ការដែលអាជ្ញាធរមីនប្រកាសបោសសម្អាតមីន លើផ្ទៃដីជាង៤១លានម៉ែត្រការ៉េ ក្នុងខេត្តជាប់ព្រំដែនថៃនោះ ជាក្តីបារម្ភថា ជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ទឹកដីខ្មែរ ក្រោមអំណាចគ្រួសារហ៊ុន ដោយថាហាក់កំពុងបើកផ្លូវឱ្យថៃវាទយកដីខ្មែរ ដោយជោគជ័យដើម្បីដោះដូរសន្តិភាព។
ក្តីបារម្ភពីគ្រោះថ្នាក់បូរណភាពទឹកដីនេះ ក្រោយអាជ្ញាធរមីនប្រកាសថា ផ្ទៃដីចំការមីនជាង៤១លានម៉ែត្រការ៉េ ក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ត្រូវបានចុះហត្ថលេខាបោសសម្អាតក្រោមការគាំទ្រពី«មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ក្នុងទំហំទឹកប្រាក់៥លានដុល្លារសហរដ្ឋអាមេរិក។
បើតាមហ្វេសប៊ុកអាជ្ញាធរមីន ការចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន ធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដែលនឹងត្រូវបោសសម្អាតមីនក្នុងខេត្តចំនួន៦ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តពោធិ៍សាត់។
ជុំវិញបញ្ហានេះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ការដោះមីនតាមព្រំដែន ប្រៀបដូចការកាប់ឆ្ការព្រៃឬស្សី យកប្រាក់ដួងនាសម័យលង្វែក ដែលធ្វើឱ្យថៃអាចសម្រេចមហិច្ចតាច្បាមយកដីខ្មែរបន្ថែមទៀត។
លោកថា៖ «សម័យលង្វែក គេកាប់ឆ្ការព្រៃ ដើម្បីយកប្រាក់ដួង ឥលូវ លោក ហ៊ុន ម៉ាណែតនេះគឺដោះមីនដើម្បីឲ្យដំណើរការសេដ្ឋកិច្ចហ្នឹង! តាមរយៈការយកចិត្តថៃឲ្យបើកច្រកព្រំដែនឡើងវិញ។ ខ្ញុំបាននិយាយជាមួយទាហានយើង នៅតាមព្រំដែន នៅសមរភូមិមុខប្រាប់ថា ធ្វើម៉េចជួយប្រាប់ទៅរដ្ឋាភិបាលផង កុំឲ្យដោះមីន បើសិនជាដោះមីនគាត់ពិបាកការពារព្រំដែន គឺថៃនឹងចូលមកដីខ្មែរអស់ហើយទៅតាមព្រំដែនហ្នឹង គាត់ពិបាកនឹងទប់ស្កាត់ពេលដែលថៃចូលមករំលោភយកដីខ្មែរយើង ឬក៏រាយបន្លាលួស»។
យ៉ាងណា លោកថា មូលហេតុដែលកម្ពុជាព្រមដោះមីន ដោយសារថៃព្រមានថា បើមានការផ្ទុះមីន ថៃនឹងវាយលុកកម្ពុជាជាថ្មី ខណៈគ្រួសារហ៊ុនបារម្ភថា បើមានសង្រ្គាមថៃអាចប្រើយន្តហោះចម្បាំងវាយដល់ក្រុងភ្នំពេញទម្លាក់គ្រួសារហ៊ុនពីអំណាច។
ជាងនេះទៀត លោកថា កម្ពុជាចង់បើកព្រំដែនវិញដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ឱ្យថៃមកលេងល្បែងនៅកាស៊ីណូជាប់ជាយដែន ប្រព្រឹត្តបទឧក្រិដ្ឋបង្ខាំងមនុស្សឱ្យឆបោកតាមអនឡាញដំណើរការឡើងវិញ ដើម្បីគ្រួសារហ៊ុនបានលុយពង្រឹងអំណាច ជាពិសេសគម្រោងដោះមីនដើម្បីកុំឱ្យថៃទម្លាយឃាតកម្មលើលោក លិម គិមយ៉ា ដែលគេសង្ស័យថា លោក ហ៊ុន សែន នៅពីក្រោយ។
លោកថា៖ «បើចង់ដោះមីន ធ្វើម៉េចឱ្យដោះស្រាយបញ្ហាព្រំដែនហ្នឹងចប់សព្វគ្រប់សិន ឬក៏យើងត្រូវដាក់លក្ខខណ្ឌថា អ្នកឯងត្រូវលែងទាហានយើង១៨នាក់ ដកសព្វាវុធ និងកងទ័ពចេញពីព្រំដែន! អាហ្នឹងទើបយើងយល់ព្រម ហើយបើយើង យើងអត់មានលក្ខខណ្ឌអីដាក់ទៅខាងថៃផង យើងទៅដោះមីនឲ្យថៃងាយស្រួលឈ្លានពានទឹកដីខ្មែរយើង ដូចជាយើងវាយកម្ទេចរបងផ្ទះយើង ដើម្បីឲ្យចោរចូលមកប្លន់មកលួចយកផ្ទះយើង»។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីទាំង២ក៏បានឯកភាពគ្នាថា នឹងរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីចាប់ផ្តើមកំណត់តំបន់សាកល្បងដោះមីន។
បើតាមការប្រកាសរបស់ភាគីកម្ពុជា ប្រទេសទាំងពីរនឹងដោះមីននៅតំបន់អាទិភាព ដែលនឹងចាប់ផ្តើមសាកល្បងក្នុងរយៈពេល១ខែខាងមុខ។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើល លោក ម៉ែន ណាត មិនគាំទ្រឱ្យមានការដោះមីននៅតំបន់ក្បែរព្រំដែនជាមួយថៃទេ ដោយបារម្ភថា ការសម្អាតមីននេះ ជាការផ្តល់ភាពងាយស្រួលឱ្យទាហានថៃចូលមករំលោភយកដីខ្មែរតាមទំនើងចិត្ត។
លោកថា៖ «ដោះស្រាយបញ្ហាជម្លោះឲ្យបានចប់សព្វគ្រប់សិន ចាំយើងដោះមីនតាមក្រោយព្រោះស្ថានភាពសង្គ្រាម គឺវាជាស្ថានភាពផុយស្រួយគ្រោះថ្នាក់សម្រាប់កម្ពុជាខ្លាំងណាស់ព្រោះថៃនេះកំពុងតែគឃ្លើនឈ្លានពាន ហើយយើងដោះមីននៅក្នុងពេលដែលគេកំពុងឈ្លានពានអ៊ីចឹងដូចដោះមានប្រគល់ដីគេអ៊ីចឹង។ មែនមានន័យថា រដ្ឋាភិបាលព្រមប្រគល់ដីទេ ក្នុងន័យហ្នឹង គឺថាគេចូលយកដីយើងដោយស្រួលៗ ខណៈពេលដែលមេដឹកនាំយើងកំពុងតែបាត់ម្ចាស់ការ ក្នុងការការពារខ្លួនស្របតាមមាត្រាទី៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលសរសេរថា រដ្ឋណាដែលបំពានលើរដ្ឋមួយទៀត អ៊ីចឹងអារដ្ឋដែលរងគ្រោះហ្នឹង គឺមានសិទ្ធិចេញមុខការពារខ្លួន»។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចសុំការឆ្លើយពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយអ្នកស្រីមិនលើកទូរស័ទ្ទ។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ប្រមាណជា២ខែមកនេះ ភាគីថៃមិនបានគោរពបទឈប់បាញ់ទេ ដោយថៃបានល័តទ័ពចូលមកចាប់ទាហានខ្មែរ២០នាក់ រំលោភលើបទឈប់បាញ់ ហើយរហូតមកដល់ពេលនេះ ថៃមិនទាន់ប្រគល់ទាហានខ្មែរ១៨នាក់ទៀត ឱ្យមកកម្ពុជាវិញនៅឡើយទេ ទោះកម្ពុជាអំពាវនាវរកការដោះលែងនិងបង្ហាញឆន្ទៈ មិនជ្រើសរើសយកការប្រឈមមុខ ខាងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនក្តី។
បន្ថែមលើនេះ ចំពេលកម្ពុជាបន្តអត់ធ្មត់នេះ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕









