វបុ្បធម៌ច្រាន​ចោល​របស់​គ្រួសារ​ហ៊ុន​ជា​ក្តីបា​រម្ភ​គ្រោះ​ថ្នាក់​ដល់​ជីវភាព​ពលរដ្ឋ​និង​ទឹក​ដី

វប្បធម៌​ច្រាន​ចោល​របស់​រដ្ឋា​ភិ​បាល​គ្រួសារ​ហ៊ុន កំពុង​​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​ថា នឹង​ទាញ​ឱ្យ​កម្ពុជា​ផុង​កាន់​​​តែ​​​ជ្រៅ​ក្នុង​របប​ដឹកនាំ​បែ​ប​ផ្តាច់​ការ គំរាម​កំហែង​ជីវភា​ព​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស រួម​ទាំង​បញ្ហា​ទឹក​ដី ដែល​ជា​​ដើម​ហេតុ​ជំរុញ​ឱ្យ​មាន​ចលាចល​សង្គម បើ​មិន​វិល​ទៅ​រក​ផ្លូវ​ត្រូវ​ទាន់​ពេល។

ការ​លើក​ឡើង​វិញ ក្រោយ​កម្ពុជា​រងការរិះគន់ជាថ្មីពីសហគមន៍អន្តរ​ជាតិ​ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​លើក​ទី​៦០ ជុំវិញ​ការ​មិន​គោរព​ប្រជា​ធិប​តេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស តែ​រដ្ឋាភិ​បាល​កម្ពុជា​ច្រាន​ចោល។

ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី​៣ ខែ​តុលា​នោះ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា លោក វីទិត ម៉ុនតាប៊ន កត់​សម្គាល់​ថា សេរី​ភាព​ជាមូ​ល​ដ្ឋាននៅ​កម្ពុជា​ពុំទា​ន់​មាន​ការ​ផ្លាស់​ប្តូរ​ឱ្យ​ល្អប្រ​សើរ​នៅ​ឡើយ។

លោក​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា ដោះ​លែង​អ្នក​ទោស​នយោ​បាយ សិទ្ធិ​មនុស្ស និង​បរិស្ថាន ហើយ​បើក​លំហ​សេរី​ភាព​ឱ្យ​បាន​ទូលាយ​ឡើង​វិញ។

បន្ថែម​លើនេះ​ ចក្រ​ភព​អង់​គ្លេស អំពាវ​នាវ​ឲ្យក​ម្ពុជា​អនុវត្ត​តាម​សំណើរ​បស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ រួម​ទាំង​ការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​តុលាការ និង​បង្កើត​លក្ខ​ខណ្ឌ​ឲ្យ​សង្គម​ស៊ីវិល អាច​ដំណើរ​ការ​បាន​ដោយ​សេរី​ ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ មាន​ការ​ចូល​រួម​ពី​ភាគី​ទាំង​អស់ ។

យ៉ាងណា រដ្ឋាភិបាលកម្ពុជា តាម​រយៈ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ នៅទី​ក្រុង​សឺណែវ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ 

បើតា​ម​សេចក្តីថ្លែងការកម្រាស់​៣ទំព័រ​របស់ លោក អ៊ុន តារា តំណា​ង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ ការ​ពារ​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៧​នៅ​កម្ពុជា មាន​ការ​ត្រួត​ពិនិត្យ​ដោយ​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​រាប់​ពាន់​នាក់ និង​ពលរដ្ឋ​រាប់​លាន​បាន​បោះ​ឆ្នោត​ដោយ​សន្តិ​វិធីដោយ​ថា វា​ជាស្តុតាង​នៃភា​ព​រឹង​មាំ​នៃល​ទ្ធិប្រ​ជាធិប​តេយ្យ។

លោក​ថា លំហសង្គម​ស៊ីវិល​នៅ​កម្ពុជា​ ក៏​មិន​នៅទ្រឹ​ង​ដែរ ប៉ុន្តែ​មាន​ភាព​ស្វាហាប់ និង​ការ​វិវឌ្ឍ។លំហ​ពលរដ្ឋ​មិន​មាន​ការ​រួម​តូច​ទេ ប៉ុន្តែ​ត្រូវ​បាន​អនុវត្ត​រៀង​រាល់​ថ្ងៃ ដោយ​សកម្ម​ភាព​ និង​តាម​ច្បាប់។

ជុំវិញ​បញ្ហា​នេះ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក សួន សូរីដា យល់​ថា ក្រោយ​មាន​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ ចាប់​ខ្លួន​លោក កឹម សុខា បិទ​សិទ្ធិ​សេរី​ភាព​នៃ​ការ​ប្រកួត​ការ​បោះ​ឆ្នោត ធ្វើ​ឱ្យ​កម្ពុជា​រអិល​កាន់​តែ​លឿន​ទៅ​រក​ការ​ដឹក​នាំ​បែប​ផ្តាច់​ការ។

សម្រាប់ លោក សូរីដា មហាអំ​ណាច​សេដ្ឋកិច្ច​អាមេរិក និង​សហភាព​អឺរ៉ុប តែង​តែ​ភ្ជាប់​កាត្វ​កិច្ច​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តយេ្យ តែក​ម្ពុជា​មិន​អើ​ពើ​ទេ ធ្វើ​ឱ្យ​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច មាន​ការ​ដក​​ប្រព័ន្ធ GSP និង​EBA។

វិបត្តិនេះ លោក​ថា កម្ពុជានឹងបាត់បង់វិនិយោគទុន ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដុន​ដាប ប៉ះ​ពាល់​ជីវភាព​ពលរដ្ឋ មាន​វិបត្កិ​ការ​ងារ​ដែល​ប៉ះ​ពាល់​ឆ្នាំង​បាយ​ពលរដ្ឋ​ទូទាំង​ប្រទេស។  

លោក​ថា៖ «កាលណាប្រជាពលរដ្ឋមាន​សេដ្ឋ​កិច្ច! មាន​ជីវ​ភាព​កាន់​តែ​លំបាក​លំបិន​ទៅ! អាហ្នឹង​ខ្ញុំ​គិត​ថា ប្រជាព​លរដ្ឋ​នឹង​ធ្វើកា​រ​ស្អប់​ខ្ពើម​នូវ​ការ​ដឹក​នាំ​របស់​រដ្ឋាភិ​បាល ពីព្រោះភា​ព​លំបាក​​របស់​​ប្រជា​ពលរដ្ឋ នឹង​ឆ្លុះប​ង្ហាញ​អំ​ពីអ​សមត្ថ​ភាព​នៃ​ការ​ដឹក​នាំរ​បស់​រដ្ឋាភិបាល​ហើយ។ដូច្នេះ​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ជីវភាព​របស់​ប្រជា​ពលរ​ដ្ឋ​ កាន់​តែ​លំបាក​ កាន់​តែ​យ៉ាប់​ទៅៗ គឺ​ ភាព​ឈឺចា​ប់ និង​ភាព​ខឹង​សម្បារ​ពី​ប្រជា​ពលរដ្ឋ ទៅ​រដ្ឋាភិបាល​នឹង​ក៏កា​ន់​តែខ្លាំ​ង​ដែល​អាច​នឹង​បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​នៃ​សង្គម​កើត​ឡើង»

បន្ថែមលើនេះ ភាគឯកោរបស់កម្ពុជាក្នុងការស្នើ​ឱ្យ​សហគមន៍​អន្តរ​ជាតិ ជួយ​ក្នុង​ជម្លោះ​ព្រំ​ដែនជាមួយ​ថៃ​នោះ​ ពេល​​នេះ​​ក៏​វា​កើត​ចេញ​ពី​ការ​ដឹក​នាំ​បែប​ផ្តាច់​ការ​របស់​មេដឹក​នាំ​គ្រួសារ​ហ៊ុន ដែល​មិន​អើ​ពើ​ និង​ការ​ចង្អុល​បង្ហាញ​ពី​UN ឱ្យ​កែ​លម្អ​ការ​ដឹក​នាំ​របស់​ខ្លួន​ដែរ។

លោក​ថា៖ «បើសិនជាយើងធ្វើខ្លួនជាមេដឹកនាំផ្ដាច់កា​រ​រួច​ហើយ ទៅ​ពឹង​បណ្ដា​ប្រទេស​ដែល​ជា​ប្រទេស​អ្នក​សេរី ប្រជា​ធិប​តេយ្យ​លើ​ពិភព​លោក​​ គិត​ថា​គេ​មិន​ជួយ​យើង​ទេ។ ទាល់​តែ​យើង​ធ្វើ​ខ្លួន​យើង​​ឲ្យ​ទៅ​ជាមេដឹ​ក​នាំ​មួយ ដែល​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ ទើប​សហគមន៍​អន្តរ​ជាតិ មាន​ដូច​ជា​អង្គ​ការ​សហ​ប្រជា​ជាតិ និង​សហរដ្ឋ​អាមេរិក ឬក៏​សហភាព​អឺរ៉ុប​ គេ​នឹងជួយ​យើង​នៅ​ពេល​ដែល​យើង​ធ្វើ​ខ្លួន​យើង​ បង្ហាញ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​មើល​ឃើញ​ថា យើង​ជា​មេដឹក​នាំ​ ដែល​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ»។

ដោយ​ឡែក ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា យល់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បិទ​សេរីភាព​បញ្ចេញ​មតិ និង​ប្រជា​ធិប​តេយ្យ សុទ្ធ​តែ​ជា​បញ្ហា​ប្រឈម​ដែល​សហគមន៍​អន្តរ​ជាតិ ទាម​ទារ​ឱ្យ​កម្ពុជា​កែល​ម្អ តែ​រដ្ឋាភិបាល​ហាក់​មិន​អើ​ពើ​នោះ​ទេ។

លោក​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ងាក​ទៅ​គោរព​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស និង​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សង្គម រួម​ទាំង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ផង​ដែរ។

លោកថា៖ «ពេលដែលមានការលើកឡើងជារឿយៗ អំពី​បញ្ហា​ភាព​អសកម្ម​ឬ​ក៏​ភាព​មិន​ល្អពិសេស​គឺ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ប្រជា​ធិប​តេយ្យ ដែល​មិន​ល្អ​ពី​ប្រទេស​យើង! វា​ចង់​មិន​ចង់​ វា​តែង​តែ​មាន​ការ​ជះ​ឥទ្ធិ​ពល​មិន​ល្អ​ពី​កេរ្តិ៍​ឈ្មោះ​តម្លៃរ​បស់​កម្ពុជា​យើង លើ​ឆាក​អន្តរជាតិ​ដែល​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ ដែល​យើង​មើល​ឃើញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ជា​រឿយៗ​តែង​តែ​យើង​ឃើញ​ថា បញ្ហា​សេដ្ឋ​កិច្ច​វិបត្តិ​បញ្ហា​ប្រជាពល​រដ្ឋ​គ្មាន​ការ​ងារ​ធ្វើ វិបត្តិ​ផ្សេងៗ​ទៀត នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​យើង​ កាន់​តែ​មាន​ស្ថាន​ភាព​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ ហ្នឹង​ហើយ​ការ​ឆ្លើយ​តប​របស់​យើង​មិនទ​ទួល​បា​ន​ជា​វិជ្ជ​មាន»

ដោយឡែក មនុស្សជំនិត​ លោក កឹម សុខា គឺ​លោក មុត ចន្ថា ធ្លាប់​​ប្រតិកម្ម​​​លើ​​ហ្វេស​​ប៊ុក​​របស់​លោក​​​​ថា នៅ​​ពេល​​មិន​​ទាន់​ឈឺចា​ប់​ដោយ​​អំពើអ​យុត្តិ​ធម៌ តែង​​​តែ​​រិះ​គន់​​ស្ថាប័ន​​អង្គ​​ការ​សហប្រជា​ជាតិ ថា​លំអៀង​​និង​មិន​មាន​ប្រយោជន៍។

ប៉ុន្តែថា ដល់ប្រទេសជាតិ​ជួបគ្រោះ​​ថ្នាក់​ បែរ​ជា​ងាក​ទៅ​រក​ពឹង​អន្តរ​ជាតិ ដែល​ខ្លួន​ធ្លាប់​ចោទ​ប្រកាន់​​គេ​​ថា​អត់​មាន​ប្រយោជន៍​ និង​លំអៀង​ជា​ដើម។ ហេតុផល​នេះ​ លោក​ថ្កោល​ទោស​រដ្ឋាភិបាល​​កម្ពុជា និង​​តុលាការ​កម្ពុជា ដែល​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ រំលោភ​ច្បាប់​ជាតិ និង​អន្តរ​ជាតិ ជាពិសេស​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា តាម​ទំនើង​ចិត្ត។

កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុង​កិច្ច​ប្រជុំ​​ក្រុ​ម​​ប្រឹក្សា​​សិ​​​ទ្ធិ​​មនុស្ស​របស់​​​​អង្គការ​​​សហ​​ប្រជា​​ជាតិ​​លើក​​ទី​៥៧ អ្នក​​​រាយ​ការណ៍​ពិសេស​​​​ស្តី​ពី​​ស្ថាន​​ភាព​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា លោក វិធិត មុនថា​ប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុ​ជា​នៅ​ឆ្នាំ​២០២៣ ធ្វើ​ឡើង​តែនៅ​​ក្នុង​​ក្រុម​​​គ្រួសារ ដែល​​​​ថា​​នេះ គឺ​ជា​ការ​បន្ត​ក្តោប​​ក្តាប់​​​អំណាច ដោយ​គ្មាន​លក្ខ​ណៈ​ប្រជា​ធិបតេយ្យ ​​និង​​តម្លា​​ភាព​។

យ៉ាងណា ក្រោយកម្ពុជាបាត់បង់ប្រព័ន្ធ​ត្រួតពិនិត្យអំណាច​​តាម​បែប​ប្រជា​ធិប​តេយ្យ​ច្រើន​ឆ្នាំ​ទៅ​នេះ កម្ពុជា​ត្រូវ​គេរ​ក​ឃើញ​ថា ជា​ប្រទេស​មាន​​អំពើ​​ជួញ​​ដូរ​​មនុស្ស ការ​​រីក​រាល​​ដាល​​នៃ​​អំពើ​ចាប់​​ជំរិត បង្ខាំង​​មនុស្ស​​ខុស​​ច្បាប់ អំពើ​​ពុក​​រលួយ អំ​​ពើ​​ឆបោក វិបត្តិ​​បំណុល​​ពលរដ្ឋ និង​​ការ​ប្រកួត​​អំណាច​​ខ្វះ​​សុច្ច​រិត​​ភា​ព​​ជា​ដើម។

បរិបទ​នេះ បាន​បន្សល់​ទុក​ជន​រង​គ្រោះរាប់លាន​នាក់ មិន​ទាន់​​ទទួលបាន​យុត្តិធម៌ ដែល​​​ធ្វើ​ឱ្យ​​កម្ពុជា​​រង​​សម្ពាធ​​​ពី​​អន្តរ​ជាតិ​ ដែល​​ជា​ការ​​ឆ្លើយតប​ទៅនឹង​ការ​មិន​អើពើ​ស្តារ​ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ