ភាពឯការបស់​មេដឹកនាំ​កម្ពុជា​ក្នុង​ជម្លោះ​ព្រំដែ​ន​ជាមួយ​ថៃ​ក្រោម​ការ​បែក​បាក់​ជាតិ

ភាព​ឯកា​របស់​មេដឹក​នាំ​កម្ពុជា ក្នុង​ជម្លោះ​ព្រំដែ​ន​ជាមួយ​ប្រទេស​ថៃ ជាង​២ខែ​មក​នេះ ដែ​​​លគ្មាន​សហគមន៍​អន្តរ​ជាតិ​ណា ថ្កោល​ទោស​ថៃ លើ​ការ​បំពាន​បទ​ឈប់​បាញ់​នោះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា បញ្ហា​ មក​ពី​មេដឹក​នាំ​ដិត​ដាម​ដោយ​រឿង​អាស្រូវ រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ និង​អំពើ​​ពុ​ក​​រលួយ។

ដែល​ការណ៍​នេះ ចាំបាច់​ត្រូវ​កែល​ម្អ​បន្ទាន់ ប្រក​បដោ​យ​ការ​ជឿ​ទុក​ចិត្ត​ពី​សហគមន៍​ជាតិ និង​អន្តរ​ជាតិ​ ទើប​អាច​ស្តារ​ជីវភាព​ពលរដ្ឋ​ច្រើន​លាន​នាក់ និង​ការ​ពារ​បូរណ​​ភាព​ទឹក​ដី ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដូច​បច្ចុប្បន្ន​នេះ​បាន។

ក្រុមអ្នកឃ្លាំដែលមិន​ចំណុះ​ឱ្យ​រដ្ឋាភិ​បាល​ បាន​សំអាង​ថា ក្រោយ​ពី​រដ្ឋាភិ​បាល​កម្ពុជា រួម​ទាំង​មន្រ្តី​ការ​ទូត​ជាច្រើ​ន​ព្យាយាម​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរ​ជាតិ​ជិត​២ខែ​​មក​នេះ ហាក់​មិន​ទាន់​ឃើញ​មាន​ប្រតិ​កម្ម​ថ្កោល​ទោស​ថៃ​នៅ​ឡើយ​ទេ។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែ​កញ្ញា រដ្ឋ​​ម​ន្ត្រី​ក្រសួង​​ការ​​បរទេស​​កម្ពុជា លោក ប្រាក់ ​សុខុន ថ្លែង​​ក្នុ​ង​​មហា​សន្និ​បាត​​​អង្គកា​រ​​សហ​​ប្រជា​​ជាតិ កម្ពុជា​បន្ត​​ស្នើ​​សុំ​​​ដោយ​​ស្មោះ​ត្រង់​​នូវ​​ការ​បន្ត​​គាំ​​ទ្រ និង​​ការ​​សម្រប​​សម្រួល​​របស់​​ប្រធាន​​អាស៊ាន និង​​ប្រទេស​​សមាជិក​​អាស៊ាន អគ្គ​​លេខា​​ធិការ​និង​​ស្ថាប័ន​​ពាក់​​ព័ន្ធ​​​នៃ​​អង្គ​ការ​​សហ​​ប្រជា​ជាតិព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ជុំ​វិញពិភព​លោក ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ដោយ​សន្តិ​វិធី និង​ទប់​ស្កាត់​ការ​កើត​ឡើង​នូវ​សោក​នាដ​កម្មបន្ថែម​ទៀត ព្រមទាំង​លើក​ទឹក​ចិត្ត​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តគណបក្ស​​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់​VO​Dនៅ​ថ្ងៃ​ទី​៣០ខែ​កញ្ញានេះ​ថា ការ​​ដែល​សហ​​គមន៍​អន្តរ​​ជាតិ​​ស្ទាក់​​ស្ទើរ​​មិន​​ជួយ​​កម្ពុជា ដោយ​​សារ​​មេដឹក​​នាំ​​គ្រួសារ​​ហ៊ុន​​បាន​​សម្លាប់​​ប្រជា​​ធិ​​​ប​​តេយ្យ រំលោភ​​សិទ្ធិ​​មនុស្ស បង្កើត​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក ចាប់​ជំរិត និង​ជួញ​ដូរមនុស្ស បញ្ហា​គ្រឿង​ញៀន និង​​អំពើ​ពុក​រលួយ​ជាដើម។

លោកអះអាងទៀតថា ការស្ទាក់ស្ទើររបស់សហគមន៍​អន្តរជាតិ មិន​ចង់​ជួយ​កម្ពុជា ដោយ​សារ​​​គេ​​មើល​​ឃើញ​​ថា មេដឹក​​​នាំ​​គ្រួ​សារ​ហ៊ុន ​​​មិន​​កែ​​ចរិត​​​ដឹក​នាំផ្តា​ច់​ការ បន្ត​ធ្វើ​បាប​រាស្រ្ត និង​ពង្រីក​បណ្តាញ​ឧក្រិដ្ឋ​ឆបោក​​ខ្នាត​អន្តរ​ជាតិទៀត ដែល​​គំរាម​កំហែង​ដល់​សន្តិសុ​ខ​តំបន់ និង​ពិភព​លោក។

មិនតែ​ប៉ុណ្ណោះ លោក​ថា មេដឹកនាំ​គ្រួសារ​ហ៊ុនបន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ ចាប់​ខ្លួន​មេដឹក​នាំ​បក្សប្រឆាំង​​លោក កឹម សុខា និង​សកម្ម​ជន​សង្គម សកម្មជន​នយោបាយ​ជាច្រើន តាម​ទំនើង​ចិត្ត​ជាដើម។

លោកបន្តថា បញ្ហាចាក់ស្រែះនេះហើយ ដែលធ្វើឱ្យប្រទេសប្រជាធិ​បតេយ្យ​ជឿន​លឿន រួម​ទាំង​សហគមន៍​អន្តរ​ជាតិ ហាក់​បិទ​ភ្នែក​បិទ​ច្រមុះ​ស្ទាក់​ស្ទើរ​មិន​ជួយ​កម្ពុជា ទោះ​បី​ថៃ​គឃ្លើន​ឈ្លាន​ពាន​យ៉ាង​ណា​ក្តី។

លោក​ថា៖ «កត្តាដែលអន្តរជាតិមិន​ជួយ​កម្ពុជា គឺ​ដោយ​សារ​តែ​កម្ពុជា​យើង​ហ្នឹង ដឹក​នាំ​តាម​របៀប​ផ្តាច់​ការ​សម្លាប់​ប្រជា​ធិប​តេយ្យ រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ចាប់​ចង​មន្ត្រី​បក្ស​ប្រឆាំង​ សង្គម​ស៊ីវិល យុវ​ជន​បរិស្ថាន​ ដាក់​ពន្ធ​នា​គារ និ​ងបោះ​​ឆ្នោត​ក្លែង​ក្លាយ ឬ​ក៏​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​អាហ្នឹង​បញ្ហា​ទី១។ បញ្ហា​ទី​២​ ​គឺ​ដោយ​សារ​អី​ ដោយ​សារ​កម្ពុជា​បាន​បណ្ដេញ​ចេញ​នូវ​សារ​ព័ត៌​មាន​ឯករាជ្យ​ ដូច​ជា វីអូឌី អាស៊ី​សេរី ខេម​បូឌា​ដេលី ហើយ​និង​អត់​មាន​ប្រព័ន្ធ​ឃោសនា​ធំៗ ដូច​ជា Router BBC CNN មួយ​ទៀត​ដោយ​សារ​អី​ដោយ​សារ​កម្ពុជា​ហ្នឹង មាន​បទ​ល្មើស​ឆបោក​តាម​អន​ឡាញ​ហ្នឹង​ច្រើន ដែល​សហគមន៍​អន្តរ​ជាតិ​គេ​អត់​ពេញ​ចិត្ត»។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិម្នាក់ទៀត​គឺ លោក សួន សូរីដា បង្ហោះ​សា​រ​នៅ​ថ្ងៃ​ទី៣០ខែ​កញ្ញា​នេះ​ដែរ​ថា ចង់​ឱ្យ​គេ​ជួយ ចាំបាច់​យើង​ត្រូវ​ជួយ​ខ្លួន​យើង​ជា​មុន។

លោកបន្តថា គោលការណ៍ជាអាទិភាពរបស់អង្គការ​សហ​ប្រជា​ជាតិ និង​សហរដ្ឋ​អាមេរិក​គឺ «ការ​ពារ​ជីវិត​មនុស្ស និង​សិទ្ធិ​មនុស្ស មិន​មែន​ការ​ពារ​អំណាច​មេដឹ​ក​នាំ​ប្រទេស​ណាមួយ​ទេ»។

ការរ​ណ៍​នេះ លោក សូរីដា យល់ថា អ្វីដែលកម្ពុជាបានស្នើអង្គការ​សហ​ប្រជា​ជាតិ និង​សហរដ្ឋ​អាមេរិក​ឱ្យ​ជួយ​នៅក្នុ​ង​ជំលោះ​ព្រំដែន​កម្ពុជា-ថៃ ចាំបាច់​ណាស់​កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​បង្ហាញ​ឱ្យ​ពួក​គេ​ឃើញ​ថា «កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ តាម​រយៈ​ដោះ​លែង​អ្នក​ទោស​នយោ​បាយ សង្គម បរិស្ថាន ដើម្បី​នាំ​មក​នូវ​ការ​ផ្សះ​ផ្សា​ជាតិ​​ខ្មែរ​ឡើង​វិញ ទើប​ខ្មែរ​ខ្លាំង​បាន។

លោកបន្តថា ទោះបីកម្ពុជាត្រូវបានបំពានយ៉ាងកំរោលពី​ទាហាន​ថៃ​យ៉ាង​ណាក៏​ដោ​យ នៅ​លើ​ឆាក​អន្តរ​ជាតិ​ជាក់​ស្តែង​វេទិការ​អង្គ​ការ​សហ​ប្រជាជាតិ​ថ្មីៗ​នេះ អត់​មាន​ប្រទេស​ណាជួ​យឈឺ​ឆ្អា​ល​ដល់​កម្ពុជា ឬ​ថ្កោល​​ទោស​ថៃ​ឡើយ សូម្បី​វៀត​ណាម និង​ចិន​ក៏​គ្មាន​ដែរ។

VOD មិនទាន់អាចសុំការឆ្លើយតបពីអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ បាន​នៅ​ឡើយ​ទេ គិ​តត្រឹ​ម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាននិយាយ​លើហ្វេ​ស​ប៊ុក កាល​ពី​ថ្ងៃ​ទី២​៦ខែ​កញ្ញា​ថា​ ការ​កំណត់​​បន្ទាត់​ព្រំដែន ថៃ​ជា​ប្រទេស​ជិត​ខាង​កម្ពុជា ត្រូវ​ទុក​លទ្ធ​ភាព​ឱ្យ​មន្ត្រី​ជំនាញ​កិច្ច​ការ​ព្រំ​ដែន​ទាំង​ពីរ​ដោះស្រាយ​​ការ​ខ្វែង​គំនិត​គ្នា យោង​តាម​MOU​ឆ្នាំ​២០០០ ដែល​ភាគី​ទាំង​​ពីរ​បាន​ព្រម​ព្រៀង​គ្នា។

ក្នុងន័​យ​នេះ លោកពន្យល់ថា ខណៈ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​កំណត់​ព្រំដែន​រួម​គ្នា ប្រជាជន​ទាំង​សង​ខាង​បា​ន​​រស់​នៅ និង​ដាំ​ដុះ​ដី​អស់​ជា​ច្រើន​ទស្សវត្សរ៍ នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​កំណត់​ព្រំ​ដែន។ ប្រការ​នេះ​បាន​នាំ​ឱ្យ​​មាន​​ជម្លោះ ឬ​ការ​ខ្វែង​គំនិត​គ្នា ដែល​ភាគី​ទាំង​ពីរ​អាច​ដោះ​ស្រាយ​ដោយ​មិត្ត​ភាព​តាម​រយៈ​គណៈ​កម្មា​ធិការ​ព្រំដែន​​ទូទៅ (GBC) ហើយ​បាន​យល់​ព្រម​បញ្ជូន​បញ្ហាព្រំ​ដែន​ដ៏​ស្មុគ​ស្មាញ​ទៅ​គណៈ​​ក​ម្មកា​រ​ចម្រុះ​​សម្រាប់​ការ​បោះ​បង្គោល​​ព្រំដែន​គោក​(JBC) ដើម្បី​ដោះ​ស្រាយ ដោយ​អនុ​លោម​តាម​អនុ​ស្ស​រណៈ​នៃកា​រ​យោគ​យល់​គ្នា​ រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​រដ្ឋាភិ​បាល​នៃ​​ព្រះ​រាជា​ណាចក្រ​ថៃ និង​ចុះហ​ត្ថលេខា​លើ (MOU 2000) ។

យ៉ាងណា អ្នកវិភាគភូមិសាស្ត្រនយោបាយនៅអាស៊ី​អាគ្នេយ៍ និង​​ជា​​នាយក​​ក​ម្ម​វិធី​​តស៊ូ​ម​​តិ​​នៃ​អ​​ង្គ​​ការប្រជា​ធិបតេ​យ្យ​ខ្មែរ​​ដែល​​មាន​​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សេង វណ្ណលី បាន​សរសេរ​សារ​លើហ្វេស​ប៊ុក​ថា ហេតុ​អ្វី​ខ្មែរ​ឯកា ក្នុង​ជម្លោះ​កម្ពុជា-ថៃ។

លោកពន្យល់ថា អធិបតេយ្យភាព និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា កំពុង​រង​ការ​វាយ​ប្រហារ និង​ឈ្លាន​ពាន​ពី​ថៃ ដោយ​រដ្ឋាភិ​បាល​បច្ចុប្បន្ន​មិន​អាច​ធ្វើ​អ្វី​បាន​ទាល់​តែ​សោះ ក្រៅ​​​តែ​ពីកា​រ​ដើរ​អំពាវ​នាវ​ឲ្យ​អាស៊ាន និង​សហគមន៍​អន្តរ​ជាតិ ជួយ​ធ្វើ​អន្តរាគមន៍ និង​ឲ្យ​បណ្តាញ​សារ​ព័ត៌​មាន​ល្បីៗ​លើ​សកល​លោក​ជួយ​ផ្សព្វ​ផ្សាយ​ទង្វើឈ្លា​ន​ពាន​របស់​ថៃ។

ផ្ទុយទៅវិញ កិច្ចខិតខំប្រឹងប្រែង​ទាំង​នេះ ហាក់​គ្មាន​ប្រសិទ្ធ​ភាព​ និង​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីមជ្ឈ​ដ្ឋាន​តំបន់ និង​អន្តរ​ជាតិ​ឡើយ បណ្តាញ​ព័ត៌​មាន​ល្បីៗ​លើ​សកល​លោក​មួយ​ចំនួន​សោះ បែ​រ​ជា​ជួយ​ថៃ​បំភាន់​សាធារណ​​មតិ​ទៅ​វិញ។

សម្រាប់លោក សេង វណ្ណលី ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិ​បាល​បច្ចុប្បន្ន ហាក់​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីប​ណ្តាញ​សារ​ព័ត៌​មាន​ល្បីៗ​លើស​កល​លោក ពី​អង្គ​ការ​តំបន់​ និង​សហគមន៍​អន្តរ​ជាតិ?

លោកអះអាងថា មូលហេតុជាក់ស្តែងបំផុត គឺដោយសារតែកេរ្តិ៍ឈ្មោះ​អសោចន៍​របស់​រដ្ឋាភិបា​ល​កម្ពុជា​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាកអ​ន្តរ​ជាតិ ដូច​ជា ការ​គ្រប់​គ្រង​តាម​បែប​ផ្តាច់​ការ ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ការ​បំភ្លេច​បំផ្លាញ​សម្បត្តិ​ធនធា​ន​ធម្ម​ជាតិ ការ​ផ្តល់​ជម្រក​ដល់​ឧក្រិដ្ឋ​ជន​រក​ស៊ីទុ​ច្ចរិត និង​លាង​លុយកខ្វក់ និង​ជារួម ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​សេរី​ពហុ​បក្ស​ឆ្នាំ​១៩៩៣ របស់​កម្ពុ​ជា​តែ​ម្តង។

លោក សេង វណ្ណលី យល់ថា បើសព្វថ្ងៃកម្ពុជាមានរដ្ឋាភិបាល​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ ពិភព​លោក​នឹង​ឈរ​ជាមួយ​កម្ពុជា ​ដើម្បី​ការ​ពារ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​កម្ពុ​ជា​ពីការ​ឈ្លាន​ពាន​ពី​បរទេស។

ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក​ នី សុខា យល់​ថា ដើម្បី​ឱ្យ​អន្តរ​ជាតិ​មាន​ទំនុក​ចិត្ត​ជួយ​​កម្ពុជា មេដឹក​នាំ​​កម្ពុ​ជា​ត្រូវ​តែ​​​កែ​​ប្រែ​​ឥរិយា​​ប​ទ​​ដឹក​​នាំ ស្តារ​​ប្រជា​​ធិប​​តេយ្យ គោរព​​សិទ្ធិ​មនុស្ស និង​​​ដោះ​​លែង​​អ្នក​​ទោស​​មនសិកា​​ទាំង​​អស់។

មិនត្រឹមតែ​ប៉ុណ្ណោះ លោក​ថា មេដឹក​នាំ​កម្ពុជា ក៏ត្រូវ​បើក​លំហរ​សេរីភាព​​បញ្ចេញ​​មតិ បោះ​​ឆ្នោត​​ដោយ​សេរី ត្រឹម​​ត្រូវ និង​​យុត្តិ​​ធម៌ តប​​តាម​​ស្មារតី​​រដ្ឋ​​ធម្ម​​នុញ្ញ និង​​បំណង​​ប្រាថ្នា​រ​បស់​​សហគមន៍​​អន្តរ​​ជាតិ​។

លោកជឿថា ដើម្បី​ឱ្យ​សហគមន៍​អន្តរ​ជាតិគេ​ជួយ ចាំបាច់​ណាស់​កម្ពុជា​​ត្រូវ​ជួយ​ខ្លួន​​ឯង​​ជាមុន ដូច​ជាស្តារ​​ប្រជា​ធិប​​តេយ្យ លុប​បំ​បាត់​​អំពើ​​ពុក​រលួយ បក្ខ​​ពួក​​និយម និង​​អំពើ​​ឧក្រិដ្ឋ​​កម្ម​​ឆ្លង​​ដែន​ជាដើម។

លោកថា៖ «ប្រទេស​នីមួយៗ​នៅ​ពេល​ដែល​គេជួ​យ​យើង​ ក៏​គេស​ម្លឹង​ឃើញ​ពីផ​ល​ប្រយោជន៍ ពី​អ្វី​ដែល​ជា​អត្ថ​ប្រយោជន៍​​របស់​ប្រទេស​គេដែ​រ អីចឹង​កន្លង​ទៅយើ​ងដឹ​ង​ហើយ​ថា​ ទាំង​សហគមន៍​អឺរ៉ុប​ក្តី​ ទាំង​សហរដ្ឋអាមេរិក​ក្ដី ក៏​ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិ​បាល​ស្ដារ​សិទ្ធិ​មនុស្ស ប្រជាធិប​តេយ្យ​ ខ្ញុំគិ​ត​ថា​ ចំណុច​ទាំង​អស់​នេះ​ ប្រហែល​ជា​សហរដ្ឋ​អាមេរិក ក៏​ដូ​ច​ជា​សហគមន៍​អឺរ៉ុប មិន​បោះ​បង់​ចោល​ទេ ពីព្រោះ​ថា​ប្រទេស​ទាំង​អស់​នោះ​ គឺ​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​យក​នូវ​គោល​ការ​ណ៍ប្រជា​ធិប​តេយ្យ​សេរី​ ការ​គោរព​សិទ្ធិ​មនុស្សហើយ​កន្លង​ទៅ ក៏​ធ្លាប់​តែ​ជំរុញ​ ឬ​ក៏​ធ្លាប់​លើក​ទឹក​ចិត្ត​ផង អំពាវ​នាវ​ផង ឲ្យ​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ស្តារ​ឡើង​វិញ​នូវ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ប្រជា​ធិប​តេយ្យ​ទាំង​អស់​ហ្នឹង»។

សម្រាប់ លោក នី សុខា​ បារម្ភថា បើបញ្ហាទាំង​នេះ រដ្ឋាភិបាលមិន​កែ​លម្អ ឬ​ពន្លឿន​ការ​ដោះ​ស្រាយ​ទេ វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​បូរណ​ភាព​ទឹកដី​បន្ថែម​ទៀត ជាពិសេស​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ផង​ដែរ។

លោក​បារម្ភទៀត​ថា​ ការមិនស្តារប្រជាធិ​បតេយ្យនិងសិទ្ធិមនុស្ស វាមិន​ត្រឹម​តែ​ធ្វើ​ឱ្យស​ហគមន៍​អន្តរ​ជាតិ​មិន​ជួយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ពួក​គេ​បន្ត​ដាក់​សម្ពាធ​បន្ថែម​ទៀត ជុំវិញ​ការ​មិន​អើ​ពើស្តា​រ​ប្រជា​ធិប​តេយ្យ ដែល​បញ្ហាទាំ​ង​អស់​នេះ អ្នក​ដែល​រង​ទុក្ខ​គឺ​ប្រជា​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ