របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បន្តរកឃើញថា មេដឹកនាំកម្ពុជា គ្មានឆន្ទៈបង្រ្កាបឧក្រិដ្ឋកម្មអនឡាញ និងការជួញដូរមនុស្សនោះទេ ដោយដាក់ចំណាត់ថ្នាក់ ជាប្រទេសស្ថិតក្នុងកម្រិតទី៣ ការណ៍នេះជំរុញឱ្យមានការព្រួយបារម្ភ ពីវាសនាពលរដ្ឋខ្មែរទូទាំងប្រទេស បើមិនកែលម្អទាន់ពេល។
ក្រុមអ្នកឃ្លាំមើល និយាយថា បទឧក្រិដ្ឋកម្មអនឡាញ ការជួញដូរមនុស្ស និងការចាប់ជំរិត នឹងបង្កការគំរាមគំហែងសន្តិសុខក្នុងតំបន់ និងពិភពលោក និងពលរដ្ឋងាយរងគ្រោះច្រើនលាននាក់ក្នុងប្រទេសកម្ពុជា បើមេដឹកនាំនៅតែយកមេខ្លោងឧក្រិដ្ឋជនខ្លះដាក់ជិតខ្លួន ។
ជុំវិញក្តីបារម្ភនេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសអាមេរិក បានចេញផ្សព្វផ្សាយរបាយការណ៍មួយស្តីពីការជួញដូរមនុស្សឆ្នាំ២០២៥ នៅកម្ពុជា។
របាយការណ៍នេះ រកឃើញថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនបានដោះស្រាយបញ្ហាជួញដូរមនុស្សទេ ថែមទាំងជាប់ពាក់ព័ន្ធជាប្រព័ន្ធ ក្នុងការជួយជ្រោមជ្រែងឲ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្ស រួមទាំងការគាបសង្កត់សិទ្ធិប្រជាពលរដ្ឋកម្ពុជា។
ក្នុងរបាយការណ៍ថ្មី អាមេរិកនៅតែបន្តដាក់កម្ពុជាជាប្រទេសស្ថិតក្នុងកម្រិតទី៣ ដែលមិនបានគោរពពេញលេញនូវបទដ្ឋានអប្បបរមា ក្នុងការលុបបំបាត់ការជួញដូរមនុស្ស។
ក្រសួងការបរទេសអាមេរិក និយាយថា រដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយច្បាស់លាស់ ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងចូលរួមទប់ស្កាត់នៅក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណេតនោះទេ។
តាមប្រភពដដែល រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈនយោបាយក្នុងការស្រាវជ្រាវតាមដាន វែកមុខ និងផ្តន្ទាទោសឧក្រិដ្ឋជនទុច្ចរិត និងខ្វះប្រព័ន្ធបង្ការទប់ស្កាត់បទល្មើសទាំងនោះថែមទៀត។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិក បានលាតត្រដាងថា មានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាបានបំភិតបំភ័យជនរងគ្រោះ និងសាក្សីដែលធ្លាក់ខ្លួនក្នុងប្រតិបតិ្តការឆបោកតាមអ៊ីនធឺណេត ក៏ដូចជា សង្គមស៊ីវិលដែលធ្វើការក្នុងការបង្ក្រាបករណីជួញដូរមនុស្ស។
បន្ថែមពីនេះ ក៏មានការរារាំង និងបដិសេធមិនឱ្យមានការស៊ើបអង្កេតការជួញដូរមនុស្ស នៅតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងដែលសកម្មភាពទាំងអស់នេះ ត្រូវបានក្រសួងការបរទេសអាមេរិកចាត់ទុកជាការការពារប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជាផងដែរ។
ជុំវិញរឿងនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ ប្រាប់VODនៅថ្ងៃទី១ ខែតុលានេះថា ការបន្តរកឃើញរបស់អាមេរិកឆ្លុះបញ្ចាំងថា មេដឹកនាំគ្រួសារហ៊ុននៅពីក្រោយឧក្រិដ្ឋកម្មទាំងអស់នេះ។
លោកអះអាងថា បើមេដឹកនាំគ្រួសារហ៊ុន ឬសែស្រឡាយ បក្ខពួកគ្រួសារហ៊ុន មិនជាប់ពាក់ព័ន្ធបញ្ហានេះទេ ឧក្រិដ្ឋកម្មអនឡាញ ការជួញដូរមនុស្ស និងការចាប់ជំរិត ប្រាកដជាមិនកើតឡើងនៅកម្ពុជានោះទេ។
លោកអះអាងទៀតថា ការរកឃើញរបស់សហរដ្ឋអាមេរិកនេះ មិនមែនជាលើកទី១ទេ ជាក់ស្តែងកន្លងទៅអាមេរិកធ្លាប់រកឃើញក្រុម លោក លី យ៉ុងផាត់ លោក ទ្រី ភាព ជាពិសេសលោក ហ៊ុន តូ សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឆបោក និងឧក្រិដ្ឋកម្មអនឡាញជាដើម។
លោកទាញជាឧទាហរណ៍ថា ក្រសួងរតនាគារអាមេរិក ប្រកាសដាក់ទណ្ឌកម្មឧកញ៉ា ទ្រី ភាព ទីប្រឹក្សាលោក ហ៊ុន សែន ក្រោយរកឃើញថា បណ្តាញបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា មានជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ចំណែក លោក លី យ៉ុងផាត់ សហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅអាមេរិក ជុំវិញបទឧក្រិដ្ឋឆបោក និងការរំលោភសិទ្ធិមនុស្ស។
លោកថា៖ «ខ្ញុំមើលឃើញថា ប្រទេសកម្ពុជាបានក្លាយជាឋានសួគ៌សម្រាប់អ្នកជួញដូរគ្រឿងញៀន អ្នកជួញដូរមនុស្ស ជួញដូរផ្លូវភេទ អ្នករំលោភបំពានផ្លូវភេទកុមារ អ្នកលេងល្បែងស៊ីសងខុសច្បាប់ និងឧក្រិដ្ឋជន ដោយសារតែកង្វះនៃការផ្តល់អាទិភាពផ្នែកនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងជាមួយទង្វើដ៏អាក្រក់ទាំងនេះ ព្រមទាំងសមត្ថភាពនៅមានកម្រិតរបស់កងកម្លាំងនគរបាលជាតិ អាហ្នឹងគឺគេឃើញទាំងអស់គ្នាថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនដោះស្រាយបញ្ហាជួញដូរមនុស្សទាំងអស់ទេ គឺថែមទាំងជាប់ទាក់ទិនក្នុងការជួយជ្រោមជ្រែងឲ្យមានឧក្រិដ្ឋកម្មទាំងអស់នេះទៀត»។
ប្រហែលគ្នានេះដែរ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា បើខ្មោចស្រុកមិនឱ្យដៃ ប្រាកដណាស់ខ្មោចព្រៃវាមិនហ៊ានប្រព្រឹត្តិទេ គឺប្រាកដណាស់មានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច។
លោកបន្តថា ការរកឃើញជាថ្មីទៀតរបស់អាមេរិក ដែលថាកម្ពុជាជាជម្រកពួកឧក្រិដ្ឋជន វាគឺជាសញ្ញាគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់និងពិភពលោក ជាពិសេសបង្កគ្រោះថ្នាក់ប្រជាជាតិកម្ពុជា។
លោកដាក់ការសង្ស័យថា មន្រ្តីរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ប្រាកដជាទទួលបានផលប្រយោជន៍ពីឧក្រិដ្ឋជនទាំងអស់នោះហើយ ទើបមិនបង្រ្កាប ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោកថា៖ «មនុស្សជំនិតមេដឹកនាំកម្ពុជាមួយចំនួនធំ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ ហើយប្រាកដណាស់បើគ្មានឆន្ទៈនយោបាយពិតប្រាកដនៅក្នុងការលុបបំបាត់ទេ មេដឹកនាំកម្ពុជានឹងក្លាយទៅជាតួអង្គមួយយកទ្រូងពាំងទៅលើក្រុមឧក្រិដ្ឋជនទាំងអស់នោះ ហើយការប្រឹងប្រែងរក្សាឧក្រិដ្ឋជន ដើម្បីជួយចិញ្ចឹមអំណាចរបស់ខ្លួន នឹងមិនអាចធ្វើឲ្យអំណាចមេដឹកនាំកម្ពុជាមានស្ថិរភាពនោះទេ ហើយថ្ងៃណាមួយមេដឹកនាំកម្ពុជានឹងរងគ្រោះពីឧក្រិដ្ឋជនទាំងអស់នោះ ដែលត្រូវបានសហគមន៍អន្តរជាតិ គេតាមកម្ចាត់ឬ នឹងត្រូវទទួលរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរណាមួយ ពីសហរដ្ឋអាមេរិក»។
VOD មិនទាន់អាចទាក់ទង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
បើទោះជាបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់ថ្លែងការពារ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ម្តងរួចមកហើយ នៅក្នុងវេទិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថា កម្ពុជាមានជំហរច្បាស់លាស់របស់ខ្លួន និងគោលនយោបាយត្រឹមត្រូវ ក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋនេះ ទោះក្នុងរូបភាពណាក៏ដោយ។ លោកបន្តថា អ្វីដែលរដ្ឋាភិបាលធ្វើបានល្អហើយ គឺត្រូវបន្តប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាធានា និងជំរុញឱ្យការអនុវត្តវិធានការនេះ ប្រព្រឹត្តទៅឱ្យមានប្រសិទ្ធិភាព ហើយកម្ពុជា ក៏មិនដែលព្រងើយកន្តើយ ចំពោះអំពើល្មើសតាមប្រព័ន្ធអ៊ីនធឺណេតនេះដែរ។
លោកបន្តថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសជាឱរាករដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់កលល្បិចនៃឧក្រិដ្ឋជន។ យើងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ នៃការលើកកម្ពស់គោរពសិទ្ធិមនុស្ស»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា យល់ថា អំពើពុករលួយ បក្ខពួកនិយម និងការក្រាញអំណាចផ្តាច់ការទាំងនេះហើយ ទើបធ្វើឱ្យបញ្ហា ជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆបោក និងការចាប់ជំរិត ចេះតែបន្តកើតមានក្នុងសង្គម។
លោកបន្តថា បញ្ហានេះវាជារឿងរស៊ើបសម្រាប់កម្ពុជា ដែលមិនអាចបោសសម្អាតបណ្តាញពួកឧក្រិដ្ឋជនទាំងនោះបាន ព្រោះកម្ពុជាពោរពេញទៅដោយអំពើពុករលួយចាក់ស្រែះ សឹងងើបមុខមិនរួចទៅហើយ។
លោកបារម្ភថា បើបញ្ហាទាំងនេះបន្តកើតមាន ហើយអាមេរិកក៏ដូចជាសហគមន៍អន្តរជាតិ នៅតែបន្តរកឃើញជាហូរហែ ប្រទេសកម្ពុជា រួមទាំងពលរដ្ឋខ្មែរ នឹងបន្តរងទុក្ខវេទនា ជួបផលលំបាកជាក់ជាមិនខាន។
លោកថា៖ «យើងមើលឃើញ ទី១អ្នកដែលមានឥទ្ធិពលមានអំណាច អ្នកនៅពីក្រោយនៅក្នុងអំពើឧក្រិដ្ឋកម្ម ហើយការឃុបឃិតគ្នាជាប្រព័ន្ធអំពើពុករលួយចាក់ស្រែះនេះ គឺជាបញ្ហាហើយយើងឃើញហើយ អ្នកទាំងអស់ហ្នឹង គឺអត់ខ្លាចញញើតនូវផ្លូវខុសច្បាប់ទេ ពីព្រោះដោយសារតែខ្លួនមានអំណាចមានឥទ្ធិពល ចឹងទៅអ្នកដែលអនុវត្តច្បាប់ ដូចជាតុលាការ ឬក៏មន្ត្រីសមត្ថកិច្ចនគរបាលពាក់ព័ន្ធ នឹងមិនហ៊ានចាត់វិធានការទេ ដោយសារខ្លាចឥទ្ធិពលរបស់អ្នកទាំងអស់ហ្នឹង យើងឃើញហើយកន្លងមកមានការរកឃើញពាក់ព័ន្ធនឹងអំពើជួញដូរ ការឆបោកអនឡាញ ដែលពាក់ព័ន្ធទៅនឹងក្មួយប្រុសប្រធានព្រឹទ្ធសភាជាដើម»។
របាយការណ៍ចុងក្រោយពីអង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញពីការពិតដែលអាក្រក់មួយថា នៅប្រទេសកម្ពុជា មានកន្លែងបោកប្រាស់យ៉ាងហោចណាស់ ៥៣ទីតាំង បានក្លាយជាមជ្ឈមណ្ឌលនៃទាសភាពសម័យទំនើបការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងពលកម្មដោយបង្ខំ។
ដឹឌីផ្លូម៉ាត(The Diplomat) បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា បរិវេណទាំងនេះ ជារឿយៗបានក្លែងធ្វើជាសួនបច្ចេកវិទ្យាស្របច្បាប់ ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានដំណើរការដោយបណ្តាញឧក្រិដ្ឋកម្មជាមួយនឹងនិទណ្ឌភាព។
ជនរងគ្រោះ ត្រូវបានទាក់ទាញដោយពាណិជ្ជកម្មបោកប្រាស់ និងត្រូវបានចាប់ដាក់គុក រំលោភបំពានចាប់បង្ខំឱ្យបោកប្រាស់មនុស្សទូទាំងពិភពលោក តាមរយៈការបោកប្រាស់តាមអ៊ីនធឺណិត។
របាយការណ៍ បានកត់ត្រាអំពីប្រតិបត្តិការទាំងនេះ ថាបានដំណើរការដោយអំពើរពុករលួយជាប្រព័ន្ធ ការអនុវត្តច្បាប់ខ្សោយ និងខ្វះឆន្ទៈនយោបាយក្នុងការរុះរើហេដ្ឋារចនាសម្ព័ន្ធឧក្រិដ្ឋកម្ម។
បើតាមប្រភពនោះ ភាពខ្វះការអនុវត្តនិងគណនេយ្យភាព អវត្តមាននៃការស៊ើបអង្កេតប្រកបដោយតម្លាភាព បានពង្រឹងក្រុមឧក្រិដ្ឋជននេះ ដោយអនុញ្ញាតឱ្យសេដ្ឋកិច្ចស្រមោលមានការរីកចម្រើនរាប់ពាន់លានដុល្លារ។
វិបត្តិនេះ ទាមទារឱ្យមានការឆ្លើយតបតាមតំបន់ដែលសម្របសម្រួល និងផ្អែកលើសិទ្ធិ ដោយឡែករដ្ឋាភិបាលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវតែផ្តល់អាទិភាពដល់ការការពារជនរងគ្រោះ ពីការជួញដូរជាងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍។
កិច្ចសហប្រតិបត្តិការក្នុងតំបន់ មានសារៈសំខាន់ណាស់ ក្នុងការរុះរើបណ្តាញឆ្លងដែនដែលដំណើរការនៅបរិវេណទាំងនេះ។ បន្ថែមពីនេះ សហគមន៍អន្តរជាតិ ត្រូវតែទទួលខុសត្រូវលើរដ្ឋាភិបាលកម្ពុជា ចំពោះកាព្វកិច្ចខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
សម្ពាធការទូត ការដាក់ទណ្ឌកម្ម និងការគាំទ្រសង្គមស៊ីវិល អាចជួយបង្កើតបរិយាកាសសម្រួលដល់ជនរងគ្រោះដោយការការពារ ហើយអ្នកជួញដូរត្រូវបានកាត់ទោស។
ដូចគ្នានេះដែរ នៅដើមខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ចអាមេរិក តាមរយៈបណ្ដាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ រកឃើញថា ក្រុមហ៊ុន ហួយ វ័ន (Hoione) របស់លោក ហ៊ុន តូ ហើយដែលក្រុមហ៊ុននេះ មានមូលដ្នានទៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធយ៉ាងសកម្ម ក្នុងអាជីវកម្មរកស៊ីក្នុងទីផ្សារងងឹត ជាពិសេសក្រុមហ៊ុន ហួយ វ័ន នេះបានដើរតួនាទីយ៉ាងមានប្រសិទ្ធិភាព ក្នុងការលាងលុយកខ្វក់ឲ្យក្រុមចោរព័ត៌មានវិទ្យា ឬ Hacker របស់កូរ៉េខាងជើង និងឧក្រិដ្ឋកម្មអនឡាញ រួមទាំងនៅតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទីតាំងផ្សេងទៀត។
មិនត្រឹមត្រូវតែប៉ុណ្ណោះ របាយការណ៍ស្រាវជ្រាវពីវិទ្យាស្ថាន Humanity Research Consultancy របស់សហរដ្ឋអាមេរិក រកឃើញថា មេដឹកនាំជាន់ខ្ពស់មួយចំនួន ដូចជា លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា កុក អាន និងលោក ទ្រី ភាព ជាដើម ដែលអ្នកជួយរកលុយឱ្យគណបក្សប្រជាជន ក៏មានជាប់ពាក់ព័ន្ធក្នុងការជួយការពារបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិទាំងនេះដែរ ជាថ្នូរក្នុងការប្រមូលលុយពីឧក្រិដ្ឋកម្មល្បែងអនឡាញ និងអំពើឆបោកនេះ ក្នុងទំហំទឹកប្រាក់ចន្លោះពីជាង ១២ ពាន់លានដុល្លារ ទៅ១៩ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
តាមរបាយការណ៍ដដែល បង្ហាញទៀតថា មានបុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ៕









