សហរដ្ឋ​អាមេរិក​គំរាម​វាយ​ប្រហារ​នាវា​វេណេ​ស៊ុយ​អេឡា​ដែល​ថាពា​ក់ព័​ន្ធ​ដឹក​ជញ្ជូន​គ្រឿង​ញៀន

លោក​រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​សហអាមេរិក​ ភីត ហេក​សេត​(Pete Hegseth) បាន​និយាយ​ថា លោក​មាន​សិទ្ធិ​អនុ​ញ្ញាត​គ្រប់​​បែប​យ៉ាង​ដែល​ចាំបាច់ ក្នុង​ការ​ប្រើ​ប្រាស់​យោធា​សហរដ្ឋ​អាមេរិក ក្នុង​ការ​វាយ​ប្រហារ​លើ​នាវា​ដែល​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​វេណេ​ស៊ុយ​អេឡា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ​២០២៥​នេះថា​ លោក​ ភីត ហេក​សេត​(Pete Hegseth)​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​សារ​ព័ត៌​មាន​ហ្វក្ស​ញូ​(Fox News) កាល​ពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​បាន​សម្លាប់​មនុស្ស​​ចំនួន ៤នាក់ នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​សមុទ្រ​ខារី​ប៊ីន(Caribbean) ​កាល​ពី​ថ្ងៃសុ​ក្រ ដែល​យ៉ាង​ហោច​ណាស់​ វា​ជា​ការ​វាយ​ប្រហារ​លើក​ទី៤ ក្នុង​រយៈ​ពេល​នៃ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ យ៉ាង​ណា លោក​មិន​បាន​​ផ្តល់​ព័ត៌​មាន​លម្អិត​អំពី​សិទ្ធិ​អនុញ្ញាត​នេះ​ទេ។

ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោន​(Washington) បា​ន​លើក​យក​រដ្ឋ​ធម្ម​នុញ្ញ​សហរដ្ឋ​អាមេរិក អំពី​អំណាច​សង្រ្គាម​ ការ​ចាត់​តាំង​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ជា​អង្គ​ការ​ភេរវករ​បរទេស សិទ្ធិ​ការ​ពារ​ខ្លួន និង​ច្បាប់​អន្តរ​ជាតិ​ស្តីអំ​ពី​អ្នក​ប្រយុទ្ធ​ខុស​ច្បាប់​ជាមូ​លដ្ឋា​ន​ច្បាប់​សម្រាប់​ការ​វាយ​ប្រហារ​នេះ។

ដោយឡែក អ្នកជំ​នាញ​ច្បាប់ និង​សមាជិក​សភា​មួយ​ចំនួន បាន​អះ​អាង​ថា ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​នៅ​ក្នុង​ដែន​​ទឹ​កអ​ន្តរ​ជាតិ​ប្រឆាំង​នឹង​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​ចោទ​ដោយ​រំលង​ដំណើរ​នីតិ​វិធី​ត្រឹម​ត្រូវ ដែល​រំលោភ​ទៅ​នឹង​ស្តង់​ដារ​នៃ​ការ​អនុវត្ត​ច្បាប់ និង​មិន​មាន​មូល​ដ្ឋាន​ច្បាប់​ច្បាស់​លាស់ ក្រោម​ច្បាប់​សហរដ្ឋ​អាមេរិក និង​ច្បាប់​អន្ត​រជាតិ គឺ​មិន​អាច​អះ​អាង​ដោយ​សុច​រិត​ដោយ​ចាត់​តាំង​ថា​ ក្រុម​នេះ​ជា​ក្រុម​ភេរវករទេ​។

លោក ហេក​សេត (Pete Hegseth) និង​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump​) មិន​បាន​ផ្តល់​ភស្តុ​តាងសម្រាប់​ការ​អះអា​ង​ថា កប៉ាល់​គោល​ដៅ​បាន​ដឹក​គ្រឿង​ញៀន​នោះ​ទេ។ បន្ថែម​ពី​នេះ លោក ត្រាំ​(Trump) បាន​ប្រាប់​សភា​កាល​ពី​សប្តាហ៍​មុន​ថា លោក​បាន​កំណត់​ថា​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​‘‘ជម្លោះ​ប្រដាប់​អាវុធ​មិន​មែន​អន្ត​រ​ជាតិ’’ ជាមួយ​​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ដោយ​មិន​ផ្តល់​នូវ​ហេតុ​ផល​ផ្លូវ​ច្បាប់​ថ្មី​ណា​មួយ​ឡើយ។

ដោយឡែក ក្រុម​អ្នក​រិះ​គន់​និយាយ​ថា ការ​វាយ​ប្រហារ​តាម​នាវា​នេះ គឺ​ជា​ការ​ខិត​ខំ​ប្រឹង​បន្ថែម​របស់​ លោក ត្រាំ ដើម្បី​​សាក​ល្បង​វិសាល​ភាព​នៃ​អំណាច​ប្រធានាធិបតី​របស់​លោក។

ប្រភពរ៉យទ័រ(Reuters)ដដែល បាន​រាយ​ការណ៍​ថា​ ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ​(Donald Trump​) បាននិយាយ​កាល​ពី​ថ្ងៃអា​ទិត្យ​ថា កង​កម្លាំង​សហរដ្ឋអាមេរិក​បាន​បុក​នាវា​មួយ​ផ្សេង​ទៀត ដែល​ត្រូ​​វបាន​ចោទ​ថាបាន​ដឹក​គ្រឿង​​ញៀន​ខុស​ច្បាប់​ នៅក្បែ​រ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​វេណេ​ស៊ុយ​អេ​ឡា កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ហើយបន្ថែម​ថា សហរដ្ឋ​អាមេរិក នឹង​ចាប់​ផ្តើម​ពិនិត្យ​មើល​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ដែល​កើត​ឡើង​នៅ​ផ្លូវ​គោក​ផង​ដែរ​។

ក្រសួងទំនាក់ទំនងរបស់ប្រទេសវេណេស៊ុយអេឡា មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​ស្នើ​សុំ​អធិប្បាយ​នោះ​ទេ ប៉ុន្តែ​​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) បាន​បង្ហោះ​វីដេអូ​តាមតេ​ឡេក្រាម​ភ្លាមៗ​ បន្ទាប់​ពី​ការ​ប្រកា​ស​របស់​ លោក ត្រាំ ដែល​ក្នុង​នោះ​លោក​បាន​រិះ​គន់​ការ​ឈ្លាន​ពាន​របស់​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​ប្រទេស​វេណេ​ស៊ុយ​អេឡា​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ