ព្រៃចាន់ គឺជាភូមិមួយ និងធ្លាប់មិនសូវមានអ្នកស្គាល់ក្រៅតែពីអ្នកនៅក្នុងតំបន់ព្រំដែនថៃនោះ ពេលនេះ ឈ្មោះភូមិព្រៃចាន់ បានត្រូវបានប្រជាពលរដ្ឋខ្មែរ ស្គាល់ពេញប្រទេស និងហៀរទៅដល់ពិភពលោក បន្ទាប់ពីថៃ បានចូលមកព័ទ្ធបន្លាលួស និងដាក់ពង្រាយកង់ឡាន ចូលឈ្លានពាន និងការតស៊ូដើម្បីការពារបូរណភាពទឹកដី ក្រោមដៃពលរដ្ឋខ្មែរ។
ដោយសារតែព្រឹត្តការណ៍នេះហើយ បានធ្វើឱ្យភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួន ចាត់ទុកជាទីតាំងប្រវត្តិសាស្ត្រ នៃជំរុំអ្នកតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី៥ ខែតុលា ព្រះចៅអធិការវត្តអូរតាគី ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ព្រះតេជព្រះគុណ ព្រំ រស្មី មានថេរៈដីកាថា ព្រះអង្គបានដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទមកកាន់ភូមិព្រៃចាន់នេះ គឺដើម្បីឱ្យឃើញផ្ទាល់ភ្នែក ពីទង្វើឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីខ្មែរ និងឆ្លៀតនាំយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋ និងកងទ័ពជួរមុខ។ ទន្ទឹមគ្នានេះ ព្រះអង្គបានជំរុញឱ្យភាគីថៃ គោរពបទឈប់បាញ់ ហើយត្រូវមានមនុស្សធម៌ និងបញ្ឈប់សកម្មភាពរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបន្តទៀត។
ព្រះតេជព្រះគុណ ព្រំ រស្មី មានសង្ឃដីកាថា៖ «ចំពោះអាត្មាផ្ទាល់ មិនមានផលលំបាកដូចជាបងប្អូននៅជួរមុខនោះទេ ជាពិសេសបងប្អូនដែលស្ថិតនៅក្នុងភូមិកំពុងមានបញ្ហា។ មិនដឹងថា តើពួកគាត់ជួបបញ្ហាយ៉ាងណាខ្លះ បើមួយថ្ងៃៗ រស់តែនៅក្នុងភាពភ័យខ្លាច តើមានពេលឯណាទៅរកស៊ីចិញ្ចឹមជីវិត? អ៊ីចឹងចំពោះអាត្មាភាពដែលនៅជួរក្រោយនេះ យល់ថា អ្វីដែលអាត្មាអាចជួយរំលែកបាន គឺមានតែនាំយករបស់របរ គ្រឿងឧបភោគបរិភោគ មកជូនពួកគាត់ និងបង្ហាញអំពីស្មារតីលើកទឹកចិត្តពួកគាត់ និងចង់ប្រាប់ទៅពួកគាត់ថា ញោមនៅតស៊ូជាមួយបងប្អូនកងទ័ពរបស់យើងតទៅទៀត ខ្វះខាតយ៉ាងណា គឺមានក្រុមអាត្មានៅពីខាងក្រោយ ចាំជួយញោមៗជានិច្ច»។
ប្រហាក់ប្រហែលគ្នានេះដែរ ពលរដ្ឋមកពីខេត្តបាត់ដំបងម្នាក់ទៀត គឺអ្នកស្រី ព្រំ សាវឿន ថ្លែងថា នៅពេលបានឃើញបន្លាលួសរបស់យោធាថៃ នៅលើទឹកដីកម្ពុជា និងទិដ្ឋភាពពលរដ្ឋខ្មែរ ដែលត្រូវយោធាថៃ ព័ទ្ធយកផ្ទះ រស់នៅដោយលំបាកវេទនានោះ បានធ្វើឱ្យអ្នកស្រីឈឺចាប់ជាខ្លាំង។ អ្នកស្រីបន្តថា ទង្វើឈ្លានពានរបស់ថៃ គឺជាប្រវត្តិសាស្ត្រដ៏ជូរចត់មួយ ដែលធ្វើឱ្យអ្នកស្រីមិនអាចបំភ្លេចបាន។
អ្នកស្រី ព្រំ សាវឿន និយាយថា៖ «សូមឱ្យអន្តរជាតិទាំងអស់ជួយដល់ប្រទេសខ្ញុំផង។ សូមកុំឱ្យមានការយកទឹកដីកម្ពុជារបស់ខ្ញុំនេះឱ្យសោះ ហើយតទៅមុខទៀត សូមកុំឱ្យមានសង្គ្រាមផ្ទុះ យកដ្រូនមកបាញ់ថ្នាំពុល និងយកយន្តហោះមកទម្លាក់គ្រាប់បែកចង្កោមនេះឱ្យសោះ ព្រោះប្រជាជនខ្មែរអត់ចង់បានសង្គ្រាមទេ គឺចង់បានតែសន្តិភាព»។
ការធ្វើដំណើរទៅកាន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ភ្លូកទឹកភ្លូកដីនៅពេលនេះ គឺក្រោយពេលយោធាថៃ បានដាក់កំហិតបណ្ដេញពលរដ្ឋកម្ពុជា កាន់តែខ្លាំងទៅៗ។ យោងតាម កាសែតថៃ Khaosod ជាភាសាអង់គ្លេស បានដកស្រង់សំដីរបស់ឧត្តមសេនីយ៍ វូរ៉ាយ៉ូស លឿងសុវណ្ណ (Worayos Lueangsuwan) មេទ័ពភូមិភាគទី១របស់ថៃ ដែលបានទាមទារឲ្យភាគីកម្ពុជា ដាក់ផែនការជម្លៀសប្រជាជនចេញពីតំបន់ព្រំដែនដែលមានជម្លោះ ត្រឹមថ្ងៃទី៧ ខែតុលា បើមិនដូច្នោះទេ យោធាថៃនឹងធ្វើពហិការ មិនចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) ដែលគ្រោងធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលានៅខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ទាហាន និងប៉ូលិសថៃប្រហែល ៣០នាក់ ប្រដាប់ដោយខែលបានចូលមកព្យាយាមរាយបន្លាលួសបន្ថែមនៅភូមិព្រៃចាន់ ប៉ុន្តែត្រូវបានពលរដ្ឋខ្មែរលើកគ្នាតវ៉ារារាំង ដោយបានយកដំបងឈើឆ្កឹះ និងរើបន្លាលួសមួយចំនួន ដើម្បីទុកធ្វើជាភស្តុតាង។
ក្នុងហេតុការណ៍នេះ ក្រុមប៉ូលិសបង្ក្រាបបាតុកម្មថៃ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ជំពាមកូនឃ្លី និងគ្រាប់កាំភ្លើងជ័រ បាញ់បង្ក្រាបមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរ ដែលតវ៉ា បណ្ដាលឱ្យព្រះសង្ឃ ពលរដ្ឋ និងកងកម្លាំងខ្មែររងរបួសជាង ២០នាក់ ក្នុងនោះ មានពលរដ្ឋខ្មែរមួយចំនួន បានសន្លប់បាត់ស្មារតី ដោយសារត្រូវផ្សែងបង្ហូរទឹកភ្នែក និងទាហានខ្មែរម្នាក់ របួសធ្ងន់ត្រង់ភ្នែក ដោយសារត្រូវគ្រាប់កាំភ្លើងជ័រ។
ហេតុការណ៍នេះ បានធ្វើឱ្យពលរដ្ឋខ្មែរ មានការខឹងសម្បារនឹងទង្វើឈ្លានពានដោយហិង្សារបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា និងធ្វើបាបពលរដ្ឋខ្មែរ។ ទន្ទឹមនឹងភាពសម្អប់ចំពោះទាហានថៃនេះ ពលរដ្ឋខ្មែរក៏បានកោតសរសើរ និងបង្ហាញពីមោទកភាពចំពោះអ្នកភូមិព្រៃស្វាយ និងភូមិជោគជ័យ ដែលបានរួមគ្នា តវ៉ា និងរើបន្លាលួសរបស់ថៃចេញ ទោះបីជាទទួលរងការបង្ក្រាបដោយចាស់ដៃ ពីសំណាក់យោធាថៃក្ដី។
ជាមួយគ្នានេះ មានពលរដ្ឋខ្មែរកាន់តែច្រើន បាននាំកូនចៅ មកមើលបន្លាលួសរបស់ទាហានថៃ នៅភូមិព្រៃចាន់ ដោយប្រការនេះ បានធ្វើឱ្យពួកគាត់ចាត់ទុកកន្លែងបន្លាលួសមួយនេះ គឺជាទីតាំងប្រវត្តិសាស្ត្រ ដែលថៃប្រើប្រាស់កម្លាំងទ័ព ចូលឈ្លានពានទឹកដីខ្មែរដោយស្រស់ៗ នៅក្នុងសម័យទំនើបនេះ។
ផ្ទុយពីមនសិការពលរដ្ឋខ្មែរ ក្រុមយោធាថៃ បានចាត់ទុកសកម្មភាពរបស់ពលរដ្ឋខ្មែរនេះ ថាជាឧបាយរបស់យោធាខ្មែរ ដែលប្រើប្រាស់សមាសភាពពលរដ្ឋស៊ីវិល ឱ្យមកប្រឆាំងនឹងយោធាថៃ ខណៈខ្លួនបានចាញ់ប្រៀបនៅលើសមរភូមិ។
ក្នុងនោះ ថៃបានស្នើសុំលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ដែលគ្រោងរៀបចំនៅថ្ងៃទី២៧ ខែកញ្ញា ដោយត្រូវលើកទៅខែតុលាវិញ ដោយភាគីថៃ បានលើកពីហេតុផលថា ដោយសារការផ្លាស់ប្តូរថ្នាក់ដឹកនាំយោធានៅក្នុងយោធភូមិភាគ ហើយមិនទាន់កំណត់របៀបវារៈបានត្រឹមត្រូវ និងបញ្ហាភូមិជោគជ័យ និងព្រៃចាន់ ដែលនៅខាងកម្ពុជា ដែលមានពលរដ្ឋប្រមូលផ្តុំ។
ជាថ្មីម្ដងទៀត យោធាថៃ បានទាមទារឱ្យកម្ពុជាជម្លៀសប្រជាពលរដ្ឋខ្មែរ ចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ នៅមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ ដែលគម្រោងធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក្ដី មេបញ្ជាការយោធភូមិភាគទី៥ លោក ឯក សំអូន បានបញ្ជាក់ជំហរយ៉ាងមុតមាំថា កម្ពុជានឹងមិនជម្លៀសប្រជាជនចេញពីតំបន់ជម្លោះតាមការស្នើសុំរបស់ភាគីថៃឡើយ ដោយរង់ចាំឱ្យមានការសម្រេចពីគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាមុនសិន។
ចំណែក អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ ប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅតែរក្សាជំហរ ដោយមិនអាចធ្វើអ្វីទៅតាមការចង់បានរបស់ភាគីថៃឡើយ។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋខ្មែរ ស្នើឱ្យរដ្ឋាភិបាលលើកយកករណីឈ្លានពានរបស់ទាហានថៃ មកលើកម្ពុជានេះ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថា ICJ ជាបន្ទាន់ ដើម្បីរារាំងនូវមហិច្ឆិតាវាទទីរបស់ថៃ និងជាការដាក់សម្ពាធឱ្យថៃ ដោះលែងទាហានខ្មែរចំនួន ១៨នាក់ ដែលថៃប្រើឧបាយចាប់ខ្លួន កាលពីកំឡុងប៉ះទង្គិចគ្នាដោយអាវុធរយៈពេល ៥ថ្ងៃ៕









