លោក ហ៊ុន សែន ថា​ប្រាក់​ខែ​អតីត​យុទ្ធជន​ជាង​២០០​ដុល្លារ​«រស់​ពេក»​បើ​គ្មាន​បន្ទុក​គ្រួសារ

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រង​អំណាច លោក ហ៊ុន​ សែន បា​ន​អះ​អាង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រាក់​ខែ​អតីត​យុទ្ធជន ប្រមាណ​ជា​ជាង​២០០​ដុល្លារ​ក្នុង​មួយ​ខែ​ដូច​បច្ចុប្បន្ន អាច​ដោះ​ស្រាយ​ជីវភាព​បាន​គ្រប់​គ្រាន់ សម្រាប់​អ្នក​រស់​នៅ​ជន​បទ បើ​ពួក​គេ​មិន​មាន​បន្ទុក​គ្រួសារ។

ការ​អះអា​ង​នេះ ចំ​ពេល​មាន​ការ​រិះ​គន់​ថា កងទ័ព​នៅ​ព្រំដែន​ជួរ​មុខ​ភាគ​ច្រើន​ មាន​ជីវភាព​ក្រី​ក្រ ប្រាក់​ខែ​ពួកគេ មិន​អាច​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​បាន ពិសេស​ពេល​គ្រួសារ​មាន​បញ្ហា​សុខ​ភាព និង​ខ្លះ​រួម​រឹត​ដោយ​វិបត្តិ​បំណុល និង​ខ្លះ​ទៀត​គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ។

ក្នុង​ពិធី​បិទ​មហា​សន្និបាត​វិសាមញ្ញ តំណាង​សមាគម​អតីត​យុទ្ធជន ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា នាព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​នេះ លោក ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​១៥​ចំណុច ទៅ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ក្រសួង​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ក្រោម​ហេតុ​ផល​ថា ដើម្បី​ចូល​រួម​លើក​កម្ពស់​សុខុមាល​ភាព អតីត​យុទ្ធ​ជន។

លោកថា ក្រសួងសង្គមកិច្ច ត្រូវបន្តពង្រឹងការ​បើក​ប្រាក់ របប​សន្តិសុ​ខ​សង្គម ជូន​អតីត​យុទ្ធ​ជន និង​អតីត​មន្ត្រី​រាជ​ការ​ស៊ីវិល ឱ្យ​បាន​ទាន់​ពេល​វេលា តាម​ការ​កំណត់​របស់​រាជ​រដ្ឋាភិ​បាល។

រីឯក្រសួងការពារជាតិ និង​ក្រសួ​ង​មហា​ផ្ទៃ ត្រូវ​សហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច ពិនិត្យ​ផ្ទៀង​ផ្ទាត់ បញ្ជី​ឈ្មោះ​អតីត​យុទ្ធ​ជន និង​គ្រួសារ​ជនពលី មរណៈ ឱ្យ​បាន​ពិត​ប្រាកដ មុន​នឹង​ផ្ទេរ​មក​ក្រសួង​សង្គម​កិច្ច អតីត គ្រប់​គ្រង​បន្ត។

លើស​ពីនេះ​ លោកថាក្រសួង​សង្គម​កិច្ច ត្រូវ​បន្ត​គម្រោង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន និង​និវត្ត​​ជន ដែល​មាន​ស្នាដៃ និង​មា​នដី នៅ​តាម​សហគមន៍។

ពាក់ព័ន្ធ​ប្រាក់​ខែ​វិញ លោក​ថា អតីត​យុទ្ធជន ដែល​រស់​នៅ​តាម​ជន​បទ អាច​ដោះស្រា​យ​ជីវភា​ព​បាន បើ​ទោះ​ជា​ពេល​នេះ ពួក​គេ​ទទួល​បាន​ប្រាក់​ត្រឹម​ជាង​៨០​ម៉ឺន​រៀល ឬ​ស្មើ​ជាង​២០០​ដុល្លារ ក្នុង​មួយ​ខែ​ក្តី។

លោកថា៖ «ប្រាក់ខែទាបបំផុតរបស់យើង ៨៤ម៉ឺន ៨៥​ម៉ឺន​នេះ វា​ស្មើ​នឹង​​ជាង​២០០​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ​ ។ អីចឹង​រស់​នៅ​ទី​ជន​បទ​​ជាមួយ​នឹង​ការ​ធ្វើ​ស្រែ​ចម្ការ​បង្ក​បង្កើន​ផល​បន្ថែម គឺ​គ្រប់​គ្រាន់ៗ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដូច​ខ្ញុំ​ចង្អុល​បង្ហាញ ដោះ​ស្រាយ​មុខ​របរ បណ្តុះ​បណ្តាល​កូន​ចៅ​របស់​ពួក​គាត់​កុំ​ឱ្យ​ជា​បន្ទុក​នៃ​ការ​ចំណាយ​ទៅ​ឱ្យ​កូន គាត់​ចិញ្ចឹម​ខ្លួន​ឯង​រស់​ពេកៗ»

គួរ​រំឭក​ថា ក្រោយ​ផ្ទុះអា​វុធ​ជា​ថៃ​របស់​ពេល​៥ថ្ងៃ ចាប់​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​ថ្ងៃ​ទី២​៨ខែ​កក្កដា រហូត​មាន​បទ​ឈប់​បាញ់​នេះ កង​ទ័ព​ជួរ​មុខ​ជាច្រើន​បាន​បង្ហោះ​វីដេអូ តាម​បណ្តាញ​សង្គម សុំ​ជំនួយ​ពី​សប្បុរស​ជន ដោយ​ខ្លះអះ​អាង​ថា​​គ្មាន​ផ្ទះ​សម្តែង និង​ខ្លះ​ក្រីក្រ​តោក​យ៉ាក គ្មាន​លុយ​ព្យាបាល​ជំងឺ និង​ខ្លះ​សុំ​ទិញ​អាវ​ក្រោះដោយ​ពាក់​ការ​ពារ​គ្រាប់​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ជាដើម។

ដែល​បញ្ហា​នេះ គណបក្ស​ប្រឆាំង និងអ្នកតាម​ដាន បាន​រិះ​គន់​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន​បាន​យក​ចិត្ត​ទុក​​ដាក់​​លើក​កម្ពស់​ជីវភាព​យុទ្ធ​ជន​នៅ​សមរភូមិ​ជួរ​មុខ​​ទេ ខ​ណៈ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​មាន​ទ្រព្យ​ស​​ម្បត្តិ​ហូរ​ហៀរ និង​ខ្លះ​ទៀត​រៀប​ការ​កូន​ម្តងៗ ចំណាយ​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ។

ប៉ុន្តែមិ​ន​ព្រម​ពង្រីក ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ ដែល​ធ្វើ​ឱ្យថៃ​ចូល​រាយ​បន្លា​លួស​យក​​ដី​ខ្មែរ​តាម​ព្រំដែន​តាម​ចិត្ត ក្នុង​នោះមា​ន​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ក្នុង​ឃុំ​អូរបី​ជាន់ ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ