កម្មករ​​ផ្នែក​ប៉ាក់​នៅ​​រោង​​ចក្រ​បូវ​ឃើរ នាំ​គ្នា​​តវ៉ា​​​ក្រោយ​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ទាំង​​អយុត្តិ​ធម៌

កម្មករ​ជិត ៨០នាក់​ ធ្វើកា​រ​​នៅ​​​រោង​​ចក្រ​កាត់ដេ​រ បូវ​​ឃើរ ហ្គាមេ​ន ហ្វេក​​ធើរី ក្នុង​ឃុំ​​បែក​​ចាន ​ស្រុក​អង្គ​​ស្នួល ខេត្ត​កណ្តាល ក្នុង​នោះ​​មានទាំង​​​​កម្មការិនី​​មាន​ផ្ទៃ​ពោះ​​ផង​​នោះ បាន​​​នាំ​គ្នាប្រមូល​​ផ្តុំ​តវ៉ា​​នៅ​​មុខ​​រោង​​​ចក្រ​​​ ក្រោយថៅកែ​រោង​ចក្រ​​​បញ្ឈប់​ពួកគេ​ពីការ​ងារ និង​មិន​បាន​បើក​ប្រាក់​ឈ្នួល​​​ខែកញ្ញា ដោយ​ខុស​នឹង​នីតិវិធីច្បាប់។

កម្មការិនី អុន ស៊ីណា ធ្វើការ​នៅ​រោង​ចក្រ​បូវឃើរ ហ្គាមេន បានឱ្យដឹង​នៅថ្ងៃទី២៩ ខែ​កញ្ញានេះ​​ថា ការ​ដែលពួកគាត់នាំគ្នាតវ៉ានេះ ដោយសារតែ​ខាង​រោង​ចក្រ​ កាលពីថ្ងៃទី​២៦ ខែកញ្ញា​បាន​បញ្ឈប់​​កម្មករ​​ផ្នែក​​ប៉ាក់​ចំនួន ៧៥​នាក់ ​​​ពី​​ការ​ងារទាំង​អយុត្តិធម៌​ ដោយ​​ប្រាប់​ថាមិ​នមានការ​ងារ​ឱ្យកម្មករ​ផ្នែកនេះធ្វើទៀត និង​បាន​ដូរ​ឈ្មោះពួកគេទៅ​ផ្នែកដេរ​​ដោយមិនមានការយល់ព្រម​​​ពីកម្មករ ខណៈប្រាក់ឈ្នួល​ក្នុង​ខែកញ្ញានេះ ក៏ខាង​រោង​ចក្រ​មិន​ទាន់​បើក​ឱ្យផងដែរ។

កម្មការិនីរូបនេះ និយាយថា៖ «គាត់​ចោទថា​ពួកខ្ញុំ​ហ្នឹង​បោះ​បង់ការ​ងារ ទាំង​ពួកខ្ញុំស្កេនមេដៃ​ចូល​​ធ្វើ​ការ​រាល់​ថ្ងៃ ដល់ពេល​មកពី​ភ្ជុំវិញ គាត់ថាពួកខ្ញុំ​ហ្នឹង​បោះ​បង់​ការ​ងារ ហើយ​គាត់​ថតរូបថត​​កាត​​អីបិទ​តាមជញ្ជាំងគ្រប់កន្លែង​​តាំងពីបន្ទប់​ទឹកអីទៅ ហើយ​​ឱ្យ​អត់ឱ្យពួក​ខ្ញុំចូលធ្វើការ​ទេ ទាំង​ដែលពួកគាត់​ព្យួរក៏អត់ អាបញ្ចប់ក៏មិន​បញ្ចប់ អត់ឱ្យ​ចូល​តែម្តង»។​

កម្មការិនីរោង​ចក្របូវឃើរ ហ្គាមេនមួយ​រូប​ទៀត ដែលមានផ្ទៃពោះ៥ខែ អ្នកស្រី សា រ៉ុកស្រីម៉ើ បាន​ឱ្យ​ដឹងដែរថា កាល​ពីថ្ងៃទី​០៤ ខែកញ្ញា ខា​ងរោង​ចក្រប្រាប់ពួកគាត់ថាមិនមានការ​ងារ​ផ្នែកប៉ាក់ឱ្យ​ពួកគាត់ធ្វើទេ​ ហើយឱ្យពួកគាត់ទៅ​ធ្វើការ​នៅផ្នែកដេរ​សិន ដូច្នេះពួកគាត់ក៏បាន​ដូរ​ទៅ​ខាង​ដេររហូតដល់ថ្ងៃ​ឈប់សម្រាក​ថ្ងៃបុណ្យ​ភ្ជុំបិ​ណ្ឌ លុះ​មក​វិញ​ស្រាប់​តែ​​ឃើ​ញ​ខាង​​រោង​​ចក្រ​បិទ​ឈ្មោះពួ​ក​គាត់នៅមុខ​រោង​ចក្រ​​​ បញ្ឈប់ពីការ​ងារ​តែ​ម្តង។

ស្រ្តីរូបនេះ ចាត់​ទុក​ការបញ្ឈប់កម្មករ​កម្មការិនីទាំង ៧៥នាក់​នេះ ថាជារឿង​អយុត្តិធម៌ និង​ជា​ការ​រំលោភទៅលើ​សិទ្ធិ​ការងារ ​និង​ច្បាប់​ស្តីពីការងារ ដែលការណ៍នេះ ពួកគាត់​បានទាមទារឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​ភាគីរោង​ចក្រ ដោះស្រាយ​​សំណើរ​៥ចំណុចនៅតាមច្បាប់ការងារ ក្នុង​នោះ រួម​​មាន​​ ប្រាក់​ខែ​ចុង​ក្រោយ ប្រាក់​បំណាច់​ឆ្នាំ​ ប្រាក់​​អតីតភាព​ការងារ​ ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​ជូន​ដំណឹង។

អ្នកស្រីថា៖ «ពួកខ្ញុំចង់បាន ៥ចំណុច ព្រោះអី៣ចំណុច ពួកខ្ញុំអត់ព្រមទេ ពួកខ្ញុំបន្តទៅមុខ​ទៀត បើ​ឱ្យ​ខ្ញុំតែ​៣ចំនុច ពួកខ្ញុំអត់ព្រមទេ។ ខ្ញុំសំណូមពរ​ឱ្យបងខាង​ក្រសួងចុះ​មក​ជួយដោះ​ស្រាយ​រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ​ផង​ ពួក​ខ្ញុំ​អត់​មានបានធ្វើ​ខុស​អីទេ ពួកគាត់អ្នកកាត់ឈ្មោះ​ពួក​ខ្ញុំចេញមក»។

​តំណាង​​រោង​​ចក្រ​​កាត់​ដេរ បូវ​ឃើរ ហ្គាមេន ហ្វេក​ធើរី (ខេមបូឌា) ខមភេនី លីមីធីត (Bowker Garment Factory (Cambodia) Co.,Ltd.) ដែលមិនប្រាប់ឈ្មោះ បានបដិសេធ​ឆ្លើយ​តប ដោយថា​ បញ្ហា​​វិវាទការ​ងារនេះ ខាង​ក្រសួងកំពុង​សម្របសម្រួល​ដោះស្រាយ។​

យ៉ាងណា ស្ត្រីរូបនេះបញ្ជាក់ថា៖ «ហើយ​​គួរ​បញ្ជាក់​ផង​ដែរ ដោយសារ​តែពួកគាត់​អត់​យល់​ស្រប ទៅ​តាមការ​អនុវត្តលក្ខខណ្ឌ​ផ្លូវ​ច្បាប់​របស់​ខាង​ក្រុម​ហ៊ុនហ្នឹង​ហើយ ​បានជា​គាត់​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាលក្ខខណ្ឌ ហើយគាត់​ព្យាយាម​ប្រើ​ប្រាស់​រូប​ភាព​ស្រ្តី​មាន​ផ្ទៃ​ពោះ ឬ​ក៏​ស្ត្រី​ដែល​​ត្រឡប់​មក​ពី​សម្រាល​ ជារូប​ភាពដែល​មើល​មក​បង្ហាញ​ថា​ ក្រុមហ៊ុន​​​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​​ច្បាប់​អីផ្សេង​ៗចឹងណា ទាំង​ដែល​ក្រុម​ហ៊ុនគឺ​បាន​បញ្ជាក់​ហើយ​ ហើយ​នៅ​ក្នុង​ស្មារតី​ប្រកាស​របស់ខាង​​ក្រុម​ហ៊ុន​គឺបាន​ប្រកាស​ហើយ​ បញ្ជាក់យ៉ា​ងច្បាស់​​ថា​ក្រុមហ៊ុន​ផ្តល់​​អាទិភាព​ចរចា​ពិសេស​ ក៏ដូច​ជា​​ផ្តល់​លក្ខខណ្ឌចំពោះ​បុគ្គល​​ពិសេស​ ដែល​មានដូចជា ស្ត្រី​កំពុង​មាន​ផ្ទៃពោះ ឬក៏និយោជិត​​ទើបត្រឡប់​​​មក​ពី​សម្រាល គ្រប់ជំនួប​របស់​ក្រុម​ហ៊ុន ឬការ​ចរចា​លើក​ឡើង​អីផ្សេង​ៗ គឺ​ក្រុមហ៊ុនបាន​បញ្ជាក់​ហើយ គឺ​ក្រុម​ហ៊ុន​ផ្តល់​លទ្ធភាពនៅក្នុង​ការ​ចរចា​ចូល​ធ្វើ​ការ​​ ឱ្យ​​​តែ​ពួកគាត់​គោរ​ព​តាម​សិទ្ធិ​ចាត់​ចែង​​របស់ខាង​​ក្រុមហ៊ុន​»។

លិខិត​​​ជូន​ដំណឹង​របស់​រោង​ចក្រ បូវ​ឃើរ ហ្គាមេន ​ចុះ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​ប្រើពាក្យថា ជូន​ដំណឹង​ដល់​​​និយោជិត​​​ចំនួន ៧៥នាក់ ដែ​ល​​បោះ​​បង់​​​ចោល​​ការ​​ងារ​ ហើយមិនទាន់​បាន​បើក​ប្រាក់​ឈ្នួល​ចុង​ក្រោយ ​អាច​អញ្ជើញទៅ​ទទួល​បើក​ប្រាក់ឈ្នួល​ដែល​សេស​សល់​(ប្រាក់ខែ​ចុង​ក្រោយ) ​ចាប់ពី​ថ្ងៃជូន​ដំណឹង​នេះតទៅ រៀងរាល់​ម៉ោង​ធ្វើការ។ ចំពោះ​និយោ​ជិត​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ និយោជិត​ក្នុង​ស្ថានភាព​បំបៅ​ដោះ​កូន ក្រុមហ៊ុន​រក្សា​សិទ្ធិ​ចរចា​ចូល​ធ្វើ​ការ​​វិញ​ក្នុង​ករណី​ពួកគាត់​សហការ​​ធ្វើតាម​ការ​ចាត់​ចែង​របស់​ក្រុម​ហ៊ុន។

ចំណែក សេចក្តីជូនដំណឹង​មួយទៀតរបស់រោង​ចក្របូវឃើរ ចុះថ្ងៃទី១៦ ខែកញ្ញា បាន​គូសបញ្ជាក់ថា ស្ថិត​ក្នុង​កាលៈ​ទេសៈ​​ដែលក្រុម​ហ៊ុនកំពុង​មិន​មានការ​បញ្ជាទិញ​ដូចមុន និង​មាន​ការ​តម្រូវ​ការ​ចាំ​បាច់​ក្នុងការ​រៀបចំ​រច​នា​សម្ព័ន្ធ​ការ​ងារ​ឡើង​វិញ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ស្ថាន​ភាព​អាជីវ​កម្ម​របស់​ក្រុមហ៊ុន។ ក្រុម​ហ៊ុន​មានភាពចាំ​បាច់​កែ​សម្រួល​ការ​ងារ​​របស់​កម្មករ​និយោ​ជិត​ចំនួន ៩៧នាក់ ដែល​កំពុង​បម្រើ​ការ​ងារ​ផ្នែក​ប៉ាក់ ប៉ុន្តែ​ខាង​កម្មករ​និយោជិត​ចំនួន ៧៨​នាក់ ​ដែល​កំពុង​បម្រើ​ការ​ផ្នែក​នេះ មិន​យល់ព្រម ដូច្នេះ​ខាង​ក្រុម​ហ៊ុន​សេចក្តីជូនដំណឹង​ជា​ផ្លូវ​ការ ដើម្បីឱ្យ​ពួកគេ​ត្រូវ​​តែ​ផ្លាស់ប្តូរ​ការ​ងារ​ទៅតាម​ការ​ចាត់​ចែង​របស់​ក្រុមហ៊ុន​ ចាប់ពីថ្ងៃ​ទី​១៧ ខែ​កញ្ញា​តទៅ។

សេចក្តីជូនដំណឹង​ដដែលនោះ បានគូសបញ្ជាក់ថា ក្នុងករណីកម្មករ​និយោជិតផ្នែក​ប៉ាក់ មិន​សហការណ៍ និង​មិន​អនុវត្ត​តាមសិទ្ធិ​ចាត់​ចែង​របស់​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន​រក្សា​សិទ្ធ​មិន​ទូទាត់​ប្រាក់​ឈ្នួល​ចំពោះ​ថ្ងៃ​ដែល​កម្ម​ករ​និយោជិត​​មិន​ធ្វើ​ការ​ ចាប់ពីថ្ងៃទី​០៣ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៥ និង​ចាត់​ទុក​ថា កម្មករ​និយោជិត​បោះបង់​ការ​ងារ​ដោយ​ខ្លួន​ឯង ហើយ​ក្រុមហ៊ុន​នឹង​ទូទាត់​ស្របតាម​ច្បាប់។​

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញបញ្ហានេះ ពី​អ្នកនាំពាក្យក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ លោក​ ស៊ុន មេសា បាន​ទេ នៅរសៀល​ថ្ងៃ​ចន្ទនេះ។

យ៉ាងណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នាង បាន​ប្រាប់យ៉ាង​ខ្លី​ថា ក្រុមការងារ បាន​​និ​ង​​​កំពុ​ងដោះ​​ស្រាយ​បញ្ហា​វិវាទការ​ងារ​​នៅ​​រោង​​ចក្រ​​កាត់​ដេរ​​បូវ​ឃើរ​នេះហើយ តែលទ្ធផលយ៉ាងណា​នោះ នៅមិន​ទាន់​ដឹង​នៅឡើយ។

ប្រធានសហជីពកម្ពុជាប្រចាំ​នៅរោងចក្របូវឃើរ​ លោក សុខ ចន្ធី បាន​អំពាវនាវ​ដល់​ក្រសួងការ​​ងារ និង​ស្ថាប័នពាក់​ព័ន្ធ ជួយ​សម្របសម្រួល​រកដំណោះស្រាយជូន​កម្មករ​កម្មការិនី ឱ្យបាន​ចូលធ្វើការ​វិញ ហើយ​បើ​ខា​ងរោង​ចក្រ​​​នៅតែ​ប្រកាន់ជំហរ​​បញ្ឈប់ពួកគាត់ពីការងារ ដោយសារ​មិនមានការ​ងារផ្នែកប៉ាក់ឱ្យពួកគាត់​ធ្វើ ខាង​រោង​ចក្រ​ត្រូវ​ទូទាត់​ប្រាក់អត្ថប្រយោជន៍ផ្សេង​ៗទៅតាម​ច្បាប់​ការ​ងារ។​​

បើតាមក្រុមកម្មករ អំឡុង​ពេល​ពួកគាត់​ប្រមូលផ្តុំគ្នានៅមុខ​រោង​ចក្រ​នោះ ខាង​មន្ត្រីក្រសួង​ការងារ បាន​ចុះទៅសម្រប​សម្រួល​រក​ដំណោះស្រាយ​ដែរ ប៉ុន្តែ​មិន​ទាន់សះជា ដោយសារ​តែ​ខាង​​រោង​ចក្រ​ផ្តល់​ឱ្យ​តែ ៣ចំណុច ដើម្បីបញ្ចប់​កិច្ច​​សន្យាការ​ងារ គឺ​​ប្រាក់​ខែ​ចុង​ក្រោយ ប្រាក់​បំណាច់​​ឆ្នាំ​ និង​ប្រាក់​​អតីតភាពការងារ​ ខណៈកម្មករ​ទាមទារ​ ៥ចំណុច ទៅតាមច្បាប់ស្តីពីការងារ គឺ​ទាមទារ​បន្ថែមនូវ​​ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​ជូន​ដំណឹង។

ក្រុមកម្មករ​បាន​គូសបញ្ជាក់ថា ពួកគេ​នឹង​បន្តការតវ៉ា និង​ទាមទារ​កិច្ច​អន្តរាគមន៍ពីថ្នាក់ដឹកនាំ​ រហូត​ដល់មាន​ដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ