំណែងតួនាទី ធ្វើជាមុខរបររកស៊ីកើបប្រមូលប្រាក់ ច្បាមយកធនធានទ្រព្យសម្បត្តិរបស់ជាតិ បំផ្លាញធនធានធម្មជាតិរកស៊ីឆបោកពលរដ្ឋ ដើម្បីកើបប្រមូលប្រាក់ធ្វើមានធ្វើបានតែក្រុមគ្រួសារបក្ខពួកខ្លួន ធ្វើឱ្យមានគម្លាតកាន់តែខ្លាំងរវាងអ្នកមាននិងអ្នកក្រជាដើម ត្រូវគេមើលឃើញថា ជាមេរោគសង្គម កំពុងបំផ្លាញធនធានរបស់កម្ពុជា ដែលត្រូវសង្គ្រោះបន្ទាន់ ទើបអាចទប់ស្កាត់ចលាចលសង្គមបាន។
របាយការណ៍នានា បង្ហាញថា ចាប់តាំងពីរដ្ឋាភិបាលគ្រួសារហ៊ុន បានវាយកម្ទេចប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋគាំទ្រជិតកន្លះប្រទេសកាលពីចុងឆ្នាំ២០១៧ និងមេដឹកនាំធ្វើជាខ្នងបង្អែកឱ្យក្រុមឧក្រិដ្ឋជនជនជាតិចិន ចូលមករកស៊ីបើកល្បែងអនឡាញ ចាប់ជម្រិតមនុស្ស ធ្វើឱ្យកម្ពុជាស្អុយឈ្មោះអសោចលើពិភពលោកមកជាដើម។ល។និង។ល។ គឺដូចធ្វើឱ្យកម្ពុជាធ្លាក់ខ្លួនឈឺកាន់តែធ្ងន់។
ប្រទេសដែលមានប្រជាជនប្រមាណត្រឹម១៧លាននាក់ ប៉ុន្តែបែរជាមានប្រជាជនរហូតដល់ប្រមាណ២លាននាក់ ធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសថៃ ដើម្បីចិញ្ចឹមជីវិត ធ្វើឱ្យគេប្រមាថមើលងាយ និងមានប្រជាជនរហូតដល់ជាង៥លាន៤ម៉ឺននាក់ ជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុនេះ នឹងនៅតែក្រីក្រទន់ខ្សោយគ្រប់វិស័យមិនអាចរើខ្លួនរួចឡើយ ប្រសិនបើមិនធ្វើការព្យាបាលវះកាត់ជំងឺសង្គមដូចដែលបានលើកឡើងខាងលើនេះទេ។ នេះបើយោងតាមអ្នកឃ្លាំមើលសង្គមមួយចំនួន។
ជ្រុងមួយនៃវិបត្តិសង្គមទាំងនេះ នៅពេលមានសង្គ្រាមច្បាំងគ្នាក្តៅគគុក៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជានៅជួរមុខដែលយកជីវិតទៅពាំងច្បាំងការពារទឹកដីទប់ទល់នឹងចោរសៀមឈ្លានពាន បានបង្ហាញឱ្យឃើញពីភាពក្រតោកយ៉ាករយីករយាកយ៉ាងខ្លាំង ខណៈកងទ័ពចោរសៀមគេប្រើសុទ្ធតែសព្វាវុធទំនើបមានរហូតដល់យន្តហោះ និងដ្រូន។
លើសពីនេះ កងទ័ពកម្ពុជាគ្មានអាហារហូបចុកគ្រប់គ្រាន់ ស្លៀកពាក់ខោអាវចាស់ៗរហែកស្លកពណ៌ ពាក់ស្បែកជើងផ្ទាត់ សូម្បីអាវក្រោះមួកដែកពាក់ជួយការពារអាយុជីវិតក៏គ្មាន កងទ័ពជួរមុខភាគច្រើនលើសលប់ចូលបម្រើទ័ពស្ទើរពេញមួយជីវិតមកហើយ សូម្បីឋានន្តរស័ក្តិត្រឹមដោយ១ជាន់ ក៏មិនបំពាក់លើកទឹកចិត្តឱ្យពួកគាត់ផង ខណៈកងទ័ពនៅទីក្រុងដែលជាកូនរបស់មន្ត្រីជាន់ខ្ពស់ និងអ្នកចូលធ្វើកងទ័ពដោយការសូកប៉ាន់មិនធ្លាប់ចេញច្បាំង បែរជាពាក់ស័ក្តិពាក់ផ្កាយព្រោងព្រាតរហូតដល់ផ្កាយ២ ផ្កាយ៣ និងផ្កាយ៤ ក៏មាន។
នេះជាជ្រុងមួយដែលបង្ហាញឱ្យឃើញពីអំពើពុករលួយបក្ខពួកនិយមក្រាស់ឃ្មឹកហួសហេតុ ដែលជាការបំបាក់ទឹកចិត្តកងទ័ពជួរមុខ ដែលចាំបាច់ត្រូវតែធ្វើការដោះស្រាយ។ នេះបើតាមអ្នកឃ្លាំមើលសង្គម។
បន្ថែមពីនេះ ការសំញ៉ែងទ្រព្យសម្បត្តិមហាសាលលើគំនរទុក្ខកងទ័ព និងពលរដ្ឋក្រីក្រ ដូចជាការពាក់នាឡិកាជិត១០គ្រឿងមានតម្លៃរហូតដល់ប្រមាណ៦០លានដុល្លាររបស់ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការសំញ៉ែងរបស់មន្ត្រីបក្ខពួកគ្រួសារហ៊ុនជិះឡានទំនើបមានតម្លៃរហូតដល់ ៤លានដុល្លារក្នុង១គ្រឿង និងពិធីការកូនចៅពួកមន្ត្រីទាំងនោះ គ្រាន់តែចំណាយលើផ្កាស្រស់អស់រហូតដល់ខ្ទង់លានដុល្លារជាដើម ក៏ជាជំងឺអួតដែលជាឈ្នាន់ផ្ទុះដុតកំហឹងធ្វើឱ្យមានចលាចលងើបបះបោរ ដូចនៅប្រទេសនេប៉ាល់បង់ ក្លាដែស ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។
លោកស្រី ម៉េង សុភារី មេធាវីការពារក្តីឱ្យ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ បានសរសេរបង្ហោះលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបច្ចុប្បន្នបើប្រៀបធៀបទៅនឹងមនុស្ស គឺជាមនុស្សដែលកំពុងតែមានជំងឺរាំរ៉ៃ មិនទាន់មានសន្តិភាព ឬសុខភាពល្អទេ ក៏ប៉ុន្តែមានអំណួត បញ្ជោ និងបញ្ឆោត ដោយបង្ហាញថា ខ្លួនជាបុគ្គលខ្លាំង មិនមានឈឺអ្វីទេ ក៏ប៉ុន្តែដល់ពេលធ្លាក់ខ្លួនឈឺប៊ិសសន្លប់ ទើបសុខចិត្តស្រែករកពេទ្យ ឲ្យគេដឹកទៅរកដុកទ័រជំនាញជួយសង្គ្រោះបន្ទាន់ លែងទ្រាំនៅរកចិនសែមកមើលទៀតហើយ។ លោកស្រីលើកឡើងថា លោក ដុកទ័រ ត្រាំ ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក បានជួយសង្គ្រោះកម្ពុជាបន្ទាន់រួចផុតពីដាច់ខ្យល់ស្លាប់ហើយ ក៏ប៉ុន្តែជំងឺរបស់កម្ពុជាពេលនេះមិនទាន់ជាទេ ត្រូវបន្តលេបថ្នាំតាមវេជ្ជបញ្ជារទៀត ព្រោះមេរោគនៅហ៊ុំព័ទ្ធបន្លាលួសហើយក៏មានហានិភ័យខ្ពស់ក្នុងការរីករាលដាលទៅជាមហារីកទៀតផង។
បើតាមលោកស្រី ម៉េង សុភារី សម្រាប់កម្ពុជាដែលកំពុងមានជំងឺ អាចរស់ឬស្លាប់ គឺវាអាស្រ័យលើកម្ពុជាខ្លួនឯងដែលជាអ្នកជំងឺ។ លោកស្រីសរសេរក្នុងសំណេរដើមថា «ទី១ ព្រមទទួលស្គាល់ថា ខ្លួនមានជំងឺឬអត់? ទី២ បើទទួលស្គាល់ថាខ្លួនមានជំងឺ តើព្រមបន្តឲ្យដុកទ័រជំនាញជួយព្យាបាល ឬនៅព្យាបាលជាមួយចិនសែដដែល?-ទី៣ បើចង់ឲ្យដុកទ័រជំនាញព្យាបាល លុះតែព្រមទទួលលេបថ្នាំពេទ្យតាមវេជ្ជបញ្ជារ។ ឯថ្នាំពេទ្យនោះគ្រូពេទ្យធ្លាប់ប្រាប់ច្រើនដងហើយ ប៉ុន្តែអ្នកជំងឺមិនជឿ ហើយថែមទាំងជេរពេទ្យទៀត»។
ជាមួយគ្នានេះ អ្នកនាង កឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ក៏បានសរសេរនៅលើបណ្តាញសង្គមផងដែរថា កម្ពុជាគឺជាដែនដីអាណាចក្រអង្គរ មិនគួរអនុញ្ញាតឲ្យប្រទេសរបស់យើងក្លាយជាបណ្ដាញឧក្រិដ្ឋកម្មដ៏ធំដែលប៉ះពាល់ដល់កិត្តិយសជាតិយ៉ាងធ្ងន់ធ្ងរទេ។ យើងត្រូវតែបំបាត់ចោរម៉ាហ្វៀចិនឲ្យបាន។
អ្នកនាងបន្តថា៖ «លើសពីនេះទៀត យើងត្រូវរួមគ្នា កសាងនិងលើកមុខមាត់ជាតិ។ ៨ឆ្នាំហើយដែលលោកឪពុកខ្ញុំ កឹម សុខា ត្រូវបានចាប់ខ្លួន ជាប់ពន្ធនាគារ និងបន្ទាប់មកជាប់ឃុំក្នុងផ្ទះ ពីការចោទប្រកាន់មិនពិតពីបទគប់គិតជាមួយសហរដ្ឋអាមេរិក»។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានថ្លែងថា នៅពេលដែលមានការឈ្លានពាននិងប្រមាថពីថៃ ប្រជាជាតិខ្មែរ មានការឈឺចាប់ខ្លាំងបំផុត ដែលមិនអាចទទួលយកបានឡើយ។ ប៉ុន្តែលោកចោទជាសំណួរថា រឿងដែលសំខាន់នោះ តើយើងយកការឈឺចាប់នេះ មកធ្វើជាមេរៀនសម្រាប់រៀបចំខ្លួនទៅពេលអនាគត ឬមួយក៏យើងបានត្រឹមតែឈឺចាប់ហើយឈឺចាប់ម្តងទៀត ឬក៏យើងត្រូវកែប្រែរៀបចំអនាគតជាតិយើងឱ្យនៅគង់វង្សបានទៅថ្ងៃខាងមុខ?។
សម្រាប់អ្នកស្រាវជ្រាវបញ្ហាសង្គមរូបនេះ ចម្លើយមានតែមួយទេគឺខ្មែរត្រូវតែខ្លាំង។ លោករំឭកថា ខ្មែរយើងតែងតែតំណាលប្រាប់គ្នាថា ទាល់តែខ្លាំង ដូចអ៊ីស្រាអែល និងសិង្ហបុរីបានគេមិនមើលងាយ។ ប៉ុន្តែលោកថា ទាំងអ៊ីស្រាអែលទាំងសិង្ហបុរីមុននឹងខ្លាំងដូចសព្វថ្ងៃនេះ ក៏មានប្រវត្តិជូរចត់ខិតខំពុះពារការលំបាកច្រើនណាស់ដែរ។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា បានលើកឡើងពីរចំណុចដែលលោកតែងនិយាយដដែលជាដដែល ជាង២០ឆ្នាំមកហើយ ទាំងក្នុងវេទិកាក្បាលមីក្រូ និងទាំងក្នុងថ្នាក់ដែលលោកបង្រៀនថា ទី១ «អ្នកខ្លាំងទើបងាយនឹងទទួលបានយុត្តិធម៌» ពីព្រោះនៅក្នុងឆាកអន្តរជាតិ យើងទន់ខ្សោយរងនឹងការប្រមាថពីរដ្ឋ ឬជាតិសាសន៍ដទៃ។
ទី២ «ត្រូវគិតឱ្យលើសពីអាហារ៣ពេល» សំដៅដល់សារដាស់តឿនឱ្យពលរដ្ឋប្រឹងប្រែងរៀនសូត្រ រកស៊ីទទួលទានតាមវិជ្ជាជីវៈ ក្រមសីលធម៌ និងច្បាប់។
លោករំឭកដែរថា កុំបង្រៀនកូនខ្មែរឱ្យស្ពឹកស្រពន់ តែត្រូវបង្រៀនកូនខ្មែរទាំងអស់ឱ្យសកម្ម មាំមួន ឆ្លាតវៃ ហ៊ានតតាំង ទាំងបញ្ញានិងកម្លាំង ពីព្រោះពលរដ្ឋខ្មែរបច្ចុប្បន្នត្រូវបានគេមើលឃើញថា នៅទន់ខ្សោយទាំងទ្រឹស្ដី និងការអនុវត្ត ខណៈពលរដ្ឋភាគច្រើនទន់ខ្សោយ នាំឱ្យជាតិទន់ខ្សោយ ហើយបើប្រជាពលរដ្ឋភាគច្រើនមានជីវភាពធូរធារ ទើបរដ្ឋប្រមូលពន្ធបានច្រើន សម្បូរលុយទិញអាវុធ និងធ្វើឱ្យជាតិរឹងមាំ។ លើសពីនេះក៏ត្រូវកាត់បន្ថយភាពអយុត្តិធម៌ និងគម្លាតសង្គមផងដែរ។
លោកថា៖ «កែទម្រង់កាត់បន្ថយអយុត្តិធម៌សង្គមកាត់បន្ថយគម្លាតសង្គម ដែលជាចំណុចផុយស្រួយនៃការឈានទៅរកការតវ៉ាពីប្រជាពលរដ្ឋ។ ទាំងអស់នេះ យើងត្រូវតែទទួលស្គាល់ និងបន្តកែទម្រង់ ពីព្រោះប្រទេសនីមួយៗ រដ្ឋាភិបាលនីមួយៗ បើមិនទទួលស្គាល់ក្នុងការកែទម្រង់ទេ មិនបានទេ ពីព្រោះស្ថានភាពសង្គម និងពិភពលោកវាវិវត្ដន៍ជាប្រចាំ ចឹងហើយយើងត្រូវកែទម្រង់ជាប្រចាំ ដើម្បីកសាងភាពធន់ និងថែរក្សាស្ថិរភាពសង្គម»។
ចំណែក លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ក៏បានសរសេរសារខ្លីនៅលើបណ្តាញសង្គមរបស់លោកដែរថា មិនថាពឹងចិន ពឹងអាមេរិកពឹងវៀតណាម ឬពឹងប្រទេសណាក៏ពិបាកដែរ មានតែពឹងប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះ ទើបជាការប្រសើរ ដូច្នេះ«សូមលុបបំបាត់អំពើណាដែលធ្វើបាបប្រជាពលរដ្ឋ និងធ្វើអំពើណាដែលជួយប្រជាពលរដ្ឋឱ្យខ្លាំង»។
បើតាមលោកបណ្ឌិត មាស នី បច្ចុប្បន្នប្រទេសអ៊ីស្រាអែលមានប្រជាជនប្រមាណ៩លាននាក់។ ចំណែកប្រទេសសិង្ហបុរី មានប្រជាជន៥លាន៧សែននាក់។
ប្រទេសទាំងពីរនេះមានទំហ៊ុំតូចប្រជាជនតិច ប៉ុន្តែត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសខ្លាំងខ្លឹមទាំងវិស័យសេដ្ឋកិច្ច យោធា អប់រំនិងបច្ចេកវិទ្យា។
ពលរដ្ឋអ៊ីស្រាអែលឬសិង្ហបុរីម្នាក់ គឺជាកងទ័ពម្នាក់ ជាអ្នកជំនាញម្នាក់ ឬជាអ្នកវិទ្យាសាស្ត្រម្នាក់។ រឿងសំខាន់ដែលកម្ពុជាអាចរៀនសូត្របានពីប្រទេសសិង្ហបុរី និងអ៊ីស្រាអែល គឺប្រទេសទាំងពីរនេះ បានចាប់ផ្តើមកសាងប្រទេសពីការឈឺចាប់ ដោយបង្កើតឱ្យមាននូវអត្តសញ្ញាណរួមមួយ ដែលគេអាចរស់នៅជាមួយគ្នាបាន ហើយប្តេជ្ញាចិត្តរៀបចំប្រទេសគេ រហូតដល់គេក្លាយជាប្រទេសដែលខ្លាំង រហូតមកដល់សព្វថ្ងៃនេះ។
លោកថា៖ «អ៊ីចឹងអាត្រង់នឹងវាជាមេរៀនមួយសម្រាប់កម្ពុជាយើង ថាតើនៅពេលដែលយើងឈឺចាប់តើយើងឈឺចាប់ដើម្បីអី ឬក៏យើងឈឺចាប់ដើម្បីតែក្តៅក្រហាយ ហើយវិលមកឈ្លោះខ្មែរគ្នាឯងវិញ? សម្រាប់អ៊ីស្រាអែលហើយនិងសាំងហ្គាពួ គេឈឺចាប់ប៉ុន្តែគេព្យាយាមពង្រឹងនូវអត្តសញ្ញាណរួមមួយ ហើយបន្តិចម្តងៗរហូតដល់គេគិតថា គេត្រូវតែបង្កើតប្រទេសមួយបស់គេផ្ទាល់»។
លោកថា អ៊ីស្រាអែល និងសាំងហ្គាពួ បានព្យាយាមបង្រៀនពលរដ្ឋគេពីមួយជំនាន់ទៅមួយជំនាន់ មិនឱ្យវង្វេងប្រវតិ្តសាស្ត្រ ពីព្រោះប្រវត្តិសាស្ត្រពិត គឺមានសារៈសំខាន់ណាស់ក្នុងការចងក្រងមនុស្សឱ្យស្គាល់អំពីខ្លួនឯង ថាតើខ្លួនឯងជាអ្វីហើយអ្នកដែលមានប្រវត្តិនៅក្នុងរឿងឈឺចាប់ដូចគ្នា និងតើត្រូវធ្វើអ្វីរួមគ្នានៅក្នុងពេលអនាគត។
លោកថា៖ «ហើយអ្វីដែលខ្ញុំមានការចាប់អារម្មរណ៍ពីព្រឹត្តិការណ៍នៅក្នុងប្រទេសថៃ ដែលមានការកើនឡើងនូវអ្នកជាតិនិយមជ្រុល ឬក៏ជាតិនិយមនេះ គឺវាអាចនាំមកនូវការរាលដាលគ្រោះថ្នាក់ដល់ប្រទេសយើង ដែលជាប្រទេសតូច ប្រសិនបើយើងមិនបានរៀបចំខ្លួនពីថ្ងៃនេះទៅឱ្យយើងខ្លាំងទេ គឺចង់មិនចង់ឧទាហរណ៍ដែលគេផ្តល់ឱ្យយើងប៉ុន្មានខែនេះ ប៉ុន្មានអាទិត្យចុងក្រោយនេះ បានប្រាប់យើងច្បាស់ហើយថា គេអាចធើស៊ីយើងបាននៅពេលខាងមុខ»។
មេដឹកនាំនិងប្រជាជនកម្ពុជា ត្រូវតែគិតត្រូវតែយល់ដឹងឱ្យបានស៊ីជម្រៅទាំងអស់គ្នា ចំពោះអ្វីដែលបានកើតឡើង ថាតើខ្មែរយើងនឹងត្រូវដើរដោយរបៀបណា ហើយរៀនសូត្រពីប្រទេសដទៃទាំងសាំងហ្គាពួទាំងអ៊ីស្រាអែលដែលគេធ្វើការរួមគ្នា ដើម្បីពង្រឹងអត្តសញ្ញាណរួម។ ប៉ុន្តែខ្មែរយើងថាតើយើងបានធ្វើការរួមគ្នាដើម្បីពង្រឹងអត្តសញ្ញាណយើងទេ ឬក៏យើងធ្វើការដើម្បីតែបង្កនូវជម្លោះនៅក្នុងចំណោមខ្មែរដូចគ្នា។ នេះបើតាមលោក មាស នី។
លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ បានចោទជាសំណួរថា ហេតុអ្វីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលគ្រួសារហ៊ុន រឿងវិវាទព្រំដែនជាមួយថៃ ហាក់មិនទទួលបានការយកចិត្តទុកដាក់ពីបណ្តាញសារព័ត៌មានល្បីៗលើសកលលោក ពីអង្គការតំបន់ និងសហគមន៍អន្តរជាតិ? ត្រង់ចំណុចនេះលោកពន្យល់ថា មូលហេតុជាក់ស្តែងបំផុត គឺដោយសារតែកេរ្តិ៍ឈ្មោះអសោចរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដូចជា ការគ្រប់គ្រងតាមបែបផ្តាច់ការ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការបំភ្លេចបំផ្លាញសម្បត្តិធនធានធម្មជាតិ ការផ្តល់ជម្រកដល់ឧក្រិដ្ឋជនរកស៊ីទុច្ចរិត និងលាងលុយកខ្វក់ និងជារួមការរំលោភរដ្ឋធម្មនុញ្ញសេរីពហុបក្សឆ្នាំ១៩៩៣ របស់កម្ពុជាតែម្តង។
ទោះយ៉ាងណា លោក វណ្ណលី លើកឡើងថា បើកម្ពុជាមានរដ្ឋាភិបាលប្រជាធិបតេយ្យពិតប្រាកដ នោះពិភពលោកនឹងឈរជាមួយកម្ពុជាដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានពីបរទេស៕









