ភាពឯការបស់កម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃជាង២ខែទៅនេះ ដែលគ្មានប្រទេសណាមួយ សូម្បីតែមិត្តដែកថែបចិន និងមិត្តម៉ឺនឆ្នាំវៀតណាម មិនថ្កោលទោសថៃរំលោភបទឈប់បាញ់ តាមការអំពាវនាវរបស់មេដឹកនាំខ្មែរនោះ មានការលើកឡើងពីភាពចាំបាច់ ឈប់ចោទអាមេរិកថា នៅពីក្រោយ លោក កឹម សុខា ហើយត្រូវផ្សះផ្សាជាតិឡើងវិញ ទើបអាចទប់ទល់សត្រូវឈ្លានពានបាន។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី៣ ខែតុលានេះថា ការបែកបាក់ជាតិនឹងធ្វើឱ្យសត្រូវកាន់តែបន្តមើលងាយឈ្លានពានទឹកដីបុព្វបុរសខ្មែរ មិនចេះចប់មិនចេះហើយទេ។
លោកបន្តថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងត្រូវការអន្តរជាតិឱ្យជួយ កម្ពុជាខ្លួនឯងត្រូវតែពង្រឹងការសាមគ្គី ផ្សះផ្សាជាតិ ស្តារប្រជាធិបតេយ្យ ដោះលែងអ្នកនយោបាយ ជាពិសេសគឺលោក កឹម សុខា។
លោកអះអាងថា ដើម្បីកុំឱ្យកម្ពុជាឯកា និងដើម្បីឱ្យសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក ងាកមកយកចិត្តទុកដាក់ជួយកម្ពុជា មេដឹកនាំចាំបាច់ណាស់ត្រូវតែស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស។
លោកសង្កត់ធ្ងន់ថា ការបន្តសម្លាប់ប្រជាធិបតេយ្យ និងបំបិទសិទ្ធិអ្នកនយោបាយបក្សប្រឆាំង និងធ្វើឱ្យកម្ពុជាបន្តរងគ្រោះពីការឈ្លានពាន ហើយពលរដ្ឋខ្មែររាប់លាននាក់ នឹងបន្តរងទុក្ខវេទនាឥតឈប់ឈរ។
លោកថា៖ «យើងឃើញថាមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាក៏នៅតែទទូច និងស្នើឲ្យសហគមន៍អន្តរជាតិមានតាំងពីអង្គការសហប្រជាជាតិ រួមជាមួយសហរដ្ឋអាមេរិក ធានាឲ្យប្រទេសថៃហ្នឹងគោរពបទឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួន និយាយឲ្យខ្លីទៅ គឺមកដល់ពេលនេះ កម្ពុជាហាក់ដូចជាត្រូវការសហគមន៍អន្តរជាតិ នៅក្នុងការជួយកម្ពុជាទៅក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃនេះ អីចឹងខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ស្នើសុំទៅសហគមន៍អន្តរជាតិឲ្យជួយខ្លួន ចាំបាច់ណាស់រដ្ឋាភិបាលកម្ពុជា ឬក៏អត់ប្រទេសកម្ពុជាត្រូវជួយខ្លួនឯងជាមុន តាមរយៈយើងត្រូវធ្វើតាមអ្វីដែលសហគមន៍អន្ដរជាតិបានស្នើកន្លងមក»។
សម្រាប់លោក សូរីដា បើមេដឹកនាំកម្ពុជា មិនរំលាយបក្សប្រឆាំង មិនចាប់ខ្លួន លោក កឹម សុខា កម្ពុជានឹងមិនឯកាដូចពេលនេះទេ។ ហើយថា សត្រូវក៏មិនហ៊ានឈ្លានពានទឹកដីខ្មែរ ដូចសព្វថ្ងៃនេះដែរ។ លោកថា មិនត្រឹមតែប៉ុណ្ណោះ សហគមន៍អន្តរជាតិ សហភាពអឺរ៉ុប និងអាមេរិក អាចនឹងបន្តជួយកម្ពុជាទៀតផង។
លោកសង្កត់ធ្ងន់ក្នុងសំដីដើមថា៖ «សៀមមិនព្រមបញ្ឈប់មហិច្ឆិតាឈ្លានពានមកលើកម្ពុជាទេ ហើយក្នុងកាលៈទេសៈនេះ ពួកយើងក៏ឃើញថារាជរដ្ឋាភិបាលកម្ពុជា កំពុងជួបការលំបាកជាខ្លាំងក្នុងការទប់ទល់ជាមួយទាហានសៀម ប្រសិនបើគ្មានចូលរួមពីពលរដ្ឋខ្មែរ ពីអ្នកនយោបាយគ្រប់និន្នាការ ជាពិសេសគណបក្សប្រឆាំងនៅកម្ពុជាទេនោះ»។
លោកចង់ឃើញខ្មែរ «សាមគ្គីជាតិ» ពិតប្រាកដ ដោយដោះលែង លោក កឹម សុខា មន្ត្រីថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិដទៃទៀត មានលោកថាច់ សេដ្ឋា លោកស៊ុន ចាន់ធី សកម្មជននយោបាយ អ្នកទោសបរិស្ថាននិងសង្គម ឱ្យមានសេរីភាពពេញលេញឡើងវិញ នោះកម្ពុជានឹងអាចទប់ទល់នឹងហានិភ័យនានា រួមទាំងបញ្ហាបូរណភាពទឹកដី។
ប្រហែលគ្នានេះដែរ កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បង្ហោះសារនៅថ្ងៃទី៣ ខែតុលានេះដោយនិយាយថា ពីរខែកន្លងផុត នៅមិនទាន់ឃើញសាមគ្គីពិតកើតចេញរវាងភាគីអ្នកនយោបាយខ្មែរនៅឡើយ មានតែការគំរាម និងការជាន់ពន្លិចគ្នាដដែលៗ។
កញ្ញាបន្តថា លោកឪពុកខ្ញុំលោក កឹម សុខា តែងតែធ្លាប់មានប្រសាសន៍ជារឿយៗថា សត្រូវធំបំផុតគឺអំពើឈ្លានពានរបស់បរទេស និងមិនយកខ្មែរណាជាសត្រូវនោះទេ។
សម្រាប់ប្រភពនេះ កម្ពុជាពេលនេះកំពុងប្រឈមនឹងការយាយី ឈ្លានពានពីប្រទេសថៃ ដែលជាជម្លោះភាគីថៃជាអ្នកបង្កើតឡើងទាំងស្រុង ការណ៍នេះ យើងទាំងអស់គ្នាជាខ្មែរ ត្រូវតែប្រកាន់ស្មារតីរួបរួមជាតិឱ្យខ្ជាប់ខ្ជួននិងរឹងមាំបំផុត ដើម្បីផលប្រយោជន៍ជាតិ មាតុភូមិ និងកុំឱ្យសត្រូវបានចិត្តបន្តឈ្លានពាន។
លើសពីនេះ កម្ពុជាគួរមានការអត់ឱន រវាងខ្មែរនិងខ្មែរជាអតិបរិមា ទោះជាមានមតិខ្លះដែលមិនស្របគ្នា ឬមាននិន្នាការផ្សេងគ្នាក៏ដោយ ក៍យើងគួរអនុគ្រោះគ្នាក្នុងពេលនេះដែរ។ សូមកុំភ្លេចគោលដៅធំ គឺទប់ទល់បរទេសឈ្លានពាន មិនមែនវាយប្រហារ ឬយកទោសពៃខ្មែរគ្នាឯងនោះទេ។
ក្រោមសំអាងហេតុនេះ កូនស្រីលោក កឹម សុខា និយាយថា៖ «សូមស្មារតីនិងការអនុវត្តនូវគោលការណ៍រួបរួមជាតិដ៏ស្មោះពិត កើតឡើងរវាងខ្មែរ ជាប្រវត្តិសាស្ត្រថ្មីនៃជាតិសាសន៍របស់យើង«បរាជ័យ បរទេសឈ្លានពានដ៏ចង្រៃ»។
លើសពីនេះ មនុស្សជំនិតលោក កឹម សុខា ម្នាក់ទៀតគឺលោក មុត ចន្ថា ក៏បានប្រតិកម្មលើហ្វេសប៊ុករបស់លោកដែរថា នៅពេលមិនទាន់ឈឺចាប់ដោយអំពើអយុត្តិធម៌ តែងតែរិះគន់ស្ថាប័នអង្គការសហប្រជាជាតិ ថាលំអៀងនិងមិនមានប្រយោជន៍។
ប៉ុន្តែថា ដល់ប្រទេសជាតិជួបគ្រោះថ្នាក់ បែរជាងាកទៅរកពឹងអន្តរជាតិ ដែលខ្លួនធ្លាប់ចោទប្រកាន់គេថាអត់មានប្រយោជន៍និងលំអៀងជាដើម។
ហេតុផលនេះ លោកថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងតុលាការកម្ពុជា ដែលថា បានរំលោភសិទ្ធិមនុស្ស រំលោភច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសការចាប់ឃុំខ្លួនលោក កឹម សុខា តាមទំនើងចិត្ត។
ជុំវិញបញ្ហានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បដិសេធមិនឆ្លើយនឹងសំណួរVODទេ ដោយនិយាយថា៖ «សុំអធ្យាស្រ័យ ស្ថាប័នរដ្ឋឆ្លើយតបតែសារព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់តែប៉ុណ្ណោះ»។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពី តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ផ្លង់ សុផល បានទេគិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា មានតែខ្មែរខ្លាំងទេ ទើបអាចការពារទឹកដីបាន ខ្មែរខ្លាំងនៅត្រង់ថា ខ្មែរចេះរួបរួមសាមគ្គីគ្នា ដើម្បីផ្សះផ្សាការពារជាតិមាតុភូមិ។
លោកថា ល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាបន្ទប់ឥរិយាបទ ស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងអ្នកនយោបាយ រួមទាំងលោក កឹម សុខា ដើម្បីសង្រ្គោះកម្ពុជា ទប់ទល់នឹងសត្រូវឈ្លានពាន។
លោកបារម្ភថា ការបន្តបែកបាក់ជាតិ កម្ចាត់ខ្មែរគ្នាឯងនិងបំផ្លាញប្រជាធិបតេយ្យ នឹងធ្វើឱ្យកម្ពុជាកាន់តែបន្តឯកា គ្មានសហគមន៍អន្តរជាតិជួយ ហើយធ្វើឱ្យជាតិខ្មែរកាន់តែរងគ្រោះ ពលរដ្ឋកាន់តែលំបាក។
លោកថា៖ «ការចង់ឃើញការសាមគ្គីរវាងខ្មែរនិងខ្មែរ គឺជាក្ដីសុបិន្តរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ក៏ប៉ុន្តែការពិតហាក់ដូចជាមិនទាន់លេចចេញជារូបរាងនៅឡើយ ហើយជាពិសេសនៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមទៅនឹងបញ្ហាធំៗ ដែលប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋតួយ៉ាងការដែលសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធនាំចូល១៩ភាគរយ និងនៅចំពោះមុខនឹងការឈ្លានពានពីប្រទេសជិតខាង ដែលចាំបាច់ដែលកម្ពុជាត្រូវតែមានការផ្សះផ្សាជាតិមួយ ដើម្បីឲ្យមានសំឡេងរួមមួយជាធ្លុងមួយ ដែលកម្ពុជាអាចមានកម្លាំងគ្រប់គ្រាន់ នៅក្នុងការតស៊ូប្រយុទ្ធប្រឆាំងទៅនឹងសត្រូវឈ្លានពាន»។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួនៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពីបទក្បត់ជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន អំឡុងចុងឆ្នាំ២០១៧ ដោយចោទថា គាត់គប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល ។
យ៉ាងណា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា បានច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការកម្ពុជា ដោយចាត់ទុកថា លោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការគោរព ហើយថា ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ។
សម្រាប់ សហរដ្ឋអាមេរិក ការបដិសេធសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ៕









