ក្រុមអតិថិជនព្រមានប្តឹងឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការប្រើល្បិចពន្យាពេលមិនសង់ផ្ទះដើម្បីបង្ខំឱ្យពួកគេដោះដូរដី និងផ្ទះ តែត្រូវថែមលុយរហូតដល់ទៅ១ម៉ឺនដុល្លារ ខណៈអតិថិជនអះអាងថា ធ្លាក់ក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ ក្រោយខ្ចីលុយធនាគារទិញផ្ទះបង់លុយគ្រប់៤ឆ្នាំទៅនេះតែក្រុមហ៊ុនគ្មានផ្ទះឱ្យ។
អតិថិជនម្នាក់ លោក រ៉ា វុធ ប្រាប់VODនៅថ្ងៃទី២ ខែតុលានេះថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បន្តគេចវេសមិនសង់ផ្ទះឱ្យអតិថិជនទេ ក្រោមហេតុផលថាក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ច។
យ៉ាងណា លោកថា ថ្មីៗឧកញ៉ារូបនេះ កំពុងបង្កើតគម្រោងលក់ដី និងផ្ទះ ក្រោមឈ្មោះអ្នកផ្សេងទៅវិញ ហើយលោកថាការជាប់គាំងសាងសង់នេះ ជាល្បិចដើម្បីបង្ខំឱ្យអតិថិជនដោះដូរដី និងផ្ទះ តែត្រូវថែមលុយរហូតដល់ទៅ១ម៉ឺនដុល្លារ។
លោកថា៖ «បើសិនជា ឡេង ណាវ៉ាត្រា គាត់នៅតែបន្តសកម្មភាពបែបនេះ ខាងអតិថិជនទាំងអស់នឹងរៀបចំពាក្យបណ្តឹង ទៅតុលាការតែម្តង ដើម្បីឲ្យ ឡេង ណាវ៉ាត្រា គាត់ចូលខ្លួនដោះស្រាយ។ រាល់ថ្ងៃនេះ គាត់គេសវេសរហូត អត់ដោះស្រាយបញ្ហារបស់អតិថិជនទេ ហើយមួយទៀត គាត់ថា គាត់អត់មានថវិកាសម្រាប់បន្តការងាររបស់គាត់ តែគាត់យកលុយធ្វើអ្វីផ្សេងបង្កើតជាគម្រោងផ្សេងៗ»។
បើតាមលោក រ៉ា វុធ អំឡុងពាក់កណ្តាលខែកញ្ញា មានអតិថិជន ៧២គ្រូសារ ក្នុងចំណោមអតិថិជនប្រមាណ ៥០០គ្រួសារ បានដាក់លិខិតរកដំណោះស្រាយ ពីលោក ឡេង ណាវ៉ាត្រា ដែរតែនៅតែគ្មានដំណោះស្រាយ។
លោក រ៉ា វុធ បានចំណាយលុយជិត៤ម៉ឺនដុល្លារទិញដី និងផ្ទះនៅបុរីឡេង ណាវ៉ាត្រា គម្រោង៦A តែក្រុមហ៊ុនពន្យាពេលសាងសង់ប្រមាណ៤ឆ្នាំហើយ តាំងពីឆ្នាំ២០២១មក។ ទីតាំងផ្ទះរបស់លោកនៅប្លុក C E1 និង E0(RA) ដែល លោក រ៉ាវុធ ថាមានសណ្ឋានដីជាបាតបឹងនៅឡើយ។
លោកថា៖ «ខ្ញុំនៅតែជឿជាក់ទៅលើក្រសួងយុត្តិធម៌ ដែលថាគាត់នឹងរកយុត្តិធម៌ឲ្យអតិថិជនដោយស្មោះត្រង់ដែលពិតប្រាកដ មិនមែនជាការបន្លែបន្លំចោទប្រកាន់ទៅលើ ឡេង ណាវ៉ាត្រា ព្រោះអីពួកខ្ញុំជាអតិថិជន គឺមានក្រដាសស្នាមត្រឹមត្រូវ។ ស្នាមមេដៃរបស់ ឡេង ណាវ៉ាត្រា ត្រឹមត្រូវ! ហើយនិងលិខិតបង់ផ្ដាច់ត្រឹមត្រូវទាំងអស់។ អ៊ីចឹងខ្ញុំជឿជាក់ថា ខាងក្រសួងយុត្តិធម៌និងក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល អាចរកយុត្តិធម៌ឲ្យពួកខ្ញុំជាអតិថិជន ដែលស្លូតបូតហើយស្មោះត្រង់»។
បន្ថែមលើនេះ គណនីហ្វេសប៊ុក ឈ្មោះ MR Peth បានបង្ហោះរូបឧកញ៉ា ឡេង ណាវាត្រា នៅថ្ងៃទី១០ ខែតុលានេះ ភ្ជាប់សារថា អ្នកឧកញ៉ាចិត្តធម៌ (ឡេង ភក្ត្រា ) ហៅ ឡេង ណាវ៉ាត្រា ម្ចាស់គម្រោងបុរីឡេងណាវ៉ាត្រាផ្លូវជាតិ6A ជាអ្នកឧកញ៉ាចិត្តធម៌ម្នាក់ ដែលយកលុយអតិថិជន ប្លុកCយូរឆ្នាំហើយ មិនព្រមសង់ផ្ទះឲ្យអតិថិជន ដីក៏មិនទាន់ចាក់ពេញឱ្យទៀត ទុកឲ្យអតិថិជនរងគ្រោះទិញផ្ទះមិនបាន ផ្ទះដីក៏មិនមានត្រូវរងទុក្ខបង់សងលុយធនាគាររាប់ឆ្នាំ។
ដោយឡែក ហ្វេសប៊ុកឈ្មោះ DA MA NO បានសរសេរដែរថា ទិញផ្ទះបង់លុយគ្រប់ ៣ទៅ៤ឆ្នាំ មិនមានផ្ទះឱ្យដីក៏មិនមាន។ ប្រភពថា បើអតិថិជនចង់បានផ្ទះឆាប់ចូលរស់នៅតម្រូវឲ្យដោះដូរថែមលុយពី១ពាន់ដុល្លារ ដល់១ម៉ឺនដុល្លារ តែបើមិនដោះដូរ មិនធ្វើផ្ទះឲ្យ។ ករណីនេះ លោកស្នើនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែនជួយដោះស្រាយ។
ជុំវិញរឿងនេះ VOD មិនទាន់អាចសុំការឆ្លើយតបពីក្រុមហ៊ុនឡេង ណាវ៉ាត្រា បាននៅឡើយទេ គិតត្រឹមថ្ងៃទី១ ខែតុលានេះ។
ជុំវិញរឿងនេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ជំរុញឱ្យរដ្ឋាភិបាលចេញមុខអន្តរាគមន៍បន្ទាន់ ដើម្បីដោះស្រាយវិបត្តិជីវភាពពលរដ្ឋដែលរងគ្រោះ ដោយសាររឿងទិញផ្ទះពីក្រុមហ៊ុនដែលរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណនេះ។
លោកថា៖ «អ្នករងគ្រោះគឺប្រជាពលរដ្ឋ ដែលលោកជំពាក់បំណុលគេ ហើយអ្នកខ្លះហ្នឹងក៏ខ្ចីបុលគេយកមកទិញអ្នកខ្លះក៏លក់កេរ្តិ៍អាករ ដើម្បីយកមកទិញស្នាក់នៅ។ ម្ល៉ោះហើយវាធ្វើឲ្យជីវភាពពួកគាត់នោះ កាន់តែលំបាកដុនដាបទៅៗហើយ ធ្វើឱ្យប្រជាពលរដ្ឋដុនដាបទៅ! អ្នកដែលមានសិទ្ធិអំណាចក្នុងការធ្វើអន្តរាគមន៍ឲ្យជួយសង្គ្រោះដល់ប្រជាពលរដ្ឋ មានតែរាជរដ្ឋាភិបាលហ្នឹងហើយ បើរដ្ឋាភិបាលមិនទទួលខុសត្រូវ អាហ្នឹងយើងមិនដឹងថាយ៉ាងម៉េច»។
ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ការលូកដៃអន្តរាគមន៍ករណីនេះពីរដ្ឋាភិបាល គឺជារឿងចាំបាច់ ដើម្បីសង្រ្គោះជីវភាពពលរដ្ឋផង និងលាងជម្រះការចោទថារដ្ឋាភិបាលជាខ្នងបង្អែករបស់ក្រុមហ៊ុននេះផង។
លោកថា៖ «យើងដឹងហើយថា ឧកញ៉ា ឡេង ណាវ៉ាត្រា ជានណារ! អាហ្នឹងយើងហាក់ដូចជាបានដឹងទាំងអស់គ្នាហើយ ដូច្នេះខ្ញុំគិតថារឿងនេះដើម្បីបញ្ចៀសកុំឲ្យមានការជះឥទ្ធិពលមិនល្អ ទៅដល់ដំណើរការនៃការអភិវឌ្ឍប្រទេស ពិសេសគឺជះឥទ្ធិពលមិនល្អទៅដល់ក្រុមហ៊ុនមួយចំនួន ឬក៏ទៅដល់រដ្ឋាភិបាលផងដែរ! ពីព្រោះថា ការចុះបញ្ជីក្រុមហ៊ុនគឺចុះបញ្ជីរដ្ឋជាអ្នកទទួលស្គាល់ ដូច្នេះចៀសមិនផុត រដ្ឋត្រូវតែមានការទទួលខុសត្រូវ ចំពោះបញ្ហាទាំងអស់ហ្នឹង»។
ឧកញ៉ា ឡេង ណាវ៉ាត្រា តែងតែឱ្យលុយរាប់លានដុល្លារ ដល់រដ្ឋាភិបាលគ្រួសារហ៊ុន ខណៈគម្រោងរកស៊ីវិស័យលក់ផ្ទះរបស់លោក ជាប់គាំង ទោះបីមានអតិថិជនបង់លុយគ្រប់ចំនួនទៅហើយក្តី។
ឧកញ៉ារូបនេះ ក៏ធ្លាប់មានរឿងអាស្រូវកាប់បំផ្លាញព្រៃឈើ នៅតំបន់ភ្នំតាម៉ៅផងដែរ តែត្រូវបានប្រធានបក្សកាន់អំណាចចេញមុខការពារ។
ក្រៅពីករណីឧកញ៉ា ឡេង ណាវ៉ាត្រា ហើយនោះ នៅមានក្រុមជនរងគ្រោះដោយសារគម្រោងអចលនទ្រព្យផ្សេងទៀត ដូចជា ចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ឡេង ចាន់ណា ជា សារ៉ន ឧកញ៉ា និងក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ជាដើម នៅតែមិនទាន់ទទួលបានសំណងវិញទេ ខណៈក្រុមឈ្មួញទាំងនោះ តែងតែបង្ហាញខ្លួនស្និទ្ធិនឹងមេដឹកនាំជ្រកក្រោមស្លាកជាអ្នកគាំទ្របក្សកាន់អំណាច។
អង្គការគម្រោងយុត្តិធម៌ពិភពលោក បានចេញផ្សាយរបាយការណ៍ស្ដីពីនីតិរដ្ឋ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដាក់ឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៤១ ជាចំណាត់ថ្នាក់ទាបជិតបាតតារាងដូចឆ្នាំកន្លងទៅដែរ ក្នុងចំណោមប្រទេសទាំង១៤២៕









