អ្នកឃ្លាំមើលថាកា​រ​មិន​រុញ​សំណុំ​រឿង​ព្រំដែន​ទៅ​តុលាការ​ICJ​មេដឹក​នាំ​ក្បត់​ឆន្ទៈ​រាស្ត្រ​មួយ​នគរ

ក្រុម​អ្នក​ឃ្លាំមើល និយាយថា រដ្ឋាភិបាល​ឈាម​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត បាន​ក្បត់​ឆន្ទៈ​រាស្រ្ត​ខ្មែរ​មួយ​នគរ ដោយ​មិន​បង្ហាញ​ជំហរ​ប្តឹង​ថៃ​ទៅតុ​លាការ​ICJ ក្រោយ​សភា​អនុម័ត​បើក​ផ្លូវ​ឱ្យ​ជាង​៥ខែ​មក​នេះ។

កាល​ពី​​ថ្ងៃ​ទី​២​ ​ខែ​​មិថុនា ​ឆ្នាំ​​២០២៥ សមាជិក​សភានិ​ង​ព្រឹទ្ធ​សភា​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​​លើក​ដៃ​អនុម័ត​​​ជា​​ឯកច្ឆន្ទ គឺ ១៨២​​សំឡេង​​គាំទ្រ​​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត ឱ្យ​ប្ដឹង​​ថៃ ពី​​បញ្ហា​​ព្រំដែន​​​ទៅ​​តុលាការ​​អន្តរ​ជាតិ (ICJ) តាម​ការ​ស្នើ​សុំរ​បស់​រដ្ឋាភិ​បាល។

លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​អង្គ​សមាជ​​រដ្ឋសភា និង​​ព្រឹទ្ធ​សភា​ពេល​នោះ​​ថា ទោះ​​ភាគី​​ថៃ​មិន​​ព្រម​​ឡើង​​ទៅ​​តុលាការ​​​យុត្តិធម៌​​អន្តរ​ជាតិ​​​ក៏ដោ​យ ក៏​​​កម្ពុជា​​នឹង​​ប្តឹ​ង​​ករណី​​នៅ​​តំបន់​​មុំ​បី ករណី​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ករណី​ប្រាសាទ​តាក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ។

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់​ថា ការ​ប្តឹង​ថៃទៅ(ICJ) រឿងព្រំដែន​នេះ គឺ​ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ កុំ​ឱ្យ​​កើតមាន​បន្ត​ទៀត ហើយថា ​ការ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​អន្តរជាតិ​នេះ ក៏​ដើម្បី​កុំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ ​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា និង​ធ្លាក់​ចូល​អន្ទាក់ ​របស់​ក្រុម​ជ្រុល​និយម​ផង​ដែរ។

លោកថា៖ «ហើយខ្ញុំសូមបញ្ជាក់ថា ទោះបីជាភាគីថៃមិនឯកភាពជាមួយ​យើង​ នៅ​ក្នុង​ការ​យក​បញ្ហា​នេះ​ទៅ​ICJ​កម្ពុជា​​នឹង​ប្តឹង​ទៅ​ICJ​បញ្ហា​នេះ​ ដើម្បី​បញ្ចប់​បញ្ហា​នេះ នឹង​ពន្លត់​បញ្ហា​នេះ​តែ​ម្តង កុំ​ឲ្យ​មាន​បញ្ហា​ស្រពេច​ស្រពិល​គ្នា​ ជាពិសេស​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បំផុស រុញ​ច្រាន​ដោយ​ក្រុម​ជ្រុល​និយម​មួយ​ក្ដាប់​តូច​ទៅ​ក្រុម​ប្រទេស​ថៃ និង​កម្ពុជា ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​និង​ការ​ប្រឈម​គ្នា»។

លើសពីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចាត់​ទុក​ករណីនេះ​​ថា ​ជា​ទង្វើ​​ឈ្លាន​ពាន​​ដូច​ដែល​ថៃ​បាន​​ធ្វើ​មក​លើ​កម្ពុជា​​ក្នុង​​​​​​​ឆ្នាំ​២០០៨ ​និង​​ឆ្នាំ​​២០១១​ដែរ។

លោកបន្តថា ការទៅតុលាការ(ICJ) នឹងរួមចំណែកដល់ការបង្ការមិនឲ្យ​មានជម្លោះរវាងភាគីកម្ពុជា ថៃ បន្ត​រីក​រាល​ដាល​លក្ខ​ណៈ​​ទ្រង់​ទ្រាយ​ធំ បង្កផលលំបាកដល់​ប្រទេសជាតិ។ ប៉ុន្តែថា គណៈកម្មការព្រំដែននៅបន្តការងាររបស់ខ្លួនជាប្រក្រតីជាមួយថៃ។

លោកថា៖ «ហើយខ្ញុំក៏ចង់ឱ្យអង្គសមាជយើង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​រាជ​រដ្ឋាភិ​បាល ក្នុង​ការ​នាំ​យក​បញ្ហា​អធិបតេយ្យ​ជាតិ​នៅ​មុំ​បី​ នៅ​ប្រាសាទ​តាមាន់​ធំ​ តាមាន់​តូច និ​ង​តាក្របី ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ឡាអេ»។

ក៏ប៉ុន្តែប្រ​មាណ​ជា​ជាង​៤ខែ​ទៅ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ត្រឹម​ថា បាន​ជូន​ដំណឹង​ទៅ​(ICJ)​តែ​មិន​ទាន់​ប្រកាស​ថា​បាន​ប្តឹង​ជា​ផ្លូវការ​នៅ​ឡើយ​ទេ បើ​ទោះ​ជម្លោះ​ព្រំដែន​បាន​ឈាន​ទៅ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រយៈ​ពេល​៥ថ្ងៃ ហើយ​ថៃ​រំលោភ​បទ​ឈប់​បាញ់ ចូល​ចាប់​ទានហាន​ខ្មែរ​២០​នាក់ និង​ចូល​រាយ​បន្លា​លួស​រំលោភ​យក​ដី​ខ្មែរ​ច្រើន​កន្លែង ដូច​ជា នៅ​ប្រាសាទ​តាមា​ន់ធំ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តំប​ន់អា​ន​សេះ ខេត្ត​ព្រះ​វិហារ រំលោភ​យក​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យនិង​គំរាម​ប្រើ​កម្លាំង​វាយ​យក​ទីតាំង​១៧​កន្លែង​ទៀត នៅខេ​ត្ត​ពោធិ៍​សាត់ និង​ខេត្ត​កោះកុង​ក្តី។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២ ខែ​តុលានេះថា រដ្ឋាភិបាល​កម្ពុជា​​ក្រោមអំណាចផ្តាច់ការគ្រួសារហ៊ុន មិនដែលគោរព និងឱ្យតម្លៃឆន្ទៈរាស្រ្តម្ចាស់​ឆ្នោតទេ។

ក្នុងន័យនេះ ​លោកពន្យល់ថា រដ្ឋសភាដែលជាសំឡេងរបស់ពលរដ្ឋខ្មែរ បានគាំទ្របើកផ្លូវរដ្ឋាភិបាលពន្លឿន​ប្តឹងថៃទៅតុលាការICJ​ ជាង៤ខែហើយ បែរ​ជាសង្ងំស្ងៀម​បណ្តោយឱ្យ​ថៃបន្ត​គឃ្លើន​ឈ្លានពានដីខ្មែរ។

លោកអះអាងថា ការបន្តពន្យាពេលប្តឹងថៃនេះ ដោយសាររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មា​នឆន្ទៈការ​ពារ​ទឹក​ដី​គឺ​ចង់បន្តយុទ្ធសាស្រ្តឳពុក កាត់​ទឹកដីឱ្យបរទេសជិត​ខាង ដើម្បីរក្សាអំណាចផ្តាច់ការតពូជ។

លោកថា៖ «រដ្ឋាភិបាលកំពុងក្បត់ឆន្ទៈរាស្ត្រ មិនធ្វើតា​ម​សំណើរ​បស់​រាស្ត្រ​ដែល​តំណាង​ដោយ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ដែល​គេ​បោះ​ឆ្នោត​ឲ្យ​ដា​ក់ពា​ក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​ICJ តែគា​ត់​ធ្វើ​នេះ​តាម​ក្បាល​វាល់​រប​ស់​គាត់ គាត់​ចង់​ស្ដាប់​សភា​ក៏​ស្តាប់ មិ​នច​ង់​ស្ដាប់​សភា និង​ព្រឹទ្ធ​សភា​ក៏​ស្រេច​តែ​គាត់​ គាត់​ចង់​ដូរ​ចិត្ត​ក៏​ស្រេច​តែ​គាត់ ចឹង​មាន​ន័យ​ថា គាត់​កាន់​អំណាច​ផ្តាច់​ការ ចង់​ធ្វើ​អី​តាម​ចិត្ត»។

សម្រាប់លោក អ៊ុំ សំអាន​ នេះមិនមែនជារឿងចម្លែកទេ ដែលមេដឹកនាំគ្រួសារហ៊ុន​មិន​គោរព​​ឆន្ទៈរាស្រ្តខ្មែរ ព្រោះគ្រួសារមួយនេះ បានកាន់អំណាចដល់សព្វថ្ងៃ ដោយ​ប្រើ​កាណុង​កាំភ្លើង ​និ​ង​ការ​ជួយ​ពី​វៀតណាម។

លោក​អះអាងថា លោក ​ហ៊ុន សែន ជាកម្មាភិបាលបក្សកុម្មុយ​និស្តវៀតណាម ដែល​បាន​លើក​បន្តុប​គាត់​ឱ្យ​កាន់​អំណាច​ផ្តាច់​ការ​នៅ​កម្ពុជា ដូច្នេះ​គ្រួសារ​ហ៊ុន​ប្រាក​ដណាស់ មិន​ឱ្យ​តម្លៃ​ពលរដ្ឋ​​ខ្មែរ​នោះ​ទេ។

លោកទាញ​ជាឧ​ទាហរណ៍​ថា ក្រោយ​ឡើង​កាន់​អំណាច លោក ហ៊ុន សែន បាន​កាត់​ទឹក​ដី​ខ្មែរ​មាន​កោះ​ត្រល់ ចង្កោម​កោះ​ក្រចក​សេះ និង​បង្ហូរ​និគម​​វៀត​ណាម​ជាច្រើ​នម​ក​រស់​នៅ​កម្ពុ​ជា តប​តាម​គោល​នយោបាយ​លោក ហ៊ូ ជីមិញ។

លោកថា៖ «បើរដ្ឋាភិបាលមិនប្តឹងទៅICJនោះទេ ទឹក​ដី​ខ្មែរ​យើង​ដែល​ថៃ​ឈ្លាន​ពាន​ ដូច​ជា​ តាមាន់​តូច​តាមាន់​ធំ តំបន់​ច្រក​អាន​សេះ​ មុំបី ភ្នំ​ទ្រព្យ និង​តំបន់​ដទៃ​ទៀត នឹង​អាច​នឹង​បាត់​បង់​ ដូច​ជា​ភូមិ​ជោគ​ជ័យ​ភូមិ​ព្រៃ​ចាន់​ហ្នឹង នឹង​បាត់​បង់​ទៅ​ខាង​ភាគី​ថៃ​ទាំង​អស់​ នៃ​តំបន់​១៧​ទៀត​ចាប់​ពី​ខេត្ត​ពោធិ៍​សាត់ ដល់​កោះ​កុង​ហ្នឹង​បាត់​ដី​ថែម​ទៀត គឺវា​នឹ​ង​បាត់​បង់​ទឹក​ដី​ខ្មែរ​យ៉ាង​ច្រើន​ នៅតា​ម​ព្រំដែន​ទៅ​ខាង​ភាគី​ថៃ​នៅ​ពេល​ដែល​រដ្ឋាភិបាល​មិន​ព្រម​ដា​ក់ប​ណ្ដឹង​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្ដរ​ជាតិICJ»។

ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា មេដឹក​នាំ​​គ្រួសារ​ហ៊ុន​​គ្មា​ន​​ឆន្ទៈ​​ការ​​ពារ​​ទឹក​​ដី​ទេ មាន​តែ​ធ្វើ​ឱ្យ​ដី​ខ្មែរ​រួម​តូច​ទៅៗ ពោលគឺក្រោយជម្លោះព្រំដេនជាមួយថៃនេះ គ្រួ​សា​រហ៊ុនបានធ្វើទឹកដីខ្មែរមួយផ្នែកធំនៅភាគខាងលិចបាត់ទៅប្រទេសថៃ។

លោកហាក់ស្តីបន្ទោសថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានកំណើតឬឆន្ទៈការពារទឹកដីទេ ខណៈសភា​ដែលជាសំឡេងពលរដ្ឋម្ចាស់ឆ្នោត បានគាំទ្រឱ្យប្តឹងថៃទៅតុលាការICJជាង៥ខែហើយ តែមិនធ្វើ។

លោកបារម្ភថា បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែស្ទាក់ស្ទើរមិនប្តឹងថៃទេ ទឹកដីខ្មែរតាមបន្ទាត់ព្រំដែននឹងបន្តបាត់បង់ ជាក់ស្តែង ភ្នំទ្រព្យ តាមាន់ធំ អានសេះ ភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម។

លោកថា៖ «រដ្ឋាភិបាលកម្ពុជាមិនដែលឲ្យតម្លៃលើសន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ បើ​និយាយ​និយាយ​ហ្នឹង​មាត់​ហ្នឹង​ គឺ​ថាហា​ក់ដូ​ច​ជា​ផ្ដល់​តម្លៃ​ខ្ពង់​ខ្ពស់​ណាស់ ដល់​ប្រជា​ពលរដ្ឋ​ ក៏​ប៉ុន្តែជា​ទូ​ទៅ​និង​គ្មាន​ដែល​ផ្តល់​តម្លៃ​ឲ្យ​ប្រជាពលរដ្ឋ​​បោះ​ឆ្នោត ក៏​បោះ​ទៅ មិន​បោះ​ឆ្នោត​ក៏​គាត់​ជាប់ គឺ​ជា​ប់​តែ​រហូត អ៊ីចឹង​បាន​ន័យ​ថា បើ​សិន​ជា​រដ្ឋាភិបាល​ផ្តល់​​តម្លៃ​ឲ្យ​ប្រជា​ពលរដ្ឋ គឺ​រដ្ឋាភិបាល​នឹង​គោរព​ឆន្ទៈ​ប្រជា​ពលរដ្ឋគោរព​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ប្អូន​មើលៗ​វា​បញ្ច្រាស​មក​វិញ ដែល​រដ្ឋាភិបាល​នឹង​ផ្ដល់​ឱកាស​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យពលរដ្ឋ​បញ្ចេញ​មតិ​យោបល់ ស្រួល​អ​ត់​ទេ គឺ​នៅ​តែ​ប្រើ​យុទ្ធ​សាស្ត្រ​ងើប​មួយ​វ៉ៃ​មួយ»។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​ប្រធាន​ព្រឹទ្ធ​សភា លោក ជា​ ធីរិទ្ធ បាន​វាយ​បក​ទៅ​ក្រុម​ប្រឆាំង​ថា ពួក​គេ​បាន​បំភ្លៃ​រឿង​នេះ ដោយ​អះអា​ង​ថា ករណី​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​រួច​ហើយ។

លោកថា៖ «មហាជនណាដែលក្រុមប្រឆាំង ដែលនៅ​ជាមួយ​​សម្បត្តិ ​ក្រុម​​របស់​​សម្បត្តិ​ឯង​ហ្នឹង តែងនាំ​គ្នា​បំភាន់​មតិ​មហា​ជន​ថា រដ្ឋាភិបាល​អត់​បាន​ធ្វើ​ហ្នឹង តាម​ពិត​រដ្ឋាភិ​បាល​គេ​បាន​ធ្វើ​រួច​ទៅ​ហើយ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​នីតិវិ​ធី​ICJ​ត្រូវ​ការ​ពេល​ប្រមាណ​ប៉ុន្មាន សូម្បី​យើង​ប្ដឹង​តុលាការ​ក្នុង​ស្រុក​ក៏​មិន​មែន​ប្ដឹង​ភ្លាម​កាត់​ក្ដី​ភ្លាម​នោះ​ដែរ»។

ជុំវិញភាពម្រូងចម្រាសនេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បាន​ជូន​ព័ត៌​មាន​ទៅ​តុលាការ ICJ អំពី​បំណង​ដាក់​ពាក្យ​ស្នើ​សុំតុ​លាការ ICJ ធ្វើ​ការ​វិនិច្ឆ័យ​វិវាទ​ព្រំដែន​លើ​តំបន់​ទាំង​៤ តាម​លិខិត​ចុះ​ថ្ងៃ​ទី១​៥ ខែ​មិថុនា ឆ្នាំ២០២៥។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ក្រុម​អ្នក​តាម​ដាន អះ​អាង​ថា ចាប់តាំងពីពេលនេះមក រដ្ឋាភិបាល​គ្រាន់​តែ​ជូន​ដំណឹង​ទៅ(ICJ) មិនទាន់​បានដាក់​ពាក្យប្តឹងនោះទេ។

ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា រដ្ឋាភិបាល​កម្ពុជា គួរបញ្ជាក់​បង្ហាញ​ភស្តុតាង​ថា​ខ្លួន​ពិត​ជា​បាន​ប្តឹង​ថៃ​ទៅ​តុលាការ ICJ តាម​សំណូមពរ​របស់​ខ្មែរ​ម្ចាស់​ឆ្នោត។

លោក​អះអាង​ថា តួនាទីរបស់រដ្ឋាភិបាល គឺ​ត្រូវ​គោរព​តាម​ស្មារតី​រាស្រ្ត និង​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ និង​ប្រជា​រាស្រ្ត ដើម្បី​ជៀស​វាង​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​បុព្វ​បុរស​ខ្មែរ​ទៅ​ប្រទេស​ជិត​ខាង។

លោកថា៖ «បើនៅក្នុង​គោល​ការណ៍​រដ្ឋ​ធម្ម​នុញ្ញ រដ្ឋាភិបាល​ត្រូវ​តែ​បម្រើ​រាស្ត្រ​ ហើយ​នឹង​គោរព​ទៅ​នឹ​ង​ឆន្ទៈ​រប​ស់​រាស្ត្រ ប៉ុន្តែ​បើសិ​ន​ជារ​ដ្ឋាភិបាល​មិន​បាន​បម្រើ​រាស្ត្រ ឬ​ក៏មិ​ន​គោរព​ឆន្ទៈ​រាស្ត្រ​ អាហ្នឹង​ជាកា​រ​រំលោភ​បំពាន​ទៅ​លើ​អ្វីដែ​ល​ជា​ការ​សន្យា​កិច្ច​ព្រម​ព្រៀង​មួយ​ នៅក្នុ​ង​ការ​ដែល​រដ្ឋាភិបាល​មុន​ដំណើរ​ការ​ពេល​បោះ​ឆ្នោត ពី​ព្រោះ​ថា​គណបក្ស​នយោបាយ​នីមួយៗ មុន​បោះ​ឆ្នោត​សុទ្ធ​តែ​មាន​ការ​សន្យា​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ថា​ នឹង​គោរព​នូវ​ស្មារតី​របស់​ប្រជា​ពលរដ្ឋ​ ហើយ​បើ​យើង​ទៅ​គិត​ថា​រដ្ឋ​សភា រដ្ឋស​ភា​ជាតំណាង​រាស្ត្រ ជា​តំណាង​ឲ្យ​ពលរដ្ឋ បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដែល​ស្ដាប់​មិន​ព្រម​ឲ្យយល់​ស្រប​ទៅ​នឹង​តាម​អ្វី​ដែល​ជា​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ អ៊ីចឹង​​រដ្ឋាភិបាល​អាច​នឹង​ប្រឈម​នឹង​បញ្ហា»។

បញ្ហាព្រំដែន​នាសម័យ​ទំនើប​នេះ វា​បាន​កក្រើក​ឡើង​វិញ​​​អំឡុ​​ង​​ឆ្នាំ​​​២០០៥ ដែល​​​ពេ​​ល​​​នោះ ​លោក ហ៊ុន សែន បាន​​​គំរាម​​​រំលាយ​​របប​​រាជានិ​យម​​អាស្រ័យ​​ធម្ម​​នុញ្ញ​​ចោល បើ​ព្រះ​អង្គ​មិន​​ព្រម​​ឡាយ​ព្រះហស្ត​លេខាលើ​​​​សន្ធិសញ្ញាបំ​ពេញ​បន្ថែម ដែល​រង​ការ​រិះ​គន់​ថា ធ្វើ​តាម​ការ​ចង់​បាន​របស់​​មេដឹក​នាំ​វៀត​ណាម។

ជាក់ស្តែងនៅឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់​គំរាម​​រំលាយ​ស្ថាប័ន​​ព្រះ​មហា​ក្សត្រ ដើម្បី​សម្រេច​​ម​ហិច្ឆ​តា​​វៀត​ណាម​លេប​​ទឹក​ដី បើ​ព្រះអង្គ​មិន​ឡាយ​ព្រះ​ហស្ត​លេខា លើ​សន្ធិសញ្ញាព្រំដែន​ខុស​ច្បាប់​ដែល​គូរ​វា​ស​​ដោយ​​វៀត​​ណាម ឆ្នាំ​​១៩៨២ ៨៣ និង​​៨៥ ឱ្យ​​រស់​ឡើង​​វិញ​​ទេ​នោះ។

បន្ថែមពីនេះ លោក ហ៊ុន សែន តែង​តែ​ចោទ​មេដឹកនាំ​​គណបក្ស​​ប្រឆាំង​​ថា ជា​ជន​​ក្បត់​​ជាតិ ខណៈ​​​ពួក​​គេជា​​ញឹក​ញាប់​​​បាន​ប្រើ​យន្ត​ការ​​សភា ​និយាយ​​​លាត​​ត្រដាង​​ពីមហិច្ឆតា​​វៀ​ត​ណាម​​លេប​​​​ទឹ​ក​ដី​ខ្មែរ​នេះ។

លើសពីនេះ គណបក្សសង្គ្រោះជាតិ​ ជាប​ក្សប្រឆាំង​ធំ​​ជា​ងគេ ត្រូវ​បាន​ លោក ហ៊ុន សែន ប្រើ​តុលា​ការរំលាយ​ចេញ​ពី​ឆាក​​នយោបាយ​​នៅ​ចុង​ឆ្នាំ​​២០១៧ និង​​បន្ត​សម្លាប់​​ជីវិត​នយោបាយ​មេដឹក​នាំ​ រហូត​បច្ចុប្បន្ន ក្នុង​នោះ​រួម​ទាំង លោក កឹម សុខា ផង​ដែរ។

កម្តៅ​ព្រំដែន​នេះ ត្រូវ​បានគេមើល​ឃើញ​ថា ជាដើម​ចម​ធ្វើ​ឱ្យ​ លោក ហ៊ុន សែន ជាប់​អន្ទាក់​ប្រទេស​​ជិតខាង ហើ​យ​បន្ត​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កម្ចាត់ខ្មែរ​គ្នាឯង ដែលហ៊ានលាតត្រដាងមហិច្ឆតាវៀតណាមឈ្លា​នពានទឹកដីខ្មែរ ។

វិធាននេះ​ក្រោយ លោក ហ៊ុន សែន ​ ​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​​ព្រំដែន​ខុស​ច្បាប់ ​រស់​នៅ​ឡើង​វិញ​​នៅ​ឆ្នាំ​២០០៥ ​ ​ការ​​​ចង់​បាន​របស់​វៀត​​ណាម ដែលក្រុមប្រឆាំងអះអាងថា ធ្វើឱ្យកម្ពុជាបាត់បង់ដែនដីគោក​​​មួយ​ផ្នែក​ទៀត រួមប្រជុំកោះនិង​ដែន​​សមុទ្រ។

ទង្វើនេះ ត្រូវ​​បា​ន​គេមើលឃើញថា មេដឹកនាំ​គ្រួសារ​ហ៊ុន បាន​ដើរ​ផ្ទុយ​​ទៅ​​នឹ​ង​​មាត្រា​​៥២ និង​​មាត្រា​​​៥៥​នៃ​​​រដ្ឋ​ធម្ម​នុញ្ញ ដែល​​បាន​​ចែង​​ថា សន្ធិ​សញ្ញា និង​​កិច្ច​ព្រម​​ព្រៀង​​ទាំ​ង​​ឡាយ​​ណា​​ដែល​​មិន​​ស្រប​​នឹង​​ឯករាជ្យ អធិប​តេយ្យ បូរណ​ភា​ព​ទឹក​ដី អព្យាក្រឹត​ភាព និងឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែង​ថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារអស់​មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ