រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនកំពុងព្យាយាមបង្កើតមូលដ្ឋានច្បាប់សម្រាប់ការប្រឆាំងតវ៉ានាពេលអនាគត ក្នុងការបកស្រាយ‘‘បំភ័ន្ត’’របស់ខ្លួន ចំពោះសេចក្តីសម្រេចដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅក្នុងជម្លោះកាន់តែខ្លាំងឡើង ចំពោះអ្នកដែលមានសិទ្ធទាមទារអធិបតេយ្យភាពកោះនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះថា ប្រទេសចិនបាននិយាយថា សេចក្តីសម្រេចលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៧១ ដែលនាំឱ្យមានការបណ្តេញតៃវ៉ាន់ចេញពីស្ថាប័ន ហើយប្រទេសចិនទទួលបានកៅអីនៅអង្គការសហប្រជាជាតិ ដែលច្បាប់អន្តរជាតិគាំទ្រខ្លួនក្នុងការទាមទារកោះនេះ ។
តៃវ៉ាន់ មានឈ្មោះជាផ្លូវការថា សារធារណៈរដ្ឋចិន(Republic of China) ហើយរដ្ឋាភិបាលបានភៀសខ្លួនទៅកោះនេះក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយម៉ៅ សេទុង (Mao Zedong) ថាការនិយាយនោះជារឿងដែលមិនសមហេតុផល ព្រោះនៅក្នុងសេចក្តីសម្រេចនោះ មិនបានលើកឡើងអំពីតៃវ៉ាន់ ហើយយ៉ាងណាក៏ដោយ សាធារណៈរដ្ឋប្រជាមានិតចិន មិនដែលបានគ្រប់គ្រងលើកោះនេះផងដែរ។
ជាមួយគ្នានេះ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានធ្វើការ‘‘បំភ័ន្តដោយចេតនា’’ ទៅកាន់សហគមន៍អន្តរជាតិជាមួយនឹងសេចក្តីសម្រេចរបស់ខ្លួន។
ដោយឡែក នៅក្នុងការឆ្លើយតប ក្រសួងការបរទេសចិន បានប្រាប់រ៉យទ័រ(Reuters)ថា មិនថាតៃវ៉ាន់និយាយអ្វីក៏ដោយ គឺមិនអាចផ្លាស់ប្តូរការពិតបានទេ ដែលភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺជាផ្នែកនៃ‘‘ចិនតែមួយ’’ហើយថា ‘‘ការបង្រួបបង្រួម’’នឹងកើតឡើង។
យ៉ាងណា ប្រទេសចិនមានការខឹងចំពោះការលើកឡើងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន អំពីសេចក្តីសម្រេចនេះ ដោយក្រសួងការបទេសសហរដ្ឋអាមេរិក ធ្វើការអធិប្បាយផ្តល់ឱ្យទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) អំពីសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រទេសចិន អំពីប្រធានបទនេះថា ‘‘មានចរិតបំភ័ន្តទៅនឹងសេចក្តីសម្រេចលេខ២៧៥៨ ដោយចេតនា’’ ដែលជាផ្នែកនៃការបង្ខិតបង្ខំយ៉ាងទូលាយរបស់ប្រទេសចិនដើម្បីទុកឱ្យតៃវ៉ាន់ឯកោពីសេចក្តីសម្រេចរបស់សហគមន៍អន្តរជាតិ៕









