កម្មកររាប់ពាន់នាក់នៅរោងចក្រ​តារ៉ាល់តវ៉ាបិទកំណាត់ផ្លូវ​ជាតិ​លេខ​​​៣ជំរុញលក្ខ​ខណ្ឌ​​ការ​​ងារ​

កម្មករ-កម្មការិនីប្រមាណ​ជាង ៥០០០នាក់ ធ្វើការ​​នៅ​​​​រោង​​ចក្រ​​កាត់​​ដេរ​​សំលៀក​​បំពាក់​ឈ្មោះ​ តារ៉ាល់ បាន​​​នាំ​​គ្នា​​ធ្វើ​​កូដ​កម្ម​​តវ៉ា​​​នៅ​​មុខ​​រោង​ចក្រ និងបានឈានដល់​ការ​បិទកំណាត់​ផ្លូវ​ជាតិ​លេខ​​៣ ក្នុ​ងឃុំ​ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីទាមទារឱ្យ​ខាង​រោង​ចក្រ​​បញ្ឈប់​ការ​​គាប​​សង្កត់​​លើ​កម្មករ និងដោះស្រាយ​អត្ថប្រយោជន៍ការ​ងារ​ ទៅ​តាម​​​ច្បាប់ស្តីពី​ការ​ងារ។

កម្មករធ្វើការ​នៅ​រោងចក្រកាត់​ដេរ តារ៉ាល់ ម្នាក់​ដែល​សុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌី នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៥នេះថា កម្មករ​នៅរោង​ចក្រនេះប្រមាណ ៥៣០០នាក់ បានផ្ទុះការ​តវ៉ា​ចាប់តាំង​ពីថ្ងៃម្សិលមិញ បន្ទាប់ពីខាង​ក្រុមហ៊ុនមានបំណង​ប្តូរ​ក្រុមហ៊ុនដឹកកម្មករ​បច្ចុប្បន្នដែល​មានជាង​១០០នាក់​​​ ទៅក្រុមហ៊ុន​​ផ្សេងវិញ ដែលធ្វើឱ្យ​អ្នក​បើក​​បរ​រថយន្ត​ដឹកកម្មករ ​មិន​បាន​ដឹកកម្មករ​ទៅរោង​ចក្រ​ បណ្តាលឱ្យកម្មករ​មួយចំនួន​មិនបានទៅធ្វើការចំនួន​២ថ្ងៃ ហើយរោង​ចក្របានកាត់​ប្រាក់ឈ្នួល២ថ្ងៃនោះ។    

លោក​បន្តថា ហេតុផលនេះបានធ្វើឱ្យ​កម្មករ​ផ្ទុះការ​តវ៉ា​ និង​បានឈានទៅដល់​ការ​ទាមទារ​លក្ខ​​ខណ្ឌ​​​ការ​ងារ​មួយចំនួន​ ក្នុ​ងនោះ មាន​ស្នើ​សុំលុយ​ថ្លៃបាយថ្ងៃត្រង់ បញ្ហា​កា​រចេញ​ចូល​យឺត​ម៉ោង​​ និង​បញ្ហា​ផ្សេងៗទៀត​​ជាង ១០​ចំណុច។​

លោក​និយាយថា៖ ​«តវ៉ាតាំងពីថ្ងៃទី​០២មក តាំង​ពីម្សិលមិញមក ដោយ​សារ​សុំ​តវ៉ាកុំឱ្យកាត់លុយ ព្រោះ​​គាត់​អត់មាន​កំហុស​អីទេ ត្រូវ​មកធ្វើការ​តើ តែតៃកុង​ឡាន​គេ​អត់ដឹកមក គេ​មាន​រឿង​បញ្ហា​ជាមួយ​ក្រុម​ហ៊ុនធ្វើម៉េច គេ​ទម្លាក់​គ្នា​នៅ​ឆ្ងាយ​ពី​រោង​ចក្រ គ្នា​មក​ធ្វើម៉េ​ចកើត​ ចឹង​មាន​ការ​កូដ​កម្ម​តាំង​ពីថ្ងៃហ្នឹង​ទៅ តៃកុង​​ហ្នឹង​​មាន​១០០នាក់ជាង​ហ្នឹង ជិត​១០០នាក់ តៃកុងឡាន​ក្នុងរោង​ចក្រ​ហ្នឹង វា​មានតៃកុងឡានខ្លះ​គាត់​ដឹក​ចូល តៃកុងឡាន​ខ្លះ​គាត់​អត់​ដឹក​ចូល​ទេ ដោយ​សារ​​បញ្ហា​​​​​ខាង​ក្រុមហ៊ុន​​ចង់​ប្តូរ​ក្រុមហ៊ុនដឹកឡានចឹង វាមានបញ្ហាគ្នា​ចឹង[…​]ខាង​តៃកុង​ឡាន​​​គាត់​អ្នកខំរក​កម្មករ​ឱ្យចូល​ធ្វើការ​ពីមុន»។

ចំណែក ​លោក យ៉ិត យុតយូ មន្ត្រីសហជីពនៃ​សហព័ន្ធសហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះទៅអង្កេត​ករណីនេះ​ បាន​ឱ្យ​ដឹង​ថា តាម​ព័ត៌មានបឋម​ដែលលោកទទួល​បានពីកម្មករ ដើមចម​នៃវិវាទការ​ងារ​នេះកើត​ឡើង​​​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​​បញ្ឈប់​​​តៃ​​កុង​​ឡាន​​ដែលធ្លាប់​ដឹកកម្មករ និងធ្លាប់​ប្រមូលកម្មករ​នៅមូលដ្ឋាន​ឱ្យបានចូល​ធ្វើការ​នៅក្នុង​រោង​ចក្រនេះ​ ដែលនាំឱ្យកម្មករ​មិនសប្បាយ​ចិត្ត ក៏ផ្ទុះការ​តវ៉ាតែម្តង។

ក្រៅពីនោះ លោកថា កម្មករ​ក៏បាន​ទាមទារ​កុំឱ្យ​​រោង​ចក្រ​កាត់ប្រាក់​បំណាច់ឆ្នាំ និងប្រាក់រង្វាន់ ផ្តល់ប្រាក់ថ្លៃ​បាយ​ថ្ងៃ​ត្រង់ចំនួន ២ពាន់រៀល និងកុំរឹតបន្តឹងខ្លាំង​ពេក​នៅពេលកម្មករ​សុំច្បាប់​ជា​ដើម​។

​បើតាម លោក យ៉ិត យុតយូ ​​អំឡុងពេល​កម្មករធ្វើកូដកម្ម​តវ៉ាបិទកំណាត់​ផ្លូវ​ជាតិ​លេខ​៣​មុខ​រោង​​ចក្រ​នេះ​​ប្រមាណជា​ ២ម៉ោង​នោះ  ក៏​មាន​ការ​ប៉ះ​ទង្គិ​ច​គ្នាបន្តិច​បន្តួច និងមានការ​គប់​កំប៉ុង​ភេសជ្ជៈដាក់គ្នា​​​រវាង​កម្មករ និង​សមត្ថ​កិច្ច​​ដែលចុះទៅសម្រួល​ការ​ធ្វើចរាចរណ៍​នៅទី​នោះ​​ផង​ដែរ។

ចំពោះដំណោះស្រាយ​លើ​វិវាទការ​ងារ​នៅរោង​ចក្រនេះ លោក​យល់ថា ​​មានតែ​ការ​ជជែក​ចរចាគ្នាដោយសន្តិវិធី ​​រវាង​ភាគី​កម្មករ និង​រោង​ចក្រ ក្រោមការ​សម្រប​សម្រួល​របស់​ក្រសួងការ​ងារ​ទេ ទើបអា​ចដោះស្រាយបញ្ចប់​វិវាទនេះ​បាន​​។

លោកថា៖ «ទី១ ក្រសួង​​ត្រូវ​ជជែកជាមួយតំណាង​កម្មករ​ដោយ​ផ្ទាល់​ អំពី​តម្រូវ​ការ​របស់​កម្មករ​ថា​​តើ​​​គាត់​​​ចង់​បាន​អី ហ្នឹងចំណុច​​ទី​១ ហើយទី២ ក្រៅពី​ការ​ជជែក​ជាមួយ​តំណាង​កម្មករ ក្រសួង​​​ត្រូវ​​សម្រប​សម្រួល​មើល​លទ្ធ​ភាព​របស់​ក្រុម​ហ៊ុន ​អំពី​អ្វីដែលកម្មករ​គាត់​ចង់បាន ចឹង​មាន​តែ​ការ​ជជែកទេ​ទើប​អា​ចឈាន​ទៅរក​ដំណោះ​ស្រាយ​​​បានល្អប្រសើរ​ ខ្ញុំគិត​ថា ការ​ចង់បាន​របស់​កម្មករ​វា​មិន​ហួស​ហេតុ​ពេក​រហូត​ដល់ថ្នាក់​រោង​ចក្រ​ធ្វើ​អត់​បាន​ទេ​​ អាហ្នឹង​សំខាន់​ទៅលើ​ឆន្ទៈ​របស់​រោង​ចក្រ​ថា​គាត់​ចង់​ធ្វើ​ឬក៏អត់»។

វីអូឌី មិនទាន់អាចសុំការ​បញ្ជាក់ជុំវិញករណីនេះ ពី​អ្នកនាំពាក្យក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេ នៅរសៀល​ថ្ងៃ​សុក្រនេះ។​

បើតាម​ការ​ផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក​របស់សមាគមការ​ពារ​សិទ្ធិមនុស្ស​អាដហុក ការ​តវ៉ា​​របស់កម្មករ​រោង​ចក្រ​តារ៉ាល់ អ៊ីណធើណេសិនណល ឯ.ក (TARAL INTERATIONAL CO., LTD) គឺ​​ក្នុងគោលបំណង​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​អនុវត្ត​លក្ខ​ខណ្ឌទូ​ទៅ​នៃ​ការ​ងារ សុវត្ថិ​ភាព និង​សុខភា​ព លក្ខ​​ខណ្ឌទំ​​នា​ក់​​ទំនង​វិជ្ជា​ជីវៈ និង​លក្ខ​ខណ្ឌ​របប​សន្តិ​សុខសង្គម ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់ព័​ន្ធ​ក្នុង​វិស័យ​ការ​ងារ។

ប្រភពដដែល បន្តថា ក្រោយ​ការ​​ចរចាចប់ នៅ​ម៉ោង​ ១:៥៥នាទី ភាគី​ពាក់​ព័ន្ធ​ ដែល​​រួម​មានតំណាង​ក្រសួង​ការ​ងារ មន្ទីរការ​ងារ ​អាជ្ញាធរ ​តំណាង​ក្រុម​ហ៊ុន និងតំណាង​កម្មករ បាន​ឯកភាព​គ្នា​លើចំណុចមួយចំនួន ជុំវិញបញ្ហា​ការ​មកយឺតម៉ោង​ធ្វើការ​ ការ​សុំច្បាប់​សម្រាក​​ពេលឈឺ និ​ងចំណុចមួយចំនួនទៀត ខណៈការ​ស្នើ​សុំ​ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត កាស្នើ​សុំផ្ដល់លុយថ្លៃ​បាយថ្ងៃត្រង់ចំនួន ២,០០០រៀល ១នាក់ ក្នុងមួយថ្ងៃ និងការ​សុំផ្តល់​ប្រាក់​រង្វាន់​ផ្នែក​តុកាត់​ឱ្យបាន​សមរម្យ​ជា​ដើមនោះ ខាង​តំណាង​រោង​ចក្រនឹង​យកសំណើរទាំងនេះទៅពិភាក្សា​ជា​មួយ​ថៅកែ​ធំរបស់ក្រុមហ៊ុន​។

សមាគមអាដហុក បានឱ្យ​ដឹង​ដែរថា ក្នុងកិច្ចប្រជុំចរចានោះ ក្រុមហ៊ុន​បានឯកភាពថានឹង​ដោះស្រាយ​រាល់សំណូម​ពរ​របស់​កម្មករនិយោជិតឱ្យ​បាន​ឆាប់រហ័ស ហើយ​​ក្រុមហ៊ុននឹងមិនមានការគុំ​គួន​ចំពោ​ កម្មករកម្មការិនី​ណាម្នា​ក់​ក្នុង​ពេល​ធ្វើកូ​ដកម្ម​កន្លង​មក​​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ