ចំពេលថៃពង្រីកការឈ្លានពានកម្ពុជា សាក្សីដែលធ្លាប់រស់នៅតាមព្រំដែនថៃ និងជាអតីតមេទ័ពគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ គឺលោក ញឹក ប៊ុនឆៃ បានចេញមកបញ្ជាក់ថា ថៃបានរំកិលបង្គោលព្រំដែនដែលបោះដោយអាណានិគមន៍បារាំង ចូលមកក្នុងទឹកដីកម្ពុជារាប់គីឡូម៉ែត្រ។
លើសពីនេះ លោកថា ថៃបាននិងកំពុងតែបន្តវាទចូលយកទឹកដីកម្ពុជាជាបន្តបន្ទាប់ថែមទៀត នៅពេលដែលរដ្ឋាភិបាលគ្រួសារហ៊ុនប្រកាន់យកការអត់ធ្មត់មិនតបត។
នាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការពារជាតិកម្ពុជាស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីសម័យសង្គ្រាម បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រាប់ពីទីតាំងមួយចំនួនតាមព្រំដែនដែលប្រទេសសៀម កំពុងតែឈ្លានពានកម្ពុជា។
នៅត្រង់ចំណុចទី២នៃសេចក្តីថ្លែងការណ៍ដែលមាន៧ចំណុច លោក ញឹក ប៊ុនឆៃ បានសរសេរថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ លោកបាននាំកងទ័ព៣០០នាក់ ទៅបង្កើតមូលដ្ឋានទ័ពសេរីការពារជាតិមួយកន្លែងក្នុងទឹកដីខ្មែរ ស្ថិតនៅទល់មុខភូមិណងសាមិត្តរបស់ថៃ នៅខាងលិចប្រាសាទស្តុកកក់ ក្បែរបង្គោលឡាក់លេខ៤២ ដែលមូលដ្ឋានទ័ពនេះ គេហៅថា ជំរុំថ្មី ជំរុំ០០៧ ឬជំរុំឫទ្ធីសែន។
បន្ថែមពីនេះ លោកបានសរសេរថា យោធាថៃបានជីកទំនប់តាមបណ្តោយព្រំដែនខ្មែរ ថៃពីបង្គោលឡាក់លេខ៤១ រហូតដល់បង្គោលឡាក់លេខ៤៩។
លោកសង្កេតឃើញថា បញ្ហាព្រំដែនខ្មែរថៃ នៅតំបន់ទាំងនេះ មានភាពមិនប្រក្រតីមួយចំនួនដែលថៃបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ ប៉ុន្តែយ៉ាងណាក្តី លោកសង្ឃឹមថា បញ្ហានេះគណៈកម្មាការព្រំដែនកម្ពុជាថៃ គ្រប់លំដាប់ថ្នាក់ RBC, GBC, JBC អាចនឹងដោះស្រាយផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទៅថ្ងៃអនាគត។
ដោយសារតែលោកស្គាល់ច្បាស់ពីទីតាំងបង្គោលព្រំដែនខាងលើ និងបង្គោលឡាក់លេខ៧ លេខ៨លេខ៩ លេខ១២ លេខ១៣ លេខ១៤ នៅមូលដ្ឋានអូស្មាច់លេខ២១ នៅក្បែរប្រាសាទតាក្របី លេខ២២ នៅក្បែរដំណាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្មដូនក្នុងខេត្តឧត្តរមានជ័យជាដើម លោកញឹក ប៊ុនឆៃ ប្រកាសថា លោកអាចជួយផ្តល់យោបល់ជូនដល់គណៈកម្មាការព្រំដែនកម្ពុជា RBC, GBC, JBC បានដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
នៅក្នុងបទសម្ភាសន៍នៅទូរទស្សន៍បាយ័ន កាលពីថ្ងៃទី២៩ខែកញ្ញា លោក ញឹក ប៊ុនឆៃ ជឿថា ថៃមិនជីកទំនប់ប្រឡាយនៅក្នុងដីថៃទេ គឺជីកធ្វើជាខ្សែបន្ទាត់ព្រំដែន ហើយការជីកនោះក៏មានប៉ះពាល់មកលើទឹកដីខ្មែរមួយចំនួនដែរ។ ទំនប់ប្រឡាយនោះ គឺនៅមានរហូតមកដល់សព្វថ្ងៃនេះ ជាភស្តុតាងដែលលោក និងពលរដ្ឋខ្មែរដទៃទៀតស្គាល់ច្បាស់ ហើយមានបង្គោលឡាក់មួយចំនួន ប្រជាពលរដ្ឋខ្មែរធ្លាប់បានទៅឈរថតរូបនៅទីនោះក៏ជាភស្តុតាងដែរ។
លោកថា៖ «តាមាន់តូច តាមាន់ធំ នៅក្រោមការគ្រប់គ្រងរបស់កងពល៥-១៩របស់ខ្មែរក្រហម របស់លោកឌុល សារឿន ហើយនិងលោក នាក់ វង្ស។ នឹងហើយដែលមានតាំងពីដើមនៅនោះ មាននៅជប់គគីរប្រាសាទតាមាន់តូច តាមាន់ធំ ហើយបានបន្តមកច្រកថ្មដូន ប្រាសាទតាក្របីបានជប់ត្រាង ថ្មរយអីហ្នុងគឺខ្ញុំ ខាងខ្ញុំខាងកងពលធំលេខ១ រហូតមកដល់ថ្កូវដល់ស្វាយដល់អូរស្មាច់។ អូរស្មាច់ទៅបានអូរផាល ទៅបានដល់តាទុំ គឺយើងនៅអត់មានថៃណាមកនៅទេប្រាសាទអីទាំងអស់ហ្នុង សូម្បីតែប្រាសាទស្តុកកក់ដែលនៅខាងជើងប៉ោយប៉ែត យើងមានប្រាសាទមួយ គឺប្រាសាទស្តុកកក់អាហ្នុងខ្ញុំនៅប្រាសាទស្តុកកក់ហ្នុង»។
ប៉ុន្តែលោកថា បច្ចុប្បន្នថៃនៅកាន់កាប់ប្រាសាទស្តុកកក់របស់ខ្មែរ ដោយសំអាងលើផែនទី ខ្នាត១/៥០ ០០០ដែលថៃគូសដោយខ្លួនឯង។
បើតាមលោក ញឹក ប៊ុនឆៃ នៅតំបន់ព្រំដែនដែលមានផ្ទៃដីរាបជាមួយថៃ គឺចាប់ពីស្ពានប៉ោយប៉ែតឡាក់លេខ៤៩ ទៅរហូតដល់ឡាក់២៨ គឺចុងភ្នំដងរែកខាងលិច ហើយបង្គោលព្រំដែននៅតំបន់ដីរាបលេខ២៧-២៨-២៩-៣០-៣១ ត្រូវបានថៃដូរចុះដូរឡើង។
ដូចជាបង្គោលឡាក់លេខ៤៥ លោកធ្លាប់បានចុះទៅជាមួយគណៈកម្មាការព្រំដែនកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង ដែលពេលនោះខាងគណៈកម្មាការព្រំដែនខាងថៃ ក៏មកដែរ ហើយលោកបានទៅបង្ហាញបង្គោលឡាក់មួយដែលឃើញថៃលើកមកដាក់ក្បែរអតីតមូលដ្ឋានទ័ព ឫស្សីស្រុក និងព្រៃប្រផ្នូល។ ពេលនោះលោកបានបង្ហាញថា បង្គោលឡាក់នេះ មិនមែននៅទីនេះទេ។
លោកថា៖ «ខ្ញុំបានដើរទៅខាងក្រោយនៅក្បែរមាត់អូរមួយដែលខ្ញុំស្គាល់ ថយទៅក្រោយចូលក្នុងដីថៃ ដីថៃអី ដីខ្មែរយើង ប៉ុន្តែក្រោយបង្គោលឡាក់ថ្មី ដែលគេធ្វើហ្នុងជិត៣គីឡូម៉ែត្របានខ្ញុំទៅរកឃើញកម្ទេចថ្ម ហើយខ្ញុំឱ្យជីកមើល១ម៉ែត្រកន្លះទៅ បានឃើញនៅសល់គ្រឹះ។ ហើយឥឡូវថៃបានធ្វើផ្លូវមកខាងមុខបង្គោលឡាក់ចាក់កៅស៊ូ ប៉ុន្តែអាបង្គោលឡាក់ហ្នុងនៅខាងក្នុងខាងក្រោយផ្លូវថៃធ្វើ បើយើងនិយាយថា នៅក្នុងដីថៃ ប៉ុន្តែអាហ្នុងដីខ្មែរយើងទេប៉ុន្តែសព្វថ្ងៃដីថៃ»។
លោកថា គណៈកម្មាការព្រំដែនកម្ពុជា ត្រូវជជែកពីបង្គោលព្រំដែនលេខ៤៥ ដែលថៃបានប្តូរទីតាំងចូលមកក្នុងដីខ្មែរប្រមាណ៣គីឡូម៉ែត្រ និងនៅតែបន្តចូលមកហួសបង្គោលឡាក់ថ្មីនេះទៀត ពីព្រោះខាងថៃក៏បានទទួលស្គាល់ពីទីតាំងនេះរួចហើយដែរ។ ដូច្នេះថៃត្រូវតែថយទៅក្រោយវិញ ហើយប្រគល់ទឹកដីទាំងនោះមកឱ្យកម្ពុជាគ្រប់គ្រងវិញ។
បើតាម លោក ញឹក ប៊ុនឆៃ ព្រំដែនកម្ពុជា-ថៃ ពីស្ពានប៉ោយប៉ែតបង្គោលឡាក់លេខ៤៩ ទៅដល់បង្គោលឡាក់លេខ២៧-២៨ គឺជាដីរាប មានចម្ងាយប្រមាណជាង ១០០គីឡូម៉ែត្រ។
បង្គោលឡាក់ មានត្រឹមតែប្រាសាទព្រះវិហារឡាក់លេខ១ ហើយបន្តពីប្រាសាទព្រះវិហារពីច្រកតាថាវ ទៅដល់ជាំតែ អានសេះ ដល់ទៅមុំបី គឺអត់មានបង្គោលឡាក់ទេ ហើយសន្ធិសញ្ញាបារាំងសៀមបានកំណត់ព្រំដែននៅតំបន់នោះ ដោយបែងចែកព្រំដែនទៅតាមខ្សែបែងចែកទឹកភ្លៀង បានន័យថា កន្លែងភ្នំណាដែលទឹកហូរធ្លាក់មកខាងកម្ពុជា គឺទឹកដីកម្ពុជា ហើយភ្នំណាដែលទឹកហូរធ្លាក់ទៅខាងថៃ គឺជាទឹកដីថៃ។
គេមិនទាន់ឃើញមានប្រតិកម្មណាមួយ ពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងពីក្រសួងការពារជាតិចំពោះការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ នេះទេ។
ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានថ្លែងកាលពីដើមខែមិថុនាឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា គឺនៅមុនពេលមានការផ្ទុះសង្គ្រាមជាមួយថៃថា នៅតំបន់មុំ៣ ដែលថៃឆ្មក់ចូលមកបាញ់ទាហានខ្មែរម្នាក់ស្លាប់ជាតំបន់ដែលកម្ពុជាបានកាន់កាប់តាំងពីឆ្នាំ១៩៨៨។
លោក ហ៊ុន សែន បានពន្យល់ពីមូលហេតុដែលកម្ពុជា មិនចង់ដោះស្រាយតាមផ្លូវចរចាទ្វេភាគីជាមួយថៃទៀត នៅតំបន់មុំបីនេះ ដោយសារតែកម្ពុជាបានប្រើរយៈពេលចរចា ២៥ឆ្នាំហើយ គឺចាប់តាំងពីមានការចុះអឹមអូយូឆ្នាំ២០០០ រហូតមកដល់រដ្ឋាភិបាលថ្មីបច្ចុប្បន្ន គឺដោះស្រាយមិនបានទេ សូម្បីតែប្រជុំគណៈកម្មការចម្រុះព្រំដែនក៏ប្រជុំមិនបានផង។
លោកថា៖ «រហូតចូលមកបាញ់យើងនៅក្នុងទឹកដីរបស់យើង ហើយរឿងដែលខ្ញុំឈឺចាប់បំផុត គឺរឿងយុទ្ធជនម្នាក់ ព្រោះកន្លែងនេះខ្ញុំនិង ទៀ បាញ់ គឺដឹងច្បាស់រឿងនេះ។ យើងកាន់កាប់កន្លែងនេះតាំងពីឆ្នាំ១៩៨៨ ពេលនោះតំបន់នោះខ្មែរក្រហមឈរជើងដាក់អាវុធច្រើនណាស់ នៅតំបន់នោះ រាប់ទាំងនៅក្នុងដីថៃមួយចំនួនផង។ យើងបើកប្រតិបត្តិការដោយមានការសហការជាមួយ សហការជាមួយកងទ័ពកម្ពុជានិងកងទ័ពវៀតណាម វ៉ៃយកកាំភ្លើង និងគ្រាប់បានច្រើនណាស់ ទៀ បាញ់ បានទៅដល់តាំងពី១៩៨៨រឿងអីមកដល់ពេលនេះ បែរជាមកទាមទារឱ្យយើងដកកងទ័ពចេញ?»។
លោក ហ៊ុន សែន បានរំឭកថា នៅតំបន់មុំបីសាលារួមមិត្តលោកបានទៅដល់ទីនោះហើយ ព្រំដែនមិនមែននៅត្រឹមនេះទេ គឺទៅលើហួសពីទីនេះទៀត ហេតុអ្វីបានមកដល់ពេលនេះ ថៃបានទាមទារឱ្យកម្ពុជាដកទ័ពចេញពីតំបន់មុំបី?
ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី៨ខែមិថុនា លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ពីការយល់ព្រមទៅតាមសំណើររបស់ថៃ ក្នុងការលុបលេណដ្ឋាន និងដកកងទ័ពកម្ពុជា ចេញពីទឹកដីកម្ពុជានៅតំបន់នោះ ដោយប្រើភាសាថាជាការ «កែសម្រួលកម្លាំងកងទ័ព» នៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ។
ទាក់ទងនឹងបញ្ហាទឹកដីនៅតាមព្រំដែននេះដែរ អ្នកស្រី យិន យឿត មានវ័យជាង៧០ឆ្នាំ ដែលធ្លាប់ផ្ញើជីវិតជាង១០ឆ្នាំ រស់នៅតាមជំរុំនានានៅតាមព្រំដែនខ្មែរ ថៃ កាលពីសម័យសង្គ្រាម បច្ចុប្បន្នរស់នៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ បានថ្លែងតាមរយៈផេកហ្វេសប៊ុក The Kimmarita Showថា នៅក្នុងឆ្នាំ១៩៧៩ អ្នកស្រីបានរត់ភៀសខ្លួនទៅរស់នៅជំរុំឫទ្ធីសែន រហូតដល់ឆ្នាំ១៩៨៣ ក៏ត្រូវបានគេជម្លៀសឱ្យទៅរស់នៅជំរុំនងចាន់ ដែលក្រោយមកត្រូវបានដូរឈ្មោះទៅជាភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ន។
ក្រោយមកទៀត ក៏បានផ្លាស់ទៅរស់នៅជំរុំអាងសាលាដែលស្ថិតនៅជាប់ព្រំដែនថៃ។ អ្នកស្រីនិយាយថា កាលនោះថៃបានជីកប្រឡាយកំណត់ព្រំដែនវាទយកដីខ្មែររួចហើយ មិនមានដីថៃមកនៅក្នុងទឹកដីខ្មែរទៀតនោះទេ ពីព្រោះនៅម្ខាងនៃប្រឡាយនោះស្ថិតនៅក្នុងទឹកដីថៃ គឺមានបន្ទាយទាហានថៃឈរជើងនៅទីនោះ ឯនៅម្ខាងទៀតនៃប្រឡាយ គឺស្ថិតក្នុងទឹកដីខ្មែរមានទាហានប៉ារ៉ានៃចលនាតស៊ូខ្មែរឈរជើង។ នៅតាមព្រំដែនក្នុងតំបន់នោះថៃបានជីកប្រឡាយធ្វើជាខ្មែរព្រំដែន។
អ្នកស្រីថា៖ «កាលហ្នុងថៃវាអត់ទាន់យកទេវានៅចម្រូងខ្មែរក្រហមដាក់ចម្រូង ដល់ប្រជាជនខ្មែរយើងទៅរស់នៅចេះតែដកចម្រូងចេញ ពេលនោះថៃវាដេញយើងឱ្យថយមកទៀត វាធ្វើអាប្រឡាយហ្នឹងយកដីមួយសារទៀត យើងចេះតែខិតមកខិតមកចឹងទៅ។ រហូតមកដល់អាងសាលានេះទៀត វាធ្វើជាអូររួចហើយវាធ្វើជាប្រឡាយអាបាតប្រឡាយវានឹងធំ៥ម៉ែត្រ ខ្នងទំនប់វាក៏៥ម៉ែត្រសងខាងដែរ វាធ្វើហីវាត្រៀមខ្សែត្រៀមវានៅម្ខាងខ្មែរយើងនៅម្ខាងទាហានប៉ារ៉ា អត់មានដីថៃឯណាមកនៅអូរបីជាន់ ណងចាន់ អីអត់មានទេ ទាហានប៉ារ៉ានៅតាំងពី៧៩ សុទ្ធតែមីនសុទ្ធតែអីទេ»។
ស្ត្រីវ័យជាង៧០ឆ្នាំរូបនេះ បានរំលឹកពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ កាលពីរស់នៅជំរុំតាមព្រំដែនថា ពេលខ្លះពលរដ្ឋខ្មែរចេញពីជំរុំលួចឆ្លងដែនទៅរកការងារធ្វើ នៅក្នុងទឹកដីថៃពេលថៃចាប់បាន គឺយកទៅចងដុតទាំងរស់ជាមួយសម្បកកង់ឡាន។
លើសពីនេះ មានពលរដ្ឋខ្មែរជាច្រើនដែលអង្គការសហប្រជាជាតិ បានជួលរថយន្តថៃមកដឹកពីតាមជំរុំនៅព្រំដែនយកទៅជំរុំសាយធូ ឬខៅអ៊ីដាង នៅក្នុងទឹកដីថៃ ដែលអង្គការសហប្រជាជាតិបានជួល ដើម្បីត្រៀមបញ្ជូនទៅកាន់ប្រទេសទី៣ ត្រូវថៃដឹកបង្វាងយកទៅចាក់ចោលនៅភ្នំខ្មោច ហើយបានស្លាប់នៅទីនោះ។
លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែន បាននិយាយនិងបង្ហាញរូបថតលើបណ្តាញសង្គម ដែលទាហានថៃ ចុះពិនិត្យបង្គោលព្រំដែននៅថ្ងៃទី១ខែតុលា ក្នុងន័យដើមថា៖ «យើងមិនដឹងថា បង្គោលព្រំដែនថ្មីចែសនេះ ត្រូវបានបោះដោយមានការឯកភាពពីភាគីកម្ពុជាឬអត់នោះទេ? ឬក៏ថៃលួចរំកិលបង្គោលព្រំដែននេះចូលមកដីខ្មែរឬអត់? តើបង្គោលព្រំដែនថ្មីចែសនេះ ស្ថិតក្នុងចំណោមបង្គោលព្រំដែនចំនួន ២៤ ដែលភាគីប្រទេសទាំងពីរបានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន២៤បង្គោល ក្នុងចំណោម៤២បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំងឬយ៉ាងណា?»។
បើតាមលោក អ៊ុំ សំអាន ចាប់តាំងពីឆ្នាំ២០០៦មក ភាគីទាំងពីរបានចុះវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំង៧៤ ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ចន្លោះឆ្នាំ១៩១៩-១៩២០ ដោយទទួលបានលទ្ធផលបានឯកភាពគ្នាលើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៤២ បង្គោល និងពុំទាន់ឯកភាពគ្នាចំនួន៣២ បង្គោល។
មានបង្គោលព្រំដែនចំនួន៣២ មិនទាន់ឯកភាពទេ ដោយសារទីតាំងបង្គោលខ្លះ បានបាត់បង់ និងកន្លែងខ្លះទីតាំងមិនពិតប្រាកដ(មានន័យថាថៃរំកិលបង្គោលចូលដីកម្ពុជា) ជាមួយគ្នានេះ ភាគីប្រទេសទាំងពីរក៏បានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំង។
លោកបញ្ជាក់ថា នៅពេលបារាំងធ្វើព្រំដែនជាមួយសៀមនៅឆ្នាំ១៩០៨ និង ១៩០៩ មានប្រើបន្ទះដែកក្រាស់ធំ បោះនៅលើដើមឈើជាតម្រុយព្រំដែន ទើប១០ឆ្នាំក្រោយមកនៅឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២០ បានចុះបោះបង្គោលព្រំដែនដោយចាក់ជាបេតុងនៅលើដីជាក់ស្តែង។
បច្ចុប្បន្នទឹកដីខ្មែរជាច្រើនកន្លែងត្រូវបានថៃដណ្តើមកាន់កាប់ ដូចជា ប្រាសាទស្តុកកក់ ទឹកដីមួយផ្នែកនៃភូមិជោគជ័យ និងភូមិព្រៃចាន់ ប្រាសាទតាមាន់តូច និងមួយផ្នែកនៃប្រាសាទតាមាន់ធំ កំពូលភ្នំទ្រព្យ និងទឹកដីមួយផ្នែកនៃតំបន់អានសេះជាដើម ខណៈដែលរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគ្រួសារហ៊ុន នៅតែប្រកាន់ខ្ជាប់នូវការអត់ធ្មត់ ដើម្បីគោរពបទឈប់បាញ់។
ការណ៍នេះ ធ្វើឱ្យអ្នកជាតិនិយមខែ្មរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីការបាត់បង់ទឹកដីខ្មែរទាំងនេះនិងទឹកដីនៅតាមតំបន់ផ្សេងទៀត ខណៈដែលកងទ័ពថៃកំពុងតែមានភាពសកម្មយ៉ាងខ្លាំងក្នុងការរាយលួសបន្លាវាទយកទឹកដីខ្មែរឥតឈប់ឈរ៕









