ព័ត៌មានស៊ីជម្រៅ៖ សំណុំ​រឿង​លោក លិម គិមយ៉ា ជា​ករណី​ឃាតកម្ម​នយោបាយ​ដែល​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ​រួម​គ្នា​បិទ​បាំង

សំណុំរឿងឃាតកម្ម​លើ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​សញ្ញាតិ​ខ្មែរ-បារាំង គឺ​លោក លិម គិម​យ៉ា ដែល​ត្រូវ​បាន​កប់​ទុក​អស់​រយៈ​ពេល​៩ខែ​ម​កនេះ​ ត្រូវ​បាន​គាស់​រំលើង​ឡើង​វិញ​ហើយ។ តុលាការ​ក្រុង​បាង​កក បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្ដៅគ​គុក​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ក្រោយ​ផ្អិប​ទុក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ក្រោយ​ជំនុំ​ជម្រះ​បាន​ នៅ​ថ្ងៃទី​៣ ខែ​តុលា តុលាការ​ទីក្រុង​បាង​កក បាន​សម្រេច​កាត់​ទោស​ខ្មាន់​កាំភ្លើង ជា​ជន​ជាតិ​ថៃ ឱ្យ​ជាប់​ពន្ធនា​គារមួយ​ជីវិត។

ប៉ុន្តែ​ករណី​នេះ បាន​ចោទ​ជា​សំណួរក្នុង​រង្វង់​អ្នក​តាម​ដាន​នយោ​បាយ​ អ្នក​វិភាគ រហូត​ដល់​ពលរដ្ឋ​សាមញ្ញ ពី​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ការ​ផ្អិប​សំណុំរឿ​ង​ដ៏​កក្រើក​មួយ​នេះ ដល់​ទៅ​៩ខែ និង​ទើប​គាស់​រំលើង​ក្នុង​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ភាព​តាន​តឹង​នៅ​តំបន់​ព្រំដែន។

ការស៊ើបអង្កេតដែលមានភាពចង្អៀត​នៅ​កម្ពុជា

បើនិយាយ​ពី​ករណី​ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ លោក លិម គិម​យ៉ា ដ៏​ក​ក្រើ​ក​នៅ​កណ្ដាល​ទី​ក្រុងបាង​កក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៧​ ខែ​មករា​នោះ គេ​នឹងនឹក​​​ឃើញ​ទៅ​ដល់​ការ​ស៊ើប​អង្កេត​ដ៏ពុះ​កញ្ជ្រោល របស់ក្រុម​អ្នក​សារ​ព័ត៌​មាន និង​មន្ត្រី​ស៊ើប​អង្កេត​របស់​ថៃ ដែល​បាន​ស្រាវ​ជ្រាវ​រឿង​នេះ រហូ​ត​ឈាន​ដល់​ការ​កំណត់​បាន​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ ដែល​ជា​ជន​ជាតិ​ថៃ​ចំនួន ២នាក់ និង​ខ្មែរ ២នាក់ ដែល​គេ​សង្ស័យ​ថា កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ការ​ធានា​ពី​មេដឹក​នាំ​រដ្ឋ។

ក៏ប៉ុន្តែ បើក្រឡេកមកមើលខាងកម្ពុជាវិញ ទោះ​បី​ហេតុ​ការណ៍​នេះ បាន​កើត​មក​លើ​អ្នក​នយោបាយ​ប្រឆាំងដ៏លេច​ធ្លោ ដែល​ធ្វើឱ្យ​មា​ន​ការ​ចោទ​ប្រកាន់​ថា ជា​ស្នាដៃរ​បស់​បក្ស​កាន់​អំណាច​ក្ដី ក៏​អាជ្ញាធរ​មិន​បាន​បើក​ការ​ស៊ើប​អង្កេត និង​បញ្ចេញ​ព័ត៌​មាន​អ្វី​នោះ​ឡើយ ខណៈ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ទាំង​អស់ ក៏​មិន​បាន​អនុញ្ញាត​ឱ្យ​ចុះស្រា​វ​ជ្រាវ ឬ​ចុះផ្សា​យ​ឱ្យទូ​លំ​ទូលាយ​នោះ​ដែរ ដោយ​ស្ថាប័ន​មួយ​ចំនួន បាន​ត្រឹម​តែ​ត្រង​យក​ព័ត៌​មាន ពី​ប្រភព​ក្រៅ​ស្រុក ហើយ​ច្បិច​យក​​ចំណុច​ខ្លះៗ មក​ចុះផ្សា​យ​តែ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា អតីត​អ្នក​ធ្វើការ​ផ្នែក​ស៊ើប​អង្កេត​ឱ្យ​ស្ថាប័​នអ​ន្តរ​ជាតិ​មួយ​នៅ​ក្រៅ​ប្រទេស ដែល​ធ្លាប់​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ បា​ន​អះ​អាង​អំពី​ការ​រក​ឃើញ​ភាព​មិន​ច្បាស់​លាស់ និង​ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​ជាច្រើន ពាក់​ព័ន្ធ​នឹង​ករណី​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

លោក វណ្ណ តារា ជាឈ្មោះដែលវីអូឌី ហៅ​ដើម្បី​ការ​ពារ​សុវត្ថិភាព​របស់​ប្រភព។ លោក វណ្ណ តារា ឱ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​របស់​លោក ត្រូវ​បាន​បញ្ចប់​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ ក៏​ប៉ុន្តែ​ត្រូវ​បាន​បញ្ឈប់ ក្រោយ​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​មាន​បញ្ហា​កាល​ពី​ខែ​មីនា​កន្ល​ង​ទៅ ដោយ​សារ​ការ​កាត់​ផ្ដាច់​ជំនួយ​​របស់​រដ្ឋ​ការ​សហរដ្ឋ​អាមេរិក ក្នុង​អាណត្តិលោ​ក​ប្រធានាធិបតី ដូណាល់ ត្រាំ ។

លោកឱ្យដឹងថា ការចុះស៊ើបអង្កេតនៅពេលនោះ គឺធ្វើឡើងនៅ​ពេល​ដែល​ប៉ូលិស​បាន​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ជន​ជាតិ​​ថៃ ដែល​បាន​បាញ់​សម្លាប់​ លោក លិម គិ​មយ៉ា​ ឈ្មោះ អេកា​ឡាក់ ផែ​ណយ (EkkalakPhaenoi) កាល​ពីថ្ងៃ​ទី​៨ ខែ​មករា នៅ​ទី​តាំង​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង ។

ក្នុងប្រតិបត្តិការនេះ ស្នងការនគរបាលខេត្តបាត់ដំបង អះអាង​ថា ការ​ចាប់​ខ្មាន់​កាំភ្លើង គឺ​ធ្វើឡើ​ង​តាម​ការ​ស្នើ​សុំ​កិច្ច​សហការ​របស់​សមត្ថកិច្ច​ថៃ ក៏​ប៉ុន្តែ​ប៉ូលិស​ថៃ ដែល​ជា​អ្នក​តាម​ប្រមាញ់​ខ្មាន់​កាំភ្លើង​ពី​ទឹក​ដី​ថៃ រហូត​ធ្លុះដ​ល់​ទឹក​ដីក​ម្ពុជា​នោះ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថៃ​ថា រូប​គេ​បាន​រក​ឃើញ​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​ហាង​គុយ​ទាវ​មួយ​កន្លែង នៅ​ភូមិ​ព្រៃ​ស្វាយ ហើយ​ក៏​បញ្ជូន​ដំណឹង​នេះ​ទៅ​កាន់ស្ន​ងកា​រ​ខេត្ត​បាត់​ដំបង ដែល​មាន​តួនាទី​គ្រប់​គ្រង​ដែន​សមត្ថ​កិច្ច​នៅ​ក្នុង​រឿង​នេះ ដើម្បី​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង។

ទោះជាយ៉ាងនេះក្ដី អតីតអ្នកស៊ើបអង្កេត គឺលោក វណ្ណ តារា បាន​ប្រាប់​វីអូឌី​ថា​ បន្ទា​ប់​ពី​ខ្មាន់​កាំភ្លើង ត្រូវ​បាន​ចាប់​​ខ្លួន​ហើយ​នោះ លោក​បាន​ចុះ​ទៅដ​ល់​ទីតាំង​នៅភូ​មិ​ព្រៃ​ស្វាយ ដោយ​ផ្ទាល់ និង​បាន​រក​ឃើញ​ភាពមិ​ន​ស្រប​គ្នា​មួយ​ចំនួន នៅ​ក្នុង​ករណី​នេះ។ លោក​បន្ត​ថា តាម​ការ​សាក​សួរ​ម្ចាស់​ហាង​គុយ​ទាវ និង​ហាង​បាយ​ទាំង​អស់ នៅ​ភូមិ​ព្រៃ​ស្វាយ ប្រមាណ ១០​នាក់ ពួក​គាត់​បាន​អះអា​ង​ដូចៗ​គ្នា​ថា មិន​បាន​ដឹង​អំពី​រឿង​នេះ​ឡើយ។

ទោះជាយ៉ាងណា តាមការសាកសួរពីអាជីវករលក់ដូរ​មួយ​ចំនួន នៅ​ផ្សារ​ព្រៃ​ស្វាយ បាន​អះ​អាង​ថា ពួក​គាត់​បាន​ឃើញ​បុរស​រូប​រាង​ស្គម ខ្ពស់ ដែល​ត្រូវ​បា​នគេ​កំណ​ត់​ថា​ជា​ខ្មាន់​កាំភ្លើង ត្រូវ​ប៉ូលិស​ចាប់​ខ្លួន នៅ​ខាង​ក្រោយ​ផ្ទះរ​បស់​អ្នក​ភូមិ​មួយ​កន្លែង គឺ​មិន​មែន​នៅ​ក្នុង​ហាង​ដូច​ប៉ូលិស​ថៃ​បាន​អះ​អាង​នោះ​ឡើយ។ ពួក​គាត់​បាន​អះ​អាង​ទៀត​ថា មុន​ពេល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ពួក​គាត់​បាន​ឃើញ​ខ្មាន់​កាំភ្លើងស្នា​ក់​នៅ​ក្នុង​ទីតាំង​មួយ​កន្លែង ក្បែរ​កន្លែង​ស្ទាក់​រថយន្ត​ឈ្នួល ដែល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​រាជ​ធានី​ភ្នំពេញ ក៏​ប៉ុន្តែ​ពួក​គាត់​មិនបាន​ដឹង​ច្បាស់ អំពី​ទី​កន្លែង​ស្នាក់​នៅ​​របស់​ខ្មាន់​កាំភ្លើង​នេះ​ឡើយ។

លោក វណ្ណ តារា និយាយ​ថា៖ «ត្រង់ចំណុច​ហ្នឹង ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ទៅ​សួរ​ស្នង​ការ​នគរបា​ល​ខេត្ត​បាត់ដំបង ជា​ច្រើន​លើក​ហើយ អំពី​អត្ត​សញ្ញាណ​អ្នក​ដឹក​ជញ្ជូន និង​អ្នក​ផ្ដល់​កន្លែង​ស្នាក់​នៅ​ឱ្យ​ខ្មាន់​កាំភ្លើង​ ព្រោះ​ភូ​មិ​ព្រៃ​ស្វាយ​ហ្នឹង នៅ​ឆ្ងាយ​ពី​ទី​រួម​ស្រុក អត់​មាន​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​ទេ ហើយ​លោក អេកាឡាក់ ផែណយ ហ្នឹង ទើប​តែ​ជាន់​ដី​ខ្មែ​រ​ជា​លើក​ទីមួ​យ​ទេ អ៊ីចឹង​វា​ទាល់​តែ​មាន​អ្នក​នាំ​ផ្លូវ និង​អ្នក​ទទួល​ខុស​ត្រូវ​តាម​ដំណាក់​កាល​មួយ ដែល​គេ​រៀប​ចំ​ឱ្យ​ស្រេច។ ចម្ងល់​មួយ​ទៀត​ហ្នឹង បើ​ខ្មាន់​កាំភ្លើង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ តើ​នរណា​ជា​អ្នក​ទទួល? បើ​ប៉ូលិស​ស្រុក​ខ្មែរ ចង់​ស្រាវ​ជ្រាវ​នោះ វាអ​ត់​ពិបាក​ទេ កាមេរ៉ា​តាម​ផ្លូវ​មាន អាច​ឆែក​បាន ហើយ​សួ​រ​តែ​អ្នក​ផ្ដល់​កន្លែង​ស្នាក់​នៅ​ទៅ នឹង​ដឹង​ហើយ គ្មាន​អី​ពិបាក​ឡើយ ព្រោះ​ការ​ពិត​វា​នៅ​លើគោ​ក​ទេ»។

ប្រពន្ធជនជាតិបារាំង របស់លោក លិម គិមយ៉ា គឺលោក​ស្រី លិម អានី ក្រោយ​ពី​បាន​វិល​ទៅ​ដល់​ប្រទេស​បារាំ​ង​​វិញ បន្ទាប់​ពី​បាន​ផ្ដល់​សក្ខី​កម្ម​ទៅ​កាន់​តុលាការ​ព្រហ្មទ​ណ្ឌថៃ​ ក្នុង​ករណី​ឃាតកម្ម​របស់​ប្ដី បាន​ប្រាប់​ទៅ​ វិទ្យុ​អាស៊ី​សេរី​ថា ក្នុង​គម្រោង​ដំណើរ​ទេសចរ ៣សប្ដាហ៍ នៅ​កម្ពុជា ប្អូន​ថ្លៃរ​បស់​លោក​ស្រី បាន​បបួល​គ្រួសារ​លោក​ស្រី​ទិញ​សំបុត្រ​ឡាន​ក្រុង​ចំនួន ៤កន្លែង ដើម្បី​ទៅ​លេង​សាច់​ញាតិ នៅ​ទីក្រុង​បាង​កក។

ត្រង់ចំណុចនេះ អតីតអ្នកសារព័ត៌មានដដែល សង្កេត​ឃើញ​ថា ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​ក្រុមហ៊ុ​ន​ដឹក​អ្នក​ដំណើរ​របស់​កម្ពុជា ឬ​មាន​រណុក​ក្នុង ដែល​ប្រាប់​ពី​គម្រោង ពេល​វេលា និង​ទិស​ដៅ​ធ្វើ​ដំណើរ​របស់​លោក លិម គិមយ៉ា ដល់​អ្នក​បញ្ជា ដើម្បី​រៀប​ចំ​គម្រោង​ជាក់​លាក់​ក្នុង​ការ​បាញ់​ប្រហារ។

លោក វណ្ណ តារា និយាយ​ថា៖ «ខ្ញុំបានព្យាយាមសួរទៅកាន់ស្នងការប៉ូលិស​នៅ​ខេត្តសៀ​ម​រាប ជា​ច្រើន​លើក​ ប៉ុន្តែ​នៅ​តែ​ជាសំ​ណួរ​ដែល​គ្មាន​ចម្លើយ។ ខ្ញុំឆ្ង​ល់​ហេតុ​អី​រឿង​ហ្នឹង ម៉េច​បាន​ធ្វើ​ប៉ូលិស​ទាំង​តូច​ទាំង​ធំ ស្ងាត់​មាត់ អស់​អ៊ីចឹង​ទៅ។ បើ​ប្រៀប​ធៀប​ដោយ​ផ្អែក​តាម​សម្មតិ​កម្ម អ្នក​បញ្ជា​ខ្មាន់​កាំភ្លើង ជ​ន​ជាតិ​ខ្មែរ បាន​ដឹង​ពីដំ​ណើររ​បស់​​លោក លិម គិមយ៉ា ទៅ​កាន់​ប្រទេស​ថៃ តាំង​ពី​លោក​នៅ​លើទឹ​ក​ដី​កម្ពុជា​ម្ល៉េះ។ តាម​ការ​សន្និ​ដ្ឋាន​បឋម​ខ្ញុំថា​ នេះ​ជាគ​ម្រោង​ការ​លប​ធ្វើឃា​តរ​ហ័ស ដែល​មាន​រយៈ​ពេល ២ថ្ងៃ»។

រឿងក្ដីឧក្រិដ្ឋកម្មត្រូវបានបំបែក

នៅក្នុងរឿងឃាតកម្មអ្នកនយោបាយប្រឆាំងរបស់កម្ពុជា បន្ទាប់ពីខ្មាន់កាំភ្លើងបានបាញ់ប្រហារ​មក​លើ លោក លិម គិមយ៉ា នៅថ្ងៃទី៧ ខែមករា ​នៅ​​លើ​​ដ​ង​វិ​ថី​​ដ៏​​មមាញឹក​​មួយ ក្បែរ​​វត្ត​​បវ័ន្ដនិ​វេដ (Wat Bowonniwet Vihara) ដែលស្ថិត​​នៅ​​ចម្ងាយ​ជាង ១គីឡូម៉ែត្រ​​ ពី​​​ព្រះបរមរា​ជ​វាំង​​របស់​​ថៃ។ នៅ​មុនពេល​​ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ លោក លិម គិមយ៉ា បាន​សរសេរ​រិះ​គន់​ចំពោះ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​សាទរកម្ពុជា ដែល​ដឹក​នាំ​ធ្វើឡើ​ង​ដោយ​កូន​ប្រុស​ពៅ​រ​ប​ស់​​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថា ជា​ព្រឹត្តិ​ការណ៍​មួយ​ពេល​ខ្លី គ្មាន​ស្ថិរភាព និង​មិន​បាន​ផ្តល់​ប្រយោជន៍​​អ្វី​ដល់​ប្រជា​ពលរដ្ឋ។

រយៈពេលប្រហែល ២ម៉ោង ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ អត្តសញ្ញាណរបស់​ជន​ដៃដ​ល់ ត្រូវ​បាន​គេ​រក​ឃើញ​ភ្លាមៗ ខណៈ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​បាន​គេកំ​ណត់​បាន​ជា​បន្ត​បន្ទាប់។ ក៏​ប៉ុន្តែ​ការ​ស៊ើប​អង្កេត​នេះ គឺ​ភាគ​ច្រើន​បាន​មក​ពី​ក្រុម​អ្នក​សារព័ត៌មាន​ថៃ បាន​ដើរ​លឿន​ជាង​អាជ្ញាធរ និង​ប៉ូលិស​ស៊ើប​អង្តេត​ស្ទើរ​តែ​គ្រប់​ជំហាន។

ជាក់ស្ដែង ក្រោយពេលក្រុមអ្នកសារព័ត៌មាន បាន​បង្ហាញវីដេអូ​ពី​កាមេរ៉ា​សុវត្ថិ​ភាព ខ្មាន់​កាំភ្លើង​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​​អតីត​ទាហាន​ជើង​ទឹក​ថៃ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ ហើយ​ដែល​ក្រោយ​មក​បាន​ប្រកប​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ឈ្មោះ អេកាឡាក់ ផែណយ ដែល​បាន​ធ្វើ​សកម្មភាព​ទាញ​កាំភ្លើង​ខ្លី ពី​ក្នុង​កាបូប​ស្ពាយ​ឆៀង មក​បាញ់​លើ​លោក លិម គិមយ៉ា ចំនួន​៣​គ្រាប់​ចំក​ណ្ដាល​ទ្រូង បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​ជា​ជន​ជាតិ​ខ្មែរ ត្រូវ​បាន​គេ​រក​ឃើញ​អត្ត​សញ្ញាណ គឺ​ជា​អ្នក​ប្រាប់​គោល​ដៅទៅ​ខ្មា​ន់​កាំភ្លើង។

ជនសង្ស័យទីពីរនេះ គឺលោក ពេជ្រ គឹម​ស្រ៊ីន ដែល​មហាជ​ន​សង្ស័យ​ថា​ជា​ប្អូន​បង្កើត​របស់​​ប្រធាន​​គណបក្ស​​យុវជន​​កម្ពុជា គឺលោក ពេជ្រ ស្រស់ និង​ជា​មនុស្ស​ជំនិត​របស់​លោក​អភិបា​ល​រាជធា​នី​ភ្នំពេញ គឺ​លោក ឃួង ស្រេង។ ប្រភព​ដែ​ល​ស្និ​ទ្ធ​​ពី​សកម្មជ​ន​គណបក្ស​ប្រឆាំង បា​ន​អះ​អាង​ថា លោក លិម គិមយ៉ា មិន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ជន​សង្ស័យ​ឈ្មោះ ពេជ្រ គឹម​ស្រ៊ីន នោះ​ឡើយ។

ជនសង្ស័យ លោក ពេជ្រ គឹមស្រ៊ីន ត្រូវបាន​គេរ​ក​ឃើញ​ថា បាន​ធ្វើ​ដំណើរ​ជាមួយ​លោក លិម គិមយ៉ា នៅលើ​ឡាន​ក្រុង តាំង​ពី​ខេត្ត​សៀម​រាប រហូត​ដល់​ច្រក​ទ្វារ​ព្រំដែន​ប៉ោយ​ប៉ែត។ នៅ​មុន​ពេល​ដែល​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​​ លោក លិម គិមយ៉ា គេ​ឃើញ​លោក ពេជ្រ គឹម​ស្រ៊ីន បាន​ធ្វើការ​ទាក់​ទង​តាម​ទូរស័ព្ទ​ជាច្រើន​ដង និង​បាន​ផ្ដល់​សញ្ញា​នៅពេលជួប​ខ្មាន់​កាំភ្លើង ពេល​ចុះ​ពី​លើ​រថយន្ត​ក្រុង​ទៀត​ផង។ ក្រោយ​ហេតុ​ការណ៍​បាញ់​សម្លាប់​លោក លិម គិមយ៉ា លោក ពេជ្រ គឹមស្រ៊ីន ក៏​បាន​ស្ថិត​នៅ​ទី​តាំង​ក្បែរ​នោះ​ដែរ ហើយ​ក្រោយ​មក​​លោ​កបា​ន​ត្រឡប់​មក​កម្ពុជា​វិញ​យ៉ាង​តក់​ក្រហល់ តាម​ជើង​ហោះ​ហើរ​នៅ​ព្រលាន​យន្ត​ហោះ សុវណ្ណ​ភូមិ​។

ការតាមប្រមាញ់ឃាតករ ដ៏រហ័ស

ងាកមកផ្ដោតលើឃាតករវិញ បន្ទាប់ពីធ្វើ​សកម្ម​ភាព​រួច ខ្មាន់​កាំភ្លើង​ឈ្មោះ អេកា​ឡាក់ ផែណយ បាន​រត់​គេច​ខ្លួន​តាម​មធ្យោបាយ​ជា​ច្រើន​ដំណាក់​កាល រហូត​បាន​ឆ្លង​ដែន​ចូល​មក​កម្ពុជា តាម​ច្រក​ព្រំដែន​ខៅ​ឌិន ឬ​ភ្នំដិន ជាប់​ស្រុក​សំពៅ​លូន ស្ថិត​ក្នុង​ខេត្ត​បាត់​ដំបង។ ដំណើរ​នៃ​ការ​គេច​ខ្លួន​របស់​ខ្មាន់​កាំភ្លើង​នេះ ត្រូវ​បាន​អ្នក​សារ​ព័ត៌មា​ន​ថៃ យក​មក​លាត​ត្រដាង តាម​រយៈ​វី​ដេអូ ដែល​ប្រមូល​បាន​មក​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្លូវ​នានា។ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ត្រឹម​រយៈពេ​ល ២៤​ម៉ោង បណ្ដាញ​សារ​ព័ត៌​មាន និង​អាជ្ញាធរ​ថៃ​ កំណត់​​អត្តស​ញ្ញាណ​អ្នក​ពាក់​ព័ន្ធ​បាន​ជាច្រើន​នាក់ មាន​ដូច​ជា អ្នក​ទទួល​បញ្ចាំ​កាំភ្លើង​ដែល​ឃាតករ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព​ម្នាក់ អ្នក​រត់​តាក់​ស៊ីដែ​លដឹ​ក​ជញ្ជូន​ខ្មាន់​កាំភ្លើង​នៅ​ទីតាំង​ផ្សេង​គ្នា​ចំនួន ២នាក់ និង​មេខ្យល់​ចំនួន ២នាក់ ដែល​នាំខ្មាន់​កាំភ្លើង​ចូល​ទឹក​ដី​កម្ពុជា។

ក្នុងករណីនេះ អ្នកពាក់ព័ន្ធ ដែលជាជនជាតិថៃទាំងអស់ ត្រូវបានអាជ្ញាធរថៃបង្គាប់​ឱ្យ​ចូល​មក​បំភ្លឺ និង​ចាប់​ខ្លួន​បាន​ជាប​ន្ត​បន្ទាប់ ខណៈ​អាជ្ញាធរ​កម្ពុជា មិន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ស្វែង​រក​មេខ្យល់​ជន​ជាតិ​ខ្មែរ ២នាក់ ដែល​នាំខ្មា​ន់​កាំភ្លើង​ឆ្លង​កាត់​ដែន​តាម​ច្រក​របៀង​ទាំង​យប់ និង​អ្នក​ដែល​ដឹក​ខ្មាន់​កាំភ្លើង ទៅកា​ន់​ភូមិព្រៃស្វាយ ស្រុក​មោង​ឫស្សី នោះឡើ​យ។

នៅក្នុងភាព​ចន្លោះប្រ​ហោង​នេះ អតីតអ្នកស៊ើបអង្កេតលោក វណ្ណ តារា បានប្រាប់ថា លោកបានចុះទៅដល់ទីតាំងច្រកព្រំដែនស្រុកសំពៅលូន។ លោក​អះអា​ង​ថា តាម​រយៈ​ការ​សាក​សួរ​ពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​ជា​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន និង​លក់​ដូរ​នៅ​តំបន់​នោះ ពួក​គាត់​បាន​អះ​អាង​ថា ច្រក​របៀង​ខុស​ច្បាប់ នៅ​តំបន់​ព្រំដែន​ស្រុក​សំពៅ​លូន​នេះ មា​នភា​ព​បត់​បែន​ច្រើន និង​ងាយ​​វង្វេង ហើយ​​អ្នក​​ដែល​អាច​នាំ​ខ្មាន់​កាំភ្លើង​ដើរ​ឆ្លង​ចូល​ទាំង​យប់​បែប​នេះ គឺ​មាន​តែ​ក្រុម​អ្នក​នាំទំ​និញ​ឆ្លង​ដែន​ខុស​ច្បាប់​នៅក្នុ​ង​តំបន់​នេះ​ប៉ុណ្ណោះ។

ចំពោះអត្តសញ្ញាណអ្នកបើករថយន្តដឹកខ្មាន់​កាំភ្លើងទៅកាន់ភូមិព្រៃស្វាយ ស្រុក​មោង​ឫស្សី វិញ អាជីវ​ករលក់​អីវ៉ាន់​ម្នាក់ បាន​បង្ហើប​ថា គឺ​ជា​អ្នក​រត់​តាក់​ស៊ី ដែល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ស្រុក​សំពៅ​លូន ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្តបា​ត់​ដំបង។

លោក វណ្ណ តារា​ និយាយ​ថា៖ «គាត់​ប្រាប់​ថា​ គាត់​បាន​ឃើញ​បុរស​ស្គម ខ្ពស់ ពាក់​អាវ​យឺត​ស [អេកាឡាក់ ផែណយ] បាន​ឡើង​ជិះឡា​ន ដែល​បា​ន​ចាំ​នៅ​កន្លែង​ហ្នឹង ប៉ុន្តែ​គាត់​អត់​ហ៊ាន​និយាយ​ចំៗ​ទេ គាត់​ខ្លាច​មាន​បញ្ហា ប៉ុន្តែ​គា​ត់​បាន​និយាយ​ទៀត​ថា ឡាន​ដែល​ដឹក​ខ្មាន់​កាំភ្លើង​ហ្នឹង គឺ​ដូច​ឡាន​តូរីស្ត ពណ៌​ស។ គាត់​ថា​ បើច​ង់​ដឹង​ច្បាស់ ទាល់​តែ​សុំវី​ដេអូ​ពី​កាមេ​រ៉ាសុ​វត្ថិ​ភាព នៅ​ទីតាំង​ដូរ​លុយ​មួយក​ន្លែង នៅ​ក្បែរ​នោះ ព្រោះ​មុន​ចាក​ចេញ ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ដូរ​លុយ ដោយ​មាន​ជន​ជាតិ​ខ្មែរ​យើង នៅ​ជាមួយ​ផង​ដែរ »

អត្តសញ្ញាណអ្នកបញ្ជាខ្មាន់កាំភ្លើង គឺជាឈ្មួញនយោបាយ

ឈានមកដល់ការអត្តសញ្ញាណអ្នកបញ្ជាខ្មាន់កាំភ្លើងវិញម្ដង អ្នកស៊ើបអង្កេតរូបនេះ លើក​ឡើង​ថា មូល​ហេតុ​នៃ​ការ​រក​ឃើញ​អ្នក​បញ្ជា​ឃាតករ​នៅ​ពីក្រោ​យ ដែល​ជាម​នុស្ស​នៅ​ក្បែរ​មេដឹក​នាំ​កម្ពុជា​នេះ ទំន​ង​កើត​ចេញ​ពី​វិប្បដិ​សារី របស់ខ្មា​ន់​កាំភ្លើង​ខ្លួន​ឯង។ លោក​ពន្យល់​ថា ក្នុង​កំឡុង​ពេល​អនុវត្ត​នីតិវិធី​ស៊ើប​សួរ​ ក្រោយ​បញ្ជូន​ខ្លួន​មក​ដល់​រាជធានី​ភ្នំពេញ ខ្មាន់​កាំភ្លើង​មិន​បាន​សារ​ភាព​ប្រាប់​ប៉ូលិស​ខ្មែរ​ អំពី​រឿង​អ្វី​មួយ​នោះ​ឡើយ ក៏​ប៉ុន្តែ​ក្រោយ​មក​ខ្មាន់​កាំភ្លើង​បាន​ប្រាប់​ពីអ​ត្តសញ្ញាណ​អ្នក​បញ្ជា ទៅកា​ន់​ប៉ូលិស​ថៃ​ម្នាក់ ដែល​តាម​ចាប់​ខ្លួន​រូប​គេ​ពី​ទឹក​ដី​ថៃ រហូត​ដល់​កម្ពុជា គឺ​លោក សារា​វ៉ាត់ ចិ ឬ​អធិការ ចិ ជា​លក្ខណៈ​បុគ្គល​ទៅ​វិញ​។

លោក វណ្ណ តារា ប​ន្តថា៖«ខ្ញុំចាំច្បាស់ថា ខ្មាន់​កាំភ្លើងបា​ន​ប្រាប់​ទៅ​លោក​អធិការ ចិ ថា អ្នក​ដែល​បញ្ជា​នៅ​ពីក្រោយ​នោះ គឺ​ជា​ជន​ជាតិ​ខ្មែរ ដែល​ប្រើ​ឈ្មោះជា​ភាសា​ថៃ ថា​ «ស៊ុម​វ៉ាំង បាំរុង​គីត»។ ឈ្មោះនេះ​ត្រូវ​បាន​លោក​អធិការ ចិ ប្រាប់​​ទៅ​សារ​ព័ត៌​មាន​ថៃ​រ៉ាត់​ [Thairath] ហើយ​រឿង​នេះ ក៏​បា​ន​ដឹង​ទៅ​ដល់​វិទ្យុ​អាស៊ី​សេរី ជា​ភាសាខ្មែ​រ និង​បាន​យក​ឈ្មោះ​នេះ មក​រាយ​ការណ៍​ផ្ទាល់​នៅក្នុ​ងក​ម្ម​វិធី​ផ្សាយ​ផ្ទាល់។ ពេល​កំពុង​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​ជាង ៨យប់​ហ្នឹង ពលករ​ខ្មែរ​ដែល​ស្គាល់​ឈ្មោះ ស៊ុម​វ៉ាំង បាំរុង​គីត បាន​ទាក់​ទង​ទៅ​ប្រាប់​លោក ថា ថៃ ដែល​ជា​អ្នក​រាយ​ការណ៍​របស់ វិទ្យុ​អាស៊ី​សេរី ថា ឈ្មោះ​ស៊ុម​វ៉ាំង បាំរុង​គីត នេះ គឺ​ជា​ឈ្មោះ​របស់​ លោក លី រតនៈ​រស្មី ដែល​គេ​ហៅថា​ លោក​គ្រូស៊ុ​ម​វ៉ាំងៗ»។

លោកគ្រូ ស៊ុមវ៉ាំង បាំរុងគីត ដែលជាឈ្មោះភាសាថៃរបស់លោក លី រតនៈរស្មី នោះ​គឺ​ជា​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះជា​តិ ដែល​ចុះចូ​ល​ជាមួយ​គណបក្ស​កាន់​អំណាច និង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា។ ​

ប្រភពដែលមាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​លោក លី រតនៈរស្មី អះអាង​ថា លោកបាន​ចូល​បម្រើការ​នៅ​ក្រុមហ៊ុន​សន្តិសុខ​មួយ​កន្លែង​ ដែល​មាន​ឈ្មោះ​ហៅ​​កាត់​​ថា ភី.ស៊ី.អេស (PCS) នៅ​​ខេត្ត​ឈុនបុ​រី ​នៅ​​​ឆ្នាំ២​០១១ ក្នុង​​តួនាទី​​ជា​​​អ្នក​​ចាត់​​ការ​​ទូទៅ។ ប្រភព​អះអា​ង​​ទៀ​ត​ថា គឺ​​​នៅ​​ពេល​​នោះ​​ហើយ ដែល​​លោក លី រតនៈ​រស្មី បាន​​ប្រើ​​​ឈ្មោះ​​ជា​​ជន​ជាតិ​ថៃ​ ថា ស៊ុម​វ៉ាំង បាំរុង​គីត (Sumwang bamrungkit) និង​ជាក​ន្លែង​ដែលលោ​ក​បាន​​ជួប​​ជាមួយ​​ខ្មាន់​កាំភ្លើង​ ​ឈ្មោះ អេកាឡាក់ ផែណយ កាលពី​​ឆ្នាំ​២០២២ នៅ​​ពេល​​ដែល​​អតីត​​ទាហាន​ជើង​ទឹក​​រូប​​នេះ ត្រូវ​​បាន​​បណ្ដេញ​​ចេញ​​​ពី​​អង្គភា​ព ហើយ​​មក​​ធ្វើការ​​ជាមួយ​​លោក លី រតនៈរស្មី បាន​មួយ​រយៈ។

លោក លី រតនៈរស្មី បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា នៅ​​ឆ្នាំ​​២០២២ ដោយ​​មា​ន​​អភិបាល​​រាជធានី​​ភ្នំពេញ លោក ឃួង ស្រេង ជា​​អ្ន​ក​​រៀបចំ​​ពិធី​​ទទួល​​លោក និង​​មនុស្ស​​មួយ​ចំនួន​​ទៀត ដែល​លោក​បាន​កៀរគរ​​យក​​មក​​​ពី​​ប្រទេស​​ថៃ។ ​ក្រោយ​មក លោក​ត្រូវបា​ន លោក ហ៊ុន សែន ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា តែង​តាំង​ជា​​ទីប្រឹក្សា កាល​ពី​​ខែ​មករា ឆ្នាំ​២០២៤។

បន្ទាប់ពីចុះចូល និងបានឡើងកូដក្នុងជួរគណបក្សកាន់អំណាចហើ​យនោះ​ លោក លី រតនៈ​រស្មី បាន​​បង្កើត​​គុណ​សម្បត្តិ​​ជា​ច្រើ​ន​​ដល់​​គណបក្ស​​ប្រជាជន​​កម្ពុជា នៅ​​​លើ​​ទឹក​ដី​​ថៃ​ ដូច​ជា ការដើ​រ​​អូស​ទាញ​​ពលករ​​​ឱ្យ​ចុះចូល​​ជាមួយ​បក្ស​កាន់​អំណាច និង​ការ​គំរាម​កំហែង​មក​លើ​សកម្មជន​បក្ស​ប្រឆាំង ដែល​រស់​នៅ​ប្រទេស​ថៃ។

ដោយសារតែគុណសម្បត្តិទាំងនេះហើយ លោក លី រតនៈ​រស្មី បាន​មាន​ឱកាស​ចួបជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយគ​ណបក្ស​​ប្រជាជន​​កម្ពុជា បាន​​ចាត់​តាំង​​​ឱ្យ​​លោក​ទទួល​​ខុ​សត្រូ​វ​ទៅលើ​កិ​ច្ចកា​រ​របស់​គណបក្ស ​នៅ​​តំបន់​​ខេត្ត​​ឈុន​បុរី (Chonburi) ប៉ាថុម​ថានី (Pathum Thani) រ៉ាក់​យ៉ង (Rayong ) និង​ខេត្តចន្ទបុរី (Chanthaburi) ជាដើម។

ក្រៅពី​​បម្រើ​​ប​ក្ស​​កាន់​​អំណាច លោក លី រតនៈ​រស្មី បាន​​ពង្រីក​​អាជីវកម្ម​​មួយ​​ចំនួន មាន​​ដូច​ជា ក្រុម​ហ៊ុន​​នាំ​ពលករ ក្រុម​ហ៊ុន​​នាំចូល និង​​ចែក​ចាយ​​អាហារ​​បំប៉ន និង​​វិស័យ​​អចល​នទ្រព្យ​​នៅ​​​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ជាដើម។

ប្រធាន​ក្រុមហ៊ុន​អាហារ​បំប៉ន​ថៃ​ម្នាក់ ដែល​​រ​កស៊ី​​​វិនិយោគ​​ជាមួយ​​លោក លី រតនៈ​រស្មី បាន​​អះ​អាង​​​ប្រាប់​​សារព័ត៌​មាន​​​ប៉ុស្តិ៍​​លេខ៨ របស់​​ថៃ ចុះ​​ផ្សាយ​​កាលពី​​ថ្ងៃ​​ទី​១៦ ខែ​មករា ឆ្នាំ​២០២៥​ថា នៅ​​មុន​​តុលាការ​ឧក្រិដ្ឋក​ម្ម​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រហែល ២ថ្ងៃ លោក លី រតនៈ​រស្មី បាន​​ប្រកាស​​លា​​ក្រុម​​ការងារ​​ថា «លោក​ទៅ​ហើយ និង​សូម​ផ្ញើ​ក្រុមហ៊ុន​ផង» ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ក៏​បាត់​ដំណឹង​រហូត។

ការផ្អិបសំណុំរឿង

បើទោះបីជាប៉ូលិសអាំងទែប៉ូល បានចេញនិវេទន៍ក្រហមតាមចាប់ខ្លួន និងមាន​ការ​អំពាវ​នាវ​ពី​ប្រទេស​បារាំង ជា​ច្រើន​លើក​យ៉ាង​ណា​ក្ដី​ ក៏​អាជ្ញាធរកម្ពុជា​មិន​បាន​ចាប់​ខ្លួន​ជន​​សង្ស័យ​ទាំង​២​នាក់ គឺលោក លី រតនៈ​រស្មី និង​លោក ពេជ្រ គឹមស្រ៊ីន បញ្ជូនទៅ​ឱ្យ​អាជ្ញាធរ​ថៃ បន្ត​នីតិវិ​ធី​នោះ​ឡើយ ដែល​ប្រការ​នេះ បាន​ធ្វើ​ឱ្យ​សំណុំ​រឿង​ឃាតកម្ម​លើ​លោ​ក លិម គិម​យ៉ា ត្រូវបា​ន​ជាប់​គាំង​អស់​រយៈ​ពេល​ជិត ៩ខែ។

បន្ទាប់ពីអាជ្ញាធរថៃ បានសួរចម្លើយក្នុងស្ថានភាពដ៏តានតឹង ខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ បានសារភា​ពថា ការណ៍​ដែល​រូប​គេទ​ទួល​យក​បញ្ជា​ឱ្យ​បាញ់​សម្លាប់ លោក លិម គិមយ៉ា នេះ​គឺ​មិន​មែន​ដើម្បី​ប្រាក់​ឈ្នួល​នោះទេ​ ប៉ុន្តែ​គឺ​ដើម្បី​សង​គុណ​ លោក លី រតនៈ​រស្មី ដែលបា​ន​ជួយទំ​នុក​បំរុង​លោក​កន្លង​មក។ ខ្មាន់​កាំភ្លើង​បាន​សារភាព​ទៀត​ថា ចំពោះ​គម្រោង​លួច​ធ្វើឃា​ត​ លោក លិម គិមយ៉ា និង​ការ​រត់​គេច​ខ្លួន​នោះ គឺ​មាន​ការ​រៀប​ចំ​ឡើង​ដោយ​ឈ្មោះ ស៊ុមវ៉ាំង បាំរុង​គីត និង​ក្រុម​មនុស្ស​ចំនួន​ទៀត ដែល​មាន​រយៈ​ពេល​ខ្លី ​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​នោះ​រួម​ទាំង លោក ពេជ្រ គឹម​ស្រ៊ីន ផង​ដែរ។

មុននឹងធ្វើសកម្មភាព ឃាតកររូបនេះធ្លាប់បានសួរទៅកាន់ លោក លី រតនៈ​រស្មី ពី​មូល​ហេតុ​ដែល​ឈាន​ដល់​ការ​រៀប​ចំ​ធ្វើឃា​តនេះ​ដែរ ហើយ​កាល​នោះ លោក លី រតនៈ​រស្មី បាន​ប្រាប់​ថា គឺ​ដោយ​សារ​ជន​រង​គ្រោះ គឺលោក លិម គិមយ៉ា មាន​ទំនាស់​ក្នុង​អាជីវកម្ម​រក​ស៊ី​ជាមួយ​គ្នា។

យ៉ាងណាមិញ ចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង នៅត្រង់ចំណុចនេះ ត្រូវ​បាន​អគ្គ​ស្នង​ការ​នគរ​បាល​ភូមិន្ទ​ថៃ លោក គិតតិរ៉ាត់ ផាន់ផេត(Kittirat Phanphet) បាន​សម្រេច​ជា​ផ្លូវ​ការ ដោយ​សំអាង​ថា​មាន​ទម្ងន់ និង​បញ្ជា​ក់ថា ករណី​ឃាតកម្ម​នេះ គឺ​ជា​ជម្លោះបុ​គ្គល​ដែល​កើត​ឡើង​ដោយ​ការ​ខឹង​សម្បារ​ផ្ទាល់​ខ្លួន និង​មិន​ពាក់​ព័ន្ធ​រឿង​នយោ​បាយ​​ឡើយ។ លោក ផាន់ផេត អះ​អាង​ទៀត​ថា អ្វី​ដែល​លោក​និយាយ​នេះ គឺ​គ្មាន​បំណង​ការ​ពារ ឬ​ផ្គាប់ចិ​ត្ត​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ដែល​ចេញ​មក ជា​ជម្លោះរ​វាង​ខ្មែរ​នឹង​ខ្មែរ​ នៅលើ​ទឹ​ក​ដី​ថៃ គឺ​អ្នក​បញ្ជា ឈ្មោះ លី រតនៈ​រស្មី និង​អ្នក​ស្លាប់​គឺ​លោក លិម គិមយ៉ា។

ទោះជាបែបនេះក្ដី ការលើកឡើងរបស់អគ្គស្នងការនគរបាលភូមិន្ទថៃ លោក គិតតិរ៉ាត់ ផាន់​ផេត ហាក់លើស​ពី​ការ​អះអា​ង​របស់​ស្នង​ការ​នគរបាល​ក្រុង​បាង​កក ប៉ុស្ដិ៍​ទី១ គឺ​លោក អដ្ឋាផន វង្ស​សិរិ​ព្រីដា (Arthaphorn Wongsiripreeda) ដែល​លោក​បាន​លើក​ឡើង​ថា «មូល​ហេតុនៃ​កា​រ​បាញ់ស​ម្លាប់​ដែល​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ បាន​ប្រាប់​ថា ជា​រឿង​ជម្លោះ​បុគ្គល​នេះ មិន​ទាន់​អាច​យក​ជា​ការ​បាន​ឡើយ ព្រោះ​ខ្មាន់​កាំភ្លើង​ត្រឹម​តែ​ជាអ្ន​ក​ទទួល​បញ្ជា ហើយ​ដើម្បីឱ្យ​ដឹ​ងកា​ន់​តែច្បា​ស់​នោះ គឺ​ទាល់​តែ​សួរ​ចម្លើយ​ជន​សង្ស័យ​ដែល​ជា​អ្នក​បញ្ជា ឈ្មោះ លី រតនៈ​​រស្មី និង​អ្នក​ប្រាប់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ ឈ្មោះ ពេជ្រ គឹម​ស្រ៊ីន ទើប​អាច​ដឹង​ពី​មូល​ហេតុ​ពិត»។

ទន្ទឹមគ្នានេះ ប្រពន្ធជាតិបារាំងរបស់លោក លិម គិមយ៉ា គឺលោកស្រី លិម អានី បាន​​អះ​អាង​ថា ប្ដី​របស់​លោក​ស្រីមិ​នដែ​ល​មាន​ទំនាក់​ទំនង ឬ​ស្គាល់​គ្នា​ជាមួយ​ជន​សង្ស័​យ​ឈ្មោះ លី រតនៈ​រស្មី នោះឡើយ។

ភាពមិនស្របគ្នា រវាងអគ្គស្នងការនគរបាលភូមិន្ទ និងស្នងការនគរបា​លក្រុង​បាង​កក និង​ការ​អះ​អាង​របស់​គ្រួសា​រ​ជន​រង​គ្រោះ​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើ​ល​គ្រប់​មជ្ឈដ្ឋាន លើក​ឡើង​ដូច​គ្នា​ថា ករណី​ឃាតកម្ម​លើ​អតីត​តំណាង​រាស្ត្រ​បក្ស​​ប្រឆាំង លោក លិម គិមយ៉ា គឺ​កើត​ចេញ​ពី​គំនុំ​នយោ​បាយ ដែល​ជាប់​ពាក់​ព័ន្ធ​​នឹ​ង​មេដឹក​នាំ​កម្ពុជា ខណៈ​រដ្ឋាភិ​បាល​ថៃ​បាន​បង្កក​សំណុំរឿ​ង​នេះ ដើម្បី​ធ្វើ​សម្បទាន​នយោបាយ​ដល់​មេដឹក​នាំ​កម្ពុជា​ តាម​រយៈ​ការ​កាត់​ផ្ដាច់​ចរន្ត​ស៊ើប​អង្កេត ដោយ​សំអាង​លើ​ចម្លើយ​សារភាព​ដែល​គ្មាន​ទម្ងន់។

វីអូឌី បានព្យាយាមទាក់ទងទៅប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា​ លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ករ​ណីនេះ​ តែ​ពុំមា​ន​ការ​ឆ្លើយ​តប​រហូត​មក​ទល់​ម៉ោង​ផ្សាយ។

ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់​ឃើញ​ថា គ្រួសារ​លោក​ លិម គិមយ៉ា អាច​នឹង​ទទួល​បាន​យុត្តិ​ធម៌ ដោយ​សារ​ប្រទេស​ថៃ នឹង​ប្រើ​ករណី​នេះ វាយ​ប្រហារ​ទៅ​លើក្រុ​ម​គ្រួសារ​មេដឹក​នាំ​កម្ពុជា ស្រប​​ពេល​ប្រទេសទាំ​ង​ពីរ​កំពុង​មាន​វិវាទ តាម​រយៈ​ការ​វែក​មុខ​រក​មេខ្លោង​នៅ​ពីក្រោយ​ឃាត​កម្ម។ លោក​បន្ត​ថា មេខ្លោង ឬ​អ្នក​បញ្ជា អាច​នឹង​រក​ឃើញ​កាន់​តែ​លឿន ប្រសិ​ន​បើ​នីតិវិ​ធី​មាន​ការ​ចូល​ដៃ​ពីតុ​លាការ​ប្រទេស​បារាំង ជាពិសេស​នៅ​ពេល​ចាប់​បាន​ លោក លី រតនៈ​រស្មី និង​លោក ពេជ្រ គីម​ស្រ៊ីន ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​នេះ។

លោក អ៊ុ សំអាន ថ្លែង​ថា៖«អាជ្ញាធរ និង​តុលាការថៃ​​ធ្វើ​ម៉េច​ត្រូវ​តែ​ចាប់​ខ្លួន ពេជ្រ គីម​ស្រ៊ីន និង លី រតនៈរស្មី ឱ្យ​បាន​ដើម្បី​កាត់​ទោស​នៅ​ស្រុក​ថៃ ហើយ​ធ្វើម៉េ​ច​តុលាការ​ថៃ​ហ្នឹង ត្រូវ​តែ​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ឃាតកម្ម​ទៅ​លើ លោក លិម គិមយ៉ា ដើម្បី​លាងមុ​ខ​មាត់​ខ្លួន​នៅ​លើឆា​កអ​ន្តរ​ជាតិ ព្រោះ​ឃាតកម្ម​នៅ​លើ​ទឹក​ដី​ថៃ មិន​អ៊ីចឹង​ទេ​ វា​រង​ភាព​អាម៉ាស​ចំពោះ​ថៃផ​ង​ដែរ»

លោក អ៊ុំ សំអាន ប្រមើលមើលដែរថា តុលាការប្រទេសថៃ អាចនឹងចេញដីកាចា​ប់​ខ្លួន​លោក ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំក​ម្ពុជា​ផ្សេង​ទៀត ប្រសិ​ន​បើមា​ន​ភស្តុតាង​រឹង​មាំណា​មួ​យ​បង្ហា​ញ​ថា ពួក​គេ​ពិត​ជាមេ​ខ្លោង​នៅ​ពីក្រោយ​ការ​បញ្ជា​ឃាតករ​សម្លាប់​មនុស្ស​ឆ្លង​ដែន​បែប​នេះ។

ចំ​ណែ​ក ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា​ ករណី​ឃាតកម្ម​នេះ ច្បា​ស់​ជា​មាន​ពាក់​ព័ន្ធ​ជាមួយរ​ដ្ឋាភិបា​ល​កម្ពុជា​ ដ្បិត​ថ្នាក់​ដឹក​នាំ​ពុំបា​ន​បង្ហា​ញ​​ការ​យក​ចិត្ត​ទុក​ដាក់​ស្វះ​ស្វែ​​ង​ស៊ើប​អង្កេ​ត​រកជ​ន​សង្ស័យ​ ដើម្បី​យក​ម​កកា​ត់ទោ​សរ​ក​យុត្តិធម៌​ឱ្យ​គ្រួសារ​ លោក លិម គិម​យ៉ា ឡើយ ទោះ​បី​មាន​ការ​ចង្អុល​បង្ហាញ​ច្បាស់ៗ​ពី​អ្នក​ពាក់​ព័ន្ធ។

លោក ម៉ែន ណាត ថ្លែង​ថា៖ «ពីព្រោះមនុស្សពីរនាក់ហ្នឹង គឺលោក ពេជ្រ គីម​ស្រ៊ីន និង​លោក លី រតនៈ​​រស្មី នេះ នរណា​​ក៏​ដឹង​ថា​មាន​ជាប់​ជំពាក់ ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបា​ល​​ ជាពិសេស ដូច​ជា​ករណី​លោក ហ៊ុន ម៉ានី ដូច​ជា​ករណី​ លោក ហ៊ុន សែន ផ្ទាល់ និង​ករណី​ឈ្មោះលោ​ក ឃ្លាំង ហួត និង​លោក ឃួង ស្រេង អី​នេះ»។

យ៉ាងណា​ក៏ដោយ​ចុះ អតីត​អ្នក​ស៊ើប​អង្កេត​ គឺ​លោក វណ្ណ តារា ដែល​បាន​ស៊ើប​អង្កេត​លើក​រណី​នេះ យល់​ឃើញ​ថា ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា មាន​សង្ឃឹម​តិច​តួច ក្នុង​ការ​ទទួល​បាន​យុត្តិ​ធម៌ ដោយ​សារ​ករ​ណី​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​ក​ម្ពុជា និង​ឆ្លង​កាត់​ការ​ធ្វើ​សម្បទាន​នយោបាយ ​រវាង​មេដឹ​ក​នាំកម្ពុជា ខណៈ​ករណី​ឃាតកម្ម​នយោបា​យ​ជាច្រើ​ន​ទៀត ដែល​គេរ​ក​ឃើញ​ថា បង្កើត​ឡើង​ដោយ​រដ្ឋ​អំណាច​ដែរ​នោះ គ្រួសារ​ជន​រង​គ្រោះ​មិន​ដែល​ទទួល​បាន​យុត្តិ​ធម៌ និង​មិន​បើក​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​នោះ​ឡើយ ដូច​ជា រឿង​ឃាតកម្ម​លើប្រ​ធាន​សហជីព​កម្ពុជា លោក ជា វិជ្ជា និង​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី ជាដើម។

លោកបន្តថា ករណីឃាតកម្មនយោបាយទាំងនេះ ត្រូវបានគេដោះស្រាយ ដោយ​ប្រើរូប​មន្ត​បង្កើត​ឃាតករ​សិប្ប​និម្មិត ឱ្យ​មក​ទទួល​ទោស​ជំនួស និង​ការ​ប្រឌិត​អង្គ​ហេតុ​ក្លែង​ក្លាយ ពី​ទំនាក់​ទំនង​រវាង​ជន​សង្ស័យ និងជន​រង​គ្រោះ​ជា​ដើម។ លោក​បន្ត​ទៀត​ថា ករណី​របស់​ លោក លិម គិមយ៉ា នេះ ក៏​​អាច​នឹង​ត្រូវ​គេ​ប្រើ​រូប​មន្ត​ដូច​គ្នា​នេះដែ​រ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា គ្មាន​ឆន្ទៈ​ក្នុង​ការ​បញ្ជូន​ជន​សង្ស័​យ២នាក់ ទៅ​ឱ្យ​អាជ្ញាធរ​ថៃនោះ​ឡើយ ស្រប​ពេល​ដែល​ការ​បើក​សវនា​ការ​ជំនុំ​ជម្រះ​ក្ដី​នេះ​ឡើង​វិញ ត្រូវ​បាន​មតិ​ភាគ​ច្រើន​យល់​ឃើញ​ថា ជា​យុទ្ធ​សាស្ត្រ​របស់​ថៃ ដែល​ប្រើ​ប្រាស់​​រឿង​អាស្រូវ​របស់​ថ្នាក់​ដឹក​នាំ​គ្រួសារ​ត្រកូល​ហ៊ុន ដើម្បី​វាយ​ប្រហារ​ និង​យក​ប្រៀប ក្នុង​ពេល​ប្រទេស​ទាំង​ពី​រកំពុ​ងមា​នវិវា​ទរឿ​ង​ព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ