ការរកឃើញ​មេ​ប៉ូលិស​ខេត្ត​ការ​ពារ​ឧក្រិដ្ឋ​ជន​ជំរុញ​ឱ្យ​មាន​ការ​រិះ​គន់​មេដឹក​នាំ​កំពូល

ការ​ដែល​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) រក​​ឃើ​ញ​​មេ​ប៉ូលិស​ខេត្ត​បាត់​ដំបង រត់​ការ​បិទ​បាំង​សំបុក​ឧក្រិដ្ឋ​ជន​ឆបោក​អន​ឡាញ​នោះ ជំរុញ​ការ​លើក​ឡើង​ពី​វិធាន​បោស​សម្អាត​ជា​ប្រព័ន្ធ​ រួម​ទាំង​វះ​កាត់​ឧក្រិដ្ឋ​ជន​ដែល​មេដឹក​នាំ​ប្រមូល​ដាក់​ក្បែរ​ខ្លួន ទើប​អាច​បង្រ្កាប​សំបុក​ឧក្រិដ្ឋ​ជន​ដល់​ឬស​គល់​បាន។

ការលើកឡើង​នេះ ក្រោយ ACU រក​ឃើញ​ថា អធិការ​រង​នគរបាល​ស្រុក​បវេល ខេត្ត​បាត់​ដំបង​ លោក វ៉ន វាសនា បាន​​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទទួល​ប្រាក់​ចំនួន​ ៧៧៤ ០០០​ ដុល្លារ​​អាមេរិក ពីថៅកែ Online Scams ជាជ​នជា​តិ​ថៃ។

បើតាមរបាយការណ៍របស់​ACU ចុះថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា លោក វ៉ន វាសនា យក​លុយ​ពីឧ​ក្រិដ្ឋ​ជន​ឆបោក​តាម​អន​ឡាញ​នេះ​ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​ជាតិ​ថៃ ៤៣​នាក់​ ដែល​សមត្ថ​កិច្ច​បង្រ្កាប​បាន​នៅ​ក្រុង​ប៉ោយ​ប៉ែត​ថ្មីៗនេះ ជុំវិញ​ការ​លាក់​ខ្លួន​នៅ​កម្ពុជា​ប្រព្រឹត្ត​អំពើ​ឆបោក​​តាម​អន​ឡាញ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវ​រិន្រ្ទ យល់​ថា ដើម្បី​បោស​សម្អាត​ពួក​ឧក្រិដ្ឋ​ជន​ឱ្យ​ដល់​ឬស​គល់ ចាំបាច់​ណាស់​ត្រូវ​បង្រ្កាប​ជា​ប្រព័ន្ធ​​ក្នុង​ជួររ​ដ្ឋាភិបាល មាន​ទាំង​មនុស្ស​ជំនិត​ក្បែរ​លោក ហ៊ុន សែន ផង។

ក្នុងន័យ​នេះ លោកថា​ ការ​ចាប់​ខ្លួន​មន្រ្តី​ថ្នាក់​ក្រោម​បែប​នេះ គ្រា​ន់​តែ​ជា​រូប​ភាព​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ វា​គ្មាន​ប្រសិទ្ធ​ភាព​ទេ តែបើ​មេ​ខ្លោង​ធំៗ​នៅក្បែ​រ​មេដឹក​នាំ​នៅតែ​អា​ចរ​ស់​បាន​ក្រៅសំ​ណាញ់​ច្បាប់​នោះ។

លោកថា៖ «យើងចាប់តែអ្នកកំប៉ិកកំប៉ុកនៅតា​ម​ក្រោម មិន​អាច​ធ្វើអ៊ី​ចឹង​បាន​ទេ! បើ​យើង​ចាប់​ដើម្បី​រក​តាម​សំបុក! ដើម្បី​កម្ចាត់​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​បាន​ ត្រូវ​តែចា​ប់​មេកំពូល​សិន! មេធំ។ ឲ្យ​តែ​ចាប់នេះ​ធំ​បាន​ហើយ​ គឺ​មក​ហើយ អាថ្នាក់​បន្ទាប់ៗ​ ឃើញ​ធ្លាក់​មក​ឯង​ទាំង​អស់ ឃើញ​ដឹង​ទាំង​អស់ អាច​ធ្លាយ​មក ឥលូវ​ចាប់​សាក​មើល។ ឥឡូវ​នេះ​គេ​ឃើញ​ហើយ! អន្តរ​ជាតិ​ទាំង​អស់​គេមើ​ល​ឃើញ​ថា​ អ្នក​ណាៗ​គេ​ប្រាប់​អស់​ប៉ុណ្ណឹង​ហើយ​តើ»។

សម្រាប់ លោក ម៉ែន សុថាវ​រិន្រ្ទ ការ​ដែល​រដ្ឋាភិ​បាល​គ្រួសារ​ហ៊ុន ហ៊ាន​ចាប់​ខ្លួន​តែ​មន្រ្តី​តូច​តាច​ បែប​នេះ តែ​មិន​ហ៊ាន​វះ​កាត់​ឧក្រិដ្ឋ​ជន​ក្បែរ​ខ្លួន​នោះ គឺ​ដោយ​សារ​តែ​ទុក​ឱ្យ​ពួក​ឧក្រិដ្ឋ​ជន​ទាំង​នោះ អាច​រក​លុយ​មក​ជួយ​ទ្រទ្រង់​អំណាច​របស់​ខ្លួន។

លោកថា៖ «បើគាត់កម្ចាត់ពួកហ្នឹងចេញ! មាន​អ្នក​ណាម​កជួ​យ​គាំទ្រពួ​ក​គាត់ ពួកគាត់​ឥលូវ​នេះ មាន​បញ្ហាវិ​បត្តិ​សេដ្ឋ​កិច្ច​ខ្លាំង​ក្លា​មែន​ទែន! បញ្ហា​ខ្លាំ​ង​មែន​ទែន ឃើញ​ទេ! គាត់​បង្កើត​ស្អី!​ដំណាក់​កាល​នេះ​ឃើញ​ទេ​ទៅ​បង្កើត​សមាគម​យុទ្ធជន ជន​ភៀស​សឹក​អីណាៗ។ រាប់​សិប​ឆ្នាំ ៤០​ឆ្នាំ អត់​មាន​នឹក​ឃើញ! ស្រាប់​តែ លើ​ក​កេណ្ឌ​យក​តែ​ឧកញ៉ាៗ! ហើយ​មក​ធ្វើ​អនុៗ​(ប្រធាន)។ យក​មក​ទាំង​អស់​ហើយ​ អត់​មាន​ចាប់​ស៊ើប​អង្កេត​ទេ! គេ​ចង្អុល​ប្រាប់​ប៉ុណ្ណឹង​ហើយ! បើប្រទេស​មួយៗ​ប្រទេស​លោក​សេរី គេ​សម្អាត​ភ្លាម ធ្វើ​ម៉េច​ដើម្បី​កុំ​ឱ្យ​ស្អុយ​ឈ្មោះ »។

ជាការកត់សម្គាល់ មនុស្សជំនិតៗ​មួយ​ចំនួន នៅ​ជុំវិញ​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​បាន​អន្តរ​ជាតិ​រក​ឃើញ​ជា​បន្ត​បន្ទាប់​ថា ជា​មេ​ឧក្រិដ្ឋ​ជន​រក​ស៊ីចិ​ញ្ចឹម​អំណាច​គ្រួសារ​ហ៊ុន។

ក្នុងនោះ​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​​ជា​​​កាន់​កាប់​​លុ​យ​​ឱ្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា និង​​ជា ​ប្រធាន​​សមាគម​​ឧកញ៉ា​​កម្ពុជា​ផង​នោះ ជាប់​ឈ្មោះក្នុ​ង​បញ្ជី​ខ្មៅ​អាមេរិក​ ជុំវិ​ញ​បទ​ឧក្រិដ្ឋ​ឆបោក​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ដោយឡែក ក្មួយ​លោក ហ៊ុន សែន ឧកញ៉ា ហ៊ុន តូ ជាប់​ឈ្មោះជា​មេ​ខ្លោង​គ្រឿង​ញៀន​ និង​លាង​លុយ​កខ្វក់ រួម​ទាំង ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​លោក ហ៊ុន សែន ត្រូវ​តុលាការ​ចិន​រក​ឃើញ​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​អន​ឡាញ​ខុស​ច្បាប់​ជា​ដើម។

ជាងនេះទៀត ក្រសួងរតនាគារ​អាមេរិក កាលពី​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ប្រកាស​​ដា​ក់​​ទណ្ឌ​កម្ម​​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​លោក ហ៊ុន សែន ក្រោយ​រក​ឃើញ​ថា បណ្តាញ​​បោ​ក​​ប្រាស់​​តាម​​​អ៊ីន​​ធឺណិត​​នៅ​​​កម្ពុជា មាន​​ជាប់​ពាក់​​ព័ន្ធ​ក្រុម​ហ៊ុនរបស់ឧកញ៉ា ទ្រី ភាព។

សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ឯក​ភាព​ថា ការ​វះ​កាត់​មន្រ្តី​តូច​តាច​នៅមូ​ល​ដ្ឋាន​ដែល​ជាប់​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​ឆបោក​អន​ឡាញ វា​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ឧក្រិដ្ឋ​កម្ម​ឆបោក​ក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​នេះ​បាន​ទេ។

ក្នុងន័យ​នេះ លោក​ថា ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិត​បោស​សម្អាត​ពួក​ឧក្រិដ្ឋ​ជន​ឱ្យ​អស់​ពី​កម្ពុជា ទាម​ទារ​ឱ្យ​រដ្ឋាភិ​បាល​ហ៊ាន​វះ​កាត់​មនុស្ស​ជំនិតៗ នៅ​ជុំវិ​ញ​ខ្លួន​ ដែល​​អន្តរ​ជាតិ​រក​ឃើញ​ថា ជា​មេខ្លោង​ធំៗ រួ​ម​មាន ឧកញ៉ា ទ្រី ភាព ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ហ៊ុន តូ រួមទាំង ឧកញ៉ា ចេន ហ្ស៊ី ជាដើម។

លោកថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវតែចូលរួម​យ៉ាង​សស្រាក់​ស្រាំ​ ជាមួយ​ដៃ​គូអ​ន្តរ​ជាតិ​ ដូច​ជា អាមេរិក អង់​គ្លេស អង្គ​ការ​សហ​ប្រជា​ជាតិ គេ​ចង្អុល​បង្ហាញ យើង​ត្រូវ​តែ​ចូល​រួម​សហការ​ជាមួយ​គេ​ស៊ើប​អង្កេត ហើយ​នាំ​គេ​មក​ស៊ើប​អង្កេត​ដល់​ផ្ទះ ដល់​ប្រទេស​កម្ពុជា! រួច​ចាប់​ពួក​អ្នក​អស់​ហ្នឹង ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។ រឿង​អស់​នេះ មិន​មាន​មន្ត្រី​តូច​តែ​អីដឹង​ទេ សុទ្ធ​តែ​ពាក់​ព័ន្ធ​ មនុស្ស​ជំនិតៗ​របស់​ លោក ហ៊ុន សែន ទៀត។ បើ​លោក ហ៊ុន សែន សហការណ៍ លោក ហ៊ុន ម៉ាណែត សហការ​ណ៍​ស៊ើប​អង្កេត រឿង​អ្នក​ដោះ​ស្រាយ​ចេញ​ហើយ។ ដោះ​ស្រាយ​ចេញ​គឺ​លាង​ជម្រះ​ភាព​មន្ទិល​សង្ស័យ​ជា​អន្តរ​ជាតិ​បាន ធ្វើ​ឲ្យ​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរ​ជាតិ»

របាយការណ៍​ស្រាវ​ជ្រាវ​ជាង ៧០ទំព័រ របស់​វិទ្យា​ស្ថាន Humanity Research Consultancy (HRC) ចេញ​ផ្សាយ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា នៅ​ក្រោម​អំណាច​រដ្ឋាភិ​បាល​គ្រួសារ​ហ៊ុន គឺ​ជា​ទីតាំង​ស្នូល​​​នៃកា​រ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ជា​ពិសេស ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

ប្រភពបន្តថា គ្រួសារហ៊ុន ដើរតួនាទីជាអ្នកការពារ​ពួក​អ្នក​មាន​អំណាច ឱ្យ​គប់​គិត​ជាមួយ​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​បរទេស​​​ដើម្បី​ប្រមូល​ប្រាក់ យក​​ទៅ​ចិញ្ចឹម​គណបក្ស​កាន់​អំណាច ដោយ​ពួក​គេ​អាច​​រ​ក​ចំណូល​បាន​ពី​ឧក្រិដ្ឋ​កម្ម​​អ​នឡាញ​ប្រមាណ​ពី ១២,៥​ពា​ន់​លាន ទៅ ១៩​ពាន់​លាន​ដុល្លារ​​​នៅក្នុ​ង​១ឆ្នាំ។

តាមរបាយការណ៍​ដដែល បង្ហាញ​ទៀត​ថា មាន​បុគ្គល​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​នៅ​ក្នុង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​កម្ពុជា​សរុប​ចំនួន ២៨​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឧកញ៉ា​គ្រាក់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ