សហរដ្ឋអាមេរិកនឹងផ្តល់ព័ត៌មានសម្ងាត់ឱ្យទៅអ៊ុយក្រែន ដើម្បីប្រើប្រាស់ក្នុងការវាយប្រហារចម្ងាយឆ្ងាយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី នេះបើយោងតាមសារព័ត៌មានដឹវ៉លស្រ្ទីតជើណល កាលពីថ្ងៃពុធ ខណៈដែលខ្លួនកំពុងថ្លឹងថ្លែងថា តើនឹងត្រូវបញ្ជូនអាវុធឱ្យក្រុងគីវបន្ថែម ដើម្បីអាចវាយឱ្យចំគោលដៅជាងនេះឬយ៉ាងណា។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះថា សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានសំងាត់ជាមួយក្រុងគីវ(Kyiv) ជាយូរមកហើយ ប៉ុន្តែរបាយការណ៍កាលពីថ្ងៃពុធថាការអភិវឌ្ឍថ្មី នឹងកាន់តែងាយស្រួលសម្រាប់អ៊ុយក្រែនវាយលុក រោងចក្រចម្រាញ់ប្រេង ស្ថានីយ៍ថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្នុងគោលបំណងដកហូតប្រាក់ចំណូល និងប្រេងវិមានក្រឹមឡាំង(Kremlin)។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) កំពុងដាក់សម្ពាធទៅលើបណ្តាប្រទេសអឺរ៉ុប ដើម្បីបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដែលជាថ្នូរនឹងកិច្ចព្រមព្រៀងរបស់លោក ក្នុងការដាក់ទណ្ឌកម្មដ៏តឹងរឹងលើទីក្រុងមូស្គូ ដើម្បីកាត់ផ្តាច់ថវិការបស់រុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។
យ៉ាងណា ទាំងសេតវិមាន ឬអ៊ុយក្រែន និងប្រតិភូរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ មិនបានធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើរដាច់ដោយឡែកលើការអធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) កាលពីថ្ងៃពុធទេ។
យោងតាមមន្រ្តីសហរដ្ឋអាមេរិក ដែលត្រូវបានដកស្រង់ដោយដឹវ៉លស្រ្ទីតជើណល(the Wall Street Journal) ការអនុម័តលើព័ត៌មានសម្ងាត់បន្ថែម បានកើតឡើងភ្លាមៗ មុនពេលលោក ត្រាំ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីសប្តាហ៍មុន ដែលបង្ហាញថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីរបស់ខ្លួនទាំងអស់ ដែលកាន់កាប់ដោយរុស្ស៊ីឡើងវិញ ដែលជាការប្រែប្រួលគួរឱ្យកត់សម្គាល់នៅក្នុងប្រយោជន៍របស់ក្រុងគីវ(Kyiv)។
ជាមួយគ្នានេះ ទាក់ទងទៅនឹងជំនួយយោធាបន្ថែម សហរដ្ឋអាមេរិកកំពុងពិចារណាចំពោះសំណើរអ៊ុយក្រែន ក្នុងការទទួលបានកាំជ្រួចថូម៉ាហក(Tomahawks) ដែលមានចម្ងាយ ២៥០០គីឡូម៉ែត្រ ដើម្បីងាយស្រួលក្នុងការវាយលុកទីក្រុងមូស្គូ(Moscow)៕









