លោក ហ៊ុន តូ ផ្ដាច់​ទំនាក់​ទំន​ង​ជាមួយ​ធនាគារ​ជា​ច្រើន ខណៈ​សម្ពាធ​ទណ្ឌ​កម្ម​អាមេរិក​កើន​ឡើង

ការ​​ស៊ើប​អង្កេត​​មួយ​​របស់​វីអូឌី​​ រក​ឃើញ​ថា​ លោក ហ៊ុន តូ ដែល​​​ជា​​បង​ប្អូន​ជីដូន​មួយ​​របស់​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត បាន​ដក​​​ខ្លួន​ដោយស្ងា​ត់ៗ​ចេញ​ពី​​ធនាគារ​​ដែល​​រងទណ្ឌ​កម្ម​​​ពី​​សហរដ្ឋ​អាមេរិក ក្រោម​​បទ​ល្មើស​ហិរញ្ញ​វត្ថុ។ ស្ថាប័ន​ហិរញ្ញ​វត្ថុទាំ​ង​នេះ រួម​មាន ធនាគារ HH, ធនាគារ Panda និង Huione Pay។

កាលពីដើមខែកញ្ញា ឆ្នាំ​២០២៥ សហរដ្ឋអាមេរិក​បាន​​ដាក់​​ទណ្ឌ​កម្ម​​​ក្រុម​ហ៊ុន និង​​ឧក្រិដ្ឋជ​ន​ជា​​ជន​ជាតិ​​ចិន​ដែល​​មា​ន​សញ្ជាតិ​​ខ្មែរ​ ក្នុង​​នោះ​​មាន​​ឈ្មោះ Chen Al Len និង​​ឈ្មោះ Su Liangsheng ដែល​​មាន​​បណ្តាញ​​នឹង​​លោក ហ៊ុន តូ។ លោក Chen និង លោក ​Su សុទ្ធ​តែ​​ជា​ម្ចាស់​​ធនាគារ ​HH Bank នៅ​​ក្នុង​​ប្រទេស​​កម្ពុជា ដែល​ធនាគារ​​នេះ​​ត្រូវ​បាន​​​បង្កើត​​ឡើង​​ដោយ​លោក ហ៊ុន តូ ផង​ដែរ។ ប៉ុន្តែ​​លោក ហ៊ុន តូ និង​លោក Su បាន​​ដក​ឈ្មោះ​​របស់​​ពួក​គេ​​ចេញ​ពីធនាគារ​​មួយ​​នេះ កាល​ពី​​ខែ​​ឧសភា ឆ្នាំ​២០២៥ ពោល​គឺ​​ប៉ុន្មាន​​ខែ​​​មុន​ការ​​ដាក់​​ទណ្ឌក​ម្ម​​របស់​​អាមេរិក។

វីអូឌី មិន​ទាន់​អាច​​សុំ​ការ​អត្ថាធិ​ប្បាយ​ពី​​លោក ហ៊ុន តូ បាន​​នៅ​​ឡើយ​ទេ។

ធនាគារ Panda ត្រូវ​បាន​លុប​ចេញ​ពី​កំណត់​ត្រាសា​ធារណៈ

លើសពី​ធ​នាគារ HH លោក ហ៊ុន តូ និង​បង​ស្រីរ​បស់​លោក ​គឺអ្ន​ក​ស្រី ហ៊ុន គឹម​ឡេង ក៏​បាន​ចូល​រួម​បង្កើត​ធនាគារ Panda រួម​ជាមួយ​ជន​ជាតិ​ចិន​ជាច្រើន​នាក់។ ដំបូង​ឡើយ កំណត់​ត្រា​ផ្លូវ​ការ​បាន​ចុះប​ញ្ជី​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ ជា​ម្ចាស់​ក្រុម​ហ៊ុន។ ទោះ​ជា​យ៉ាង​ណា មក​ដល់​ដើម​ឆ្នាំ២០២៥ ស្ថានភា​ព​របស់​ពួក​គេត្រូ​វបា​ន​ផ្លាស់​ប្តូរ​មក​ជា​ “អតីត​ម្ចាស់” ហើយ​ថ្មីៗ​នេះ ឈ្មោះរ​បស់ពួក​គេ​ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង​ពី​បញ្ជី​អន​ឡាញ​របស់​ក្រសួង​ពាណិជ្ជ​កម្ម។

ជាធម្មតា ក្រសួងពាណិជ្ជកម្ម តែង​រក្សា​បញ្ជី​អតីត​ម្ចាស់​ក្រុម​ហ៊ុន​នៅ​​លើ​វេ​ប​សាយ។ ករណី​នេះបង្ក​ការ​​សង្ស័យ​ចំពោះ​ភាព​ច្បាស់​លាស់ និង​សុចរិត​ភាព​ក្នុង​ការ​ចុះ​បញ្ជី​ព័ត៌​មាន​សាធារណៈ។

វីអូឌី ​បា​ន​​ទាក់ទង​ទៅ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​​កម្ម លោក ប៉ែន សុវិជាតិ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ដើម្បី​​សុំ​​ការ​ពន្យល់​​​លើ​​រឿង​​នេះ ប៉ុន្តែ​​លោក​បាន​ប្រាប់​ឱ្យ​អ្នក​​យក​ព័ត៌មា​ន​​ផ្ញើ​​សំណួរតាម​​ប្រព័ន្ធ​​តេឡេក្រា​ម​វិញ។ យ៉ាង​ណា ​រហូត​​មក​​ដល់​​ម៉ោង​ផ្សាយនេះ ​វីអូឌី​​ពុំ​ទទួល​បាន​​ការ​ឆ្លើយ​​តប​​​ពី​​លោក​​ឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ ធនាគារ ​Panda Bank ត្រូវ​​បាន​​ចុះ​បញ្ជី​​ក្រោម​​ឈ្មោះ​បុគ្គល​​មួយ​ចំនួន ​ក្នុង​​នោះ​​​មាន​​ឈ្មោះ​ ឡាន ជាង​ភីង (Lan Jianping) ខូវ ម៉េងងី ប៊ុណ្ណច័ន្ទ នីតា ហ៊ុន ផល្លីន យ៉ាន សត្យា និង​He Yanming។

នៅ​ពេល​បង្កើត​ធនាគារPanda​​​ដំបូង លោក ហ៊ុន តូ បាន​​ប្រើ​ប្រាស់​​ផ្ទះ​របស់​​លោក​​ស្ថិត​​នៅ​​​លើ​ផ្លូវ​​២៤៥ សង្កាត់​​បឹង​កេង​កង​ទី១ ខណ្ឌ​​បឹង​កេង​កង រាជ​ធានី​ភ្នំពេញ ធ្វើ​​ជា​​​ទីស្នាក់​ការ​ធនាគារ។ បច្ចុប្បន្ន​​នេះ ធនាគារ​​នេះ​​មាន​​ទីស្នាក់​​ការ​​ធំ​​មួយ​​ស្ថិត​​នៅ​​​លើ​​បណ្តោយ​​ផ្លូវ​​២៨៩ សង្កាត់​​បឹង​កក់១ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ។

Huione Pay និងការចោទ​ប្រកាន់​លាង​លុយ​កខ្វក់

លោក ហ៊ុន តូ ក៏បានផ្តាច់​ទំនាក់ទំនងជាមួយ Huione Pay ដែល​ជា​ក្រុម​ហ៊ុន​សេវា​កម្ម​ហិរញ្ញ​វត្ថុ​មួយ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​អាជ្ញាធរ​អាមេ​រិក កាល​ពី​ខែឧ​សភា ឆ្នាំ​២០២៥ ពី​បទលាង​លុយ​កខ្វក់​ដែល​បាន​មក​ពី​ការ​បោក​ប្រាស់ និង​​ឆបោក​តាម​អន​ឡាញ ឬ​ហៅ​ថា​ ​Scam។ ឈ្មោះ​របស់​លោក​ត្រូវ​បាន​ដក​ចេញ​ពី​កំណត់​ត្រាសា​ជីវកម្ម​ទាំង​អស់ ហើយ​ក្រុម​ហ៊ុន​ខ្លួន​ឯង​ក៏​លែង​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​លើ​វេប​សាយ​ក្រសួង​ពាណិជ្ជក​ម្មផ​ង​ដែរ។

ទំនាក់ទំនងជាមួយការឆបោកអនឡាញ និងកាស៊ីណូ

លើសពីវិស័យធនាគារ លោក ហ៊ុន តូ ក៏មានបណ្តាញជាមួយ​អាជីវកម្ម​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​ ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​បទ​ឧក្រិដ្ឋ។ លោក ហ៊ុន តូ​ ជា​ម្ចាស់​​ក្រុ​ម​ហ៊ុន​​Lixin Group ដែល​​រ​ក​​ស៊ី​​​​ល្បែង​​អន​ឡាញ​ខុស​​ច្បាប់ និង​​កា​របោក​​បញ្ឆោត​​តាម​អន​ឡាញ ឬ​ហៅ​ថា​Scam។

កាលពី​កន្លងទៅ វីអូឌី បាន​ស៊ើបអង្កេត​រកឃើញថា ​​ក្រុម​ហ៊ុន​Lixin កំពុង​​​ប្រតិ​បត្តិ​ការ​​ល្បែង​​អនឡាញ​ខុស​ច្បាប់ ឈ្មោះ​WM ដោយ​លួច​លាក់ ចេញ​ពី​ទីតាំង​ក្នុង​ខេត្ត​ព្រះ​សីហនុ ជា​ច្រើន​​ឆ្នាំ​មក​​ហើយ។ ការ​​ស៊ើប​អង្កេត​របស់​អ្នក​សារ​ព័ត៌​មាន​វីអូឌី ​​​​​ក៏រ​ក​ឃើញ​ទៀត​ថា​ ​ទីតាំង​​Lixin Harbour City ​ក្នុង​ខេត្ត​ព្រះសី​ហនុ ត្រូវ​បាន​ប្រើប្រា​ស់​ជា​​កន្លែ​ង​​រក​ស៊ីបោ​ក​បញ្ឆោត​តាម​អន​ឡាញ​។

លោក ស៊ឹង សែន​ករុណា អ្នក​តាម​ដាន​សិទ្ធិ​មនុស្ស​មួយ​រូ​ប​​ដែល​​កំពុង​​ស្នាក់​នៅ​​ប្រទេស​អូស្រ្តាលី ថ្លែង​​ថា ទោះបីជាមានភស្តុតាង​កាន់​តែ​ច្រើន​ដែល​ភ្ជាប់​ លោក ហ៊ុន តូ ទៅ​នឹង​បុគ្គល​ និង​ស្ថាប័ន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ទណ្ឌ​កម្ម​អន្តរ​ជាតិ​ក៏​ដោយ ក៏​គ្មាន​សកម្ម​ភាព​ផ្លូវ​ច្បាប់​ណាមួ​យ​ ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ លោក​​បន្ថែម​​ថា​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​​មិន​​ហ៊ាន​​លូក​ដៃ​​ចាត់​វិធាន​ការ​​លើ ​លោក ហ៊ុន តូ ឡើយ ដោយ​សារ​​​​​​តែ​​ឥទ្ធិពល​​ និង​​អំណាច​​របស់​ ​លោក ហ៊ុន តូ ជា​​សាច់​ញាតិ​​របស់​​លោក ហ៊ុន សែន។

លោក​​ថ្លែង​​​ថា៖ «កាល​ណាធ្វើ​ការ​ស៊ើប​អង្កេត ស្រាវជ្រាវ បើក​​សំណុំ​​រឿង​ហ្នឹង​ អាច​​នឹង​​ប៉ះពាល់​​ទៅ​​ដល់​​តំណែង​​ និង​​តួនាទី​​របស់​​អ្នក​​អនុវត្ត​​ច្បាប់​​ទាំង​​អស់​​ហ្នឹង»។

លោក ស៊ឹង សែន​ករុណា បន្តថា ក្រៅពីវិស័យធនាគារ ​មានមុខជំនួញផ្សេង​​ទៀត​​​ដែល​អាច​ជាប់​ពាក់​ព័ន្ធ​​នឹង​​ការ​លាង​​លុយ​​ក្នុង​​ប្រទេស​​កម្ពុជា ក្នុង​នោះ​​មាន​វិស័យ​អចលន​ទ្រព្យ និង​​ការ​បើក​កាស៊ីណូ ​និង​​ល្បែង​​អនឡាញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ