កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករវ័យក្មេងរាប់រយនាក់ នៅក្នុងរដ្ឋធានីនៃម៉ាដាហ្គាស្គា ដែលបានត្រឡប់មកតាមដងផ្លូវម្តងទៀត កាលពីថ្ងៃអង្គារ បើទោះបីជាប្រធានាធិបតីបានសម្រេចចិត្តមួយផ្នែក ចំពោះការទាមទាររបស់ពួកគេ ដោយការរំលាយរដ្ឋាភិបាលក៏ដោយ។
ទីភ្នាក់ងារសាព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះថា លោក អ៊ែនឌ្រី រ៉ាចូលីណា(Andry Rajoelina) បានចូលរួមក្នុងកម្មវិធីទូរទស្សន៍ កាលពីយប់ថ្ងៃចន្ទ ហើយបាននិយាយថា លោកចង់បង្កើតកិច្ចសន្ទនាជាមួយយុវជនដែលកំពុងតវ៉ា ដើម្បីទទួលបានទឹក និងឱ្យបញ្ឈប់ការកាត់ផ្តាច់ចរន្តអគ្គិសនី ថែមទាំងសន្យាថានឹងចាត់វិធានការ ដើម្បីជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយការលួច។
នៅក្នុងសារមួយលើទំព័រហ្វេសប៊ុក(Facebook) របស់អ្នកតវ៉ា ដែលក្នុងនោះអ្នករៀបចំការតវ៉ាមួយចំនួន បាននិយាយថា ពួកគេមានការខកចិត្តចំពោះសន្ទរកថារបស់លោក និងបានទាមទារការសុំទោសពីលោក និងនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង ក៏ដូចជាបណ្តេញរដ្ឋបាលក្រុងអង់តាណាណារីវ៉ូ(Antananarivo)ផងដែរ។
អ្នកផ្សេងបានដើរទៅមុខទៀត ដោយគ្រវីបដាជាមួយនឹងសារ ដូចជា ‘‘យើងត្រូវការទឹក យើងត្រួវការអគ្គិសនី លោក រ៉ាចូលីណា ចុះចេញ’’ ដោយវីដេអូបានបង្ហាញអំពីអ្នកតវ៉ាដែលដើរតាមក្បួនក្នុងរដ្ឋធានី អង់តាណាណារីវ៉ូ(Antananarivo) ដែលចាក់ផ្សាយតាមទូរទស្សន៍ឯកជនរៀលធីវីម៉ាដាហ្គាស្គា(Real TV Madagasikara)។
ការបំផុសគំនិតនេះ ទទួលបានឥទ្ធិពលការតវ៉ា ពីជេនហ្ស៊ី(Gen Z) នៅក្នុងប្រទេសកេនយ៉ា និងនេប៉ាល់ ដែលការតវ៉ារយៈពេល ៤ថ្ងៃ នេះគឺធំជាងគេបំផុតនៃកោះនៅមហាសមុទ្រឥណ្ឌា ត្រូវបានឃើញក្នុងរយៈពេលច្រើនឆ្នាំមកនេះ ការតវ៉ានេះបានក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុត ចំពោះប្រធានាធិបតី រ៉ាចូលីណា ចាប់តាំងពីលោកឈ្នះការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៣៕









