វិវាទការងារនៅរោងចក្របូវឃើរ ហ្គាមេន ហ្វេកធើរី ក្នុងខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់ ដោយខាងភាគីកម្មករ និងក្រុមហ៊ុន បានឯកភាពទទួលយកការទូរទាត់ប្រាក់អត្ថប្រយោជន៍ការងារចំនួន ៣ចំណុច និងប្រាក់ឧបត្ថម្ភប៉ូវបន្ថែមចំនួន ២០៨ដុល្លារក្នុងម្នាក់។
កម្មការិនីធ្វើការនៅរោងចក្របូវឃើរ ហ្គាមេន ហ្វេកធើរី អ្នកស្រី ស្រីសរ បានឱ្យដឹងនៅថ្ងៃទី០២ ខែតុលានេះថា ការចរចារកដំណោះស្រាយជុំវិញបញ្ហាវិវាទការងាររបស់កម្មករផ្នែកប៉ាក់ទាំង ៧៥នាក់នេះ ត្រូវបានដោះស្រាយសះជាហើយ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ដោយកម្មករ និងក្រុមហ៊ុនបានឯកភាពគ្នាទទួលយក ៣ចំណុច និងប្រាក់ឧបត្ថម្ភប៉ះប៉ូវបន្ថែមក្នុងម្នាក់ចំនួន ២០៨ដុល្លារ។
អ្នកស្រីបន្តថា កម្មករប្រមាណ ៧០នាក់ បានសម្រេចទទួលយកដំណោះស្រាយនេះ ហើយបញ្ចប់កិច្ចសន្យាការងារតែម្តង ដោយឡែករូបគាត់ កម្មការិនីមានផ្ទៃពោះ និងអ្នកទើបសម្រាលកូនសរុបចំនួន ៥នាក់ បានឯកភាពក្នុងការបន្តការងារនៅក្នុងរោងចក្រនេះដដែល។
អ្នកស្រីថា៖ «គេដំណោះស្រាយអស់ហើយបង គេគិតឱ្យបីចំណុចហ្នឹង ហើយនិងលុយប៉ូវទឹកចិត្តម្នាក់១០៤ដុល្លារ ម្នាក់២០៨ដុល្លារ កម្មករព្រមព្រៀងផ្តិតមេដៃយកអស់ហើយហ្នឹង។ អ្នកពោះធំស្ម័គ្រចិត្តចូលធ្វើការវិញចឹងណាបង»។
ប្រធានរដ្ឋបាលរោងចក្រកាត់ដេរបូវឃើរ ហ្គាមេន អ្នកស្រី ចាន់ វាសនា បានឱ្យដឹងដែរថា ការចរចារកដំណោះស្រាយលើវិវាទការងារនៅរោងចក្រនេះ បានបិទបញ្ចប់គ្រប់ជ្រុងជ្រោយហើយទៅតាមផ្លូវច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ។
អ្នកស្រីថា៖ «ជាក់ស្តែងគឺយើងទូទាំងតាមផ្លូវច្បាប់ ដែលមានការចុះមកសម្របសម្រួលត្រឹមត្រូវ បិទបញ្ចប់គ្រប់ជ្រុងជ្រោយអស់ហើយ ហើយយើងទូទាត់មានស្របតាមលក្ខខណ្ឌផ្លូវច្បាប់ហ្នឹងជាផ្លូវការ គឺមានប្រាក់ខែចុងក្រោយ មានប្រាក់បំណាច់ឆ្នាំ លុយអតីតភាពការងារត្រីមាសចុងក្រោយ និងប្រាក់ឧបត្ថម្ភប៉ូវបន្ថែមហ្នឹង គឺ២០៨ដុល្លារ សម្រាប់អ្នកលើស៥ឆ្នាំ និង១០៤ដុល្លារ សម្រាប់អ្នកក្រោម៥ឆ្នាំ តែជាក់ស្តែងគឺក្រុមហ៊ុនប៉ូវឱ្យស្មើតែម្តង មិនថាលើស៥ឆ្នាំក្រោម៥ឆ្នាំអីទេ ២០៨ដុល្លារទាំងអស់តែម្តង»។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នាង បានបញ្ជាក់ដែរ បញ្ហាវិវាទការងាររវាងកម្មករនយោជិតផ្នែកប៉ាក់ និងរោងចក្របូវឃើរ បានដោះស្រាយចប់សព្វគ្រប់អស់ហើយ ហើយកម្មករដែលសម្រេចចិត្តនៅបន្តការងារ ក៏បានឯកភាពចូលធ្វើការវិញដែរ។
លោកថា៖ «មកដល់លូវនេះ យើងដោះស្រាយចប់សព្វគ្រប់ហើយ ក្នុងនោះ គឺបងប្អូនកម្មករនិយោជិតបានឯកភាពគ្នាជាមួយក្រុមហ៊ុន លើអាការងារទូទាត់អត្ថប្រយោជន៍ដែលខាងក្រុមហ៊ុនបានផ្តល់ឱ្យ»។
គួរបញ្ជាក់ថា កម្មករនិយោជិតផ្នែកប៉ាក់ចំនួន ៧៥នាក់ ដែលក្នុងនោះមានទាំងកម្មករិនីមានផ្ទៃពោះផងនោះបាននាំគ្នាប្រមូលផ្តុំតវ៉ា នៅមុខរោងចក្របូវឃើរ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ក្រោយពីថៅកែរោងចក្របានប្រកាសបញ្ឈប់ពួកគេពីការងារ ដោយសារពួកគាត់មិនព្រមដូរទៅផ្នែកដេរ ដែលខុសជំនាញ ខណៈខាងរោងចក្រថាកម្មករនិយោជិតទាំងនោះ បោះបង់ការងារចោល ទាំងដែលធ្វើគាត់នៅបន្តធ្វើការ៕









