គម្លាត​ប្រាក់​ខែ​​រាជ​ការ​គ្រូ​បង្រៀន​ធៀប​នឹង​​តំណាង​រាស្ត្រ​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​បង្ក​ជា​វិបត្តិ​សង្គម

វិបត្តិ​ជីវភាព​របស់​ពលរដ្ឋ រួម​ទាំង​មន្ត្រី​រាជ​ការ និង​គ្រូ​បង្រៀននៅ​កម្ពុជា កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​ថា អាច​នឹង​ ជំរុញ​ឱ្យ​មាន​រលក​តវ៉ា​ទ្រង់​ទ្រាយ​ធំ ដូច​បណ្តា​ប្រទេស​មួយ​ចំនួន ក្នុង​ប្រព័ន្ធ​ដឹក​នាំមួ​យ​ដែល​ធ្វើ​ឱ្យ​ប្រាក់​ខែ​ មន្ត្រី​រាជ​ការ មាន​គម្លាត​ដាច់​ឆ្ងាយ​ពី​ប្រា​ក់​ខែ​តំណាង​រាស្ត្រ និង​មន្ត្រី​អ្នក​មាន​អំណាច។

ជ្រុង​មួយ​នៃ​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល ​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​គិត​​គូ​រ​​ឡើង​វិញ លើកា​រ​​ដំឡើ​ង​​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន មន្ត្រី​រាជ​ការ និង​​ក​ង​ទ័ព ដែល​នៅ​មាន​កម្រិត​ទាប​ និ​ង​​​មាន​​គម្លាត​​គ្នា​​​​ខ្លាំង​ ​​​​បើធៀប​​នឹង​ប្រាក់​​បៀវ​ត្ស​​តំណាង​​រាស្ត្រ និង​មន្ត្រី​ធំៗ​ក្នុង​ជួរ​​រដ្ឋាភិ​​បាល បើ​ពុំ​ដូច្នោះ​​ទេ ពួក​​គេ​​បារម្ភ​​ពី​​ចរន្ត​​​​នៃ​​ការ​​​ងើប​​ឡើង​​តវ៉ា​​ប្រឆាំង​នឹង​​​កា​រ​​គ្រប់​​គ្រង​​​របស់​រដ្ឋ​​​​បច្ចុប្បន្ន ដូចនៅបណ្តាប្រទេស​ក្នុង​តំបន់​មួយ​ចំនួន។ ​

ការ​ជំរុញ​នេះ​ ស្របពេលដែល​សមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ នៅថ្ងៃទី០១ ខែ​តុលា ឆ្នាំ​២០២៥​​ បាន​​​ចេញ​​សេចក្តីអំពាវនាវ​មួយ​​អបអរ​ទិវា​គ្រូបង្រៀន​ពិភពលោក​ថ្ងៃទី​០៥ ខែតុលា។

មិន​ខុស​ពី​​​រាល់​ឆ្នាំ​​ ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ឆ្នាំ​នេះ​ បាន​​បន្ត​​​​ទាមទារឱ្យ​​រដ្ឋាភិបាល​​​​​កម្ពុជា ដោះស្រាយ​បញ្ហា​មួយ​ចំនួន ជាពិសេ​ស គឺ​ទាមទារ​​ឱ្យ​​ដំឡើង​ប្រាក់​បៀវត្ស​​មូលដ្ឋាន​អប្ប​បរមា​​ជូនគ្រូបង្រៀន​ ​ក្នុង​មួយ​ខែៗឱ្យ​បាន​​ស្មើ​ ១ភាគ​៤ នៃ​ប្រាក់ខែ​តំណាង​រាស្ត្រ ​ផ្តល់​តម្លៃ​ដល់សំឡេង​គ្រូ​បង្រៀន​ក្នុងកា​រសម្រេច​ចិត្ត និង​បញ្ឈប់​ការ​រើស​អើង​ចំពោះ​សមាគម និង​គ្រូបង្រៀន​​​នៅ​កន្លែង​ការ​ងារ​។

ក្រៅពីនោះសមាគម ក៏បាន​ទាមទារឱ្យ​ពន្យាពេល​២ឆ្នាំ​ឱ្យពលរដ្ឋ​ ក្នុងកា​រសង​ប្រាក់​ដល់​ធនាគារ និង​ទា​ម​ទារ​​ឱ្យ​​​អាជ្ញាធរ​​សៀម ដោះ​លែង​វីរៈកង​ទ័ព​ខ្មែរ​ទាំ​ង​១៨នាក់ ដោយគ្មានលក្ខខណ្ឌ​ផងដែរ។​

សមាគមនេះ ក៏បានបញ្ជាក់ពីការ​គ្រោង​រៀប​ចំ​ទិវា​គ្រូបង្រៀន​ពិភព​លោក នៅ​ស្នាក់​ការ​របស់​ខ្លួន ក្នុង​សង្កាត់ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ​ រាជ​ធានីភ្នំពេញ នៅថ្ងៃទី​០៥ ខែតុលា ខាង​មុខ ដើម្បីលើក​កម្ពស់​លក្ខខណ្ឌការងារ​គ្រូបង្រៀន នាំ​ឱ្យ​​ការ​អប់រំ​ទទួលបាន​គុណភាព​ល្អ​ផង​ដែរ។​

ទីប្រឹក្សា​សមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ និង​ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក រ៉ុន ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​០២ ខែ​តុលា​នេះថា ចំណោទបញ្ហារបស់គ្រូបង្រៀនបច្ចុប្បន្ន គឺប្រាក់បៀវត្សទាប​ ឬ​និយាយ​​ឱ្យ​​ចំ​គឺ​បញ្ហា​​ជីវភាព​​ប្រចាំថ្ងៃ ដែល​​នៅ​ខ្វះ​ខាត និងជួបបញ្ហាបំណុល ដែល​​ទាមទារឱ្យ​រដ្ឋាភិបាល​គិត​គូរ​​ដោះ​ស្រាយ បើពុំនោះទេ​វានឹង​ប៉ះពាល់ដល់​គុណ​ភាពនៃការ​អប់រំ។ 

លោកថា៖ «រដ្ឋាភិបាល​ត្រូវ​តែ​ផ្គត់​ផ្គង់​ ឬមួយដំឡើង​ប្រាក់​ខែ​ឱ្យ​​គ្រូ​បង្រៀន​ យ៉ាង​​​ហោច​​១ភាគ៤នៃ​​​​ប្រាក់​​ខែតំ​ណាង​រាស្ត្រ យើង​ដឹងហើយ​ប្រាក់​ខែ​តំណាង​រាស្ត្រ​​​ប្រមាណ​ជា ១៦​លាន​​រៀល តំណាង​​រាស្ត្រ​​ធម្មតា​ ចឹង​វា​ស្មើ​នឹង​ប្រមាណ ៤ពាន់​​ដុល្លារ ចឹង​បើសិន​ជាគ្រូ​ស្មើ​ត្រឹម​តែ​១ភាគ​៤នៃ​​ប្រាក់​ខែ​តំណាង​រាស្ត្រ យើងគិត​ថា​ ​ជីវភាព​របស់​ពួកគាត់មាន​លក្ខណៈ​​​ប្រសើរ​ ហើយ​បើ​ជីវ​ភាព​ពួក​គាត់មាន​លក្ខណៈ​​ប្រសើរ ការ​ងារ​បង្រៀន​ កិច្ច​ការ​ស្រាវ​ជ្រាវ​ដើម្បី​ស្វែង​រក​ចំណេះ​ដឹង​ថ្មី​ៗ ​​ចែក​រំលែក​ទៅ​ដល់​សិស្ស​ហ្នឹង ក៏​វា​ជា​ការ​ល្អ​ប្រសើរ​»។

លោក រ៉ុង ឈុន បន្តថា​ ចំពោះសង្គម​ជាតិ​មួយ​ បើសិន​ជា​រដ្ឋាភិបាល​​មិន​​រៀប​ចំ​ឱ្យ​​បាន​​ល្អ និងមានវិ​សមភាព​រវាង​​ពលរដ្ឋ ​និង​មន្ត្រីរាជការ​​ និងរវាង​​​មន្ត្រីរាជការ​ថ្នាក់​​ធម្យម​​ និងឧត្តម​​មន្ត្រី​​​ទេ​នោះ វា​នឹង​អាច​ប្រឈមនឹង​ចរន្ត​នៃការ​តវ៉ាទាម​ទារ​នូវ​យុត្តិធមសង្គម ដូចបណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ ដែលមានការផ្ទុះឡើងនូវ​កា​រតវ៉ានា​ពេល​ថ្មី​ៗនេះ។​

លោកថា៖ «កម្ពុជា​យើងគម្លាត​ឆ្ងាយ​ណាស់ បើយើង​និយាយ​ទៅ គម្លាត​រវាង​​​ប្រាក់​ខែ​​មន្ត្រី​​ថ្នាក់ធម្យម ថ្នាក់​ក្រោម ទៅនឹង​ឧត្តម​មន្ត្រី ដូចជា តំណាង​រាស្ត្រក្តី យើង​​ឃើញ​គម្លាត ហើយ​បើ​យើង​​ធៀប​ទៅនឹង​ជីវភាព​ប្រជាពលរដ្ឋ​ទៅ​នឹង​ឧត្តម​មន្ត្រី​ហ្នឹង កាន់​តែ​​គម្លាត​​កាន់​តែ​ឆ្ងាយ ដូច្នេះ​នេះ​វា​ជា​ចំណោទ​បញ្ហា​​ដែល​​រដ្ឋ​​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់ ត្រូវ​តែ​មាន​វិធានការ​ដោះស្រាយ ​ធ្វើយ៉ាង​ម៉េច​កុំ​ឱ្យ​​វា​​​មានវិសមភាព​ដាច់​ពីគ្នា​ខ្លាំង​ពេក ឬ​មួយ​​យើង​​ប្រើ​​ពាក្យ​​សាមញ្ញ​ថា កុំ​ឱ្យ​វា​មាន​​គម្លាត​​គ្នា​​ឆ្ងាយ​​រវាងអ្នកដែល​មានឋានៈធំ ហើយ​ជាមួយ​ប្រជា​ពលរដ្ឋ​​ ក៏ដូចជា​មន្ត្រី​រាជការ​តូច​តាចហ្នឹង​ផង​ដែរ ហើយ​បើ​មិន​ដូច្នេះ​ទេ វា​នឹង​មាន​​គេ​ហៅថា​​បញ្ហា​កើតឡើង​នៅ​ក្នុង​សង្គម»

ចំណែក លោក ម៉ែន ​សុថាវរិន្ទ្រ តំណាងរាស្ត្រគណបក្សស​​ង្គ្រោះ​ជាតិដែលតុលាការ​​រំលាយ​ បានឯកភាពចំពោះ​សំណើរ​សុំឱ្យ​មានការ​ដំឡើង​ប្រាក់​បៀវត្សសម្រាប់គ្រូបង្រៀន មន្ត្រីរាជការ​ និង​កងទ័ព​នេះ​ដែរ ដើម្បីលើក​កម្ពស់ជីវភាព​របស់ពួកគាត់​ឱ្យល្អប្រសើរ។

លោកបន្តថា សម្រាប់​​តំណាង​​​​​រាស្ត្រ​​​ទាំង​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា គឺ​ទទួ​ល​​បាន​​ប្រាក់​​ខែខ្ពស់ ហើយ​បើ​សិន​រាប់​​បញ្ជូល​​​ទាំង​​​ប្រាក់​​​ចុះ​បេសក​កម្ម​ និង​ប្រាក់​ឧប​ត្ថម្ភផ្សេង​ៗគឺបាន​ប្រហែល ៥ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដែលប្រាក់​ខែនេះ​​មានគម្លាត​ខុស​ឆ្ងាយ​ពី​មន្ត្រី​រាជការ​ គ្រូបង្រៀន កងទ័ព និង​កម្មករ​និយោជិត​​ជា​ដើម។​

លោក​ថា៖ «ចឹង​​​តំណាង​រាស្ត្រ​អត់មាន​​ជួយ​អីទាំង​អស់ អត់​មានចុះទៅ​ជួយ​ប្រជាពលរដ្ឋ មើល​គាត់​​មាន​បញ្ហា មាន​ជន​​ភៀស​សឹក យុទ្ធ​ជនអីយើង​​​មាន​បញ្ហា​ អត់មានចុះអីទាំងអស់ ចាំ​តែលើក​ដៃ​ដក​សញ្ជាតិ លើក​​ដៃធ្វើ​អនុវត្ត​អី គឺ​អត់​មានធ្វើអីទាំង​អស់​ ព្រឹទ្ធ​សភាដូចគ្នា ចឹង​យើង​ត្រូវ​តែ​មាន​កែ​សម្រួលរឿង​ហ្នឹង​ ត្រូវ​រាជរដ្ឋាភិបាលត្រូវ​ធ្វើ​​​កែ​សម្រួល​​ទាំង​អស់ ហើយ​​​​​​ត្រូវ​ដំឡើង​​ប្រាក់​ខែ​ឱ្យ​គ្រូបង្រៀន ឱ្យ​យុទ្ធជន ហើយ​និង​​​មន្ត្រី​រាជការ​ទាំង​អស់ត្រូវ​ដំឡើង​ ព្រោះ​​វា​ខុស​គ្នា​ឆ្ងាយ​ណាស់ៗ បើមិនចឹង​ទេនាំ​ឱ្យ​មានហានិភ័យ​ បើ​មិនចឹងទេ​ ខ្ញុំជឿជាក់ថា ដូចប្រជាពលរដ្ឋ​គេ គ្រាន់​តែ​ដាច់​ភ្លើង គ្រាន់តែ​ពុករលួយ​អី ​តិច​ជា​ប្រទេស​ខ្មែរ​យើង​ផង ប្រជាពលរដ្ឋ​ទាំង​អស់ ជាពិសេស​យុវជន​ងើ​បឡើង​ប៉ះបោរ​ ដើម្បីតវ៉ា​រឿង​ហ្នឹង អីចឹងខ្ញុំបារម្ភ​ខ្លាច​ណាស់»។

បើតាមការ​អះអាងរបស់​តំណាង​រាស្ត្រ​រូប​​នេះ តំណាង​​រាស្ត្រ​​កម្ពុជា ​ទាំង​​​​​​នៅ​​​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​​ជិត ​​២០០​​នាក់​ ទទួល​​បាន​​​ប្រាក់​​​​​ខែ​​​ច្រើន​​​ជាងគ្រូ​បង្រៀន និង​​​កង​ទ័ព ​ប្រមាណ​ជាង ១០​​​​ដង។

ក្តីបារម្ភនេះ ហាក់ស៊ីគ្នាទៅនឹងការអះអាងរបស់រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស សុខា ក្រោយ​​លោក​​ឡើង​កាន់​​អំណាច​​ជំនួស​​តំណែង​​ឪពុក ក្នុង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី៧​នេះ។

ថ្លែង​ក្នុង​កម្មវិ​ធី​មួយ​ក្នុង​ខេត្ត​ព្រៃវែង អំឡុង​ខែ​វិច្ឆិ​កា ឆ្នាំ​២០២៣​ថា កម្ពុជា ពេល​នេះ បើ​មិន​កំណែ​ទម្រង់​ទាន់​ពេល គឺ​ស្លាប់។

លោកថា៖ «ខ្ញុំ​នៅ​តែគាំ​ទ្រកា​រចូ​លរួ​ម​ធ្វើកំ​ណែទម្រង់។ យើង​ដឹង​ហើយ​ប្រទេស​យើង​មក​ដល់​ម៉ោង​នេះ យើង​មិន​កែ​យើង​ស្លាប់ អាហ្នឹង [និយាយ​បែប] សាមញ្ញ​បំផុត»។

ប្រាក់ខែ​គ្រូ​បង្រៀន​​​ សម្រាប់​ក្របខណ្ឌគ្រូ​បង្រៀន​​កម្រិត​​ឧត្តម ឬ​ហៅថា​​ប្រភេទ (ក) ទទួ​ល​​​បាន​ប្រាក់បៀវត្ស​​អតិបរមា​ប្រមាណ​ជាង ៥៤០​ដុល្លារ និង​អប្ប​បរមា​​ជាង​ ៣៦០​​ដុល្លារ។ គ្រូក​ម្រិត​មូល​​ដ្ឋានទ​ទួលបាន​ច្រើន​បំផុត​ជាង ៤៦០​​​ដុល្លារ និង​​ទាប​​បំផុត ៣៣៥​​ដុល្លារ​​។ សម្រាប់​​​​​​​គ្រូ​កម្រិត​បឋម​ឬ​ប្រភេទ (គ) ទទួល​​បាន​​ពី​ ៣១០​ដុល្លារ ដល់ជាង ៤១០​ដុល្លារ​ ខណៈ​​ប្រាក់ឈ្នួលអប្បបរមាសម្រាប់​កម្មករ​ក្នុង​វិស័យ​វាយន​ភណ្ឌ​គឺ​២០៨​ដុល្លារ។

ចំណែក ​​ប្រាក់បៀវត្ស​មូល​ដ្ឋាន​របស់​​ពលទាហាន​ថ្នាក់​​ពលទោ​វិញ បើ​​​បូកបន្ថែម​អត្ថ​ប្រយោ​ជន៍ផ្សេងៗ ទទួល​បាន​​សរុប​ប្រមាណ ៣៤៥ ដុល្លារ​ ឧត្តមសេនីយ៍ឯក​ទទួល​​បា​ន​​ប្រាក់​បៀវត្ស​​មូលដ្ឋាន និងបូកបន្ថែមអត្ថប្រយោជន៍​ផ្សេងៗ សរុបប្រមាណ​ ៧៧៤ដុល្លារ​ ខណៈ​​ថ្នាក់​​នាយ​ឧត្តមសេនីយ៍​ទទួលបាន​ប្រាក់បៀវត្ស​មូលដ្ឋាន និងបូកបន្ថែម​អត្ថ​ប្រយោ​ជន៍​ផ្សេងៗ​សរុប​ប្រមាណ ​៨៣៦ដុល្លារ។ នេះបើតាម​គេហទំព័រ Business Cambodia បង្ហោះ​កាលពីថ្ងៃទី​ទី​១៥ ​ខែកក្កដា ​ឆ្នាំ​២០២៥។

គម្លាតដាច់ឆ្ងាយ រវាងសែស្រឡាយអ្នកមានអំណាច និងប្រជាពលរដ្ឋក្រីក្រ រួមទាំងគ្រូ​បង្រៀន ​កង​កម្លាំង វា​បាន​ផ្តល់​មេរៀន​ដ៏​គ្រោះថ្នា​ក់​សម្រាប់​មេដឹក​នាំ ដែល​ជំរុញ​ឱ្យ​មានច​លាចល​សង្គម ដោយ​សារ​តែកា​រ​មើល​ស្រាល​ពី​ទុក្ខ​លំបាក​​របស់ប្រជាពលរដ្ឋ។

ជ្រុងមួយនៃវិបត្តិសង្គម ដែលកើតចេញពីគ្រួសារនិយម និងអំពើពុករលួយនេះ ពល​រដ្ឋ​ឥណ្ឌូនេស៊ី​​ ដែល​ភាគ​ច្រើន​​ជាយុវជន កាលពីពេល​​ថ្មីៗនេះ បាន​​ធ្វើការ​​តវ៉ា​ក្តៅគគុក ​ប្រឆាំង​ការ​​សម្រេច​តម្លើង​​ប្រាក់​ឧបត្ថម្ភ​​ជាង ​៣ពាន់​ដុល្លារ ​ដល់​​តំណាង​រាស្ត្រ​​ ៥៨០​​នាក់ គឺ​​​លើស​ជិត​​១០​ដង​ពីប្រាក់​​ចំណូល​អប្បរមា​​របស់​ប្រជាពលរដ្ឋ​ ​​ខណៈ​ពលរដ្ឋ​នៅក្នុង​ប្រទេស​​ដែល​មាន​ប្រជាជន​ជាង​១ពាន់​លាន​នាក់​នេះ ​កំពុង​រស់នៅ​ក្នុង​ជីវភាព​កាន់​តែ​លំបាក​ដោយ​សារវិបត្តិ​គ្មាន​ការ​ងារធ្វើនិងបំណុល។ បច្ចុប្បន្ន​​តំណាងរាស្ត្រ​ឥណ្ឌូនេ​ស៊ី​​​ម្នាក់ ទទួលបាន​ប្រាក់​ខែ​គោល​​ ៤០០០​ដុល្លារ។ នេះ​បើ​យោង​តាម​សារព័ត៌​មាន​​បរទេសមួយ​ចំនួន។

លើសពីនេះ កាលពីដើមខែកញ្ញាថ្មីៗនេះ ពលរដ្ឋនៅប្រទេសនេប៉ាល់ បានងើបតវ៉ា ប្រឆាំងនឹងមេដឹក​នាំពុករលួយ និងបក្សពួកនិយម រហូតមានការផ្លាស់ប្តូរ​។ ការ​ងើប​បះបោ​ររ​បស់​ពលរដ្ឋនេប៉ាល់ គឺប្រឆាំងនឹងមេដឹកនាំ ពុក​រលួយ បក្ខពួកនិយម ដំឡើងប្រាក់ខែច្រើនឱ្យតំណាងរាស្ត្រ និងបក្ខពួកខ្លួន ហើយ​បន្សល់​ទុក​បញ្ហាសង្គម​​ចាស់​ស្រែស រួម​ទំាង​គម្លាត រវាងក្រុមមន្ត្រីអ្នកមានអំណាច​និងពលរដ្ឋក្រីក្រជាម្ចាស់ប្រទេស។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួង​អប់រំ យុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា និងអគ្គលេខាធិការ និងជា​​​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ទេ នៅ​ថ្ងៃព្រហស្បតិ៍នេះ។​

​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត ក៏​បានបង្ហាញ​ការ​យល់ស្របជាមួយ​​​​សមាគម​​​គ្រូ​បង្រៀន​កម្ពុជា​​​ឯក​រាជ្យ ដែលទាមទារ​ឱ្យ​រដ្ឋាភិបាល​ដំឡើងប្រាក់​បៀវត្សយ៉ាង​ហោច​ឱ្យបាន​ស្មើ ១ភាគ៤ នៃ​ប្រាក់ខែ​តំណាង​រាស្ត្រ ដោយសារ​​គ្រូបង្រៀនជា​សរសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ប៉ុន្តែ​​​​ប្រាក់បៀវត្សគ្រូបង្រៀន និង​​មន្ត្រីរាជការ​បច្ចុប្បន្ន បែរជា​​នៅ​មានកម្រិត​ទាប ដែលធ្វើឱ្យពួកគាត់ជួបការ​លំបាក​ក្នុង​ជីវភាព។​

តែយ៉ាងណា លោកហាក់មិន​មានសង្ឃឹមថា ​រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្ស​​គ្រូបង្រៀន ​តាម​ការ​ទាម​ទារ​​របស់​​សមាគម​គ្រូ​បង្រៀន ខណៈ​លោក​​សង្កេត​​ឃើញ​ថា ការ​ដំឡើងប្រាក់ខែ​មន្ត្រី​រាជ​ការ​បច្ចុប្បន្ន ធ្វើឡើង​​សម្រាប់តែបក្ខ​ពួកនិយម គ្រួសារ​និយម និងមន្ត្រី​ធំៗ រីឯមន្ត្រីរាជការ​តូច​តាច បន្តរស់នៅ​ទាំង​វេទនា រង​ភាព​អយុត្តិធម៌ និង​ជាប់​បំណុលជាដើម​ ហើយ​ពួកគាត់​​ក៏មិ​ន​​​ហ៊ាន​​ងើ​ប​​តវ៉ាទាម​​ទារ​ដំឡើង​ប្រាក់​ខែ ឬលក្ខ​ខណ្ឌ​​​​ការ​​ងារ​​ល្អ​ប្រសើរ ដោយសារ​បារម្ភពីសុវត្ថិភាព ព្រោះតែ​រដ្ឋា​ភិ​បាល​ត្រ​កូល​ហ៊ុន នៅបន្ត​​ប្រើ​យុទ្ធសាស្រ្ត​ងើបមួយ​វៃមួយ។

លោក​ ម៉ែន ណាត បន្តថា៖ «រឿងនេះ វាជារឿង​អយុត្តិធម៌ខ្លាំង​​ណាស់ សម្រាប់​ក្រុម​គ្រូ​បង្រៀន ​មន្ត្រីរាជការ បើ​យើង​គិត​អំ​​ពីគម្លាត​​ប្រាក់​ខែ​ពួកគាត់ ជាមួយ​នឹង​ប្រាក់ខែ​តំណាង​រាស្ត្រ ហើយ​​និងប្រាក់ខែពួក​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល គឺខុស​គ្នាដូចមេឃនិងដី ហើយ​គម្លាតខុសគ្នា​នេះ វាបង្កើត​ភាពអយុត្តិធម៌​សង្គម​យ៉ាង​សម្បើម ចឹងបើរដ្ឋាភិបាល​នៅ​តែ​មិនគិត​​គូរដល់​​លក្ខ​ខណ្ឌ​​របស់​ប្រជាពលរដ្ឋ លក្ខខណ្ឌ​របស់​ក្រុមគ្រូ​បង្រៀន លក្ខខណ្ឌ​របស់មន្ត្រី​រាជការ​ទេ ក្រែង​​លោក​រដ្ឋាភិបាល​ហ្នឹង​​ មិនអាច​មានអាយុ​គង់វង្ស​យូរ​អង្វែង ឧទាហរណ៍​​ដូច​ជា​ នៅ​នេប៉ាល់ នៅ​ស្រី​លង្កា នៅបង់ក្លាដេស​ថ្មីៗនេះ ឥណ្ឌូនេស៊ីអី​ជា​ដើម​ហ្នឹង អីចឹង​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ប្រញាប់​គិត​​គូរ​ឱ្យ​បាន​មែន​ដល់​សុខ​ទុក្ខប្រជាពលរដ្ឋ»។

បើតាម លោក ម៉ែន ណាត រដ្ឋាភិបាល​គួរប្រញាប់គិត​គូរដោះស្រាយ​បញ្ហា​ជីវភាពគ្រូបង្រៀន និងមន្ត្រីរាជការ រួមទាំង​​កងទ័ព ដោយ​​ស្នើទៅរដ្ឋសភាអនុម័តគម្រោង​កញ្ចប់ថវិកា​ដល់​វិស័យ​អប់រំ និង​វិស័យការ​ពារ​ជាតិ ឱ្យ​​បានគ្រប់គ្រាន់ មានតម្លាភាព និងចំគោល​ដៅ ព្រមទាំង​ធ្វើទំនើប​កម្ម​សម្ភារៈប្រើប្រាស់ក្នុង​ស្ថាប័ន​ទាំង​នោះផងដែរ បើ​ពុំនោះ​ទេ លោកព្រមានថា រដ្ឋាភិបាល​នឹង​ជួប​ផលវិបាក​ទៅ​ថ្ងៃក្រោយ ដោយសារ​តែ​ការ​​មិនពេញចិត្ត​នឹង​ការ​ដឹកនាំ​បែប​​ផ្តាច់​ការ​ និងគ្រួសារបក្ខពួកនិយម​ដូចបច្ចុប្បន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ