អ៊ីស្រាអ៊ែល ប្រឈមនឹងការថ្កោលទោស និងការតវ៉ាពីអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយោធារបស់ខ្លួនបានស្ទាក់ចាប់ទូកស្ទើរតែទាំងអស់នៃចំនួន៤០គ្រឿង ដែលដឹកជំនួយទៅកាន់តំបន់ហ្គាស្សា និងចាប់បានសកម្មជនបរទេសចំនួន ៤៥០នាក់ រួមទាំងអ្នកធ្វើយុទ្ធនាការស៊ុយអ៊ែត ឈ្មោះ គ្រីតា ធុនប៊ើក(Greta Thunberg)ផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះថា កាមេរ៉ាផ្សាយផ្ទាល់ពីទូកបានបង្ហាញថា កងទ័ពអ៊ីស្រាអ៊ែលដែលប្រដាប់ដោយមួកសុវត្ថិភាព និងវែនតាពាក់មើលពេលយប់ឡើងលើកប៉ាល់ ខណៈដែលអ្នកធ្វើដំណើរពាក់អាវពោង និងលើកដៃរបស់ពួកគេឡើង។
វីដេអូមួយ ពីក្រសួងការប្រទេសអ៊ីស្រាអ៊ែល បានបង្ហាញថា ធុនប៊ើក(Thunberg) គឺជាអ្នកដំណើរដែលលេចធ្លោជាងគេបំផុតអង្គុយលើនាវាដែលហ៊ុំព័ទ្ធជុំវិញដោយទាហាន។
ដោយឡែក ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានដើរតាមផ្លូវក្នុងទីក្រុងនានា ទូទាំងអឺរ៉ុប ក៏ដូចជានៅប្រទេសម៉ិចស៊ិកកូ(Mexico) ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសកម្មជនរបស់អ៊ីស្រាអ៊ែលរយៈពេល ២ឆ្នាំ ក្នុងការវាយលុកតំបន់ហ្គាស្សា។
យ៉ាងណា ដឹគ្លូបល ស៊ូមីត ហ្វ្លូធីឡា(The Global Sumud Flotilla) ដែលជាអ្នករៀបចំការធ្វើដំណើរបាននិយាយលើបណ្តាញសង្គមអិក្ស(X)ថា អ្នកស្ម័គ្រចិត្តជាង ៤៥០នាក់ ត្រូវបានឃុំខ្លួន ហើយមុននេះបាននិយាយថាពួកគេមួយចំនួនទៀត ត្រូវបានផ្ទេរទៅកប៉ាល់ដឹកទំនិញធំមួយ មុនពេលដែលត្រូវបានយកទៅច្រាំង។
ជាមួយគ្នានេះ ប្រធានាធិបតីប្រទេសទួកគី លោក ថាយយីប អេដូហ្គែន(Tayyip Erdogan) បានរិះគន់ការឈ្លានពានរបស់អ៊ីស្រាអ៊ែលថា វាបានបង្ហាញថារដ្ឋាភិបាលរបស់អ៊ីស្រាអ៊ែល មិនមានចេតនាអនុញ្ញាតឱ្យមានក្តីសង្ឃឹមសម្រាប់សន្តិភាពនោះទេ។
លោកបានបន្ថែមថា៖ «ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើការប្រព្រឹត្តនៅលើទូកដឹគ្លូបល ស៊ូមីត ហ្វ្លូធីឡា(Global Sumud Flotilla) ដែលបានចេញដំណើរ ដើម្បីយកចិត្តទុកដាក់ចំពោះភាពឃោរឃៅទៅកាន់កុមារកំពុងស្លាប់ ដោយសារការអត់ឃ្លាននៅតំបន់ហ្គាស្សា និងដើម្បីនាំយកជំនួយមនុស្សធម៌ទៅឲ្យប្រជាពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរងទុក្ខ»។
នេះបើតាមសុន្ទរកថារបស់លោក ថាយយីប ទៅកាន់មន្ត្រីមកពីគណបក្សរបស់លោក នៅក្នុងរដ្ឋធានីអាន់ការ៉ា(Ankara)៕









