តុលាការថៃបើកសវនាការ​សំណុំ​រឿង​បាញ់​សម្លា​ប់​លោក លិម គិម​យ៉ា នៅ​ទី​ក្រុង​បាង​កក

ក្រោយ​សំណុំ​រឿង​ឃាតកម្ម​ លោក​ លិម គិម​យ៉ា ​តំណាង​រាស្ត្រគ​ណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​​បាន​ផ្អឹប​ទុក​ជិត​៩ខែ​មក​នេះ តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ នឹង​​បើក​សវនាកា​រ​ជំនុំ​ជម្រះ​លើ​ខ្មាន់​កាំភ្លើង​ និង​អ្នក​ពាក់​ព័ន្ធ​ជន​ជាតិ​ថៃ​មួយ​ចំនួន នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ។ នេះ​បើ​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​គ្រួសារ​ជន​រងគ្រោះ។

ការណ៍​នេះ ក្រុម​អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​មេដឹក​នាំ​គ្រួសារ​ហ៊ុន ចាប់​បញ្ជូន​ជន​សង្ស័យ​ខ្មែរ​ ២រូប មក​កាត់​ទោស​ផង​ដែរ គឺ លី រត​នរ​ស្មី ជាម​នុស្ស​ជំនិត​មេដឹ​ក​នាំ​កម្ពុជា លោក ហ៊ុន សែន និង​ពេជ្រ គឹម​ស្រ៊ីន មក​កាត់​កាត់​ទោ​ស​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ ដើម្បី​បញ្ជាក់​ថា មេដឹក​នាំ​ខ្មែរ មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​ឃា​ត​ក​ម្ម​ដ៏​សាហាវ​ឃោរ​ឃៅ​មួយ​នេះ។

លោក លិម តូម៉ាស់ ជាជន​ជាតិ​បារាំង និង​ជាកូ​ន​ប្រុស​​របស់​លោក លិម គិមយ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញានេះ បាន​បង្ហោះ​លិខិត​មួយ​ច្បាប់ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី៣​០ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ តុលាការ​ថៃ នឹង​បើក​សវនា​ការ​នៅ​ទីក្រុង​បាង​កក លើ​ឃាត​កម្ម លោក លិម គិម​យ៉ា អាយុ ៧៣​ឆ្នាំ ជន​ជាតិ​បារាំង-កម្ពុជា និង​ជាអ​តីត​បក្ស​ប្រឆាំង។

លោក លិម គិម​យ៉ា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០២៥ នៅ​កណ្តាល​ទីក្រុង​បាង​កក ខ​ណៈ​គាត់​បាន​ចេញ​ដំណើរ​ពី​ទីក្រុង​សៀម​រាប​(កម្ពុជា) មក​ប្រទេស​ថៃ ជាមួយ​ប្រពន្ធ។

ប្រភព​បន្ត​ថា លោក លិម គិមយ៉ា ជាតំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ​ ក្នុ​ង​ចន្លោះ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​ ២០១៧ បើ​ទោះ​បី​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន រំលាយ តែ​លោក​នៅ​តែ​សកម្ម​ជួយ​ជាតិ​មាតុ​ភូមិកម្ពុជា​រហូត ហើយ​លោក លិម គិមយ៉ា មិន​​បា​ន​​បោះ​ប​ង់​​កា​រ​​ប្ដេជ្ញា​​ចិត្ត ​ច​ង់​ស្តារ​​លទ្ធិ​ប្រជាធិប​តេយ្យ សិទ្ធិ​មនុស្ស និង​​យុ​ត្តិ​ធម៌​​សង្គម​​ក្នុង​​ប្រទេស​​កម្ពុជា​នោះ​​ឡើយ។

ប្រភពបញ្ជាក់ថា មួយថ្ងៃបន្ទាប់​ពី​ការ​ធ្វើឃា​ត ប៉ូលីស​ថៃ​បាន​បើក​ការ​ស៊ើប​អង្កេត​ និង​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​​ចំនួន​៤នាក់ មាន​ជន​ជាតិ​ខ្មែរ ២នាក់ ឈ្មោះ លី រតនៈរស្មី និង ពេជ្រ គីមស្រ៊ីន។

ប្រភព​បន្តថា ជនសង្ស័យឈ្មោះ ពេជ្រ គីមស្រ៊ីន ជាអ្នកផ្តល់​សញ្ញា​ឱ្យ​ឃាតករ​ជន​ជាតិ​ថៃ តាម​ប្រហារ​លោក លិម គិម​យ៉ា ដែល​ប៉ូលីស​ថៃ​បាន​សហការ​ជាមួយ​ប៉ូលីស Interpol កំពុង​តាម​ចាប់​ខ្លួន​ហើយ។

ប្រភព​បន្ត​ទៀត​ថា បច្ចុប្បន្ន​​ជន​សង្ស័យ​​ទាំង​​ពីរ​​គឺ លី រតនៈរស្មី និងពេ​ជ្រ គីម​ស្រ៊ីន ត្រូវ​​បា​ន​​គេដឹ​ងថា​ កំពុង​សំងំ​​លាក់​ខ្លួន​​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា។

ចំណែក ជន​សង្ស័យ​ពីរ​នាក់​ទៀត​ដែល​​ជា​​ជន​​ជាតិ​​ថៃ ​នឹង​​បើក​​សវនា​ការ​កាត់​​ទោស​ ​នៅ​​​ថ្ងៃ​​ទី​​៣០ ខែ​កញ្ញា​​​នេះ គឺ​ឈ្មោះ ឯកកា​ឡាក់ ភេណូយ  និង​ម្នាក់​ទៀត​ឈ្មោះ ឆាគ្រីត ដែល​​គេ​​ជឿ​​​ថា​​ជា​​អ្នក​​បើក​​រថយន្តជូន ភេណូយ រត់​ទៅ​​ព្រំដែន​​កម្ពុជា។

ការណ៍នេះ មេធាវីគ្រួសារលោក លិម គិមយ៉ា សង្ឃឹមថា តុលាការថៃនឹង​ស្វែងរ​ក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ ដែល​ក្រុម​ឃាតករ​បាន​សហការ​ ឬ​គប់​គិត​គ្នា​សម្លាប់​មនុស្ស​ឆ្លង​ដែន​ដ៏​សាហាវ​ឃោរ​ឃៅ​​មួយ​នេះ។

បន្ថែម​លើ​នេះ លោក លិម តូម៉ាស់ ប្រាប់​VOD​នៅ​ថ្ងៃទី​២៩ខែ​កញ្ញា​នេះ​ថា តុលាការ​ថៃ នឹង​បើក​សវន​ការសំណុំ​រឿង​ឃាតកម្ម​ឳពុក​លោក នៅ​ថ្ងៃ​ទី​៣០ខែ​កញ្ញា វេលា​ម៉ោង​ប្រមាណ​៣រសៀល នៅ​ទីក្រុង​បាង​កក​។

លោក​សង្ឃឹម​ថា តុលាការថៃនឹងផ្តល់យុត្តិធម៌ដល់គ្រួសារលោក ដោយ​ផ្តន្ទា​ទោស​ជន​សង្ស័យ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ជន​សង្ស័យ​ទាំ​ងនោះ​សារ​ភាព​បន្ថែម​ថា នរណា​ជា​អ្ន​កបញ្ជា​បាញ់​សម្លាប់​ឳពុក​លោក។

លោកបន្តថា ការបើកសវនការនេះ​ជា​ជំហានបឋម ដោយ​លោក​ទទូច​ឱ្យ​មេដឹក​នាំ​កម្ពុជា​សហការ​ជាមួយ​តុលាការ​ថៃ​និង​បារាំង ត្រូវ​ចាប់​បញ្ជូន​ខ្លួន លី រតនៈ​រស្មី និង​ពេជ្រ គីម​ស្រ៊ីន ដើម្បី​ផ្តន្ទា​ទោស​ផង​ដែរ។

លោក​និយាយ​ថា៖​ «​ថ្ងៃ​ស្អែក​នេះ ខ្ញុំមិនសូវមាន​សង្ឃឹម​ពី​យុត្តិធម៌​ទេ ប៉ុន្តែវា​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ បើមេដឹក​នាំ​កម្ពុជា​មិន​ចាប់​ខ្លួន លី រតនៈ​រស្មី និង​ពេជ្រ គីម​ស្រ៊ីន​ ទេ​យុត្តិ​ធម៌​ឳពុក​ខ្ញុំមិ​ន​ទទួល​បាន​ទេ ខ្ញុំសង្ស័យ​ថា​រឿង​នេះ ប្រាកដ​ជា​មាន​ជាប់​ពាក់ព័ន្ធ​មេដឹក​នាំ​កម្ពុជា ទើប​មិន​ចាប់​ខ្លួន លី រតនរស្មី និង​ពេជ្រ គីម​ស្រ៊ីន ផ្តន្ទា​ទោស ខ្ញុំ​ដឹង​ថា មាន​គ្រួសារ​តែមួយ​គត់​ដែល​ឪពុក​ខ្ញុំ​មាន​បញ្ហា​ជាមួយ ហើយ​អ្នក​ដែល​មាន​លទ្ធ​ភាព​រៀប​ចំ​កា​រធ្វើ​ឃាត​នៅ​ប្រទេស​ថៃ ដោយ​មិន​ខ្លាច​ផល​វិបាក​នោះ គឺ​គ្រួសារ​ត្រកូល​ហ៊ុន»។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន​ ប្រាប់​VOD​នៅ​ថ្ងៃ​ទី២​៩ ខែ​កញ្ញា​នេះ​ថា សំណុំ​រឿង​លោក លិម គិមយ៉ា នឹង​មិន​ទទួល​បាន​យុត្តិ​ធម៌​ទេ បើ​គ្រួសារ​ហ៊ុន​មិន​បញ្ជូន លី​ រតនៈ​រស្មី និង​ពេជ្រ គីមស្រ៊ីន​ ទៅ​កាត់​ទោស។

លោកអះអាង​ថា ឃាតកម្ម​លោក លិម គិមយ៉ា ជារឿងន​យោបាយ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹក​នាំគ្រួសារ​ហ៊ុន​ ហេតុ​ដូច្នេះ​ហើយ​ទើប​មេដឹក​នាំ​គ្រួសារ​ហ៊ុន ព្យាយាម​លាក់​ជន​សង្ស័យ​ទាំង​២នា​ក់​នោះ​ទុក​។

លោក​បន្ត​ថា ដរាបណា​មេដឹក​នាំ​គ្រួសារ​ហ៊ុន​មិន​ចាប់​បញ្ជូន លី រតនៈ​រស្មី និង​ពេជ្រ គីម​ស្រ៊ីន ទៅ​ឱ្យ​តុលាការ​ថៃ​កាត់​ទោស នោះ​មហា​ជន​ជឿ​ថា​គ្រួសារ​ហ៊ុន​ជា​អ្នក​នៅ​ពី​ខាង​ក្រោយ​ខ្នង​ឃាតកម្ម​នេះ។

សម្រាប់​ លោក អ៊ុំ សំអាន យល់​ថា បើ​មេដឹក​នាំ​គ្រួសារហ៊ុន​​ចិត្ត​ស៊ើង ថា​ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​​បាញ់​សម្លាប់​ លោក​ លិម គិម​យ៉ា ទេ ​ត្រូ​វ​ហ៊ាន​បញ្ជូន​ជន​សង្ស័យ​ទាំង​២នាក់​នោះ​ទៅ​កាត់​ទោស។

ផ្ទុយពី​នេះ លោក​ថា បើ​មេដឹក​នាំ​គ្រួសារ​ហ៊ុន បន្ត​លាក់​ទុក​ជន​សង្ស័យ លី រតនៈ​រស្មី និង​ពេជ្រ គី​ម​ស្រ៊ីន ឆ្លុះ​បញ្ចាំង​ថា គ្រួសារ​ហ៊ុន​ជា​អ្នក​នៅ​ពីខា​ង​ក្រោយ​នៃ​ការ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា។

លោកថា៖ «យើងជឿជាក់ថា រឿងនេះ​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​មេដឹក​នាំ​កម្ពុជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាត​កម្មហ្នឹង ព្រោះ​យើង​ដឹង​ហើយ​នៅ​ថៃ​ហ្នឹង លោក លិម គិមយ៉ា អត់​មាន​ទំនាស់​ជា​លក្ខណៈ​បុគ្គល​ជាមួយ​​អ្នក​ណា​រឿង​នយោ​បាយ​នោះ​​ទេ ហើយ​លោក លិម គិ​មយ៉ា គាត់​ជា​អ្នក​នយោបាយ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​បាន​រិះ​គន់​ លោក ហ៊ុន ម៉ានី ដែល​ធ្វើ​ឲ្យ​ឆេះ​ឆា​​យា​ល័ក្ខណ៍​របស់​ព្រះ​មហា​ក្សត្រ​នៅ​មុខ​ព្រះ​បរមរាជ​វាំង ដែល​គេ​គុំ​គួន​គាត់»។

ជុំវិញបញ្ហានេះ VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យអគ្គស្នងការ​នគរបាល​​ជាតិ លោក ឆាយ គឹម​ខឿន បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយនេះ។

យ៉ាងណា អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត អះអា​ងថា យុត្តិ​ធម៌​មាន​សម្រាប់​គ្រួសារ​លោក លិម គិមយ៉ា លុះ​ត្រា​តែ​មេដឹក​នាំក​ម្ពុជា​ហ៊ាន​សហការ​ចាប់​​ខ្លួន​​ជ​នស​ង្ស័យ​ទាំង​២នាក់​នោះ។

លោកបន្តថា ករណីតុលាការថៃបើកសវនាការ​សំណុំ​រឿង​ឃាតកម្ម​ លោក លិម គិម​យ៉ា វា​ជា​រឿង​ល្អ​ ដើម្បី​បង្ហាញ​ថា ថៃ​មិន​ជាប់​ពាក់​ព័ន្ធ​រឿង​នេះ​ទេ គឺ​មា​នអ្នក​រៀប​ចំ​ជួល​លក្ខណៈ​ជាប្រ​ព័ន្ធ​ពី​ភាគី​កម្ពុជា។

លោកយល់ថា កាលៈទេសៈនេះ ដើម្បី​បង្ហាញ​ភាព​ស្អាត​ស្អំ​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​ឃាតកម្ម​សម្លាប់​លោក​​លិម គិម​យ៉ា មេដឹក​នាំ​កម្ពុជា​ត្រូវ​សហការ​ជាមួយ​តុលាការ​ថៃ​ កាត់​ទោស​ជន​សង្ស័យ​ទាំង​២​នាក់នោះ។

លោក​បន្ត​ថា បើមេដឹកនាំកម្ពុជាមិនសហការជាមួយតុលាការ​ថៃ ឬ​ប៉ូលីស​អន្តរ​ជាតិ ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ លី រតនៈ​រស្មី និង​ពេជ្រ គី​ម​ស្រ៊ីន ទេ មហា​ជន​ជឿ​ថា​មេដឹក​នាំ​កម្ពុជា​មាន​ជាប់​ពាក់​ព័ន្ធ​រឿ​ង​នេះ។

លោកថា៖ «ដើម្បីស្វែករកការពិត​ ហើយ​និង​បាន​ផ្ដល់​យុត្តិ​ធម៌​ជូន​ចំពោះ​ជន​រ​ង​គ្រោះ ការ​ដែល​កម្ពុជា​​ធ្វើការ​សហការ​​ដោយ​ពេញ​ដៃ​ពេញ​ជើង​នេះ​ កម្ពុជា​នឹង​អាច​ អាជ្ញាធរ​កម្ពុជា​នឹង​អាច​គេច​ផុត​ពី​ភាព​អាសោច​នៃ​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតក​ម្ម​នយោបាយ​មួយ​នេះ ប៉ុន្តែផ្ទុយ​មកវិញ​ បើ​​មិន​មាន​ការ​សហការ​ទេប្រាកដ​ណាស់​ មហាជ​ន​នឹង​ដាក់​ការ​សង្ស័យ​ថា អ្នក​នៅពីក្រោ​យ​នៃ​ឃាតកម្ម​គឺ​ក្រុម​មេដឹក​នាំ​កម្ពុជា»។

លោក លិម គិមយ៉ា អាយុ៧៣​ឆ្នាំ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​​លោ​ក​​​​និ​ង​ភរិយា​​​​ជា​​ជន​​ជាតិ​​​បារំាង​​​​​ធ្វើ​​ដំ​ណើ​​រ​ចេញ​​​ពី​​ខេត្ត​​សៀម​​រាប ឆ្លង​​​កាត់​​ប្រទេស​​​ថៃ ក្នុង​​ដំណើរ​​វិល​ទៅ​​ប្រទេស​បារំាង​វិញ។

ឃាតកម្ម​នេះ ក្រោយ​លោក លិម គិមយ៉ា រិះគន់​គ្រួសារ​ហ៊ុន ធ្វើ​ឱ្យ​ឆេះ​ព្រះ​​ឆាយា​ល័ក្ខណ៍​​ព្រះ​មហា​ក្សត្រ ​​​ក្នុង​​ព្រឹត្តិ​ការណ៍ ​«​សាទរ​​​កម្ពុជា​»​ ដែល​​រៀបចំ​​​ក្នុង​​​ថ្ងៃ​ឆ្លង​​​ឆ្នាំ​​សាកល​​២០២៥​។

ក្រោយឃាតកម្មកើតឡើង ឃាតករជន​ជាតិ​ថៃ ​ឈ្មោះ Akkalak peanoi ត្រូវ​​បាន​​ចាប់​​​ខ្លួន​​បាន​​នៅ​​​ក្នុង​ទឹក​ដី​​កម្ពុជា​ ក្នុង​​ខេត្ត​​បាត់​​ដំបង។

ក្រោយមក តុលាការថៃ បាន​ចេញ​ដីកា​​ឱ្យ​​ចាប់​​ខ្លួន លី រតនៈ​​រស្មី ជា​ទី​ប្រឹក្សា ​លោក ហ៊ុន សែន។ ដោយ​ឡែក ប៉ូលិស​​​អន្តរ​​ជាតិ​​អាំង​​​​​ទែ​ប៉ូល (Interpol) បាន​​​ចេញ​​​​និវេទន៍​​​ក្រហម (Red notice) ​​​​​​​ឱ្យ​ស្វែង​រក​​ចាប់​ខ្លួន​​​​អ្នក​​ផ្តល់​​​​តម្រុ​យ​​​​ឱ្យ​​បាញ់​​សម្លាប់ លោក លិម គិមយ៉ា គឺ​​ជនសង្ស័យ​​ឈ្មោះ ពេជ្រ គឹម​ស៊្រីន ។

ពេជ្រ គឹមស៊្រីន ត្រូវគេស្គាល់ថា ជា​មនុស្ស​ស្និទ្ធ​​នឹង​​​​លោក ឃួង ស្រេង អភិបាល​​​រាជធានី​​ភ្នំពេញ ដែល​ញឹក​​ញាប់​​​ លោក ឃួង ស្រេង តែង​តែប​ង្ហាញ​កា​យ​​​វិការ​​លូន​ក្រាប​​​គ្រួសារ​ហ៊ុន។

កាល​​ពី​ថ្ងៃ​ទី​២៤ ខែ​​មករា បារាំងតាមរយៈ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​លើក​​ឡើ​​​ងពីយុត្តិ​ធម៌ លោក លិម គិមយ៉ា នៅ​ចំពោះ​មុខ លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ផង​ដែរ។

បន្ទាប់មកទៀត ​​ភាគីបារាំង​ក៏បានជួប លោក ឌី វិជ្ជា ​ជា​ប្រធាន​​នាយក​កណ្ដាល​​សន្តិសុខ ​អគ្គ​ស្នងការរងនគរ​​បាល​​ជាតិនៃក្រសួង​​មហា​ផ្ទៃ ជុំវិញ​វិធាន​ចាប់​ខ្លួនជ​ន​សង្ស័យ​​ក្នុង​សំណុំរឿ​ង​ឃាតកម្ម​នេះ ។

យ៉ាងណា ជិត១០ខែទៅនេះ ជនសង្ស័យ លី រតនៈ​រស្មី និងពេជ្រ គឹម​ស៊្រិន ត្រូវ​បាន​គេ​ដឹង​ថា នៅ​បន្ត​លាក់​ខ្លួន​ក្នុង​​​ប្រទេស​​​កម្ពុជា ក្រោម​អំណាច​របស់​គ្រួសារ​​ហ៊ុន។

ការ​លាក់​ទុក និង​ជួយ​ការ​ពារជ​ន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ដែល​មេដឹក​នាំក​ម្ពុជា​មិន​ព្រម​សហការ​ប្រគល់​ជន​សង្ស័យ ឱ្យ​ទៅ​ប៉ូលីស​អន្តរ​ជាតិ អាំង​ទែ​ប៉ូល និង​តុលាការ​ថៃ ដើម្បី​កាត់​ទោស និង​រក​អ្នក​ពាក់​ព័ន្ធផ្សេង​ទៀត​ជុំវិញ​ឃាតកម្ម​ដ៏​ឃោរ​ឃៅ​នេះ រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​រង​ការ​ចោទ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ឃាត​កម្ម​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​ដ៏​ពិត​ប្រាកដ ដែល​ជា​ដើម​ហេតុ​បង្កើត​ឱ្យ​មាន​វប្ប​ធម៌និទណ្ឌ​ភាព​នៅ​កម្ពុជា។

អង្គការគម្រោងយុត្តិធម៌ពិ​ភព​លោក បាន​ចេញ​ផ្សាយ​របាយ​ការណ៍​​ស្ដី​ពីនី​តិ​រដ្ឋ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា​ ឆ្នាំ​២០២៤ ដាក់​ឱ្យ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១៤១ ជា​ចំណាត់​ថ្នាក់​ទាប​ជិត​បាត​តារាង​ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ក្នុង​ចំណោម​ប្រទេស​ទាំង​១៤២ ។

ការកំណត់នីតិរដ្ឋនៃអង្គការគម្រោងយុត្តិធម៌ពិភព​លោក គឺផ្អែ​ក​លើ​មូល​ដ្ឋាន​នៃ​ការ​ប្រើ​អំណាច​របស់​មេ​ដឹក​នាំ​ប្រទេស​នីមួយៗ ជុំវិញ​ការ​ធានា​នូវ​ការ​អនុវត្ត​រដ្ឋ​ធម្ម​នុញ្ញ ការ​អនុវត្ត​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ធានា​នូវ​សេរី​ភាព​សារ​ព័ត៌​មាន​ផង​ដែរ។

បន្ថែមលើនេះ ក៏វាស់វែងលើការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ការ​បើក​ចំហសេ​រី​ភាព​ពីរ​ដ្ឋាភិ​បាល ការ​បើក​ចំហ​សិទ្ធិ​ជាមូល​ដ្ឋា​ន​​របស់​​ពលរដ្ឋ និង​កត្តា​មួយ​ចំនួ​ន​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ