តុលាការ​ថៃផ្តន្ទា​ទោស​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ លោក លិម គិមយ៉ា ឱ្យ​ជាប់​ទោស​មួយ​ជីវិត

តុលាការ​ព្រហ្មទណ្ឌ​ថៃ សម្រេច​ផ្តន្ទា​ទោស លោក អេកា​ឡាក់ ផែណយ ឱ្យ​ជាប់ទោស​​អស់​មួយ​ជីវិត ពីបទ​បាញ់​សម្លាប់​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​កម្ពុជា លោក លិម គិមយ៉ា លើ​ទឹក​ដី​ថៃ ការណ៍​នេះ អ្នក​តាម​ដាន​ទាញ​ភ្ជាប់​ទៅ​នឹង​គ្រួសារ​ហ៊ុន ដោយ​សំអាង​លើ​ការ​ជួយ​លាក់​ជន​សង្ស័យ​ជាង​៩ខែ​ទៅ​នេះ។

ករណី​ដ៏រន្ធត់មួយ​នៅ​កណ្តាល​ទីក្រុង​បាង​កក ដែល​ជន​ជាតិ​ថៃ​ ឈ្មោះ អេកា​ឡាក់ ផែណយ អតីត​​មន្ត្រីកង​​ទ័ព​​ជើង​ទឹក​ថៃ បាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា អាយុ ៧៤ឆ្នាំ អតីត​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​នៅចំ​ណុច​រង្វង់​មូល​ផ្សារ​ទំនើប​១៣ ក្នុង​សង្កាត់​ខៅសាន ផ្លូវលេខ២ កាល​ពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៥។

សារព័ត៌មានថៃ ខាវសុត នៅថ្ងៃសុក្រនេះ​ បាន​រាយការណ៍​ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​​ប៉ូលិ​ស​ថៃ ​តា​ម​​រយៈភស្តុតាង​​វីដេអូ CCTV បាន​រក​ឃើញ​ថា លោក ផែណយ បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​សម្លាប់ លោក លិម គិមយ៉ា ពិត​ប្រាដក​មែន គឺ​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ការ​ប្រើ​ប្រាស់​អាវុធ​ក្នុង​ទីសាធារណៈ។

តាមភស្តុតាង​ខាង​លើ លោក លិម គិមយ៉ា ត្រូវ​ជន​ល្មើស​ជន​ជាតិ​ថៃ ​បាញ់​​ចំនួន​​៣​គ្រាប់ ចំ​​ខ្នង និង​​កណ្តាល​​ដៃ ចំ​ទ្រូង​​ខាង​ឆ្វេង បណ្តាល​​ឱ្យ​​ស្លាប់​ភ្លាមៗ​នៅ​កណ្តាល​ទីក្រុង​បាង​កក​ ប្រទេ​ស​ថៃ។

ការណ៍នេះ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ តុលាការព្រហ្មទណ្ឌថៃ បាន​សម្រេច​កាត់​ទោស អេកា​ឡាក់ ផែណយ ឱ្យ​ជាប់​ពន្ធនាគារអ​ស់​មួយ​ជីវិត ពី​បទ​បាញ់​សម្លាប់​អតីត​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា វ័យ​៧៤​ឆ្នាំ។

តុលាការនិយាយថា លោក អេកាឡាក់ ផែណយ ពិត​ជាបា​ន​បាញ់​សម្លាប់ លោក​ លិម គិមយ៉ា គឺ​ជា​បទល្មើស​ឃាតកម្ម​គិត​ទុក​ជា​មុន មាន​ការ​រៀប​ចំ​ជា​ប្រព័ន្ធ និង​ប្រើ​ប្រាស់​អាវុធ​នៅ​ទីសាធារណៈ។

តំណាង​រាស្ត្រគណបក្សសង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​តាម​ដាន​រឿង​នេះ​ បាន​និយាយ​ថា តុលាការ​ថៃ​​បាន​​កា​ត់ទោ​ស​​ពល​ទាហាន​​​ថៃម្នា​ក់​​ឲ្យ​​ជាប់​​ពន្ធនាគារ​​អស់​​មួយ​​ជីវិត​ ពី​បទ​​បាញ់​​សម្លាប់​ ​លោក លិម គិមយ៉ា អតីត​​តំណាង​រាស្ត្រ​​គណបក្ស​​ប្រឆាំង។

លោកគូសបញ្ជាក់​ថា៖«គេសង្ស័​យថា​ លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​មូល​ហេតុ​នេះ​ហើយ​ ទើប​អាជ្ញាធរ​ខ្មែរ​មិន​ព្រម​ចាប់​ខ្លួន លី រត​នៈ​រស្មី និង ពេជ្រ គឹម​ស្រ៊ីន​ ទៅ​ឱ្យ​​តុលាការ​ថៃ​ដើម្បី​កាត់​ទោស។ លី រតនៈ​រស្មី ជាទី​ប្រឹក្សារ​បស់​លោក ហ៊ុន សែន »

លើសពីនេះ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ក៏ធ្លាប់ដាក់ការសង្ស័យ​ករណី​ឃាត​កម្ម​​សម្លាប់​​លោក លិម គិម​យ៉ា លើ​ទឹក​ដី​ថៃ​កាល​ពី​ជាង​៩ខែ​មុន​នោះ​ថា គ្រួសារ​ហ៊ុន​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះដូច​គ្នា ខណៈ​ក្រោយ​ហេតុ​ការណ៍​បាញ់​សម្លាប់ ខ្មាន់​កាំភ្លើង​ជន​ជាតិ​ថៃ​រូប​នេះ បាន​រត់​គេច​ចូល​ទឹក​ដី​កម្ពុជា​ដោរ​លូន តែ​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ។

តែយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​ចេញ​មុខ​បដិសេធ និង​វាយ​បក​វិញ​ថា គណបក្ស​ប្រឆាំង​​យក​ហេតុ​ការណ៍​នេះ​ធ្វើ​ជារ​បៀប​វារៈនយោបាយ។

បើតាម លោក ហ៊ុន ម៉ាណែត បាននិយាយពីខេត្តពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២៥​ថា បើ​រដ្ឋាភិ​បាល​កម្ពុជា​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ កម្ពុជា​មិន​ចាំបាច់​បញ្ជូន​ឃាតករ​ទៅ​ឲ្យ​ថៃ​នោះ​ទេ។ លោក​ ទាម​ទារ​រក​យុត្តិធម៌​ជូន​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​លោក សម រង្ស៊ី និង​អ្នក​នយោបាយ​ប្រឆាំង​ឯទៀត​បាន​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោ​យ​ខ្នង​ឃាតកម្ម​លើ​ លោក លិម គិមយ៉ា។

បន្ថែមពីនេះ លោកថា អ្នកនយោបាយប្រឆាំង បាន​យករឿង​ឃាតកម្ម លោក លិម គិមយ៉ា ជា​អាជីវ​កម្មនយោ​បាយ​រួច​ទៅ​ហើយ។

យ៉ាងណា ជាង៩ខែ​ទៅនេះ​ ជន​សង្ស័យ លី រតនៈ​រស្មី និង​ពេជ្រ គីម​ស្រ៊ីន ដែល​តុលាការ​ថៃ និង​ប៉ូលិសអន្តរ​ជាតិ​(អាំង​​ទែប៉ូល)បាន​ចេញ​និវេទន៍​ក្រហម និង​ដីកា​ឱ្យ​តាម​ចាប់​ខ្លួន បញ្ជូន​មក​កាត់​ទោស​នៅ​ប្រទេស​ថៃ សមត្ថកិច្ច​កម្ពុជា​មិន​ទាន់​បាន​បញ្ចូន​មក​វិញ​នៅ​ឡើយ​ទេ។

ភាពចម្រូងចម្រាសនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​នៅថ្ងៃ​សុក្រ​នេះ​ថា សំណុំ​រឿង​នេះ ត្រូវ​បាន​កំណត់​គោល​ដៅ ដាក់​ការ​សង្ស័យ​ថា មាន​ពាក់ព័​ន្ធ​នឹង​លោក ហ៊ុន សែន ដែល​បញ្ជា​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម ទៅ​លើ​ លោក លិម គិមយ៉ា ។

លោកសង្កត់ធ្ងន់ថា ទំនងដោយមូលហេតុនេះហើយ ទើបអាជ្ញាធរខ្មែរ មិន​ព្រម​ចាប់​ខ្លួន លី រត​នៈ​រស្មី និង​ ពេជ្រ គឹម​ស្រ៊ីន ទៅ​ឲ្យ​តុលាការ​ថៃ ដើម្បី​កាត់​ទោស ឬ​ចាប់​ខ្លួន​ផ្តន្ទា​ទោស​នៅ​កម្ពុជា តាម​ផ្លូវ​ច្បាប់​យុត្តិ​ធម៌ ដោយ​រំឭក​ថា លី រតនៈរស្មី កាល​នោះ​គឺ​ជាទីប្រឹក្សា​របស់ លោក ហ៊ុន សែន មេដឹកនាំ​បក្ស​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ