កម្មករ​រោង​ចក្រ​តារាល់​(TARAL)​ព្រម​ចូល​ធ្វើកា​រ​វិញ​ក្រោយ​ថៅ​កែ​ទទួល​យក​លក្ខ​ខណ្ឌ​ការ​ងារ

កម្មករ​រោង​ចក្រ​តារាល់​(TARAL) ដែ​ល​បាន​តវ៉ា​ច្រើន​ថ្ងៃ​ជាប់​គ្នា​រហូត​មាន​ការ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេ​​ខ​​៣ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ​នោះ បាន​ចូល​ធ្វើ​ការ​ធម្មតា​ឡើង​វិញ​ហើយ ក្រោយ​ភាគី​ក្រុម​ហ៊ុន​ទ​ទួល​យក​លក្ខ​ខណ្ឌ​ការ​ងារ ដែល​ទាម​ទារ​ដោយ​កម្មករ ក្រោម​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ។

នេះបើ​តាម​ការ​អះ​អាង​រប​ស់ក​ម្មក​រម្នា​ក់ ដែ​លបា​ន​ប្រាប់​វីអូឌី នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០២៥ ក្នុង​លក្ខ​ខណ្ឌសុំ​មិន​ឱ្យ​ប្រាប់​ឈ្មោះ។

លោកថា៖ «កម្មករ​ចូលធ្វើ​ការធម្មតា​​​វិញ​ហើយ​ឥលូវ​នេះ។ តវ៉ាយើង​នៅ​តែមួយចំនួន​ទៀត​ទេ គាត់​អត់​ទាន់ឯកភាព ចាំ​មើល​ថៅសិន តែកម្មករ​កម្មការិនី​យើង​ចូល​ធ្វើការ​អស់​ហើយ​​ គាត់​ដោះស្រាយ​អារឿងលុយ​ដែល​យើង​តវ៉ា​ ២ថ្ងៃ​ហ្នឹង សុំ​គាត់​កុំ​ឱ្យគាត់​​កាត់​ប្រាក់​ឈ្នួលហ្នឹង គាត់​លើក​ទឹក​ចិត្ត​យើង ២០០ភាគ​រយ​វិញ​ហើយ អត់អីទេ ចឹងស្មើ​នឹង​២ថ្ងៃហ្នឹងគាត់​អត់​កាត់​ទេ ហើយ​​​ចំណែក​មួយវិញ​​​ទៀត សុំ​លុយ​បាយ​ថ្ងៃ​ត្រង់​ហ្នឹង ឥឡូវ​ខាង​ថៅ​កែ​ក្រុមហ៊ុន​គាត់កំពុង​ពិភាក្សា​​​គ្នា នឹង​រក​ដំណោះស្រាយ​ជូន នៅតែ​មួយ​ចំណុច​ហ្នឹង​ទៀត​ទេ អត់​ទាន់​អូខេ ប៉ុន្តែ​បង​ប្អូន​​កម្មករ​យើង​ចូល​ធ្វើ​ការ​ធម្មតាហើយ អត់អីទេ ចាំឱ្យ​ថៅកែ​គាត់​ដោះស្រាយ​ឱ្យ​តាម​ក្រោយ​ទៅ ប្រាក់​លុយ​បាន​ថ្ងៃ​ត្រង់២ពាន់​រៀល​ហ្នឹង តែប៉ុណ្ណឹង​ទេ»។ ​

ការអះអាង​នេះ ដូចគ្នាទៅនឹងការលើកឡើង​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស​(សង់ត្រាង់​ ដែល​អង្គ​ការ​នេះ បាន​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​​​​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ ។

សង់ត្រាល់ បាននិយាយថា យោងប្រភព​កម្មករ Pheap KH និង​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា (FTUWKC) កម្មករ​រោង​ចក្រ​តារាល់ (TARAL) បាន​ចូល​ធ្វើ​ការ​វិញ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី០៦ ខែ​តុលា ឆ្នាំ​២០២​៥​នេះ។

សង់ត្រាល់ បញ្ជាក់​ថា ការ​ត្រឡប់​ទៅ​បំពេញ​ការ​ងារ​ធម្មតា​វិញ​របស់​កម្មករ គឺ​បន្ទាប់​ពី​មាន​ការ​សម្រប​ស​ម្រួ​​ល​​​​ពី​ភាគី​មន្ត្រី​ពាក់​ព័ន្ធ​ កាល​ពី​ថ្ងៃទី​០៤ ខែ​តុលា ហើយ​ថា ការ​យល់​ព្រម​នេះ បន្ទាប់​ពី​កម្មករ​រាប់​ពាន់​នាក់​ បន្តតវ៉ា​​ក្នុង​បរិវេណ​រោង​ចក្រ នៅ​ថ្ងៃ​ទី​០២ ​​ថ្ងៃ​ទី​០៣ និង​ព្រឹក​ថ្ងៃទី០៤ ខែតុលា និង​រហូត​មាន​ការ​បិទ​ផ្លូវ​ជាតិ​លេខ៣ ផង​ដែរ មុន​នឹង​សម្រេច​ឈាន​ទៅ​ចូល​ធ្វើការ​ជា​ធម្មតា​ឡើង​វិញ។

បើតាម​ប្រភព​ពី​កម្មករ​​​រោង​​ចក្រ​តារាល់​(TARAL) ដែល​កម្មករ​ផ្ទុះកា​រ​វ៉ានេះ​ មាន​កម្មក​រ​ប្រមាណ ៥៣០០នាក់ ហើយ​មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឱ្យ​មាន​ការ​​តវ៉ា​ ក្រោយ​ពី​ខាង​​ក្រុ​ម​ហ៊ុន​នេះ មាន​បំណង​​ប្តូ​រ​​ក្រុម​ហ៊ុនដឹក​កម្មករ​​បច្ចុប្បន្ន ដែល​​មាន​ជាង​​១០០​នាក់​​​​ ទៅ​ក្រុម​ហ៊ុន​​​ផ្សេង​វិញ។

ជម្រើស​ថ្មីនេះ​ ធ្វើឱ្យ​​​អ្នក​​បើក​​​បរ​រថយន្ត​​ដឹក​កម្មករ​ទាំង​នោះ ធ្វើព​ហិការ ​មិន​​​ទៅដឹកក​ម្មករ​​ទៅរោ​ង​​ចក្រដូ​ច​សព្វ​​មួយ​ដង​ ដែល​ធ្វើឱ្យ​ក​ម្មករ​​មួយ​ចំនួន ​មិ​នបា​ន​ទៅធ្វើ​ការ​ចំនួន​​២ថ្ងៃ ហើយ​ភាគី​រោង​​ច​ក្របា​ន​កាត់​​ប្រាក់ឈ្នួ​ល​ពួក​គេចំ​នួន​២ថ្ងៃ​នោះ។    

ហេតុផលនេះ បានធ្វើឱ្យ​កម្មករ​ផ្ទុះការ​តវ៉ា​ និង​បាន​ទាម​ទារ​​លក្ខ​​​ខណ្ឌ​​​​ការ​ងារចំនួន​ ១៦ចំ​នុច​បន្ថែម​ទៀត ក្នុង​នោះ ​មាន​​ស្នើ​​​សុំលុ​យ​​ថ្លៃ​បាយ​ថ្ងៃត្រ​ង់ បញ្ហា​​កា​​រចេញ​ចូល​​យឺត​​ម៉ោង​​ និង​​បញ្ហា​​ផ្សេងៗ​ទៀត​​។

ជុំវិញបញ្ហានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក ធ្លាប់និយាយ​ថា ការ​​ត​វ៉ា​​​របស់​កម្មក​រ​រោង​​ចក្រ​​តារាល់ អ៊ីនធើណេ​សិន​​ណល ឯ.ក (TARAL INTERATIONAL CO., LTD) គឺ​​​ក្នុ​ង​គោល​បំណង​​ទាម​​ទារ​​ឱ្យ​​ក្រុម​ហ៊ុន​​អនុវត្ត​​លក្ខ​​ខណ្ឌ​​ទូ​ទៅ​​នៃ​​ការ​​ងារ សុវត្ថិ​​ភាព និង​​សុខភា​ព លក្ខ​​​ខណ្ឌទំ​​នា​​ក់​​ទំនង​​វិជ្ជា​ជីវៈ និង​​លក្ខ​​ខណ្ឌ​របប​​សន្តិ​​សុខ​សង្គម ឱ្យ​​បាន​​ត្រឹម​​ត្រូវ​​តាម​​ច្បាប់ និង​​លិខិត​​បទ​​ដ្ឋាន​​គតិ​​យុត្ត​​ពាក់​ព័​​ន្ធ​ក្នុង​​វិស័យ​​ការ​​ងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ