អ្នកឃ្លាំមើលកិច្ចការព្រំដែនមិនចំណុះឱ្យរដ្ឋាភិបាល ទម្លាយករណីថៃវាយកំទេចផ្ទះពលរដ្ឋខ្មែរ៣ខ្នងនៅចំណុចអូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ ដែលជាក្តីបារម្ភថា យុទ្ធសាស្រ្តអត់ធ្មត់របស់រដ្ឋាភិបាលគ្រួសារហ៊ុន កំពុងជួយសម្រេចមហិច្ចតាច្បាមយកដីខ្មែរដោយជោគជ័យ បើមិនពន្លឿនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODថា តាមព័ត៌មានដែលលោកទទួលបាន ផ្ទះ៣ខ្នងនៅមូលដ្ឋានយោធាកម្ពុជាក្នុងតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ ត្រូវបានកំទេចចោល។
បើតាមលោក សំអាន ការចុះផ្សាយរបស់សារព័ត៌មានថៃ មានទាំងរូបភាពថតបានតាមផ្កាយរណបផងនោះ គឺជាភ័ស្តុតាងបន្ថែម តែលោកថារដ្ឋាភិបាលកម្ពុជាព្យាយាមលាក់បាំងព័ត៌មាននេះដើម្បីបិតបាំងកំហុសកាត់ដីឱ្យថៃ។
ជាងនេះទៀត លោកថា ព័ត៌មានពីទាហានខ្មែរនៅភ្លុកដំរីប្រាប់ថា ផ្ទះ១ខ្នងក្នុងចំណោម៣ខ្នងគឺទាហានខ្មែររុះរើដោយខ្លួនឯងក្រោយត្រឡប់ពីការប្រជុំជាមួយយោធាថៃ។
ប្រភពបន្តថា ផ្ទះ១ខ្នងនោះជាផ្ទះបាយ និងជាផ្ទះស្នាក់នៅរបស់ទាហានខ្មែរ នៅអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចម្ងាយប្រហែល៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាល«ច១» ដែលត្រូវវាយកម្ទេចចោលតាមសំណើរបស់ថៃដែរ។
លោកថា៖ «ព័ត៌មានពិតពីយោធាតែម្តង បានបញ្ជាក់ថា ផ្ទះ១ខ្នងក្នុងចំណោម៣នេះ គឺទាហានខ្មែរយើងរើខ្លួនឯងតែម្តង! នៅពេលដែលទៅប្រជុំជាមួយមេបញ្ជាការថៃហ្នឹង មកដល់វិញរើទាំងយប់តែម្ដង។ យល់ព្រមរើជាមួយថៃក្នុងកិច្ចប្រជុំនោះ មកដល់វិញ គឺឱ្យទាហានខ្មែររើតែម្តង។ ដូច្នេះ ព័ត៌មានពិត១០០ភាគរយ គឺថា ១ខ្នងហ្នឹងគឺខ្មែរយើងបានបញ្ជាឲ្យកូនទាហានហ្នឹងរើតែម្ដង អាហ្នឹងគឺជាព័ត៌មានពិត»។
សម្រាប់លោក សំអាន បារម្ភថា ដីខ្មែរតាមព្រំដែននឹងបាត់បង់ បើមិនពន្លឿនប្តឹងថៃទៅICJ នូវតំបន់ជម្លោះទាំងអស់ រួមទាំងប្រញាប់ប្រើប្រាស់កិច្ចព្រមព្រៀង២៣តុលា ដើម្បីការពារទឹកដីឱ្យបានលឿនទេនោះ។
លោកថា៖ «ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នេះ បានធ្វើឲ្យទឹកដីខ្មែរយើងបាត់បង់យ៉ាងច្រើនទៅប្រទេសថៃ តាមរយៈការបណ្ដោយឱ្យទាហានថៃរាយបន្លាលួសឲ្យយកដីខ្មែរស្រេចចិត្ត ដូចជា នៅភូមិព្រៃចាន់ ឃុំជោគជ័យ នៅច្រកអានសេះ ប្រាសាទតាមាន់ធំអីជាដើម ហើយចុងក្រោយគឺបានបណ្ដោយឲ្យវាយកំទេចផ្ទះខ្មែរ៣កន្លែង នៅតំបន់ភ្លុកដំរី ស្រុកវាលវែងខេត្តពោធិ៍សាត់ និងព្រមរុះរើផ្ទះមួយគេហៅថា ប៉ុស្តិ៍នគរបាលច១ ខេត្តពោធិ៍សាត់ផងដែរ»។
បន្ថែមលើនេះ អតីតអ្នកកាសែត ដែលបច្ចុបុ្បន្នជាអ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម លោក មួង ណារ៉េត ចាត់ទុកថា ការស្ងៀមស្ងាត់របស់រដ្ឋាភិបាលករណីថៃកំទេចផ្ទះពលរដ្ឋខ្មែរនេះ មានន័យថា រដ្ឋាភិបាលកំពុងទទួលស្គាល់រឿងនេះ តែព្យាយាមលាក់បាំងពលរដ្ឋកម្ពុជា។
លោកថា៖ «ថៃម្តងនេះ គឺធ្វើឲ្យកម្ពុជាក្ដុកក្ដួលអួលណែនឱរ៉ា។ តែអត់ហ៊ានតវ៉ានឹងគេសុខចិត្តអង្គុយមើលភ្លឹសៗ។ គេនឹងកម្ទេចអគារយើងហើយគេទុកឲ្យដល់ថ្ងៃ១០ ខែតុលាហ្នឹង គឺសំណង់ទាំងអស់ហ្នឹង គឺគេនឹងកម្ទេចចោល។ បងប្អូន! រឿងនេះ តាមពិតទៅយើងអត់ឮពីភាគីកម្ពុជាមានប្រតិកម្មអីសោះ ព្រោះអីកម្ពុជាជ្រើសរើសមិនឆ្លើយតប។ នៅពេលដែលគេកម្ទេចផ្ទះ៣ខ្នងហ្នឹង ខ្ញុំរង់ចាំមើលថាតើក្រសួងការពារជាតិកម្ពុជា និងរដ្ឋាភិបាលកម្ពុជានឹងថ្លែងសារអីខ្លះ អត់! ជ្រើសរើសវិធីស្ងប់ស្ងាត់! វិធីដែលគិតថាមិននិយាយអីសោះ ប្រជាពលរដ្ឋអត់បានដឹងអីសោះ សារព័ត៌មានក្នុងស្រុក អត់បានផ្សាយអីសោះ អ៊ីចឹងបានន័យថា គេបំផ្លាញអីបំផ្លាញទៅ បើប្រជាពលរដ្ឋកម្ពុជាអត់ដឹងអីផង »។
ជុំវិញរឿងនេះ VOD បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដោយហៅទូរសព្ទចូលជាច្រើនលើក តែមិនមានអ្នកទទួល។
យ៉ាងណា លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយមេបញ្ជាការនៃកងការពារព្រំដែនលេខ៥០១ លោក ចាន់ ប៊ុនឌី កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ផ្ញើជូនមេបញ្ជាការប្រតិបត្តិការសឹកខេត្តត្រាតរបស់ថៃ បញ្ជាក់ថា កម្ពុជាយល់ព្រមរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី និងលុបលេណដ្ឋាននៅប៉ុស្តិ៍នគរបាលព្រំដែនច្រកជ័យជំនះ ក្នុងខេត្តពោធិ៍សាត់។
បើតាមប្រភពដដែល ការរុះរើនេះ យោងលើការប្រជុំរវាងមេបញ្ជាការរងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ និងលោកវរនាវីឯកនាយសេនាធិការកងបញ្ជាការការពារព្រំដែនរបស់ភាគីថៃ។
ក្នុងកិច្ចប្រជុំនោះ ថៃបានស្នើកម្ពុជា៣ចំណុច បញ្ហាផ្ទះ៥ខ្នងនៅអូរភ្លុកដំរី ស្នើឲ្យកម្ពុជារុះរើចំនួន២ខ្នង ខណៈកម្ពុជាព្រមរើ១ខ្នង។
ដោយឡែក បញ្ហាលេណដ្ឋានប៉ុស្តិ៍នគរបាលច្រកជ័យជំនះ ថៃស្នើឲ្យភាគីកម្ពុជាលុបចេញ ហើយកម្ពុជាព្រមតាម និងចុងក្រោយផ្ទះពលរដ្ឋចំនួន២ខ្នងក្នុងចំការកៅស៊ូ ភាគីថៃស្នើឲ្យភាគីកម្ពុជារុះរើចេញដែរ តែកម្ពុជាមិនទាន់យល់ព្រម។
ក្រោយបែកធ្លាយព័ត៌មាននេះ រដ្ឋាភិបាលគ្រួសារហ៊ុន រងការរិះគន់ថា កាត់ដីឱ្យតាមរយៈការទទួលស្គាល់ផែនទីថៃគូសដោយឯកតោភាគីខ្នាត១លើ៥០ពាន់ ដើម្បីដោះដូរយកសន្តិភាព និងរក្សាអំណាចរបស់ខ្លួន។
ក្រោយការរិះគន់នេះ យោធភូមិភាគទី៥ បានចេញសេចក្តីបំភ្លឺថា កម្ពុជាព្រមកាត់ដីទៅឱ្យថៃនោះ ជាព័ត៌មានមិនពិត ហើយថា កម្ពុជានិងថៃមានមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន១លើ២០០ពាន់។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា រដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ បង្រួបបង្រួមជាតិ។
ដោយឡែក មាត្រា៤៤០នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









