មតិមហាជនមួយចំនួន នៅលើបណ្ដាញសង្គម បានលើកឡើងថា ចំពោះការប្រកូកប្រកាសរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីសុំជំនួយពីសប្បុរសជននោះ គឺជាទម្លាប់អាក្រក់របស់រដ្ឋាភិបាល ដែលជាញឹកញាប់ តែងតែអំពាវនាវសុំជំនួយពីពលរដ្ឋខ្លួន។
ពលរដ្ឋនៅរាជធានីភ្នំពេញ លោក សាន សំបូរ បានប្រាប់វីអូឌីថា ការរៃអង្គាសការស្ម័គ្រចិត្តរបស់ពលរដ្ឋចូលរួមបរិច្ចាគជួយសង្គម ដែលកំពុងជួបគ្រោះអាសន្ន គឺជារឿងល្អ ដែលបង្ហាញពីភាពសាមគ្គី និងមនសិការសង្គម។ ក៏ប៉ុន្តែលោកបន្តថា ប្រសិនបើបញ្ហាទាំងនេះ ត្រូវបានរដ្ឋាភិបាលយកទៅប្រើប្រាស់ធ្វើជាសំអាង ដើម្បីអំពាវនាវសុំជំនួយទៅវិញនោះ គឺវាបង្ហាញពីភាពទន់ខ្សោយ និងអសមត្ថភាពរបស់អាជ្ញាធរក្នុងតំបន់ និងស្ថាប័នពាក់ព័ន្ធ ដែលមិនអាចដោះស្រាយបញ្ហាទាំងនេះដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ ហើយបែរជាមកប្រកាសរកជំនួយពីសប្បុរសជន ដែលធ្វើឱ្យការជួយសង្គ្រោះពលរដ្ឋមានភាពយឺតយ៉ាវ។
លោក សាន សំបូរ និយាយថា៖ «ទោះវាជាសណ្ដានចិត្តរបស់ប្រជាជនក៏ដោយ ប៉ុន្តែវាជាការដាក់បន្ទុកមួយថែមទៀតទៅឱ្យប្រជាជន។ ជាក់ស្ដែង សេដ្ឋកិច្ចប្រទេសយើងនៅមានកម្រិតនៅឡើយ ហើយប្រជាជនត្រូវការចំណាយច្រើន។ ហ្នឹង នៅមិនទាន់រាប់បញ្ចូលបញ្ហាពន្ធផ្សេងៗច្រើនទៀតផង ហើយមកបន្ថែមបន្ទុកឱ្យការរៃអង្គាសបរិច្ចាគ»។
ការថ្លែងរបស់ពលរដ្ឋនេះ គឺជាប្រតិកម្មឆ្លើយតបចំពោះការអំពាវនាវរបស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែកញ្ញា ដែលស្នើសុំសប្បុរសជន ឱ្យចូលរួមបរិច្ចាគថវិកា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ជួយគាំទ្រគ្រួសារដែលរងគ្រោះពីជំនន់ទឹកភ្លៀងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សេចក្ដីអំពាវនាវរបស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដោយសារតែទទួលរងឥទ្ធិពលព្យុះ និងមានភ្លៀងធ្លាប់ជាបន្តបន្ទាប់ បានធ្វើឱ្យខេត្តមណ្ឌលគិរី មានទឹកកើនឡើងខ្លាំង រហូតលិចចូលតំបន់ទំនាបជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋចំនួន ៦ឃុំ ក្នុងស្រុកកោះញែក។ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀង បានពន្លិចផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យទទួលរងការខូចខាតបង់ធ្ងន់ធ្ងរ។
ទោះជាបែបនេះក្ដី ពលរដ្ឋម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានចាត់ទុកការអំពាវនាវរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ថាជារឿង «អ្នកមានសុំទានក្រ» ព្រោះកាលពីខែមិថុនា កន្លងទៅ អភិបាលខេត្តនេះ គឺលោក ថង សាវុន បានរៀបចំកម្មវិធីរម្លឹកខួបអាពាហ៍ពិពាហ៍របស់លោក យ៉ាងហ៊ឹកហ៊ាក់។ លោកបន្តថា លោក ថង សាវុន ក៏មានវីឡាឈើស្កឹមស្កៃមួយ នៅក្នុងក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ក្រៅពីនេះ លោកក៏មានទ្រព្យសម្បត្តិ និងអចលនទ្រព្យ ជាច្រើនផ្សេងទៀត នៅខេត្តរតនគិរី ដែលទ្រព្យសម្បត្តិទាំងនេះ ត្រូវបានគេសង្ស័យថា ទទួលបានពីក្រុមឈ្មួញកាប់ឈើលក់ ក្នុងពេលលោកកាន់តំណែងជាអភិបាលខេត្តនេះ។
ពលរដ្ឋនិយាយថា៖ «អ្នកណាមិនដឹង លោក ថង សាវុន គឺសេដ្ឋីលាក់មុខ គាត់អត់សូវចេះអួតទេ ឬសម្ញែងទេ។ ប៉ុន្តែខ្ញុំឆ្ងល់ ហេតុអីបានជាលោកមិនត្រៀមខ្លួន និងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេល? តើថវិកាជាតិ និងលុយក្រុមឈ្មួញ និងឧកញ៉ាបានបរិច្ចាគនោះ យកទៅណាអស់? ម៉េចមិនប្រើ? គ្រោះធម្មជាតិនេះ គឺជាករណីបន្ទាន់ ទំរាំតែបានលុយជំនួយមក ពលរដ្ឋប្រហែលជាត្រូវដាច់បាយហើយ»។
ក្រៅពីមានតួនាទីជាអភិបាលខេត្តមណ្ឌគិរី ហើយនេះ លោក ថង សាវុន ក៏មានតួនាទីជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តផងដែរ។ នៅក្នុងការចែកអំណោយ ដែលទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលបង្ហោះកាលពីថ្ងៃទី២៧ ខែកញ្ញា បានបង្ហាញពីការចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៧៩១គ្រួសារ នៅស្រុកកោះញែក ខណៈនៅក្នុងរូបភាពជាក់ស្ដែង មានតែប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារប៉ុណ្ណោះ ដែលបានមកទទួលអំណោយ។ អំណោយទាំងនោះរួមមាន អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ មី១កេះ ត្រីខ ១យួរ រួមទាំងសារុង ក្រមា និងសាប៊ូបោកខោអាវជាដើម។
ជុំវិញរឿងនេះ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ លើកឡើងថា គ្រោះទឹកជំនន់ស្ទើរតែកើតមានរាល់ឆ្នាំ ដែលតម្រូវឱ្យរដ្ឋបាលខេត្តត្រូវមានកញ្ចប់ថវិកា ឬគម្រោងស្នើសុំថវិកាថ្នាក់ជាតិ មកបម្រុងទុកពេលមានគ្រោះធម្មជាតិកើតឡើង។ លោកបន្តថា ដ្បិតការទម្លាក់ Qr Code រៃអង្គាសលុយតាមបណ្ដាញសង្គមមិនខុសច្បាប់ តែលោកចង់ឃើញរដ្ឋបាលខេត្តមានផែនការថវិកាចាយវាយលើផលប៉ះពាល់បម្រែបម្រួលអាកាសធាតុល្អិតល្អន់ជាងនេះ។
លោក សន ជ័យ ថ្លែងថា៖«ការរៀបចំកញ្ចប់ថវិកាសម្រាប់ជួយពលរដ្ឋ ទៅលើគ្រោះទឹកជំនន់ យល់ល្អគឺជាការចាំបាច់ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានកញ្ចប់ថវិការបស់ខ្លួន ហើយត្រូវស្ថិតនៅក្នុងការត្រៀមទុកជាចាំបាច់»។
ទោះជាយ៉ាងណា កន្លងមកគេសង្កេតឃើញថា អំណោយរបស់កាកបាទក្រហម ដែលរដ្ឋបាលខេត្តនានាឱ្យពលរដ្ឋនៅពេលមានបញ្ហា ពិសេសនៅពេលមានគ្រោះទឹកជំនន់ គឺមានចំនួនតិចតូច និងមិនសមាមាត្រទៅនឹងលុយជំនួយ ដែលក្រុមមន្ត្រី ឧកញ៉ា និងឈ្មួញពាណិជ្ជករ បានយកលុយទៅបរិច្ចាគឱ្យជាទៀងទាត់រៀងរាល់ឆ្នាំនោះឡើយ។ ទន្ទឹមគ្នានេះ ប្រភពពីពលរដ្ឋ បានអះអាងថា ក្នុងពេលចែកអំណោយ លោក ថង សាវុន បានឆ្លៀតយកពេលឃោសសនាឱ្យគណបក្សប្រជាជនកម្ពុជា ដោយលើកគុណសម្បត្តិ ថាអំណោយទាំងនេះ បានមកពីទឹកចិត្ត និងការគិតគូរ ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងប្រពន្ធ ដែលជាប្រធានកាកបាទក្រហម គឺលោកស្រី ប៊ុន រ៉ានី ទៀតផង។
ងាកមករឿងប្រកាសរកជំនួយវិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលរដ្ឋាភិបាល ប្រកាសរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ។ ក្នុងនោះរួមមាន មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន ក្រោយរដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០២៤ ការរៃអង្គាសទិញវ៉ាក់សាំងជំងឺកូវីដ-១៩ និងមូលនិធិផ្សេងៗទៀត។
យ៉ាងណាក៏ដោយចុះ ការណ៍ដែលរដ្ឋាភិបាល ជាញឹកញាប់ តែងតែអំពាវនាវសុំជំនួយពីពលរដ្ឋ និងសប្បុរសជនបែបនេះ បានបង្ហាញពីភាពក្រីក្រ និងខ្វះខាត នៅក្នុងជង្រុកឃ្លាំងជាតិក៏ពិតមែន ប៉ុន្តែចំពោះគ្រួសារមេដឹកនាំវិញ គឺពួកគេមិនក្រនោះទេ ដោយពួកគេចូលចិត្តសម្ងែងទ្រព្យសម្បត្តិ និងសម្ភារៈនិយម ដូចជា នាឡិកាដៃ តម្លៃរាប់លានដុល្លារ និងឡានទំនើបៗជាដើម។ ក្នុងនោះ ពួកគេបានរៀបចំកម្មវិធីមង្គលការដែលចំណាយអស់រាប់លានដុល្លារនិងកម្មវិធីជួបជុំផ្សេងៗទៀត។
ពលរដ្ឋបង្ហាញក្ដីបារម្ភពីអនាគតប្រទេសជាតិ និងកូនចៅពួកគាត់ ប្រសិនបើកម្ពុជានៅតែមានថ្នាក់ដឹកនាំ និងមន្ត្រីគ្រាក់ៗ ដែលមានទ្រព្យសម្បត្តិបានមកពីអំពើទុច្ចរិត ខុសពីប្រជាពលរដ្ឋដែលមានជីវភាពយ៉ាប់យ៉ឺនទៅ៕









