អាកាសយានដ្ឋានរបស់ប្រទេសអាហ្វហ្គានីស្ថាន កំពុងជាប់គាំង ខណៈដែលកំពុងប្រឈមនឹងការផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេស ដែលដាក់ដោយរដ្ឋាភិបាលតាលីបង់ ដោយមិនទាន់ផ្តល់ហេតុផលផ្លូវការនៃការសម្រេចនេះ និងបានចូលជាធរមានកាលពីថ្ងៃចន្ទ ប៉ុន្តែបាននិយាយថា វានឹងបន្តរហូតដល់មានការជូនដំណឹងបន្ថែម។
ប្រភពសារព័ត៌មានប៊ីប៊ីស៊ី(BBC) បានរាយការណ៍នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការប្រាស្រ័យទាក់ទងគ្នានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់ពិភពលោកកាន់តែទូលាយនោះ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា សេវាកម្មសំខាន់ រួមទាំង ធនាគារ និងការទូទាត់ថែមទាំងការចូលប្រើប្រាស់កម្មវិធីអប់រំតាមអ៊ីនធឺណិតដែលជាក្តីសង្ឃឹមសម្រាប់ស្រ្តីនិងក្មេងស្រី។
ជាមួយគ្នានេះ អ្នកដំណើរម្នាក់ដែលគ្រោងនឹងហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល(Kabul) កាលពីថ្ងៃអង្គារនោះ បានប្រាប់ថា មិនមានជើងហោះហើររហូតដល់ថ្ងៃព្រហស្បតិ៍។ ដោយឡែក អ្នកដែលរស់នៅក្នុងតំបន់ម្នាក់ទៀត បាននិយាយថា រាល់ជើងហោះហើរពីអាកាសយានដ្ឋានក្រុងកាប៊ុល(Kabul) ត្រូវបានលុបចោលតាំងពីល្ងាចថ្ងៃចន្ទ។ លោកបន្ថែមថា ជីវិតនៅក្រុងកាប៊ុលហាក់បីធម្មតា ប៉ុន្តែ‘‘មិនមានការប្រាស្រ័យទាក់ទងគ្នាអ្វីទាំងអស់’’នៅទូទាំងប្រទេស។
យ៉ាងណា អង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអំពាវនាវទៅកាន់អាជ្ញាធរតាលីបង់ឱ្យស្តារឡើងវិញជាបន្ទាន់ និងលទ្ធភាពនៃការប្រើប្រាស់បណ្តាញអ៊ីនធឺណិតពេញលេញ និងទូរគមនាគមន៍ទូទាំងប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា៖ «ការកាត់បន្ថយសិទ្ធចូលដំណើរការធ្វើឱ្យអាហ្វហ្គានីស្ថានកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីពិភពខាងក្រៅ ហើយនិងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅលើប្រជាជនអាហ្វហ្គានីស្ថាន រួមទាំងការគំរាមកំហែងស្ថិរភាពសេដ្ឋកិច្ច និងធ្វើឱ្យកាន់តែធ្ងន់ធ្ងរនូវវិបត្តិមនុស្សធម៌ដ៏អាក្រក់មួយរបស់ពិភពលោក»។
បន្ថែមពីនេះ ប្រភពថា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ក៏បាននិយាយថា ពួកគេបាត់បង់ការទាក់ទងជាមួយការិយាល័យនានានៅក្នុងរដ្ឋធានីកាប៊ុល(Kabul) ហើយអ៊ីនធឺណិតចល័តនិងទូរទស្សន៍ផ្កាយរណប ក៏ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសផងដែរ។
លើសពីនេះ ស្រ្តីម្នាក់ធ្លាប់បានប្រាប់ប៊ីប៊ីស៊ី(BBC)ថា នាងមិនអាចចូលរៀនតាមអនឡាញបានទេ គឺចាប់តាំងពីអ៊ីនធឺណិតផ្ទះរបស់នាងត្រូវបានកាត់ផ្តាច់។
នាងបាននិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងបញ្ចប់ការសិក្សារបស់ខ្ញុំ និងស្វែងរកការងារតាមអនឡាញ ប៉ុន្តែក្តីសុបិន្តនោះត្រូវបានបំផ្លាញ។ បើគ្មានអ៊ីនធឺណិត ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ទៀតទេ»។
គួររំឭកថា កាលពីដើមខែនេះ រដ្ឋាភិបាលតាលីបង់បានដកសៀវភៅដែលសរសេរដោយស្រ្តី ចេញពីប្រព័ន្ធបង្រៀននៅសកលវិទ្យាល័យរបស់ប្រទេស ដែលជាផ្នែកនៃការហាមប្រាមថ្មីមួយពីការបង្រៀនអំពីសិទ្ធិមនុស្ស និងការបៀតបៀនផ្លូវភេទ ក្រោមហេតុផលថាប្រឆាំងទៅនឹងច្បាប់នៅក្នុងសាសនាឥស្លាមដែលផ្អែកទៅលើគម្ពីរកូរ៉ាន(Qu’ran) និងហាឌីស(Hadith)៕









