ក្រុមយោធាថៃ នៅថ្ងៃអង្គារនេះ បានពង្រាយកម្លាំងឆ្មក់ចុះវាស់វែងរំលោភយកដីខ្មែរ នៅភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលព្រំដែនលេខ៤៦និង៤៧ ខណៈមេដឹកនាំកម្ពុជានៅបន្តរក្សាភាពស្ងៀមស្ងាត់ តែត្រូវបានពលរដ្ឋនៅតំបន់នោះទប់ស្កាត់ទាន់ពេល ។
ការណ៍នេះ ជំរុញឱ្យអ្នកឃ្លាំមើលលើកឡើងថា យោធាថៃ កំពុងដាក់សម្ពាធឱ្យកម្ពុជាទទួលយកខ្សែបន្ទាត់ព្រំដែនតាមផែនទីខ្នាត១លើ៥០ពាន់ ដែលថៃគូរដោយខ្លួនឯង ដើម្បីលេបទឹកដីខ្មែរ បើមេដឹកនាំខ្មែរ មិនបង្ហាញឆន្ទៈទប់ទល់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីទេនោះ។
សេចក្តីរាយការណ៍នានាពីព្រំដែន រួមទាំងការចុះផ្សាយរបស់អង្គភាពព័ត៌មានប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាផងនោះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ខែកញ្ញានេះ ទាហានថៃមួយក្រុម ត្រូវបានគេពង្រាយឆ្មក់ចូលមករំលោភបំពានទឹកដីកម្ពុជា ស្ថិតក្នុងឃុំអូរបីជាន់។ ប៉ុន្តែថា ត្រូវបានប្រជាពលរដ្ឋខ្មែរ រារាំងបានទាន់ពេល។
ទាហានថៃទាំងនោះ បាននាំគ្នាមកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យ៉ាងណា ក្រោយពលរដ្ឋខ្មែររារាំង ទាហានថៃក៏បានដកថយទៅវិញ។
ជុំវិញបញ្ហានេះ មេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់អំពាវនាវរកការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិក និងបារាំងជាដើម ដើម្បីជួយដាក់សម្ពាធថៃ ឱ្យគោរពបទឈប់បាញ់ដែលការអំពាវនាវពេលនោះ មានពលរដ្ឋខ្មែរ២៨នាក់ បានរងរបួសដោយសារកងកម្លាំងថៃ បានបាញ់ផ្សែងពុល ស្រោចមកលើជនស៊ីវិលខ្មែរ រួមទាំងព្រះសង្ឃ ដែលបានប្រឈមមុខ ទប់ទល់ទៅនឹងកងកម្លាំងចម្រុះរបស់ថៃ ចូលមករាយបន្លាលួសព័ទ្ធយកដីខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់នេះ។
ប៉ុន្តែមកដល់ពេលនេះ គ្មានប្រទេសណាមួយ ថ្កោលទោសប្រទេសថៃ ដែលឈ្លានពានទឹកដីខ្មែរ រំលោភលើបទឈប់បាញ់ តាមការអំពាវនាវរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត ទេ។
កម្តៅព្រំដែននេះ កងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ខែកក្កដា រហូតដល់ថ្ងៃទី២៨ខែកក្កដា ទើបមានបទឈប់បាញ់ ខណៈបទឈប់បាញ់ កើតឡើងក្រោមការសម្របសម្រួលពីយន្តការអាស៊ាន ផ្តួចផ្តើមគំនិត ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ជាការកត់សំគាល់ ថៃមិនបានគោរពបទឈប់បាញ់នេះទេ ពោលគឺក្រោយបទឈប់បាញ់បាន៨ម៉ោង ថៃបានចល័តទ័ពចូលមកចាប់ទាហានខ្មែរ២០នាក់ រហូតមកដល់ពេលនេះ ជាង២ខែហើយ ថៃមិនទាន់ប្រគល់ទាហានខ្មែរ១៨នាក់ទៀត មកឱ្យកម្ពុជាវិញនៅឡើយទេ ទោះកម្ពុជាអំពាវនាវឱ្យថៃគោរពបទឈប់បាញ់ និងអំពាវនាវជាច្រើនដង រកសហគមន៍អន្តរជាតិជួយ។
លើសពីនេះ ថៃបានចូលរាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ព័ទ្ធយកតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងគំរាមវាយយក១៧ទីតាំងទៀតនៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង រួមទាំងព័ទ្ធយកភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាដើម។
ទង្វើឈ្លានពានរបស់ថៃ ចំពេលដែលមេដឹកនាំខ្មែរ ប្រកាសជំហរក្រោយមានបទឈប់បាញ់ថា ខ្លួនបោះបង់ការប្រឈមមុខដាក់គ្នាខាងយោធា ប្រឆាំងនឹងការឈ្លានពានរបស់ថៃ ហើយថាកម្ពុជាងាកមកចាប់យកវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហា ក្រោមហេតុផលថា ដើម្បីរក្សាសន្តិភាព និងស្តារទំនាក់ទំនងឡើងវិញ នៃប្រទេសទាំងពីរ ក្រោមក្រសែភ្នែកអន្តរជាតិ។
ការប្តូរជំហររបស់មេដឹកនាំកម្ពុជានេះ ធ្វើឱ្យថៃពង្រីកការឈ្លានពានកម្ពុជា ជាចំហរ ដោយរំលោភយកដីខ្មែរតាមព្រំដែនតាមចិត្ត ។
ការណ៍នេះ ធ្វើឱ្យមេដឹកនាំបក្សកាន់អំណាច រងការរិះគន់ពីអ្នកតាមដានបញ្ហាសង្គម ដែលមិនចំណុះឱ្យរដ្ឋាភិបាល ដែលពួកគេថា ជំហររបស់មេដឹកនាំកម្ពុជា ជាកង្វះឆន្ទៈការពារទឹកដី ហើយខ្លាំងបានតែការបង្ក្រាបខ្មែរគ្នាឯង ដើម្បីការពារអំណាចតពូជ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាននិយាយថា នៅខេត្តពោធិ៍សាត់ឯណោះវិញយោធាជើងទឹកថៃ បានកម្ទេចរចនាសម្ព័ន្ធ និងវាយកម្ទេចផ្ទះចំនួន៣ខ្នង ដោយថៃចោទថា កម្ពុជារំលោភចូលដីថៃ ក្នុងខេត្តត្រាត។
លោកគូសបញ្ជាក់ថា អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបង្ហើបនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ថា កងទ័ពជើងទឹកភូមិន្ទថៃ តាមរយៈបញ្ជាការដ្ឋានការពារព្រំដែនចន្ទ័ថាបុរី និងត្រាត បានរុញច្រានកងកម្លាំងកម្ពុជា និងវាយកម្ទេចរចនាសម្ព័ន្ធ ជាពិសេសវាយកម្ទេចផ្ទះចំនួន៣ ទល់មុខស្រុកបានលុង ស្រុក Ban Muang ខេត្តត្រាត ជាប់ខេត្តពោធិ៍សាត់។
លើសពីនេះ លោកថា មេទ័ពភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាត់ក្លាំង បានឡើងទៅលើកំពូលភ្នំទ្រព្យ ដើម្បីគោរពលាមុននឹងគាត់ចូលនិវត្តន៍ថ្ងៃទី៣០ ខែកញ្ញានេះ។
ចំណែក តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបទៀត គឺលោក សួន សូរីដា បាននិយាយថា គោលការណ៍ជាអាទិភាពរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក គឺការពារជីវិតមនុស្ស និងសិទ្ធិមនុស្ស មិនមែនការពារអំណាចមេដឹកនាំប្រទេសណាមួយទេ។
លោកយល់ថា ដូច្នេះអ្វីដែលកម្ពុជាបានស្នើអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកឱ្យជួយនៅក្នុងជំលោះព្រំដែនកម្ពុជា-ថៃ ចាំបាច់ណាស់ កម្ពុជាត្រូវធ្វើខ្លួនបង្ហាញឱ្យពួកគេឃើញថា «កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមរយៈដោះលែងអ្នកទោសនយោបាយ សង្គម បរិស្ថាន ដើម្បីនាំមកនូវការផ្សះផ្សាជាតិខ្មែរឡើងវិញ ទើបខ្មែរខ្លាំងបាន។ លោកលើកជាចម្ងល់ថា តើការផ្សះផ្សាជាតិខ្មែរពិបាកធ្វើទៅ ឬបានជាមិនព្រមធ្វើ?
សម្រាប់ លោក សួន សូរីដា ទោះបីកម្ពុជាត្រូវបានបំពានយ៉ាងកំរោលពីទាហានថៃយ៉ាងណាក៏ដោយ នៅលើឆាកអន្តរជាតិជាក់ស្តែងវេទិការអង្គការសហប្រជាជាតិថ្មីៗនេះ អត់មានប្រទេសណាជួយឈឺឆ្អាលដល់កម្ពុជា ឬថ្កោលទោសថៃឡើយ សូម្បីវៀតណាម និងចិនក៏គ្មានដែរ។
ចំណែក មេដឹកនាំកម្ពុជា បន្តអត់ធ្មត់និងចាស់ទុំរហូតទាល់តែអស់ទឹកដី ហើយថា រដ្ឋាភិបាលបន្តលាក់បាំងព័ត៌មានពីការបាត់បង់ភ្នំទ្រព្យ ដើម្បីងាយស្រួលក្នុងការកាត់ភ្នំទ្រព្យឱ្យថៃ ដើម្បីដូរយកសន្តិភាពនិងអំណាច។
យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាននិយាយលើហ្វេសប៊ុកកាលពីថ្ងៃទី២៦ខែកញ្ញាថា ការកំណត់បន្ទាត់ព្រំដែនគួរទុកលទ្ធភាពឱ្យមន្ត្រីជំនាញកិច្ចការព្រំដែនទាំងពីរ ដោះស្រាយការខ្វែងគំនិតគ្នា យោងតាមMOUឆ្នាំ២០០០ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា ខណៈពេលដែលប្រទេសទាំងពីរ មិនទាន់កំណត់ព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងដាំដុះដីអស់ជាច្រើនទស្សវត្សរ៍ នៅក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ប្រការនេះ បាននាំឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរអាចដោះស្រាយដោយមិត្តភាពតាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) ហើយបានយល់ព្រមបញ្ជូនបញ្ហាព្រំដែនដ៏ស្មុគស្មាញទៅគណៈកម្មការចម្រុះសម្រាប់ការបោះបង្គោលព្រំដែនគោក(JBC) ដើម្បីដោះស្រាយ ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងចុះហត្ថលេខាលើ (MOU 2000) ។
លើសពីនេះ លោកថា ការបកស្រាយបំភ្លឺរបស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធករណីតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ «បើទោះជាយើងផ្អែកលើផែនទីក្រៅផ្លូវការដែលប្រើប្រាស់ដោយភាគីថៃ និងការចុះផ្ទៀងផ្ទាត់ជាក់ស្តែងជាបឋមនៅលើដី គឺឃើញថាមានប្រជាពលរដ្ឋថៃបានគ្រប់គ្រងដីហួសបន្ទាត់ព្រំដែនចូលមកក្នុងដីខ្មែរផងដែរ»។
ជុំវិញបញ្ហានេះ អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ចោទជាសំណួរថា ដីផ្ទះលោក ហេង សំរិន អតីតប្រធានរដ្ឋសភា នៅមេដឹកនាំបក្សកាន់អំណាច អាកាត់ថា ធ្វើចូលដីវៀតណាម ចុះទម្រាំភូមិឋានពលរដ្ឋខ្មែរ?។ លោកថា ស្ងៀមស្ងាត់មានពីរ រកមធ្យោបាយការពារ ឬរកមធ្យោបាយដោះសារ។
លើសពីនេះ លោកសង្កត់ធ្ងន់ថា យោធាថៃនឹងដាក់សម្ពាធឱ្យមេដឹកនាំខ្មែរ ទទួលស្គាល់ផែនទី១លើ៥០ពាន់ ដែលថៃគូរដោយឯកតោភាគី។ លោកយល់ថា «ទាំងកម្លាំងទ័ព និងកម្លាំងទូតកម្ពុជា កំពុងចាញ់ប្រៀបថៃ។ ជម្រើសមានតែមួយទេសម្រាប់កម្ពុជា គឺប្រយុទ្ធ»៕









