ក្រសួងមហាផ្ទៃ បានក្រើនរំឭកមន្ត្រីពាក់ព័ន្ធឱ្យពង្រឹងវិធានការពារសន្តិសុខក្នុងពន្ធនាគារ រួមទាំងទប់ស្កាត់លំហូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដែលការណ៍នេះរងការព្រមានថា រដ្ឋាភិបាលនឹងមិនជោគជ័យទេ បើរដ្ឋាភិបាលមិនវះកាត់មន្ត្រីពុករលួយ និងបក្ខពួកនិយមទេនោះ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ លោក ឆែម សាវុធ បានលើកឡើងពីក្តីកង្វល់នេះ។
លោកបានលើកឡើងពីបញ្ហា៤ចំនុច ដែលមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព ដែលទី១ត្រូវពង្រឹងការងារសន្តិសុខនៅក្នុងពន្ធនាគារ ជាពិសេសការទប់ស្កាត់រាល់ការនាំចូលទូរស័ព្ទដៃ និងការជួញដូរគ្រឿងញៀន តាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ។
លើសពីនេះ ត្រូវការងារសន្តិសុខ លើអ្នកជនជាប់ឃុំ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ត្រូវដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងពន្ធនាគារជាដើម ។
វីអូឌី មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីចង់ដឹងថា ការជំរុញនេះ ក្រសួងបានរកឃើញបញ្ហាចម្បងអ្វីខ្លះ បានកើតឡើងក្នុងពន្ធនាគារ ពីឥទ្ធិពលគ្រឿងញៀននេះទេ គិតត្រឹមម៉ោងផ្សាយនេះ។
សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលរដ្ឋាភិបាលធ្លាប់ចាប់ដាក់ពន្ធនាគារដោយសារនិយាយពីបញ្ហាព្រំដែននោះ ឱ្យវីអូឌីដឹងនៅថ្ងៃទី៣ខែតុលានេះថា ករណីជួញដូរ រួមទាំងការបង្គ្រាបគ្រឿងញៀន ក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជា ជារឿងដែលចាក់ឬសជ្រៅយូរឆ្នាំមកហើយ ដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់បាន ដែលលោកគិតថា វាជាហានិភ័យសម្រាប់កម្ពុជា។
លោកសង្កត់ធ្ងន់ថា ការជំរុញនេះនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តច្បាប់ ឱ្យបានតឹងរឹងលើមន្រ្តីណាដែលប្រព្រឹត្តខុស និងជាពិសេសមិនលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ ដែលកើតចេញពីបក្ខពួកនិយមទេនោះ។
លោកថា៖ «ខ្ញុំយល់ថា នៅតែបន្តកើតមាននៅក្នុងពន្ធនាគារ ដោយសារតែមានអំពើពុករលួយដែលមិនអាចបង្ក្រាបបាន ព្រោះអំពើពុករលួយគឺពុករលួយជាប្រព័ន្ធតែម្ដង តាំងពីលើដល់ក្រោម ចឹងមិនអាចលុបបំបាត់អំពើពុករលួយបានទេ នៅពេលដែលមិនអាចលុបបំបាត់អំពើពុករលួយបាន ក៏មិនអាចបង្ក្រាបការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារដែរ អ៊ីចឹងវាអាចធ្វើឲ្យប៉ះពាល់ទៅដល់អ្នកជាប់ឃុំ ហើយគេអាចធ្វើឲ្យមានអំពើហិង្សានៅក្នុងពន្ធនាគារ ដោយសារតែការសេពគ្រឿងញៀនហ្នឹង ហើយពេលដែលពួកគាត់ចេញមកក្រៅវិញ ពួកគាត់នឹងបង្កអសន្តិសុខនៅក្នុងសង្គមផងដែរ តាមរយៈការញៀនគ្រឿងញៀនហ្នឹង គឺគាត់ក្លាហានលួចឆក់ប្លន់ លួចកាប់ចាក់បងធំបងតូច ហើយជាបញ្ហាប៉ះពាល់ទៅដល់សង្គមកម្ពុជាផងដែរ»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត និយាយថា ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ គឺជារឿងពិត ដែលថា កន្លងទៅស្ថាប័នពាក់ព័ន្ធបានចាត់វិធានការចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ។
តែយ៉ាងណា លោកយល់ថា ដើម្បីឱ្យការទប់ស្កាត់នេះមានប្រសិទ្ធភាព លុះត្រាតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើមន្រ្តីដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀននេះ។
លោកថា៖ «ដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការអនុវត្តនូវវិធានការនេះ គឺទាល់តែចាត់វិធានការបានម៉ឺងម៉ាត់ ចំពោះអ្នកដែលពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលពាក់ព័ន្ធជាមួយការលំហូរចូលនៃគ្រឿងញៀនក្នុងពន្ធនាគារ ឬក៏ឧបករណ៍ហាមឃាត់ដទៃទៀត គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព ទើបអាចទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទៅបាន តែទោះយ៉ាងណាក៏ដោយ ចំពោះបញ្ហាទាំងអស់នេះ វាស្ថិតនៅក្នុងការព្រួយបារម្ភនៅឡើយទេ»។
ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើលនេះ ហាក់ស៊ីគ្នាទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា កាលពីជិត២ឆ្នាំមកនេះដែរ។
លោក ស សុខា និយាយក្នុងពិធីមួយនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ថា បញ្ហាគ្រឿងញៀន ជាបញ្ហាធំសម្រាប់ពន្ធនាគារ ដែលត្រូវវះកាត់ ទើបអាចការពារសន្តិសុខសង្គមបាន។
លោកថា៖ «ជារួមអ្នកជាប់ពន្ធនាគារនៅកម្ពុជាទូទៅទាំងអស់ ៤២ ២៣៤នាក់ ស្រី២ ៥៧៦នាក់ ប៉ុន្តែអ្វីដែលសំខាន់លើ ៤៣ ០០០នាក់នេះ ៥១%គឺជាប់ដោយសារតែគ្រឿងញៀនជាមេខ្លោងគ្រឿងញៀន គឺជាបញ្ហាប្រឈមហើយ យើងមើលទិដ្ឋភាពរួម មួយថ្ងៃៗមានចែងថា អ្នកប្រព្រឹត្តបទល្មើសដែលត្រូវចូលពន្ធនាគារចន្លោះពី៥០ទៅ៦០នាក់ក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះចូលដល់ ១០០នាក់ ក៏មានដែរ ប៉ុន្តែចេញបានទៅដល់១០នាក់ទេ អ៊ីចឹងចូលច្រើនជាងចេញ អ៊ីចឹងខ្ញុំគិតថា ពេលនេះអាចឆ្នាំក្រោយអ្នកដែលចូលទៅពន្ធនាគារវិញ យើងអត់ធ្វើសោះនឹងអាចឡើងដល់ប្រាំមួយនាក់ ចំនួននេះធំណាស់»។
ប៉ុន្តែបើយោងតាមរបាយការណ៍របស់មន្ត្រីជំនាញក្រសួងមហាផ្ទៃ បញ្ហាគ្រឿងញៀនមិនថយចុះទេ ចាប់តាំងពីរដ្ឋមន្ត្រីបង្ហាញវិធានប្រើដណ្តាប់ដៃដែកមក។
ជាក់ស្តែង សមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានរឹបអូសគ្រឿងញៀនខុសច្បាប់ ចំនួន ១៣,៣តោន តែក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ដែលចំនួននេះកើនឡើងជិត៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលរឹបអូសបានត្រឹម ២,៨៥តោនប៉ុណ្ណោះ។
បញ្ហានេះ រដ្ឋាភិបាលធ្លាប់ចាត់វិធានការរុះរើប្រធានពន្ធនាគារព្រៃស ក្រោយបែកធ្លាយរឿងអាស្រូវ មានអ្នកទោសជាជនជាតិចិន ផឹកស៊ី រាំរែក និងសេពគ្រឿងញៀន ត្រូវគេបង្ហោះចេញពីពន្ធនាគារ អំឡុងឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចតែងតាំង លោក នុត សវនា ដែលជាអ្នកនាំពាក្យ និងជាអគ្គនាយករងពន្ធនាគារឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឬហៅពន្ធនាគារព្រៃស បន្ថែមលើមុខតំណែងបច្ចុប្បន្ន។ ការប្រគល់តួនាទីដល់លោក នុត សវនា ធ្វើឡើងបន្ទាប់ពីបែកធ្លាយវីដេអូរាំរែក ស៊ីផឹក និងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារនាពេលថ្មីៗនេះ។ ក្រសួងមហាផ្ទៃ បានប្រកាសបើកការស៊ើបអង្កេតលើករណីនេះ តែរឿងអាស្រូវពុករលួយស៊ីសំណូកសូកប៉ាន់ រវាងមន្ត្រីពន្ធនាគារ និងអ្នកទោសដែលមានលុយ និងមានអំណាចនៅតែផ្ទុះកក្រើកយ៉ាងរន្ទឺជាថ្មី។
រឿងអាស្រូវនេះ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យ លោក ស សុខា ពង្រឹងការដឹកនាំ និងសន្តិសុខសណ្តាប់ធ្នាប់នៅមណ្ឌលអប់រំកែប្រែទី១ឡើងវិញ និងចាំបាច់ត្រូវតែផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៅទីនោះ។
ប៉ុន្តែយោងតាមការលើកឡើងថ្មីទៀតរបស់ក្រសួងមហាផ្ទៃនេះ ការរុះរើក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារនេះ មិនទាន់មានប្រសិទ្ធភាពទេ ដែលឆ្លុះបញ្ចាំងថា គ្រឿងញៀនបានវាយលុកចូលក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជា តាំងពីរដ្ឋាភិបាលចាស់ រហូតរដ្ឋាភិបាលថ្មី ទោះមានការរុះរើក្បាលម៉ាស៊ីនមេដឹកានំាក៏ដោយ៕











