សំណុំរឿងឃាតកម្មលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលត្រូវបានកប់ទុកអស់រយៈពេល៩ខែនោះ ត្រូវបានគាស់រំលើងឡើងវិញ ខណៈថៃត្រូវបានគេមើលឃើញថា កំពុងប្រើកម្លាំងទ័ព ដើម្បីដាក់សម្ពាធឱ្យកម្ពុជា ទទួលយកផែនទីខ្នាត១លើ៥០ពាន់ ដែលថៃគូរដោយឯកតោភាគី ដើម្បីលេបទឹកដីខ្មែរ តាមបន្ទាត់ព្រំដែន។
តុលាការក្រុងបាងកក បានបើកសវនាការជំនុំជម្រះសំណុំរឿងក្ដៅគគុកនេះ នៅថ្ងៃទី៣០ ខែកញ្ញា ក្រោយផ្អិបទុកអស់រយៈពេលជាច្រើនខែ ក្រោមការសន្និដ្ឋានថាជាគំនុំបុគ្គល។
ការបើកសំណុំរឿងនេះឡើងវិញ គឺស្របពេលដែលទំនាក់ទំនងកម្ពុជា-ថៃ កំពុងមានភាពតានតឹងនៅតំបន់ព្រំដែន។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ករណីឃាតកម្មនេះ ប្រៀបបានជាសន្លឹកបៀរធំមួយដែលថៃប្រុងទុកវាយប្រហារ និងយកប្រៀបមកលើរដ្ឋាភិបាលក្រុងភ្នំពេញ ដឹកនាំដោយត្រកូលហ៊ុន។
លោក អ៊ុំ សំអាន និយាយថា៖ «គេសង្ស័យថាលោក ហ៊ុន សែន គឺស្ថិតនៅពីក្រោយខ្នងករណីឃាតកម្មហ្នឹង អ៊ីចឹងហើយបានជាលោក ហ៊ុន សែន មិនហ៊ានតដៃជាមួយថៃ មិនហ៊ានទប់ទល់ថៃរាយបន្លាលួស ទោះបីជាថៃដេញប្រជាពលរដ្ឋចេញពីភូមិជោគជ័យ ភូមិព្រៃចាន់អីក៏ឱ្យដេញទៅ អត់មានតដៃ ឬទៅរារាំងអី»។
តាមលិខិតរបស់ក្រុមមេធាវីការពារក្ដីឱ្យគ្រួសារ លោក លិម គិមយ៉ា កាលពីថ្ងៃទី២៦ ខែកញ្ញា បានបង្ហាញថា ករណីឃាតកម្មនេះ មានអ្នកជាប់ពាក់ព័ន្ធ៤នាក់យ៉ាងតិច ដោយពីរនាក់ជាជនជាតិខ្មែរ និងពីរនាក់ទៀតជាជនជាតិថៃ។ ជនសង្ស័យពីរនាក់ជាជនជាតិខ្មែរ ត្រូវបានគេស្គាល់ថា គឺលោក លី រតនៈរស្មី និងលោក ពេជ្រ គីមស្រ៊ីន ដែលមានទំនាក់ទំនងជាមួយក្រុមមនុស្សជិតស្និតនឹងលោក ហ៊ុន សែន។
ក្រោយការតាមដានករណីនេះ អ្នកសារព័ត៌មានវីអូឌី បានរកឃើញថា សំណុំរបស់រឿងលោក លិម គិមយ៉ា ដែលត្រូវបានគេកប់បាត់អស់រយៈពេលជិត១ឆ្នាំនេះ គឺជាករណីឧក្រិដ្ឋកម្មនយោបាយ ដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចាស់របស់ថៃ ដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងមេដឹកនាំកម្ពុជា របស់គ្រួសារត្រកូលហ៊ុន។
ការរកឃើញនេះ គឺយោងទៅតាមទីតាំងដែលប៉ូលិសបានរកឃើញខ្មាន់កាំភ្លើងជនជាតិថៃ នៅទីតាំងស្រុកមោងឬស្សី ខេត្តបាត់ដំបង និងការប្រឌិតព័ត៌មានសំខាន់ៗ មួយចំនួន ពាក់ព័ន្ធទៅនឹងប្រតិបត្តិការជម្លៀសខ្មាន់កាំភ្លើង អ្នកផ្ដល់ទីតាំងស្នាក់នៅ មូលហេតុនៃការលេចធ្លាយឈ្មោះអ្នកបញ្ជា និងការច្នៃអង្គហេតុពីករណីឃាតកម្មនយោបាយ ទៅជារឿងទំនាស់បុគ្គលជាដើម៕









