លោក ហ៊ុន សែន ប្រតិកម្មទៅ​នឹងវីដេអូ​សម្តែង​មួយ​របស់​ថៃ​ថា​«ជា​អំពើ​អមនុស្សនិ​ង​អន់​ជាង​សត្វ»

មេដឹកនាំ​គណបក្ស​កាន់​អំណាច​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិ​កម្ម ទៅ​នឹង​វីដេអូ​សម្តែង​មួយ​ ដែល​គេ​ដឹង​ថា ផលិត​ឡើង​ដោយ​ពលរដ្ឋ​ថៃ​ពាក់​ព័ន្ធ​នឹង​រូប​លោក ដោយ​អំពាវ​នាវ​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ត្រាប់​តាម ដោយ​ចាត់​ទុក​ថា ទង្វើ​នោះ​ជា​អំពើ​អមនុស្ស​ និង​អន់​ជាង​សត្វ​ទៅ​ទៀត។

បើតាម​រូប​ភាព​វីដេអូដែលគេបង្ហោះលើបណ្តាញសង្គម ដែល​ជំរុ​ញឱ្យ​​លោក ហ៊ុន សែន បញ្ចេញ​ប្រតិ​កម្ម​នោះ គឺ​មាន​មនុស្ស​មួយ​ក្រុម​ឈរ​មើល​បុរស​ម្នាក់​ស្លៀក​ពាក់​ជា​ឯក​សណ្ឋាន​កង​ម្លាំង​ថៃ កាន់​កាំ​ភ្លើង​បាញ់​ស៊ីប​ទៅ​លើ​រូប​គាត់ បាញ់​​សំដៅក្បា​ល ដែល​បិទ​នៅ​ជាប់​នឹង​ជម្រាំង ហើយ​អ្នក​កាន់​កាំភ្លើង​ក៏​បាន​បាញ់​សំដៅក្បា​ល ហើយ​ក៏​មាន​ឮ​សំឡេង​​ស្រែក​ពី​ក្រោយ​ជាភា​សា​ថៃ​ថា​បាញ់​ទៅៗ​ផង​ដែរ។​

ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណច និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន ​សែន បាន​ចោទ​ជាសំណួរ​ថា នេះ​ឬ​ជា​ជនជា​តិ​ស៊ីវិល័យ​មាន​គុណ​ធម៌ សីល​ធម៌ និង​អរិយ​ធម៌​ខ្ពស់?

លើស​ពី​នេះ លោក​និយាយ​ថា​សូម​ជន​រួម​ជាតិ​កម្ពុជា កុំធ្វើ​ទង្វើ​អាក្រក់​បែប​នេះ ដែល​ថា​ជា​ទង្វើ​អមនុស្ស និង​អន់​ជាង​សត្វ។ មិន​ថា​វីដេអូនេះ​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់ ឬ​ដោយ AI គឺ​សុទ្ធ​តែ​បង្ហាញ​នូវ​អំពើ​អាក្រក់​ទាំង​អស់​មិន​ថា​ជន​ជាតិ​ណា ឬ​ក្រុម​ណានោះ​ទេ​។

លោកបញ្ជាក់​ក្នុង​សម្តីដើមថា៖ «កន្ល​ង​មក​នេះ បង​ប្អូន​យើង​មួយ​ចំនួន​ បាន​សុំ​មក​ខ្ញុំ​ដើម្បី​ធ្វើ​ការ​តបត​តាម​រយៈ​យក​រូប​ថត ឬ​​ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​ថៃ យក​មក​ដាក់ ហើយ​បាញ់​យក​រង្វាន់​ដូច​ជន​ជាតិ​ថៃ​មួយ​ចំនួន​បាន​និង​កំពុង​ធ្វើ។ ខ្ញុំ​បាន​ប្រាប់​ទៅ​វិញ​ថា បើ​យល់​ថា​គេ​ធ្វើ​បែប​នេះ​ជា​ការ​ខុស សូម​កុំ​ប្រឡង​យក​ខុស​ជាមួយ​គេ​ធ្វើ​អី ព្រោះ​អំពើ​បែប​នេះ​ជា​អំពើ​អមនុស្ស និង​អន់​ជាង​សត្វ​ទៅ​ទៀត»។

ក្នុង​ន័យ​នេះ​ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ក្នុង​គោល​ដៅ​ធ្វើ​ឱ្យ​លោក​បាត់​បង់​ការ​អត់​ធ្មត់​ ក្នុង​ពេល​បទ​ឈប់​បាញ់ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ផុយ​ស្រួយ ឬ​យ៉ាង​ហោច​ណាស់​ញុះ​ញង់​ឱ្យ​កង​ទ័ព និង​ប្រជា​ជន​កម្ពុជា​មួយ​ចំនួន​តប​ត​តាម​របៀប​បង្ក​អរិយ​ភាព ឬ​សត្រូវ ។

សម្រាប់​មេដឹកនាំ​កម្ពុជា​រូបនេះ កុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រ​ថៃ ឬ​រូប​ថត​មេដឹក​នាំ​ថៃ​ណា​មួយ​មក​ធ្វើ​មិន​គប្បី​ឱ្យ​សោះ។ លោកថា ទោះ​ជា​ប្រទេស​ខ្មែរ​តូច សេដ្ឋ​កិច្ច​ទន់​ខ្សោយ តែ​កុំ​ខ្សោយ​ខាង​សីល​ធម៌​ និង​ត្រូវ​តែ​បន្ត​ជា​ជាតិ​សាសន៍​ថ្លៃ​ថ្នូរ​មាន​សីលធម៌​ខ្ពស់។

លើសពីនេះ លោក​ថា ពលរដ្ឋ​ខ្មែរ​គួរ​បង្វែ​របញ្ហា​នេះ ទៅ​ជា កុំ​ទិញ​ទំនិញ​ថៃ និង​ឈប់​ប្រើ​ប្រាស់​ប្រាក់​បាត​ថៃ​លើ​ដី​ខ្មែរ​តទៅ​ទៀត ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​ខាង​រូបិយ​វត្ថុ​រប​ស់​កម្ពុជា ហើយ​កុំ​ធ្វើ​សកម្មភាព​ណា​មួយ​ប៉ះ​ពាល់​ដល់​ក្រុម​ហ៊ុន​ថៃ និង​ប្រជាជ​នថៃ ដែ​ល​កំពុង​រស់​នៅ​ធ្វើកា​រ​រ​ក​ស៊ី​នៅ​កម្ពុជា។

លោក​សំអាង​ថា មនុស្ស​មួយ​ចំនួ​ន​នៅ​ថៃ រាប់​ទាំង​អ្នក​ដឹក​នាំ​ថៃ​ខ្លះ​ផង កំពុង​វាយ​តម្លៃ​ខុស​ពី​សេ​ដ្ឋកិច្ច​កម្ពុជា​ថា កំពុង​ជួប​ការ​លំបាក​ក្រោយ​ពី​ថៃ​បិទ​ព្រំដែន​ដោយ​ខ្វះ​ទំនិញ​ប្រើ​ប្រាស់។

បន្ថែមជាងនេះ លោកហាក់បានវាយបកវិញ​ថា លោក​គួរ​តែ​អរគុណ​អ្នក​ដឹក​នាំ​ថៃម្ដ​ង​ទៀត ដែល​វាយ​ក្បាល​គេត្រូ​វ​ក្បាល​ខ្លួន​ឯង ព្រោះ​កម្ពុជា​ធ្លាប់​យក​ប្រាក់​ក្នុង​មួយ​ឆ្នាំៗ មិន​តិច​ជាង​៥ពាន់​លាន​ដុល្លារ​ទៅទិញ​ទំនិញ​ថៃ ហើយ​បង្វិល​​លុយ​នេះ​មក​ទិញ​ទំនិញ​ក្នុង​ស្រុក ដែល​ធ្វើ​ឱ្យ​ទំនិញ​ផលិត​ក្នុង​ស្រុក​មាន​ទីផ្សារ​ដែល​ជា​ឱកាស​ពង្រឹង​សេដ្ឋ​កិច្ច​កម្ពុជា។

ក្រោពីនេះ លោកថា បងប្អូននៅជិតព្រំដែន​ថៃ សូម​ប្រញាប់​ប្ដូរ​ប្រាក់​បាត​ថៃ ជាមួយ​ប្រាក់​រៀល ឬ​ដុល្លារ​ ដោយ​ថា ព្រោះ​ពេល​ខាង​មុខ​បង​ប្អូន នឹង​រង​ការ​ខាត​បង់​ធ្ងន់​ធ្ងរ និង​អាច​ក្លាយ​ជា​ចំណុច​ដែល​គេ​យក​ធ្វើ​ជាចំ​ណុច​ខ្សោយ​ដែល​គេ​គំរាម​ ដូច​ករណី​អគ្គិសនី អ៊ីន​ធឺណិត និង​ប្រេង​ឥន្ធនៈ​កាល​ពី​ពេ​ល​មុន។ ឈប់ប្រើ​ប្រាក់​បាត​មក​ប្រើ​ប្រាក់​រៀល គឺជួយពង្រឹង​នូវរូបិយ​វត្ថុ​របស់​ជាតិ​យើង។

សម្រាប់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ដែលត្រូវ​តុលាការ​រំលាយ លោក អ៊ុំ​ សំអាន​ ​ហៅ​ទង្វើ​របស់​ជន​ជាតិ​ថៃ​ក្នុង​វីដេអូនេះ​ បង្ហាញ​ពី​ភាព​អវិជ្ជ​មាន ក្នុង​ការ​រើស​អើង​ពូជ​សាសន៍​ដទៃ និង​បាន​គាំទ្រ​ទៅ​នឹង​ប្រតិ​កម្ម​របស់​មេដឹ​ក​នាំ​ខ្មែរ​លោក ហ៊ុន សែន ។

ប៉ុន្តែលោកថា មេដឹកនាំខ្មែរគួរហាម​ឃាត់​ទំនិញ​ពី​វៀត​ណាម​ផង​ដែរ ដោយ​ថា ផលិត​ផល​ពី​វៀត​ណាម មាន​ហានិភ័យ​ខ្ពស់​ខាង​សុខភាព ហើយ​ទន្ទឹម​នឹង​នេះ កម្ពុ​ជា​ក៏​ត្រូវ​លើក​កម្ព​​ស់ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​​មាន​ទីផ្សារ​ខ្ពស់​ផង​ដែរ។

លោកថា៖ «អ៊ីចឹងបើសិនបិទទំនិញថៃ​ តែហ៊ា​នយក​​​ទំនិញ​យួន​​ចូល​មក​ជំនួស​ទំនិញ​ថៃ​ដដែល​ហ្នឹងផលិត​ផល​ក្នុង​ស្រុក​ កសិកម្ម​ក្នុង​ស្រុក​ហ្នឹង​ ក៏​អត់​មា​​នន័យ​អី​ដែរ មិន​បាន​ឡើង​ថ្លៃ​ហើយ​ក៏​បាន​ជួយ​ទៅ​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែរ ហើយ​ទំនិញ​យួន​ហ្នឹង​អាក្រក់​ជាង​ទំនិញ​ថៃ​ទៅ​ទៀត ព្រោះ​ទំ​និញ​យួន​មាន​ជាតិ​គីមី​ជាង​ទំនិញ​ថៃទៀ​ត វា​ជា​រឿង​មួយ​បើ​បិទ​ខាង​លិច​ក៏​ត្រូវ​បិទ​ខាង​កើត​ដែរ»។

ដោយ​ឡែក ប្រធាន​​​អង្គការ​​ប្រជាធិបតេយ្យ​​ខ្មែរ ប្រចាំ​​ប្រទេស​​​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា មើល​ឃើញ​ថា​ ការ​ប្រតិ​​កម្ម​របស់​មេដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​នឹង​ទង្វើ​ពលរដ្ឋ​ថៃ​នេះ ហាក់​​​នៅ​ស្ទើរ​ណាស់ បើ​ធៀប​ទៅ​នឹង​កន្លង​ទៅ លោក ហ៊ុន សែន ផ្ទាល់​ក៏​ធ្លាប់​ធ្វើ​ទង្វើ​ទាំង​នេះ ទៅ​លើ​ពលរដ្ឋ​ខ្មែរ រួម​ទាំង​ធ្វើទុ​ក្ខ​បុក​ម្នេញ​ទៅ​លើ​នរណា​ដែល​ហ៊ាន​និយាយ​រិះ​គន់​ខ្លួន។

ម្យ៉ាង​វិញ​ទៀត លោក​ថា ពាក់​ព័ន្ធ​ទៅកា​រ​ហាម​ឃាត់​ទំនិញ ការ​ច​រាចរ​ប្រាក់​បាត​ថៃ មក​លើ​ទី​ផ្សា​រ​កម្ពុជា​ ហើ​​យ​ងាក​មក​​លើក​ស្ទួយ​ប្រាក់​រៀល​នេះ អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​កម្ពុជា​ពង្រឹង​លើ​វិស័យ​សេដ្ឋ​​កិច្ច​ ការ​វិនិយោ​គ ហើយ​ធ្វើ​ឱ្យ​រូបិយ​ប័ណ្ណ​ខ្លួន​មាន​តម្លៃខ្ព​ស់​លើ​ទីផ្សារ។

លោកថា៖ «កម្ពុជាយើងការគ្រប់គ្រងក្នុងការចរាចរណ៍​សាច់​ប្រាក់​នេះ បើ​​សិ​ន​ជា​តាម​ព្រំដែន​ខាង​លិច គឺ​គេ​ចាយ​លុយ​បាត​ ព្រំដែ​ន​ខាង​កើត​ចាយ​លុយ​ដុង​របស់​វៀត​ណាម ជា​ទម្លាប់​ទៅ​ហើយ​ដែល​ពិបាក​ក្នុង​ការ​[…]ប៉ុន្តែ​អ្វី​ដែល​​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​កម្ពុជា​ខ្លួន​ឯង ឬ​ពង្រឹង​នូវ​សេដ្ឋ​កិច្ច​រឹង​មាំព​លរដ្ឋ​គ្រប់​រូប​មាន​ជីវភាព​ធូរ​ធា​តម្លៃ​រូបិយ​ប័ណ្ណ​របស់​យើង នឹង​កាន់​តែ​ហក់​ឡើង​មាន​តម្លៃ​ខ្លាំង​ ទើប​បណ្ដា​ប្រទេស​ជិត​ខាង​គេ​មិន​អាច​ធ្វើកា​រ​បង្វិល ឬ​ក៏​ចរាចរ​លុយ​រប​ស់​គេម​ក​ប្រទេស​យើង ប៉ុន្តែ​ប្រសិន​ជា​សេដ្ឋ​កិច្ច​របស់​ប្រទេស​យើង​មិន​ល្អ​ប្រសើរ បែប​ដឹង​ហើយ ​ក្នុង​កំពុង​តែ​ជួប​មាន​វិបត្តិ​ទាំង​ផ្ទៃក្នុ​ង​ផង​ ទាំង​ប៉ះទ​ង្គិច​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ផង​ដែរ សេដ្ឋកិច្ច​ធ្លាក់​ចុះ​បែ​ប​នេះ​ទៀត ខ្ញុំ​គិត​ថា មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ លុះ​ត្រា​តែកម្ពុជា​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជាង​មុន​ មាន​ស្ថាន​ភាព​សេដ្ឋកិ​ច្ច​និង​ការ​វិនិយោគ​ខ្លាំង​ក្លា​ បាន​អាច​ប្រណាំង​ប្រជែង​ជាមួយ​នឹង​រូបិយ​ប័ណ្ណ​របស់​ប្រទេស​ជិត​ខាង»។

យ៉ាងណា សម្រាប់​គណបក្ស​ក្រៅរដ្ឋាភិបាល និង​អ្នក​ឃ្លាំ​មើល​ដែល​មិ​​ន​ចំណុះ​ឱ្យ​រដ្ឋា​ភិបា​​លបា​ន​លើ​ក​ឡើង​ថា កម្ពុជា​អាច​ខ្លាំង និង​គេច​ចេញ​ពី​ការ​ប្រមាថ​ពី​ប្រទេស​ជិត​ខាង​បាន លុះ​ត្រា​តែ​កម្ពុជា​​ខ្លួ​ន​ឯ​​ង​លាង​​​ជម្រះ​​ខ្លួន​ពីកា​រ​រិះ​គន់​ពី​សហគមន៍​អន្តរ​ជាតិ លើក​យក​ច្បាប់​អន្តរ​ជាតិ​មក​អនុវត្តន៍ បើក​លំហ​ឱ្យ​មា​ន​ប្រជា​ធិប​តេយ្យ ការ​គោរព​សិទ្ធ​មនុស្ស​ពេញ​លេញ មាន​ការ​ផ្សះ​ផ្សា​ជាតិ​ឡើង​វិញ កត្តា​ចម្បង​បំផុត​គឺ​កម្ពុជា​ត្រូវ​ពង្រឹង​ទាំងសេ​ដ្ធ​កិច្ច និង​យោធា​ឱ្យ​ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ